២០១៨
មាន​អារម្មណ៍​ថា​ដាច់​ទំនាក់ទំនង​ឬ ? សូម​សាកល្បង​បន្ថយ​ល្បឿន
ខែ កក្កដា ឆ្នាំ ២០១៨


មាន​អារម្មណ៍​ថា​ដាច់​ទំនាក់ទំនង​ឬ ? សូម​សាកល្បង​បន្ថយ​ល្បឿន

គ្មាន​នរណា​ម្នាក់​និយាយ​ថា « ខ្ញុំ​ចូលចិត្ត​ការរង់ចាំ​ឡើយ » ។ ប៉ុន្តែ​ប្រហែល​ជា​ពួកគេ​គួរ​តែ​ធ្វើ​ដូច្នោះ ។

រូបភាព
young woman laying on the ground

រចនា​រូបភាព​ដោយ ផាស្កាល ខេមភៀន

ប្រសិនបើ​អ្នក​ឈរ​តម្រង់​ជួរ​នៅ​ក្នុង​ជួរ​ដ៏​វែង​ក្បែរ​ពីងពាង និង​ពស់​ដែល​ជា​សត្វ​ដែល​អ្នក​ខ្លាច នោះ​អ្នក​មិន​មែន​ជា​អ្នក​ខ្លាច​តែ​ឯង​ឡើយ ។

មិន​ថា​យើង​កំពុង​ឈរ​តម្រង់​ជួរ អង្គុយ​រង់ចាំ​ដោយ​ស្ទះ​ចររាចរណ៍ ឬ​រង់ចាំ​ឡាន​ក្រុង​នោះ​ទេ យើង​ស្អប់​ការរង់ចាំ​ណាស់ ។

សំណាង​ល្អ​សម្រាប់​យើង ពេលវេលា​រង់ចាំ​ក្លាយ​ជា​អ្វី​មួយ​ដែល​កាន់​តែ​អាក្រក់ ៖ វា​ជា​អ្វី​មួយ​ដែល​យើង​មិន​ចង់​ជួប ប៉ុន្តែ​វា​ពុំ​មែន​ជា​អ្វី​ដែល​យើង​ជួប​រាល់​ថ្ងៃ​នោះ​ទេ ។ យើង​រស់នៅ​ក្នុងសម័យ​មួយ​ដែល​គ្មាន​ពេលវេលា​រង់ចាំ​ឡើយ ។ បច្ចេកវិជ្ជា​កំពុង​បង្កើន​ល្បឿន​អ្វីៗ​គ្រប់​យ៉ាង​រហូត​ដល់​វា​ធ្វើ​ឲ្យ​យើង​មាន​ការយក​ចិត្ត​ទុកដាក់​ខ្លី​ជាង​ត្រីមាស​ទៅ​ទៀត ( មែនហើយ នោះ​គឺ​ជា​ការពិត ) ។ នៅពេល​តម្រូវការ​ឲ្យ​រង់ចាំ​កើត​ឡើង នោះ​យើង​ព្យាយាម​បំពេញ​ពេលវេលា​របស់​យើង — ជា​ទូទៅ​គឺ​ការបែរ​ទៅ​រក​ឧបករណ៍​ចល័ត ។

ជាទូទៅ វា​គ្មាន​អ្វី​ខុស​នឹង​បច្ចេកវិជ្ជា ឬ​សមត្ថភាព​ឡើយ ប៉ុន្តែ​ល្បឿន​ដ៏​លឿន និង​ការបង្វែរ​ចិត្ត​ជា​ប្រចាំ​នោះ​អាច​រារាំង​យើង​ពី​អ្វី​មួយ​ដែល​កាន់តែ​សំខាន់​ជាង​នោះ ។

ខគម្ពីរ​លើស​ពី​ភាពច្បាស់លាស់​ទៅ​ទៀត

មិន​យូរ​ប៉ុន្មាន​កន្លង​មក​នេះ អារម្មណ៍​ខាង​វិញ្ញាណ​របស់​ខ្ញុំ​បាន​រសាត់​អណ្តែត ។ ខ្ញុំ​ពុំ​យល់​ពី​អារម្មណ៍​នោះ​ឡើយ ។ ខ្ញុំ​បាន​ទៅ​ព្រះវិហារ អធិស្ឋាន​ច្រំ​ដែលៗ ហើយ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​តែ​បន្តិចបន្តួច ។ យូរៗ​ម្តង ខ្ញុំ​ទទួល​អារម្មណ៍​បំផុស​គំនិត​ខាង​វិញ្ញាណ ប៉ុន្តែ​យូរៗ​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ដាច់​ទំនាក់ទំនង ។

នៅពេល​ខ្ញុំ​បាន​ទូល​ប្រាប់​ព្រះវរបិតាសួគ៌​អំពី​រឿង​នេះ​នៅក្នុង​ការអធិស្ឋាន​ដ៏​អន្ទះសារ​របស់​ខ្ញុំ ពាក្យ​ទាំង​នេះ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ ៖ « សូម​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ » ( ទំនុក​តម្កើង ៤៦:១០ ) ។

វា​ហាក់​ដូច​ជា​ពាក្យ បង្អង់សិន ត្រូវ​បាន​គូស​ចំណាំ គូស​បន្ទាត់​ពី​ក្រោម និង​ជា​ប្រភេទ​អក្សរ​ដិត ។

ប្រហែល​ជា​ខ្ញុំ​បាន​ធ្វើ​នូវ​រឿង​ទាំងអស់​ដែល​ត្រឹមត្រូវ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​វា​នៅ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ ជាមួយ​នឹង​ការផ្តោត​ចិត្ត​ទុកដាក់​រាក់​កំភែល ។ ខ្ញុំ​បាន​ចាប់ផ្តើម​លែង​រស់នៅ​តាម​ដំណឹងល្អ​ហើយ ។

គ្មាន​ការអនុវត្ត​សាសនា​ណា​អាច​នាំ​ខ្ញុំ​ឲ្យ​មាន​ទំនាក់ទំនង​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ​ឡើយ ប្រសិនបើ​ការចូលរួម​របស់​ខ្ញុំ​ធ្វើ​ឡើង​ដោយ​សើរៗ និង​ពុំ​យក​ចិត្ត​ទុក​ដាក់​នោះ ។ ខគម្ពីរ​នោះ​បញ្ជាក់​ពី​ការណ៍​លើស​ពី​ច្បាស់លាស់​ទៅ​ទៀត ។ ដើម្បី​ស្គាល់​ព្រះ​ឲ្យ​ច្បាស់ និង​ទាក់ទង​នឹង​ព្រះ ហើយ​ទាញ​យក​ចំណេះដឹង​ដែល​ខ្ញុំ​កំពុង​ប្រាថ្នា​ចង់​បាន​យ៉ាង​ខ្លាំង នោះ​ខ្ញុំ​ត្រូវ​បន្ថយ​ល្បឿន ហើយ​នៅ​បង្អង់​សិន ។

ការស្តាប់​តាម​ការបំផុសគំនិត​នោះ​គឺ​ពុំ​ងាយ​ស្រួល​ឡើយ ។ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ទាំង​ស្រុង ។

ឥឡូវ​នេះ សូម​បន្ថយ​ល្បឿន …

នីហ្វៃ​បង្រៀន​ថា អស់​អ្នក​ដែល « ​ព្យាយាម​រក នឹង​ឃើញ ហើយ​ការ​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ​នឹង បាន​បើក​បង្ហាញ ដល់​គេ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( នីហ្វៃ​ទី ១ ១០:១៩, ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ចូរ​យើង​ពិនិត្យ​វា​ឲ្យ​បាន​ម៉ត់ចត់ ៖ ការដឹង​អំពី​ការអាថ៌កំបាំង​របស់​ព្រះ​តម្រូវ​ឲ្យ​យើង ព្យាយាម​រក ។ វា​គឺ​ជា​ការអនុវត្ត​ដ៏​ខ្ជាប់ខ្ជួន និង​មាន​ចេតនា ហើយ​ពុំ​មែន​ធ្វើ​តែ​ម្តង​ដូច​ការស្រាវជ្រាវ​តាម​អ៊ិនធើរណែត​ឡើយ ។ បន្ទាប់​មក​ទៀត អាថ៌កំបាំង​ពុំ​ផុស​ឡើង​ភ្លាម​ឡើយ វា បើក​បង្ហាញដោយ​សន្សឹមៗ ។ ដំណើរការ​នេះ​ត្រូវការ​ពេលវេលា ។ ហើយ​ពេល​វេលា​នោះ​វា​សំខាន់​ណាស់ ! វា​ជា ពេល ដែល​យើង​ចំណាយ​ដើម្បី​ពិចារណា និង​ស្វែងរក​នូវ ពេល​វេលា ឲ្យ​យើង​ទាក់ទង​នឹង​ព្រះវិញ្ញាណ ជា​អង្គ​ដែល​ប្រទាន​ចម្លើយ​ដ៏​មាន​អនុភាព ។

ប្រធាន ដេវីឌ អូ មិកឃេ ( ១៨៧៣–១៩៧០ ) បាន​ប្រកាស​ថា ការស្មឹងស្មាធ — « ជ្រាលជ្រៅ បន្ត​គិត​អំពី​ប្រធាន​បទ​សាសនា​មួយ​ចំនួន » — គឺ​ជា « ទ្វារ​ដ៏​ពិសិដ្ឋ​បំផុត​មួយ … ដែល​យើង​ឆ្លង​កាត់​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ » ។ តាមរយៈ​ការបន្ថយ​ល្បឿន នោះ​យើង​អាច​បើក​ទ្វារ​ទៅកាន់​វិវរណៈ​បាន ។ យើង​អាច​ផ្លាស់ប្តូរ​ឧត្តមគតិ​ដែល​រីករាល​ដាល​របស់​ពិភពលោក ហើយ​ទាក់ទង​ជាមួយ​នឹង​ព្រះ ។ យើង ត្រូវការ ទ្វារ​នោះ ។ យើង​ត្រូវ​តែ​បន្ថយ​ល្បឿន ។

វា​ត្រូវ​ការ​ការខិតខំ​ខ្នះខ្នែង

សម្រាប់​ខ្ញុំ ការបន្ថយ​ល្បឿន​មាន​ន័យ​ថា ការលុត​ជង្គង់​ចុះ និង​ការអធិស្ឋាន​ឲ្យ​ឮៗ ។ ការបង្ហាញ​គារវភាព និង​សំឡេង​នៃ​ពាក្យ​ផ្ទាល់​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្តោត​ចិត្ត​ទុកដាក់​កាន់តែ​ប្រសើរ​ឡើង ។ ការបន្ថយ​ល្បឿន​មាន​ន័យ​ថា ការសិក្សា​មក​ពី​ព្រះគម្ពីរ​ជាសៀវភៅ ហើយ​កត់ត្រា​ក្នុង​សៀវភៅ​កំណត់​ហេតុ ។ វា​តម្រូវ​ឲ្យ​មាន​ការខិតខំ​កាន់តែ​ខ្លាំង និង​ត្រូវការ​ពេលវេលា​កាន់តែ​ច្រើន ហើយ​ការខិតខំ និង​ពេលវេលា​ដែល​បាន​បង្កើន​នោះ​គឺ​ជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី « ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថភាព​ទាំង​ឡាយ​របស់​ខ្លួន » ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ និង​បំណង​ប្រាថ្នា​នៃ​សេចក្តីពិត « ធ្វើការ​ក្នុង​ខ្លួន​អ្នក » ហើយ​ថា​គ្រាប់​ពូជ​នៃ​ទីបន្ទាល់ « ដុះ​ឫស ដើម្បី​វា​អាច​ដុះ​ឡើង ហើយ​នឹង​ផ្ដល់​ផ្លែ​ផ្កា » ( អាលម៉ា ៣២:២៧, ៣៧ ) ។

យើង​អាច​រក​បាន​ព័ត៌មាន​ស្ទើរតែ​ទាំងអស់​ដោយ​គ្រាន់តែ​វាយ​ពាក្យ​នោះ​ចូល​ក្នុង​កុំព្យូទ័រ ប៉ុន្តែ​ការយល់​ដឹង​ខាង​វិញ្ញាណ និង​ការប្រែចិត្ត​ជឿ​តម្រូវ​ឲ្យ​យើង​ចំណាយ ពេលវេលា និង ខិតខំ ព្យាយាម ។ របៀប ដែល​អ្នក​បន្ថយ​ល្បឿន និង​បូជា​ការខិតខំ​ចំពោះ​ដំណឹងល្អ​ពុំ​សំខាន់​ឡើយ អ្វី​ដែល​សំខាន់​នោះ​គឺ​អ្វី​ដែល​អ្នក​ធ្វើ​តាម​ដំណឹង​ល្អ​នោះ ។ នៅពេល​យើង​ទទួល​បាន​ព័ត៌មាន​ដោយ​ងាយស្រួល នោះ​យើង​ក៏​មិន​សូវ​ចូលរួម​នៅក្នុង​ការរៀនសូត្រ​ដោយ​ផ្ទាល់​ខ្លួន​របស់​យើង​ផងដែរ ។ យើង​លុបចោល​ឱកាស​ដើម្បី​ទាក់ទង​ជាមួយ​ព្រះវិញ្ញាណ ។

យើង​ពិតជា​អាច​ប្រើប្រាស់​បច្ចេកវិជ្ជា និង​ការរីកចម្រើន​របស់​វា​ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​ប្រចាំ​ថ្ងៃ​កាន់តែ​ងាយស្រួល ហើយ​ធ្វើ​ឲ្យ​យើង​ប្រើប្រាស់​ពេលវេលា​យើង​កាន់តែ​មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​យើង​ពុំ​សម​នឹង​សម្រប​ខ្លួន​ដើម្បី​រស់នៅ​តាម​ការបង្វែរ​អារម្មណ៍​នោះ ហើយ​គិត​យ៉ាង​រាក់​កំភែល​ដែល​ជារឿយៗ​វា​កើត​មក​ពី​បច្ចេកវិជ្ជា​នោះ​ឡើយ ។ ជំនួស​ឲ្យ​ការខ្លាច​ការ​ត្រូវរង់ចាំ នោះ​យើង​អាច​ទទួល​យក​វា​ជា​ឱកាស​មួយ​ដើម្បី​បន្ថយ​ល្បឿន ស្មឹងស្មាធ ហើយ​បង្កើន​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវិញ្ញាណ​ឲ្យ​កាន់តែ​ជ្រាលជ្រៅ​ឡើង ។

កំណត់​ចំណាំ

  1. សូមមើល Leon Watson « Humans Have Shorter Attention Span Than Goldfish, Thanks to Smartphones » The Telegraph ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៥ គេហទំព័រ telegraph.co.uk ។

  2. Teachings of Presidents of the Church: David O. McKay ( ឆ្នាំ ២០១១ ) ទំព័រ ៣១, ៣២ ។

បោះពុម្ព