២០១៨
ពរជ័យក្នុងការទៅព្រះដំណាក់របស់ព្រះអម្ចាស់
ខែ កក្កដា ឆ្នាំ ២០១៨


ពរជ័យក្នុងការទៅព្រះដំណាក់របស់ព្រះអម្ចាស់

គោលលទ្ធិដ៏ល្អប្រពៃបំផុតមួយរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះគឺថា ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជារៀងរហូត ។ ការរួមបញ្ចូលគោលលទ្ធិនេះជាមួយនឹងសេចក្ដីសន្យារបស់អេលីយ៉ាអំពី « ការបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក » ធ្វើឲ្យព្រះវិហារបរិសុទ្ធ ឬព្រះដំណាក់របស់ព្រះអម្ចាស់មានសារៈសំខាន់ និងតម្លៃយ៉ាងខ្លាំងចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ។

ពរជ័យទីមួយក្នុងការទៅព្រះដំណាក់របស់ព្រះអម្ចាស់គឺជាការទទួលបានអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ដែលសំខាន់សម្រាប់សេចក្ដីសង្គ្រោះផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ។ នេះគឺជាអាទិភាពដ៏ខ្ពស់បំផុតមួយ ។ វាមានសារៈសំខាន់ជាខ្លាំងរហូតដល់សាសនាចក្របានបង្កើតមូលនិធិជំនួយការ​ស្នាក់នៅ​ពេល​ទៅព្រះវិហារបរិសុទ្ធ ដើម្បីជួយសមាជិកដ៏ស្មោះត្រង់ទាំងឡាយដែលត្រូវការជំនួយខាងហិរញ្ញវត្ថុឲ្យទៅកាន់ព្រះវិហារបរិសុទ្ធ ដើម្បីទទួលបានពិធីបរិសុទ្ធផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីបានផ្សារភ្ជាប់ទៅនឹងក្រុមគ្រួសាររបស់ពួកគេ ។

សមាជិកដ៏សក្ដិសមទាំងឡាយអាចរីករាយនឹងពរជ័យផ្សេងៗជាច្រើនទៀត កាលពួកគេទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ។ ពរជ័យទាំងនេះរួមមាន ៖

១.ការយល់ដឹងកាន់តែច្បាស់អំពីផែនការនៃសេចក្ដីសង្គ្រោះ ជាពិសេសគោលការណ៍ និងគោលលទ្ធិដែលទាក់ទងទៅនឹងការបង្កបង្កើតផែនដី ព្រមទាំងការធ្លាក់របស់អ័ដាម ។ នៅក្នុងពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋ សមាជិកម្នាក់ក៏ត្រូវបានប្រទានឲ្យនូវពន្លឺ និងចំណេះដឹងកាន់តែខ្លាំងដែលធ្វើឲ្យគាត់មើលឃើញកាន់តែច្បាស់នូវការខិតខំរបស់សាតាំងក្នុងការរារាំងផ្លូវយើងមិនឲ្យត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើងវិញផងដែរ ។ ប្រធាន ហូវើត ដបិលយូ ហាន់ធើរ បានបងៀនថា « ព្រះវិហារបរិសុទ្ធគឺជាកន្លែងមួយនៃការណែនាំដែលបង្ហាញពីសេចក្ដីពិតដ៏ជ្រៅជ្រះពាក់ព័ន្ធទៅនឹងនគររបស់ព្រះ »

២.យើងរស់នៅក្នុងពិភពលោកមួយពោរពេញដោយសំឡេង ចលាចល និងអាសន្ន ដែលសាតាំងមានឥទ្ធិពល និងអំណាចយ៉ាងខ្លាំង ។ ក្រៅពីគេហដ្ឋាន និងសាលប្រជុំរបស់យើង ព្រះវិហារបរិសុទ្ធគឺជាកន្លែងដ៏ល្អបំផុតសម្រាប់សមាជិកសាសនាចក្រដ៏ស្មោះត្រង់ទាំងឡាយដើម្បីរំដោះខ្លួនគេចេញពីពិភពលោកនេះ ។ បរិយាកាសដ៏ស្ងប់ស្ងាត់ សុខសាន្ដ និងពេញដោយគារវភាពនៅក្នុងព្រះវិហារបរិសុទ្ធ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់សមាជិកដើម្បីគិតអំពីបញ្ហាផ្ទាល់ខ្លួននានា ព្រមទាំងទទួលបានវិវរណៈផ្ទាល់ខ្លួនផង ។

៣.សម្រាប់សមាជិកណាដែលមានបន្ទុកដោយសម្ពាធជីវិត ឬត្រូវប្រឈមនឹងឧបសគ្គនានាផ្ទាល់ខ្លួនដ៏ខ្លាំងក្លា នោះការទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់អាចផ្ដល់នូវការសម្រាកឬការធូរស្បើយដែលពួកគេត្រូវការ ។ ការណ៍នេះអនុញ្ញាតឲ្យពួកគេទទួលបានទស្សនវិស័យមួយកាន់តែច្បាស់អំពីឧបសគ្គរបស់ពួកគេ ឬទទួលបានទស្សនវិស័យអំពីជីវិតរបស់គេសារជាថ្មី ។ ការប្រឈមនៅក្នុងជីវិតភាគច្រើនអាចដោះស្រាយបានកាន់តែប្រសើរ ប្រសិនបើយើងអាចមើលឃើញពីទស្សនវិស័យដ៏យូរអង្វែងមួយ ឬក៏ទស្សនៈដ៏អស់កល្បអំពីបញ្ហានោះ ។ ការបង្រៀនស្ទើរតែទាំងអស់ សេចក្ដីសញ្ញានានា និងពិធីបរិសុទ្ធទាំងឡាយដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធសុទ្ធតែនាំទៅកាន់ភាពដ៏អស់កល្បជានិច្ច ។

៤.យុវវ័យនាសព្វថ្ងៃនេះប្រឈមមុខនឹងឧបសគ្គ និងការល្បួងនានាខ្លាំងជាងមនុស្សពីជំនាន់មុនៗ ។ ការចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនដែលបានស្លាប់ទៅរបស់ពួកគេ គឺជារបៀបដ៏មានអំណាចមួយដើម្បីពង្រឹងដល់យុវវ័យរបស់យើង ។ ពរជ័យដែលកាន់តែអស្ចារ្យជាងនេះនឹងមកកាន់យុវវ័យរបស់យើង ប្រសិនបើពួកគេបញ្ចូលកិច្ចការពិធីបុណ្យជ្រមុជទឹកជំនួសនៅក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងកិច្ចខំប្រឹងផ្ទាល់ខ្លួនរបស់ពួកគេក្នុងកិច្ចការពង្សប្រវត្តិ ។ កាលយុវវ័យធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធរួមគ្នា នោះវាក៏នឹងពង្រឹងដល់ចំណងមិត្តភាពរបស់ពួកគេរវាងគ្នាផងដែរ ។

៥.ប្រអប់ដាក់ឈ្មោះអធិស្ឋានក្នុងព្រះវិហារបរិសុទ្ធ គឺជាឯកសិទ្ធិដ៏ពិសេសមួយដែលមានដល់សមាជិកដែលចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ សមាជិកអាចសុំឲ្យសេចក្ដីជំនឿ និងការអធិស្ឋានរួមគ្នារបស់អស់អ្នកដែលចូលរួមក្នុងព្រះវិហារបរិសុទ្ធ ឲ្យជួយដល់ក្រុមគ្រួសារ ឬមិត្តភក្ដិរបស់ពួកគេដែលត្រូវការពរជ័យពិសេសនានា ។

៦.ពរជ័យដ៏អស្ចារ្យមួយទៀតកើតឡើង នៅពេលសមាជិកវួដចូលរួមក្នុងព្រះវិហារបរិសុទ្ធរួមគ្នា ។ ពួកគេនឹងត្រឡប់ទៅវួដរបស់ពួកគេដោយមានសាមគ្គីភាព និងសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះគ្នាទៅវិញទៅមក ។ សមាជិកគួរតែខិតប្រឹងប្រែងតាមគ្រប់របៀបដើម្បីចូលរួមនៅក្នុងការទៅព្រះវិហារបរិសុទ្ធជាវួដ ឬសកម្មភាពរាត្រីនៅក្នុងព្រះវិហារបរិសុទ្ធជាវួដ ។

បន្ទាប់ពីត្រូវបានញែកចេញជាប្រធានសាសនាចក្រទី ១៧ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ ប្រធាន រសុ័ល អិម ណិលសុន បានថ្លែងដូចនេះនៅក្នុងការចាក់ផ្សាយផ្ទាល់មួយពីព្រះវិហារបរិសុទ្ធទីក្រុងសលត៍ លេក ។ លោកបានមានប្រសាសន៍ថា « ក្នុងនាមជាគណៈប្រធានថ្មី យើងចង់ចាប់ផ្ដើមដោយគំនិតចុងក្រោយ ។ ហេតុនេះហើយ ថ្ងៃនេះយើងនិយាយទៅកាន់បងប្អូនពីព្រះវិហារបរិសុទ្ធ ។ គំនិតចុងក្រោយនោះគឺថា យើងម្នាក់ៗចង់ទទួលបានអំណោយទានពិសិដ្ឋដោយអំណាចនៅក្នុងព្រះដំណាក់មួយរបស់ព្រះអម្ចាស់ បានផ្សារភ្ជាប់ជាក្រុមគ្រួសារ ស្មោះត្រង់នឹងសេចក្ដីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធដែលវាធ្វើឲ្យយើងសក្ដិសមនឹងអំណោយទានដ៏មហិមាបំផុតរបស់ព្រះ — គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ និងសេចក្ដីសញ្ញាដែលបងប្អូនធ្វើនៅទីនោះ គឺជាគន្លឹះដើម្បីពង្រឹងជីវិត អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសាររបស់បងប្អូន ព្រមទាំងសមត្ថភាពរបស់បងប្អូនដើម្បីប្រឆាំងនឹងការវាយលុករបស់ពួកសត្រូវ ។ ការថ្វាយបង្គំរបស់បងប្អូននៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើរបស់បងប្អូននៅទីនោះសម្រាប់ជីដូនជីតារបស់បងប្អូន នឹងប្រទានពរដល់បងប្អូនឲ្យកើនឡើងខាងវិវរណៈផ្ទាល់ខ្លួន និងសេចក្ដីសុខសាន្ដ ហើយនឹងពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់បងប្អូនដើម្បីបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញា »

អ្នកណាដែលចូលរួមក្នុងព្រះវិហារបរិសុទ្ធនឹងចាកចេញដោយមានបំណងប្រាថ្នាចង់ធ្វើល្អកាន់តែខ្លាំង ធ្វើជាឪពុកម្ដាយកាន់តែប្រសើរជាងមុន ធ្វើជាបុគ្គលដែលចេះស្រឡាញ់ និងអភ័យទោសកាន់តែខ្លាំង ហើយមានបំណងកាន់តែមោះមុតដើម្បីប្រឆាំងនឹងការល្បួងក្នុងពិភពលោកនេះ ។ យើងនឹងតែងតែជាបុគ្គលដ៏ប្រសើរជាងមុន បន្ទាប់ពីបានចូលក្នុងព្រះវិហារបរិសុទ្ធហើយ ។

កំណត់ចំណាំ

  1. គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:៩ ។

  2. ប្រធាន ហូវើត ដបិលយូ ហាន់ធើរ “The Great Symbol of Our Membership,” Ensign, ខែ តុលា ឆ្នាំ ១៩៩៤ ។

  3. ប្រធាន រសុ័ល អិម ណិលសុន “As We Go Forward Together,” Ensign, ខែ មេសា ឆ្នាំ ២០១៨ ។