២០១៨
ការរក្សា​សេចក្តីជំនឿ​ទោះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ក្តី
ខែ កក្កដា ឆ្នាំ ២០១៨


ការរក្សា សេចក្តីជំនឿ ទោះ នៅ​ដាច់​ឆ្ងាយ​ពី​គេ​ក្តី

នៅពេល​ដែល​សង្គ្រាម ជំងឺ ឬ​កាលៈទេសៈ​ផ្សេង​ទៀត​បានបន្សល់​ទុក​ឲ្យ​សមាជិក​សាសនាចក្រ​ទាំង​នេះ​នៅ​ឯកោ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ នេះ​គឺ​ជា​របៀប​ដែល​ពួកគេ​បន្ត​នៅ​ស្មោះត្រង់ ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ភាគច្រើន​ថ្វាយបង្គំ​នៅក្នុង​វួដ និង​សាខា ជា​កន្លែង​ដែល​ពួកគេ​អាច « ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​តម​អាហារ ហើយ​អធិស្ឋាន ហើយ​ពិគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​សុខុមាល​ភាព​ដល់​ព្រលឹង​ពួក​គេ » ( មរ៉ូណៃ ៦:៥ ) ។ ប៉ុន្តែ​មរ៉ូណៃ​ជា​ព្យាការី​ដែល​បាន​សរសេរ​ពាក្យ​ទាំង​នេះ បាន​ធ្វើកិច្ចការ​មួយ​ចំនួន​ចុងក្រោយបំផុត​របស់​លោក នៅពេល​លោក​នៅតែម្នាក់​ឯង ដោយ​បន្ត​ធ្វើ​ជា​សិស្ស​ម្នាក់ បន្ទាប់​ពី​ការបំផ្លិចបំផ្លាញ​នៃ​ប្រជាជន​លោក​មក ។

ពេញ​ប្រវត្តិសាសនាចក្រ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជាច្រើន​នាក់​បាន​រក្សា​សេចក្តីជំនឿ​របស់​ពួកគេ​តែឯង នៅពេល​កាលៈទេសៈ​បាន​ទុក​ឲ្យ​ពួកគេ​នៅដាច់​ឆ្ងាយ​ពី​គេ ។ មនុស្ស​មួយ​ចំនួន​ដូចជា​មរ៉ូណៃ បាន​រស់នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ក្នុង​នាម​ជា​សាក្សី និង​គំរូ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត ។ មនុស្ស​ដទៃ​ទៀត​បាន​រស់នៅ​ដើម្បី​ឃើញ​នូវ​ថ្ងៃ​មួយ​ដែល​ពួកគេ​អាច​ចែកចាយ​សេចក្តីជំនឿ​របស់​ពួកគេ​សារជាថ្មី​ម្តង​ទៀត ។

ការអធិស្ឋាន​អស់ជាច្រើន​ឆ្នាំ​សម្រាប់​ថ្ងៃ​នេះ

Františka Brodilová

រចនា​រូបភាព ដោយ​ ខេន ស្ពែនស៊ើរ

ហ្វ្រានទីស្កា ប្រូឌីឡូវ៉ា​បាន​ចូល​ជា​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង​វៀនណា​ក្នុង​ឆ្នាំ ១៩១៣—មួយ​ឆ្នាំ​មុន​សង្គ្រាម​លោកលើក​ទី I ចាប់ផ្តើម—ហើយ​គ្មាន​ទំនាក់ទំនង​ជាមួយ​សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ​រហូត​ដល់​ឆ្នាំ ១៩២៩ ។

រូបថត​របស់​ហ្វ្រានទីស្កា វេសេឡា ប្រូឌីឡូវ៉ា ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ​ធនធាន​សោតទស្សន៍

ហ្វ្រានទីស្កា ប្រូឌីឡូវ៉ា មាន​ការលំបាក​ក្នុងការ​ទស្សនទាយ​អំពី​តួនាទី​ដែល​គាត់​នឹង​មាន​នៅក្នុង​ប្រវត្តិ​សាសនាចក្រ កាល​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​គោះទ្វារ​ផ្ទះ​របស់​គាត់​នៅ​ ទីក្រុងវៀនណា ក្នុង​ឆ្នាំ ១៩១៣ ។ មួយ​ឆ្នាំ​ក្រោយ​ពី​ការប្រែចិត្ត​ជឿ​របស់​គាត់​មក សង្គ្រាម​លោកលើក​ទី I បាន​លេប​យក​អាណាចក្រអូទ្រី — ហុងគ្រី ធ្វើ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ ហើយ​សមាជិក​បុរស​ជាច្រើន​នាក់​ត្រូវបាន​ហៅ​ឲ្យ​ចូល​បម្រើ​ទាហាន ដោយ​ទុក​ឲ្យ​ ហ្វ្រានទីស្កា និង​បងប្អូន​ស្រី​ពីរបីនាក់​ផ្សេង​ទៀត​បំពេញ​នូវ​សេចក្តីត្រូវការ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

វា​គឺ​ជា​ពេល​ដែល ហ្វ្រានទីស្កា ទាក់ទង​ជាមួយ​សមាជិក​សាសនាចក្រ​ច្រើន​ជាងគេ​បំផុត​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ ។ បន្ទាប់​ពី​សង្គ្រាម ស្វាមី​របស់ ហ្វ្រានទីស្កា ឈ្មោះ ហ្វ្រានទីសេក ត្រូវបាន​ជាប់​ការសន្យា​បម្រើ​មុខងារ​នៅក្នុង​ជួរ​រដ្ឋាភិបាលថ្មី​នៃ​ប្រទេស​ឆេកូស្លូវ៉ាគី ។ បន្ទាប់​ពី​ពួកគេ​បាន​ប្តូរ​ទៅ​រស់នៅ ប្រាក នោះ​ហ្វ្រានទីស្កា គឺ​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​ឯង​គត់​នៅក្នុង​ប្រទេស​នោះ ។ ពីរបីខែក្រោយមក ហ្វ្រានទីសេក បានស្លាប់ ដោយ​ទុក​ឲ្យ​ហ្វ្រានទីស្កា​នៅជាមួយ​កូនស្រី​តូច​ពីរនាក់​គឺ — ហ្វ្រានសេស និង​ជេន — ទំនុកបម្រុង​ដល់​ពួកគេ ។

ហ្វ្រានទីស្កា​បាន​បង្រៀន​ដំណឹង​ល្អ​ដល់​កូនស្រី​របស់​គាត់​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។ ហ្វ្រានសេស​និយាយ​ថា « ខ្ញុំ​ត្រូវបាន​ចិញ្ចឹម​ឲ្យ​ធំ​ឡើង​នៅក្នុង​សាសនាចក្រ ។ សាសនាចក្រ​គឺ​ជា​ផ្ទះ​របស់​យើង ! » ហ្វ្រានទីស្កា​ក៏​បានសរសេរ​សំបុត្រ​ទៅ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ប្រទេស​អូទ្រីស​ ដោយសូម​ចាត់​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​មក​ប្រទេស​ឆេកូស្លូវ៉ាគី ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ការស្ទាក់ស្ទើរ ដោយសារ​អ្នក​ផ្សព្វផ្សាយ​សាសនាចុងក្រោយ​គេ​នៅ​ទីក្រុង​ប្រាក កាល​ពី​ប្រមាណ​ ៤០ ឆ្នាំ​មុន​ត្រូវបាន​ចាប់ដាក់​គុក​ដោយសារតែ​ប្រកាស​ដំណឹងល្អ ហើយ​ក្រោយ​មក​ត្រូវបាននិរទេស​ចេញ​ពី​ទីក្រុង​នោះ ។ ទោះបីជា​មាន​រដ្ឋាភិបាល​ថ្មី​ក្តី ក៏​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ការភ័យខ្លាច​ថា មាន​ការផ្លាស់ប្តូរ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ដោយ​ពុំ​បាន​គិត​អំពី​កង្វល់នោះ ហ្វ្រានទីស្កា​បាន​បន្ត​សរសេរ​សំបុត្រ ហើយ​អធិស្ឋាន​ទូលសូម​ឲ្យ​មាន​បេសកកម្ម​មួយ​ត្រូវបាន​បង្កើត​ឡើង ។ ក្នុង​ឆ្នាំ ១៩២៨ បន្ទាប់​ពី​ហ្វ្រានទីស្កា​បាន​ធ្វើ​ជា​សមាជិក​តែ​ម្នាក់​ឯង​អស់រយៈពេល​មួយទសវត្សរ៍​មក ថូម៉ាស ប៊ីស៊ីហ្គើរ អាយុ ៨៣ ឆ្នាំ — អ្នក​ផ្សព្វផ្សាយ​សាសនា​ដដែល​ដែល​បាន​ប្រកាស​ដំណឹងល្អ​នៅទីក្រុង​ប្រាក ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ — បាន​ត្រឡប់​មក​វិញ ។ វា​ទំនង​ថា ភាពនៅដាច់តែ​ឯង​របស់​គ្រួសារ​នេះ​ត្រូវបាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក សុខភាព​ទ្រុឌទ្រោម​របស់​អែលឌើរ ប៊ីស៊ីហ្គើរ បាន​បង្ខំ​ឲ្យ​គាត់​ចាកចេញ​ពី​ប្រទេស​នោះ ។

ហ្វ្រានទីស្កា​មាន​ការខកចិត្ត​ ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​បន្ត​សរសេរ​សំបុត្រ​ទៅ​កាន់​សមាជិក និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ក្រៅ​ប្រទេស ។ ស្មារតី​លះបង់​របស់​គាត់​ត្រូវបាន​ទទួល​រង្វាន់ ៖ នៅ​ថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ១៩២៩ អែលឌើរ ចន អេ វិតសូ​ ( ១៨៧២–១៩៥២ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ទៅ​ដល់​ទីក្រុង​ប្រាក ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ក្រុម ។ នៅ​ល្ងាច​នោះ ហ្វ្រានទីស្កា និង​ក្រុម​នោះ​បាន​ឡើង​ទៅ​កូន​ភ្នំ​ក្បែរ​ប្រាសាទខាស្តិច ជា​កន្លែង​ដែល​អែលឌើរ វិតសូ បាន​ឧទ្ទិស​ឆ្លង​ប្រទេស​ឆេកូស្លូវ៉ាគី​សម្រាប់​ការប្រកាស​ដំណឹងល្អ ហើយ​បាន​បង្កើត​បេសកកម្ម​មួយ​ជា​ផ្លូវការ ។ ក្រោយ​មកហ្វ្រានទីស្កា ​បាន​សរសេរថា « មាន​មនុស្ស​បន្តិចបន្តួច​ប៉ុណ្ណោះ​ដែល​អាច​យល់​នូវ​អំណរ​ដែល​យើង​បាន​មាន ។ យើង [ បាន ] អធិស្ឋាន​អស់ជាច្រើន​ឆ្នាំ​សម្រាប់​ថ្ងៃ​នេះ » ។

members in Czechoslovakia with Elder Widtsoe

ហ្វ្រានទីស្កា​មាន​វត្តមាន​នៅពេល​ដែល​អែលឌើរ ចន អេ វិតសូ ( ទាំងពីរនាក់​ឈរ​នៅ​ជួរ​កណ្តាល ) បាន​ឧទ្ទិស​ឆ្លង​ប្រទេស​ឆេកកូស្លូវ៉ាគី​សម្រាប់​ការប្រកាស​ដំណឹងល្អ​នៅក្នុង​ឆ្នាំ ១៩២៩ ។

អស់រយៈពេល​ប្រហែល​ជា​ប្រាំមួយ​ខែ សាខា​មួយ​បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​ផ្ទះ​របស់​ហ្វ្រានទីស្កា ។ ទីបំផុត​ហ្វ្រានទីស្កា​បាន​ជួយ​កូនស្រី​របស់​គាត់​ក្នុងការ​បកប្រែ​ព្រះគម្ពីរ​មរមន​ទៅ​ជា​ភាសាឆេក ហើយ​បាន​ចាក់​គ្រឹះ​សម្រាប់​សាសនាចក្រ​ដែល​ឥឡូវ​នេះ​ត្រូវបាន​ហៅ​ថា​ សាធារណរដ្ឋឆេក ។

ដូចជា​ហ្វ្រានទីស្កា​ដែល ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជាច្រើន​នាក់​មាន​ការកាន់ខ្ជាប់​ទោះជា​នៅ​ដាច់ឆ្ងាយ​តែ​ឯង​ក្តី ។ បុរស និង​ស្ត្រី​ដូចតទៅនេះ​គឺ​នៅក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដែល​ចែកចាយ​ដំណឹងល្អ ហើយ​ចាក់គ្រឹះ​នៃ​សាសនាចក្រ​នៅក្នុង​ប្រទេស​កំណើត​របស់​ពួកគេ ដែល​ឲ្យ​មនុស្ស​ដទៃទៀត​ចែកចាយ​នៅពេល​ក្រោយ​ទៀត​ក្នុងការ​ស្វាគមន៍​ដល់​ពួក​បរិសុទ្ធ ។

អំណោយ​ទាន​ដ៏​ខ្ជាប់ខ្ជួន​នៃ​សេចក្តីជំនឿ​ពិត

Japanese Saints

ក្នុងនាម​ជា​អែលឌើរ​ជាអធិបតី ហ្វូជីយ៉ា ណារ៉ា ( ស្លៀកសម្លៀកបំពាក់​ពណ៌​ក្រម៉ៅ ) បាន​ទទួល​ការខុសត្រូវ​ក្នុងការ​បន្ត​ទាក់ទង​ជាមួយ​សមាជិក​បន្ទាប់ពី​បេសកកម្ម​ប្រទេស​ជប៉ុន​ត្រូវបាន​បិទ​នៅក្នុង​ឆ្នាំ ១៩២៤ ។

នៅពេល​បេសកកម្ម​ប្រទេស​ជប៉ុន​បាន​បិទ​នៅក្នុង​ឆ្នាំ ១៩២៤ សមាជិក​ជាច្រើន​មាន​អារម្មណ៍​ថា​បាត់​បង់ និង​ត្រូវគេ​បោះបង់​ចោល ។ ភាព​ជា​ថ្នាក់ដឹកនាំ​សម្រាប់​សមាជិក​ដែល​មាន​ប្រមាណ​ជា ១៦០ នាក់​នៅក្នុង​ប្រទេស​ជប៉ុន​ត្រូវ​ធ្លាក់​ទៅលើ ហ្វូជីយ៉ា ណារ៉ា ជា​អែលឌើរ​ដែល​ជា​អធិបតី​នៅក្នុង​ប្រទេស ដែល​បម្រើការ​ងារ​នៅ​តាម​រថភ្លើងដែល​បាន​ធ្វើ​ឲ្យគាត់​អាច​សួរសុខទុក្ខ​ដល់​សមាជិក​ដែល​បែក​ខ្ញែក​ទាំង​នោះ ។ នៅពេល​ដែល​គាត់​ពុំ​អាច​ទៅ​សួរសុខទុក្ខ​បាន ហ្វូជីយ៉ា បានប​ន្ត​ទាក់ទង​តាមរយៈ​ទស្សនាវដ្តី​បោះពុម្ព​ដែល​មាន​ចំណងជើង​ថា Shuro ( ស្លឹកត្នោត ) នៅក្នុង​នោះ​លោក​បាន​ចែកចាយ​សារលិខិត​ដំណឹងល្អ ហើយ​បាន​លើ​ក​ទឹកចិត្ត​ពួកបរិសុទ្ធ​ដែល​នៅសល់​ទាំង​ប៉ុន្មាន​នៅក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ដ៏​លំបាក​បន្ទាប់​មក​ទៀត​នោះ ។

បន្ទាប់​ពី​កន្លែង​ការងារ​របស់​ហ្វូជីយ៉ា​បាន​ប្តូរ​គាត់​ទៅ​ម៉ាន់ជូរី ហើយ​អ្នក​ជំនួស​គាត់​ក្នុងនាម​ជា​អែលឌើរ​ជា​អធិបតី​បាន​ស្លាប់​ភ្លាមៗ​ក្នុង​ឆ្នាំ ១៩៣៧ នោះទំនាក់ទំនង​ជាមួយ​សមាជិក​នៅក្នុង​ប្រទេស​ជប៉ុន​ត្រូវបាន​បាត់បង់​ភ្លាម ។ ហ្វីជីយ៉ា​បាន​និយាយ​ថា « ទោះបីជា​យើង​គ្មាន​ការឆ្លើយឆ្លង​ជាមួយ​អ្នកនៅ​ទីក្រុង សលត៍ លេក ក្តី … ក៏យើង​មាន​ការជឿជាក់​ថា សាសនាចក្រ​នឹង​បាន​បើក​វិញ​ម្តង​ទៀត [ នៅ​ទីនេះ ] » ។

អំឡុងពេល​សង្គ្រាម​លោកលើក​ទី II ហ្វូជីយ៉ាបាន​ត្រឡប់​ទៅ​ទីក្រុង​តូក្យូ​វិញ ជា​កន្លែង​ដែល​គាត់​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នកជិតខាង​របស់​គាត់ ហើយ​បាន​រៀបចំ​ការប្រជុំ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ប្រចាំ​សប្តាហ៍ ។ បន្ទាប់​ពី​សង្គ្រាម​ចប់ ហ្វីជីយ៉ា​បាន​រកឃើញ​កំណត់​ចំណាំ​មួយ​ដែល​បាន​សរសេរ​ដោយ អែតវឺត អិល គ្លីសូល — ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្នាក់​ដែល​បម្រើ​នៅក្នុង​កងទ័ព​អាមេរិកកាំង — អញ្ជើញ​ឲ្យ​សមាជិក​សាសនាចក្រ​នៅក្នុង​ប្រទេស​នោះ​ទាក់ទង​គាត់ ។ ភ្លាម​នោះ​ហ្វីជីយ៉ា​បាន​ទៅជួប​អែតវឺត​នៅក្នុង​បន្ទប់​របស់​គាត់​នៅ​សណ្ឋាគារ ។ នៅពេល​អែតវឺត​បាន​ចូលរួម​ការប្រជុំ​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​ក្នុង​ទីក្រុង​តូក្យូ គាត់​មាន​ការអស្ចារ្យ​ក្នុង​ចិត្ត​ដែល​ឃើញ​មាន​មនុស្ស​ជិត ១០០ នាក់​បាន​ចូលរួម​ប្រជុំ ។

ក្រោយ​មក ហ្វីជីយ៉ា​បាន​និយាយ​ថា « ឆ្លង​កាត់​នូវ​អ្វីៗ​ទាំង​អស់​មក អំណោយទាន​ដ៏​មហិមា និង​អំណោយ​ទាន​ដ៏​ខ្ជាប់ខ្ជួន​កើត​មាន​ដើម្បី​ដឹង ហើយ​ឱប​ក្រសោប​យក​សេចក្តីជំនឿ​ដ៏​ពិត — នោះគឺ​មានន័យ​ថា ស្គាល់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ការស្ថាបនា​សាសនាចក្រ​នៅរដ្ឋ​ហាវ៉ៃ

Jonathan Napela

អ្នក​ប្រែចិត្ត​ជឿ​មុន​ដំបូង​គេ​នៅក្នុង​រដ្ឋ​ហាវ៉ៃ ចូណាថាន់ ណាភេឡា បាន​ជួយ​បកប្រែ​ព្រះគម្ពីរ​មរមន​ទៅ​ជា​ភាសា​ហាវ៉ៃ ។

រូបថត​របស់​ ចូណាថាន់ ណាភេឡា ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ និង​បណ្ណាសារ ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

ចូណាថាន់ អេច ណាភេឡា គឺ​ជា​ចៅក្រមដែល​ទទួល​ការគោរព​ដ៏ប្រពៃ​នៅលើ​កោះម៉ៅអី ពីមុន​គាត់ និង​ភរិយា​គាត់ ​កាតើ ឃីធី បាន​ជ្រមុជទឹក​ក្នុង​ឆ្នាំ ១៨៥១ ។ បន្ទាប់​ពី ចូណាថាន់ ត្រូវបាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ជាចៅក្រម​ដោយសារ​តែ​ការចូលជា​សមាជិក​សាសនាចក្រ នោះលោក​បាន​លះបង់​ថាមពល​របស់​លោក​ក្នុងការស្ថាបនា​សាសនាចក្រ​នៅក្នុង​ចំណោម​ពួក​អ្នកដែល​និយាយ​ភាសា​ហាវ៉ៃ ។ ចូណាថាន់​បាន​បង្រៀន​ភាសា​ដល់​ ចច ​ឃ្យូ ខានុន ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ជួយ​បកប្រែ​ព្រះគម្ពីរ​មរមន ហើយ​បង្កើត​កម្មវិធី​ដំបូង​សម្រាប់​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ភាសា​បរទេស​នានា ។

ជាលទ្ធផល​ មាន​ពួក​សាសន៍​ហាវ៉ៃ​សញ្ជាតិ​ដើម​ជាង ៣០០០ នាក់​បាន​ចូល​ជា​សមាជិក​សាសនាចក្រ​នៅក្នុង​អំឡុងពេល​បី​ឆ្នាំ ។ ចូណាថាន់ បានសរសេរ​ថា « វា​មាន​ភាព​ច្បាស់លាស់​ណាស់​ចំពោះ​យើង​ថា នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះ ។ មាន​មនុស្ស​ជាច្រើន​នៅលើកោះ​ទាំង​នេះ​ដែល​បាន​ទទួល​សេចក្តីជំនឿ​ដ៏រឹងមាំ តាមរយៈ​ព្រះគុណ​នៃ​ព្រះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់ ដែល​យើង​អាច​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

នៅក្នុង​ឆ្នាំ ១៨៧២ ឃីធី ណាភេឡា បាន​កើត​ឃ្លង់ ហើយ​ត្រូវ​បានតម្រូវ​ឲ្យ​ប្តូរ​ទៅ​នៅ​ជាមួយ​ក្រុម​អ្នក​កើត​ជំងឺ​ឃ្លង់​នៅ ម៉ូឡូកាយ ជាជាងបន្ត​នៅ​ជាមួយ​ពួក​បរិសុទ្ធ នោះ​ចូណាថាន់​បាន​សូម​អង្វរ​ឲ្យ​ក្រុម​នោះ​ទទួល​យក​គាត់​ទៅ​នៅ​ជាមួ​យ​ផងដែរ ។ គាត់​បានសរសេរ​សំបុត្រ​ទៅ​កាន់​គណៈកម្មការ​សុខាភិបាល​ថា « អំឡុង​ពេល​ដ៏ខ្លី​ដែលនៅ​សល់​នេះ ខ្ញុំ​ចង់​រស់នៅ​ជាមួ​យ​ភរិយា​របស់​ខ្ញុំ » ។ ការអង្វរករ​នោះ​ត្រូវបាន​ផ្តល់​ឲ្យ ហើយ​ចូណាថាន់​បាន​ក្លាយ​ជា​ប្រធាន​សាខា​នៅ​ម៉ូឡូកាយ ។ ចូណាថាន់​បាន​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​សង្ឃ​កាតូលិក​ក្នុង​មូលដ្ឋាន​នោះ គឺ​លោក​ឪពុក ដាមៀន ដើម្បី​បម្រើ​ដល់​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​ជំងឺ​នោះ ។ ទីបំផុត​ ចូណាថាន់​បាន​ស្លាប់​ដោយសារ​ជំងឺឃ្លង់​ដែល​គាត់​បាន​ឆ្លង​ពី​ក្រុម​នោះ ។

« ខ្ញុំ​រីករាយ​ក្នុងការ​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ » ។

Friedrichs and Hoppe families

វីលហែម ហ្វ្រេដ្រីច ( រូបទីពីរ​មក​ពី​ខាង​ឆ្វេង​ដៃ ) និង អ៊ីមីល ហូប ( នៅ​កណ្តាល ជួរ​ខាង​ក្រោយ ) បាន​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​ដំបូង​គេ​នៅ​ប្រទេស​អាហ្សង់ទីន ។

មាន​តែក្រុមគ្រួសារ ហ្វ្រេដ្រីច និង ហូប ប៉ុណ្ណោះ​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស​អាហ្សង់ទីន កាល​ពួកគេ​បាន​ប្តូរ​ទីលំនៅ​ពី​ប្រទេស​អាល្លឺម៉ង់​ទៅទីនោះ​នៅដើមទសវត្សរ៍​ទី ២០ ។​ វីលហែម ហ្វ្រេដ្រីច និង​អ៊ីមីល ហូប បាន​ព្យាយាម​ចែកចាយដំណឹង​ល្អ​នៅក្នុង​ប្រទេស​ថ្មី​របស់​ពួកគេ ដោយ​ចែក​កូនសៀវភៅ ហើយ​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ចូលរួម​ការប្រជុំ​របស់​ពួកគេ ។ វីហែល​បាន​សរសេរ​ថា « ខ្ញុំ​មាន​ទំនុកចិត្ត​ទាំងស្រុង​លើ​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​ថា ទ្រង់​នឹង​បញ្ជូន​មិត្តភក្តិដ៏​ស្មោះសរ ដែល​នឹង​ទទួល​យក​ដំណឹងល្អ ដ្បិត​ខ្ញុំ​រីករាយ​នៅក្នុង​ការធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ » ។​

ប៉ុន្តែ​មាន​ឧបសគ្គ​ចម្បងនានា​បាន​កើត​ឡើង ។ ក្រុមគ្រួសារ​ទាំងនេះ​បាន​រស់​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​ត្រូវ​ធ្វើ​ដំណើរ​អស់រយៈពេល​ពីរម៉ោង​ដើម្បី​ជួប​គ្នា ។ ដោយសារ​អ៊ីមីល​គឺ​ជា​ឌីកុន ហើយ​វីលហែម​គឺ​ជា​គ្រូ​នៅក្នុង​បព្វជិតភាពអើរ៉ុន​ នោះ​ពួកគេ​ពុំ​អាច​ចាត់ចែងពិធីបរិសុទ្ធ​ដូចជា​ពិធីសាក្រាម៉ង់ ឬ​ផ្តល់ការប្រសិទ្ធពរ​បព្វជិតភាព​បាន​ឡើយ ។

ក្នុង​ឆ្នាំ ១៩២៤ ហីលដេហ្គាត ហូប បាន​បង្កើត​កូន​ស្រី​ម្នាក់ ដែល​កូនស្រី​នោះ​បាន​ស្លាប់​នៅ​រយៈពេល​ពីរ​ខែ​ក្រោយ​មក ។ នៅពេល​គាត់​កាន់ទុក្ខ ហីលដេហ្គាត បាន​សួរ​អំពី​របៀប​ដែល​ឈ្មោះ​របស់​កូន​ស្រី​នោះ​អាច​ត្រូវបាន​ដាក់​បញ្ចូលទៅក្នុង​កំណត់ត្រា​នៃ​សាសនាចក្រ ។ ជាលទ្ធផល វីលហែម បាន​ចាប់ផ្តើម​ឆ្លើយឆ្លង​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ទីក្រុង​សលត៍ លេក ។

មួយ​ឆ្នាំកន្លះ​ក្រោយ​មក អែលឌើរ មែលវិន ជេ បាឡឺដ ( ១៨៧៣–១៩៣៩ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បញ្ជូន​អ្ន​កផ្សព្វផ្សាយ​សាសនា​ពីរនាក់​ទៅ​ជួប​ក្រុម​អ្នកប្រែចិត្ត​ជឿ​ដែល​កំពុង​រីកចម្រើ​ន​ឡើង​នោះ​នៅទីក្រុងប៊ុយណូ ហ្សែ ។ នៅពេល​ពួកគេ​បាន​ទៅដល់​ទីនោះ​នៅក្នុង​ខែ ធ្នូ ឆ្នាំ ១៩២៥ អែលឌើរ បាឡឺដ បាន​ជ្រមុជទឹក​អ្នកប្រែចិត្ត​ជឿ​ជាច្រើន​នាក់ ហើយ​បាន​រៀបចំ​បង្កើត​សាខា​មួយ​ឡើង ។ នៅ​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់ អែលឌើរ បាឡឺដ​បាន​ឧទ្ទិស​ទ្វីប​អាមេរិក​ខាង​ត្បូង​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​រៀបចំ​បេសកកម្ម​ដំបូង​ឡើង​នៅលើ​ទ្វីប​នេះ ។

ការនាំ​យក​ដំណឹង​ល្អ​ត្រឡប់​មក​កាន់​រាស្ត្រ​របស់​ទ្រង់​វិញ

Assard and Affoué families

នៅពេល​ហ្វីលីព និង អានីលី អាសាត ( ខាង​ឆ្វេង ) បាន​ជួប លូសៀន និង អាហ្គាធី អាហ្វ្រូអេ នៅក្នុងប្រទេសកូតឌីវ័រ គូស្វាមី​ភរិយា​ទាំង​ពីរ​នេះ​បាន​រីករាយដែល​ដឹង​ថា ពួកគេ​ពុំ​នៅ​ឯកោ​នៅក្នុង​សាសនាចក្រ​នៅ​ទីនោះ​ឡើយ ។

ហ្វីលីព និង អានីលី អាសាត បាន​ស្ថាបនា​ជីវិត​មួយ​ដ៏​ស្តុកស្តម្ភ កាល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​គោះ​ទ្វារ​ផ្ទះ​របស់​ពួកគេ​នៅ ទីក្រុង​ខូន ប្រទេស​ អាល្លឺម៉ង ក្នុង​ឆ្នាំ ១៩៨០ ។ ពួក​គាត់​បាន​ឱប​ក្រសោប​យក​ដំណឹង​ល្អ​ភ្លាម ហើយ​ទទួល​អារម្មណ៍​នូវ « ពរជ័យ​ដ៏​លើសលុប » ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ហ្វីលីពបាន​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​នូវ​បំំណង​ប្រាថ្នា​ដើម្បី​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់​គាត់​នៅ​កូតឌីវ័រ ដើម្បី​ចែកចាយ​ដំណឹងល្អ​ដែល​ស្តារ​ឡើង​វិញ ។ ហ្វីលីព​បានចាំ​ថា « ដូច្នេះ​នៅក្នុង​ឆ្នាំ ១៩៨៦ បន្ទាប់​ពី​ការអធិស្ឋាន និង​តមអាហារ​អស់​ជាច្រើន​ដង​ជាមួយ​ភរិយា​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​កូតឌីវ័រ​វិញ ដើម្បី​ផ្តល់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ ដើម្បី​ធ្វើ​ឲ្យ​ក្រុមគ្រួសារ និង​ប្រជាជន​ជាច្រើន​របស់​ខ្ញុំ​មាន​ភាព​ប្រសើរ​ឡើង » ។

ពីមុន​ចាកចេញ​ពី​ប្រទេស​អាល្លឺម៉ង់ ហ្វីលីព​បាន​ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ ទោះបីជា​គ្មានអង្គភាព​សាសនាចក្រ​នៅ​កូតឌីវ័រ​ក្តី ក៏​មាន​សមាជិក​មួយ​ចំនួន​នៅ​ទីនោះបាន​ចូល​ជា​សមាជិក​សាសនាចក្រ ​ខណៈ​ដែល​ពួកគេ​បាន​នៅក្នុង​ប្រទេស​ដទៃ​ទៀត ។ គ្រួសារ​អាសាត​បានទទួល​នូវ​បញ្ជី​ឈ្មោះ​របស់​សមាជិក​នៅក្រៅ​ប្រទេស​ទាំងនោះ ហើយ​នៅ​ឆ្នាំ​បន្ទាប់​មក​គាត់​បាន​ឧស្សាហ៍​សរសេរ​សំបុត្រ​ទៅកាន់​ពួកគេ​ម្នាក់ៗ​ ។ ដោយ​សន្សឹមៗ គ្រួសារ​អាសាត​បាន​បង្កាត់​ភ្លើង​នៃ​សេចក្តីជំនឿ​នៅក្នុង​មនុស្ស​ដទៃ ហើយ​ត្រូវបាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​ចាប់ផ្តើម​ធ្វើ​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ។ មានវួដ និង​សាខា​ជា​ច្រើន​បាន​កើត​ឡើង​បន្តមក​ទៀត ហើយ​នៅក្នុង​ឆ្នាំ ១៩៩៧ ស្តេក​ដំបូង​គេ​នៅក្នុង​ប្រទេស​កូតឌីវ័រ​ត្រូវបាន​បង្កើត​ឡើង ។

កំណត់​ចំណាំ

  1. Frances McOmber នៅក្នុង Ruth McOmber Pratt « Frantiska Vesela Brodilova » ឯកសារ​សរសេរ​ដោយ​ដៃ​ដែល​ពុំ​បាន​បោះពុម្ព ( ឆ្នាំ ២០០៩ ) ទំព័រ ១៨ ។

  2. Františka Brodilová នៅក្នុង Pratt « Frantiska Vesela Brodilova » ទំព័រ ២៥ ។

  3. Fujiya Nara នៅក្នុង Lee Benson « Japanese Member Survives Adversity » Church News ថ្ងៃ​ទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ទំព័រ ៧ ។

  4. Fujiya Nara នៅក្នុង Benson « Japanese Member Survives Adversity » ទំព័រ ៧ ។

  5. Jonathan Napela នៅក្នុង « Foreign Correspondence: Sandwich Islands — Minutes of Conference, Makawao, April 1st, 1852 » Deseret News ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៨៥២ ទំព័រ ៤ ។

  6. Jonathan Napela នៅក្នុង Fred E. Woods « A Most Influential Mormon Islander: Jonathan Hawaii Napela » The Hawaiian Journal of History វ៉ុល​ទី ៤២ ( ឆ្នាំ ២០០៨ ) ទំព័រ ១៤៨ ។

  7. សំបុត្រ​ឆ្លើយឆ្លង Wilhelm Friedrichs ចុះ​ថ្ងៃ​ទី ៥ ខែ មីនា ឆ្នាំ ១៩២៤ Argentine Mission បណ្ណាល័យប្រវត្តិសាស្រ្តសាសនាចក្រ ។

  8. Robert L. Mercer « Pioneers in Ivory Coast » Liahona ខែ មីនា ឆ្នាំ ១៩៩៩ ទំព័រ ១៩ ។