២០១៨
ការជួប​ប្រទះ​នឹង​សាសនាចក្រ​ដោយ​ចៃដន្យ
ខែ កក្កដា ឆ្នាំ ២០១៨


ការជួប​ប្រទះ​នឹង​សាសនាចក្រ​ដោយ​ចៃដន្យ

ដានីយ៉ែល អ័រ ថមសុន រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា.

running around church parking lot

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ថ្ងៃ​មួយ អំឡុងពេល​កំពុង​រកមើល​កន្លែង​រត់​ហាត់​ប្រាណ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​សាកល្បង​រត់​នៅ​ចំណត​រថយន្ត​របស់​ព្រះវិហារ​នៅក្នុង​ភូមិ​របស់​ខ្ញុំ ។ ខ្ញុំ​ចូលចិត្ត​វា ដោយសារ​វា​មាន​ពន្លឺ​ភ្លើង និង​មាន​ចាក់​បេតុង ។ ខ្ញុំ​រកឃើញ​ថា ការរត់​ជុំវិញ​អគារ​នោះ​ពី ១០ ទៅ ១៥ ដង​ស្មើ​នឹង​ការរត់​ចម្ងាយ ៤.៨ គីឡូម៉ែត្រ​នៃ​ការហាត់​ប្រាណ​របស់​ខ្ញុំ ។

ការរត់​របស់​ខ្ញុំ​នៅ​ចំណត​នោះ​បាន​បន្ត​ជា​ទៀងទាត់​អស់​រយៈពេល​បី​ឆ្នាំ ។ ពីពេល​មួយ​ទៅពេល​មួយ​ទៀត ខ្ញុំ​បាន​ឃើញ​មនុស្ស​នៅ​ចំណត​នោះ ដោយសារ​ជួនកាល​ខ្ញុំ​រត់​នៅ​អំឡុងពេល​ការប្រជុំ​ព្រះ​វិហារ និង​សកម្មភាព​ដទៃ​ទៀត ។

ជាច្រើន​លើក​ច្រើន​គ្រា ខ្ញុំ​មាន​ការបំផុសគំនិត​ថា ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​នរណា​ម្នាក់​អំពី​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវធ្វើ​ដូចម្តេច​ឡើយ ។ នៅតាម​ផ្លូវ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការវិញ​នា​ល្ងាច​មួយ ខ្ញុំ​បាន​សម្រេ​ចចិត្ត​ឈប់ ហើយ​សម្លឹង​រកមើល ក្រែង​ខ្ញុំ​អាច​រកឃើញ​នរណា​ម្នាក់​នៅ​ទីនោះ ។ នៅពេល​ខ្ញុំ​បាន​ដើរ​ទៅក្នុង​អគារ​សាសនាចក្រ ខ្ញុំ​បាន​ជួប​ពួក​អ្នកផ្សព្វផ្សាយ​សាសនា នៅពេល​ពួកគេ​បាន​បញ្ចប់​ការសម្ភាសន៍​ជាមួយ​ប្រធាន​បេសកកម្ម​របស់​ពួកគេ ។ ខ្ញុំ​បាន​ណែនាំ​ខ្លួន​ខ្ញុំ ហើយ​បាន​អង្គុយ​នៅលើ​កៅអី​ត្រង់​ច្រកដើរ​នោះ ។ នោះ​ជា​កន្លែង​ដែល​ពួកគេ​បាន​បង្រៀន​ខ្ញុំ​ជា​លើក​ដំបូង​អំពី​មេរៀន​នៃ​ដំណឹងល្អ ។

អស់​រយៈពេល​ពីរ​សប្តាហ៍​ជាង​បន្ទាប់​មក ខ្ញុំ​បាន​បន្ត​ជួប​នឹង​ពួកអ្នកផ្សព្វផ្សាយ​សាសនា ។ នៅពេល​ខ្ញុំ​បាន​ចូលរួម​ពិធីសាក្រាម៉ង់ សមាជិក​នៅ​វួដ​នោះ​បាន​បង្ហាញ​សេចក្តីស្រឡាញ់ ការទទួល​យក ការស្វាគមន៍ និង​ការលើកទឹកចិត្ត​ដល់​ខ្ញុំ ។ នៅពេល​ខ្ញុំ​បាន​គិត​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន នោះ​ខ្ញុំ​បាន​ដឹង​ថា ការចង់​ដឹង​ចង់​យល់​របស់​ខ្ញុំ​អំពី​សាសនាចក្រ​បាន​អភិវឌ្ឍ​ទៅរក​តម្រូវការ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ខ្ញុំ​ត្រូវបាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ ប៉ុន្តែ​ខ្ញុំ​បាន​បន្ត​ពុះពារ​ជាមួយ​នឹង​ការសម្រេច​ចិត្ត​នោះ ។ ទីបំផុត​ខ្ញុំ​បាន​ជ្រមុជទឹក​នៅខែ វិច្ឆិកា ឆ្នាំ ២០០១ នៅ​អាយុ ៣៦ ឆ្នាំ ។

ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដើម្បី​រត់​នៅ​ក្នុង​ចំណត​របស់​ព្រះវិហារ​នោះ​ហាក់​ដូចជា​គ្រា​មួយ​មិន​គួរ​ឲ្យ​អស្ចារ្យ​ឡើយ ។ ប៉ុន្តែ​វា​បាន​នាំ​ខ្ញុំ​ទៅកាន់​ពរជ័យ​ដ៏​មហិមា​របស់​ខ្ញុំ ៖ គឺសមាជិកភាព​នៅក្នុង​សាសនាចក្រ, ការជួប​នឹង​ភរិយា​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​គឺ ជេននីហ្វើរ ហើយ​បាន​ផ្សារ​ភ្ជាប់​នឹង​គាត់​សម្រាប់​ពេលនេះ និង​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សាន់ឌីអាហ្គូ កាលីហ្វូញ៉ា ។

ដូច្នេះ​ប្រសិនបើ​ដោយ​ចៃដន្យ​អ្នក​បាន​ឃើញ​នរណា​ម្នាក់​ហាត់​ប្រាណ​នៅក្នុង​ចំណត​នៃ​សាលា​ប្រជុំ​របស់​អ្នក សូម​ណែនាំ​ខ្លួន​របស់​អ្នក​ឲ្យ​គាត់​ស្គាល់ ! អ្នក​ពុំ​ដឹង​ឡើយ — ថា​មិនយូរ​មិន​ឆាប់ គាត់​អាច​ក្លាយ​ជា​សមាជិក​ថ្មី​នៅ​ក្នុង​វួដ​របស់​អ្នក !