គំនូរអំពីសេចក្តីជំនឿ
វិចទ័រ បាប៊ីនយ៉ាហ្គ្រា
ទីក្រុង ខាឃីវ ប្រទេស អ៊ុយក្រែន
វិចទ័រកើតមុនកំណើតបីខែ ។ ជាលទ្ធផល គាត់មានពិការភាពមួយចំនួន ហើយពុំអាចដើរបានរហូតដល់គាត់អាយុបានប្រាំពីរឆ្នាំ ។ ទោះបីជាគាត់ជួបឧបសគ្គក្តី ក៏វិចទ័របានជ្រើសរើសធ្វើជាមនុស្សរីករាយដែរ ។ គាត់បានរកឃើញអំណរនៅក្នុងការជួយ និងការបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ។
ឡេសលី នីលសុន ជាងថតរូប
ខ្ញុំបានកើតមុនកំណើតបីខែដែលវេជ្ជបណ្ឌិតបាននិយាយថា ខ្ញុំប្រហែលជាពុំអាចធ្វើអ្វីបានឡើយ ប៉ុន្តែម្តាយរបស់ខ្ញុំព្យាយាមស្វែងរកប្រភពផ្សេងៗដើម្បីជួយខ្ញុំជានិច្ច ។ ខ្ញុំបានទទួលការព្យាបាលផ្សេងៗអស់ជាច្រើនឆ្នាំ ប៉ុន្តែខ្ញុំនៅតែពុំអាចដើរបានឡើយ ។
ទីបំផុត ម្តាយរបស់ខ្ញុំបានរកឃើញការព្យាបាលមួយដែលអាចជួយខ្ញុំឲ្យចាប់ផ្តើមដើរបាន ។ ពីមុនទៅទទួលការព្យាបាលនោះ គាត់បានសម្រេចចិត្តសូមឲ្យអ្នកផ្សព្វផ្សាយសាសនាផ្តល់ការប្រសិទ្ធពរដល់ខ្ញុំ ។ បន្ទាប់ពីខ្ញុំបានទទួលការប្រសិទ្ធពរហើយ យើងបានទៅជួបវេជ្ជបណ្ឌិត ។ ការព្យាបាលនោះគឺគ្រាន់តែជាការហាត់ប្រាណតាមបែបមួយផ្សេងទៀតប៉ុណ្ណោះ ។ ទីបំផុត បន្ទាប់ពីការធ្វើលំហាត់ប្រាណទាំងនោះ ខ្ញុំបានចាប់ផ្តើមដើរបាន ។
ជួនកាលខ្ញុំអន់ចិត្តដែលខ្ញុំពិការ ប៉ុន្តែខ្ញុំបានព្យាយាមពុំបង្ហាញវាឡើយ ។ ជាទូទៅ ខ្ញុំជាមនុស្សរីករាយម្នាក់ ហើយខ្ញុំពុំបង្ហាញការលំបាករបស់ខ្ញុំដល់អ្នកដទៃឡើយ ។
ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំពេញវ័យជំទង់ មានគ្រាមួយនោះខ្ញុំបានបាក់ទឹកចិត្ត ។
ខ្ញុំមិនចង់ទៅព្រះវិហារឡើយ ។ ខ្ញុំបានសួរព្រះ « ហេតុអ្វីខ្ញុំពិការបែបនេះ ? ហេតុអ្វីទ្រង់មិនព្យាបាលខ្ញុំឲ្យបានគ្រាន់បើឡើង ? ហេតុអ្វីខ្ញុំគ្មានទំនាក់ទំនងល្អជាមួយមនុស្សដទៃ ? » សំណួរទាំងនេះបានបំបាក់ទឹកចិត្តខ្ញុំ ហើយពិតជាធ្វើឲ្យខ្ញុំកើតទុក្ខខ្លាំងណាស់ ហើយខ្ញុំពុំដឹងអំពីរបៀបដែលខ្ញុំអាចផ្លាស់ប្តូរស្ថានភាពរបស់ខ្ញុំឡើយ ដូច្នេះខ្ញុំបានគិតថា ប្រហែលជាការបញ្ចប់ជីវិតរបស់ខ្ញុំគឺជាចម្លើយ ។
ប៉ុន្តែក្រោយមក ខ្ញុំបានគិតអំពីម្តាយរបស់ខ្ញុំ និងប្រតិកម្មដែលគាត់នឹងមាន ។ ខ្ញុំបានគិតថា គាត់ប្រហែលជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ហើយមានអារម្មណ៍ថា គាត់បានធ្វើអ្វីខុស ឬពុំបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីជួយខ្ញុំឡើយ ។ នោះគឺជាពេលដែលខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងបន្តរស់នៅ ហើយបន្តឆ្ពោះទៅមុខ ។
នៅទីបំផុត ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាមនុស្សរីករាយពិតមែន ។
ខ្ញុំពិតជាមានបញ្ហា គឺដូចជាមនុស្សគ្រប់គ្នាផ្សេងទៀតមានផងដែរ ។ វាមិនធំជាង ឬតូចជាងនោះទេ ហើយទោះបីជាយើងពុំអាចដោះស្រាយវាបាន ១០០ ភាគរយក្តី ក៏ខ្ញុំដឹងថា យើងអាចទប់ទល់នឹងបញ្ហារបស់យើងបាន ហើយយើងអាចបន្តឆ្ពោះទៅមុខយ៉ាងពិតប្រាកដ ។
ខ្ញុំដឹងថា ព្រះមានផែនការមួយសម្រាប់បុគ្គលម្នាក់ៗក្នុងជីវិតនេះ ទោះបីជាពួកគេជានរណាក៏ដោយ ។
ម្តាយរបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថា មនុស្សដែលសង្ហាបំផុតអាចជាមនុស្សដែលពុំរីករាយ សោះ ហើយមនុស្សដែលមិនសង្ហាសោះអាចជាមនុស្សដែលរីករាយបំផុត ។
ដោយសារសាសនាចក្រ ខ្ញុំដឹងថា យើងអាចរីករាយបាន មិនថាមានរឿងអ្វីកើតឡើងឡើយ ព្រោះផែនការរបស់ព្រះគឺជាផែនការនៃសុភមង្គល ។ ខ្ញុំជឿថា សុភមង្គលគឺជាអ្វីមួយដែលស្ថិតនៅក្នុងខ្លួនរបស់យើង ពុំមែននៅក្រៅខ្លួនយើងឡើយ ។
សុភមង្គលកើតមកពីការមានសេចក្តីជំនឿ ការពឹងផ្អែកលើព្រះ និងការរស់នៅតាមដំណឹងល្អ ។ ការណ៍នេះជួយយើងឲ្យមានឥរិយាបថត្រឹមត្រូវ ហើយប្រើប្រាស់អ្វីដែលយើងមានដើម្បីធ្វើឲ្យខ្លួនយើងកាន់តែល្អប្រសើរឡើង ។
សម្រាប់បុគ្គលម្នាក់ៗ វាតែងតែមានអ្វីមួយដែលនឹងល្អប្រសើរឡើងនាពេលអនាគត ហើយប្រសិនបើមានអ្វីមួយដែលអវិជ្ជមាន នោះអ្នកអាចដោះស្រាយវាបាន ។
ខ្ញុំព្យាយាមស្រឡាញ់មនុស្សទូទៅ ដោយសាររឿងដែលសំខាន់បំផុតនៅក្នុងជីវិតគឺជាទំនាក់ទំនងរបស់យើងជាមួយនឹងមនុស្ស ។ ខ្ញុំព្យាយាមស្រឡាញ់គ្រួសាររបស់ខ្ញុំ ដោយសារគ្រួសាររបស់ខ្ញុំគឺជាអនាគតរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំគឺជាអ្វីៗទាំងអស់របស់ខ្ញុំ ។ ហើយខ្ញុំមានអំណរគុណចំពោះព្រះនូវអ្វីៗដែលខ្ញុំមាន ។
ចំពោះអស់អ្នកដែលមានការលំបាក ខ្ញុំចង់និយាយថា ៖ សូមព្យាយាមទទួលស្គាល់ខ្លួនឯងនៅក្នុងគ្រានោះ ទោះបីជាគុណវិបត្តិទាំងអស់ជារបស់អ្នកក្តី ហើយសូមជឿថា អ្នកអាចប្រែក្លាយជាមនុស្សកាន់តែល្អប្រសើរបាន ។