បាត់អស់ហើយ
នេះគឺជាជំពូកទី ៥ នៃនិទានកថាទាំងបួនភាគថ្មីអំពីប្រវត្តិសាសនាចក្រដែលមានចំណងជើងថា ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។ សៀវភៅនេះនឹងបោះពុម្ពជា ១៤ ភាសា នៅក្នុងវគ្គប្រវត្តិសាសនាចក្រនៃកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើអ៊ិនធើរណែតនៅគេហទំព័រ saints.lds.org ។ ជំពូកបន្ទាប់មួយចំនួនទៀតនឹងត្រូវចេញផ្សាយក្នុងច្បាប់ផ្សាយក្រោយៗរហូតដល់ភាគ ១ ត្រូវចេញផ្សាយនៅចុងឆ្នាំនេះ ។ ជំពូកទាំងនោះនឹងមានជា ៤៧ ភាសានៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើអ៊ិនធើរណែតនៅគេហទំព័រ saints.lds.org ។
បន្ទាប់ពីយ៉ូសែប បានយកផ្ទាំងចំណារមកដល់ផ្ទះ ពួកអ្នកស្វែងរកកំណប់បានព្យាយាមលួចវាពីលោកអស់ជាច្រើនសប្តាហ៍ ។ ដើម្បីទុកផ្ទាំងចំណារឲ្យមានសុវត្ថិភាព លោកត្រូវប្ដូរកន្លែងលាក់ផ្ទាំងចំណារពីកន្លែងមួយទៅកន្លែងមួយ ដោយលាក់ផ្ទាំងចំណារតាំងពីក្រោមចង្ក្រាន ក្រោមឥដ្ឋក្នុងហាងឪពុកលោក និងក្រោមគំនរគ្រាប់ធុញ្ញជាតិជាដើម ។ គាត់មិនដែលបោះបង់ការថែរក្សាវាឡើយ ។
ពួកអ្នកជិតខាងដែលចង់ឃើញបានឈប់នៅផ្ទះលោក ហើយបានសូមអង្វរលោកឲ្យបង្ហាញកំណត់ត្រាដល់ពួកគេ ។ យ៉ូសែប តែងតែបដិសេធ ទោះបីជានៅពេលខ្លះមានមនុស្សមួយចំនួនចង់ឲ្យលុយលោកក្តី ។ លោកបានតាំងចិត្តថានឹងរក្សាផ្ទាំងចំណារ ដោយទុកចិត្តលើសេចក្តីសន្យារបស់ព្រះអម្ចាស់ថា ប្រសិនបើលោកធ្វើអស់ពីលទ្ធភាពលោក នោះផ្ទាំងចំណារនឹងមានសុវត្ថិភាព ។១
ជាញឹកញាប់ ការរំខាននេះធ្វើឲ្យលោកអាក់ខានមិនបានពិនិត្យមើលផ្ទាំងចំណារ និងរៀនបន្ថែមទៀតអំពីត្បូងយូរីម និងធូមីម ។ លោកដឹងថា ប្រដាប់បកប្រែនេះគឺសម្រាប់ជួយលោកឲ្យធ្វើការបកប្រែផ្ទាំងចំណារ ប៉ុន្តែលោកមិនធ្លាប់ប្រើត្បូងមើលឆុតដើម្បីអានភាសាពីបុរាណពីមុនមកនោះទេ ។ លោកមានចិត្តអន្ទះសាដើម្បីចាប់ផ្តើមការងារ ប៉ុន្តែវាមិនងាយស្រួលឲ្យលោកធ្វើវានោះទេ ។២
នៅពេលយ៉ូសែប បានសិក្សាផ្ទាំងចំណារ មានម្ចាស់ដីដ៏គួរឲ្យគោរពម្នាក់នៅភូមិប៉ាល់ម៉ៃរ៉ាដែលមានឈ្មោះថា ម៉ាទិន ហារីស បានមានចំណាប់អារម្មណ៍លើការងាររបស់លោក ។ ម៉ាទិន មានអាយុស្របាលនឹងឪពុករបស់យ៉ូសែប ហើយនៅពេលខ្លះបានជួលឲ្យយ៉ូសែប ជួយការងារគាត់នៅឯកសិដ្ឋានគាត់ ។ ម៉ាទិន បានឮអំពីផ្ទាំងចំណារមាស ប៉ុន្តែបានឮតិចតួចអំពីវារហូតដល់ម្តាយរបស់យ៉ូសែប បានអញ្ជើញគាត់មកលេងនឹងយ៉ូសែប ។៣
យ៉ូសែប បានចេញទៅធ្វើការ នៅពេលម៉ាទិន បានឈប់ចូលមកលេង ដូច្នេះគាត់បានសាកសួរទៅអិមម៉ា និងសមាជិកដទៃទៀតនៅក្នុងគ្រួសារអំពីផ្ទាំងចំណារ ។ នៅពេលយ៉ូសែប បានមកដល់ផ្ទះ ម៉ាទិន បានចាប់ដៃលោក ហើយបានសួរសំណួរលម្អិតថែមទៀត ។ យ៉ូសែប បានប្រាប់គាត់អំពីផ្ទាំងចំណារមាស និងសេចក្តីណែនាំរបស់ទេវតាមរ៉ូណៃឲ្យបកប្រែ និងបោះពុម្ពសេចក្តីចែងនៅក្នុងផ្ទាំងចំណារនេះ ។
ម៉ាទិន បាននិយាយថា « ប្រសិនបើវាជាកិច្ចការរបស់អារក្ស នោះខ្ញុំមិនចាប់អារម្មណ៍អំពីរឿងនេះទេ » ។ ប៉ុន្តែប្រសិនបើវាជាកិច្ចការរបស់ព្រះអម្ចាស់ នោះគាត់មានចិត្តចង់ជួយដល់យ៉ូសែប ប្រកាសដំណឹងល្អនេះដល់ពិភពលោក ។
យ៉ូសែប បានអនុញ្ញាតឲ្យ ម៉ាទិន លើកផ្ទាំងចំណារនៅក្នុងប្រអប់ចាក់សោ ។ ម៉ាទិន អាចដឹងថា វាមានរបស់ធ្ងន់នៅក្នុងនោះ ប៉ុន្តែមិនជឿថាវាជាផ្ទាំងចំណារមាសឡើយ ។ គាត់បានប្រាប់យ៉ូសែប ថា « ក្មួយកុំបន្ទោសពូថា ពូមិនជឿពាក្យរបស់ក្មួយឡើយ » ។
នៅពេលម៉ាទិន ត្រឡប់ទៅផ្ទះវិញនៅពាក់កណ្តាលយប់ គាត់បានចូលបន្ទប់ដេកគាត់យ៉ាងស្ងាត់ៗ ហើយបានអធិស្ឋាន ដោយសន្យានឹងព្រះថា នឹងផ្ដល់អ្វីៗទាំងអស់ដែលគាត់មាន ប្រសិនបើគាត់អាចដឹងថា យ៉ូសែប កំពុងធ្វើកិច្ចការរបស់ព្រះ ។
នៅពេលដែលម៉ាទិន បានអធិស្ឋាន នោះគាត់ទទួលបានអារម្មណ៍ពីសំឡេងដ៏តូចរហៀង មានបន្ទូលមកកាន់ព្រលឹងរបស់គាត់ ។ ពេលនោះទើបគាត់បានដឹងថា ផ្ទាំងចំណារនោះគឺមកពីព្រះ — ហើយគាត់បានដឹងថា គាត់ត្រូវតែជួយដល់យ៉ូសែប ដើម្បីចែកចាយសារដំណឹងនៅក្នុងផ្ទាំងចំណារនេះ ។៤
នៅចុងឆ្នាំ ១៨២៧ អិមម៉ា បានដឹងថាខ្លួនមានផ្ទៃពោះ ហើយក៏សរសេរសំបុត្រទៅជម្រាបឪពុកម្តាយនាង ។ នាង និងយ៉ូសែប បានរៀបការជិតមួយឆ្នាំទៅហើយ តែឪពុកម្តាយរបស់នាងនៅតែមិនសប្បាយចិត្តនឹងពួកគាត់ ។ ប៉ុន្តែគ្រួសារលោក ហេល បានយល់ព្រមឲ្យគូស្វាមីភរិយាក្មេងខ្ចីនេះត្រឡប់ទៅកាន់ ភូមិហាម៉ូនី វិញដើម្បី អិមម៉ា អាចសម្រាលកូននៅជិតក្រុមគ្រួសាររបស់ខ្លួន ។
ទោះបីជាការត្រឡប់ទៅភូមិហាម៉ូនីវិញនឹងធ្វើឲ្យលោកឃ្លាតឆ្ងាយពីឪពុកម្តាយ និងបងប្អូនលោកផ្ទាល់ក្តី ក៏យ៉ូសែប នៅតែមានចិត្តអន្ទះសាចង់ទៅដែរ ។ ក្រុមមនុស្សនៅរដ្ឋញូវយ៉កនៅតែព្យាយាមលួចផ្ទាំងចំណារ ហើយការប្តូរលំនៅទៅកន្លែងថ្មីអាចធ្វើឲ្យមានសុវត្ថិភាព និងឯកជនភាពដែលលោកត្រូវការដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ តែជាអកុសល លោកជំពាក់បំណុលគេ ហើយគ្មានប្រាក់ដើម្បីធ្វើដំណើរឡើយ ។៥
ដោយមានចិត្តចង់ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់លោក យ៉ូសែប បានឡើងទៅក្រុងដើម្បីសងបំណុលរបស់លោកមួយចំនួន ។ ខណៈកំពុងឈរនៅក្នុងហាងបង់ប្រាក់ ស្រាប់តែ ម៉ាទិន ហារិស បានឈរនៅក្បែរលោក ។ គាត់បាននិយាយថា « លោកស្ម៊ីធ នេះលុយហាសិបដុល្លារ ។ ខ្ញុំឲ្យលោកដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ » ។
យ៉ូសែប មានការភ័យខ្លាចនឹងយកលុយនេះ ហើយបានសន្យាថានឹងសងវិញ ប៉ុន្តែម៉ាទិន ប្រាប់ថា កុំឲ្យព្រួយបារម្ភអំពីរឿងនេះ ។ លុយនោះគឺជាអំណោយ ហើយគាត់បានហៅមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នោះឲ្យធ្វើជាសាក្សីថា គាត់ឲ្យលុយនេះដោយសុទ្ធចិត្ត ។៦
បន្ទាប់ពីនោះភ្លាម យ៉ូសែប បានសងបំណុលរបស់លោក ហើយបានលើកឥវ៉ាន់ដាក់ក្នុងរទេះ ។ រួចលោក ហើយនិងអិមម៉ា បានចេញដំណើរទៅភូមិហាម៉ូនីដោយលាក់ផ្ទាំងចំណារនៅក្នុងពាងសណ្តែក ។៧
ប្រហែលជាមួយសប្តាហ៍ក្រោយមក ប្តីប្រពន្ធមួយគូនេះបានមកដល់គេហដ្ឋានដ៏ធំរបស់គ្រួសារ ហេល ។៨ មិនយូរប៉ុន្មាន ឪពុករបស់អិមម៉ា បានសុំមើលផ្ទាំងចំណារមាស ប៉ុន្តែយ៉ូសែប បានថា លោកអាចបង្ហាញតែប្រអប់ដែលលោកបានដាក់វានៅក្នុងនោះប៉ុណ្ណោះ ។ ដោយធុញទ្រាន់ពេក អ៊ីសាក បានលើកប្រអប់សោនោះឡើង ហើយបានដឹងទម្ងន់របស់ប្រអប់នេះ ប៉ុន្តែគាត់នៅតែមានការសង្ស័យ ។ គាត់បាននិយាយថា យ៉ូសែប មិនអាចទុកវានៅក្នុងផ្ទះបានទេ លុះត្រាតែយ៉ូសែប បង្ហាញដល់គាត់នូវអ្វីដែលមាននៅខាងក្នុងនោះ ។៩
កាលមានវត្តមានរបស់ឪពុកអិមម៉ានៅជិតនោះ វាមិនធ្វើឲ្យការបកប្រែងាយស្រួលទេ ប៉ុន្តែ យ៉ូសែប នៅតែព្យាយាមអស់ពីលទ្ធភាពរបស់លោក ។ ដោយមានជំនួយពីអិមម៉ា លោកបានចម្លងតួអក្សរចម្លែកៗជាច្រើនចេញពីផ្ទាំងចំណារដាក់លើក្រដាស ។១០ ជាច្រើនសប្តាហ៍បន្ទាប់មក លោកបានព្យាយាមបកប្រែវាដោយប្រើត្បូងយូរីម និងធូមីម ។ ដំណើរការបកប្រែនេះតម្រូវឲ្យលោកធ្វើច្រើនជាងការគ្រាន់តែមើលតាមប្រដាប់បកប្រែនោះ ។ លោកត្រូវតែមានចិត្តរាបសា ហើយអនុវត្តសេចក្តីជំនឿនៅពេលលោកសិក្សាតួអក្សរនោះ ។១១
ពីរបីខែក្រោយមក ម៉ាទិន បានមកដល់ភូមិហាម៉ូនី ។ គាត់បាននិយាយថា គាត់មានអារម្មណ៍ថា ព្រះអម្ចាស់បានហៅគាត់ឲ្យធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក ដើម្បីប្រឹក្សានឹងអ្នកជំនាញអំពីភាសាបុរាណ ។ គាត់បានសង្ឃឹមថា ពួកគេអាចបកប្រែតួអក្សរនោះ ។១២
យ៉ូសែប បានចម្លងតួអក្សរជាច្រើនពីផ្ទាំងចំណារ បានសរសេរការបកប្រែរបស់លោក ហើយបានប្រគល់ក្រដាសនោះឲ្យទៅម៉ាទិន ។ បន្ទាប់មកលោក និងអិមម៉ា បានមើលមិត្តរបស់ពួកគាត់ធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងកើតដើម្បីប្រឹក្សាជាមួយអ្នកប្រាជ្ញល្បីៗ ។១៣
នៅពេលម៉ាទិន បានមកដល់ទីក្រុងញូវយ៉ក គាត់បានទៅជួបនឹងលោក ឆាលស៍ អាន់តុន ជាសាស្រ្តាចារ្យផ្នែកភាសាឡាតាំង និងភាសាក្រិក នៅឯមហាវិទ្យាល័យ កូឡុំបៀ ។ សាស្រ្តាចារ្យ អាន់តុន មានវ័យក្មេង — ដែលមានអាយុក្មេងជាងម៉ាទិន ប្រហែលជាដប់ប្រាំឆ្នាំ — ហើយលោកមានកេរ្តិ៍ឈ្មោះល្បីផ្នែកបោះពុម្ពផ្សាយ សព្វវចនាធិប្បាយដ៏មានប្រជាប្រិយភាពមួយស្តីពីវប្បធម៌ក្រិក និងរ៉ូម ។ លោកក៏បានចាប់ផ្តើមប្រមូលសាច់រឿងអំពីជនជាតិអាមេរិកាំងឥណ្ឌាដើមផងដែរ ។១៤
លោកអាន់តុន គឺជាអ្នកប្រាជ្ញដែលតឹងតែងមួយរូបមិនចូលចិត្តការរំខានឡើយ ប៉ុន្តែលោកបានស្វាគមន៍ម៉ាទិន ហើយបានសិក្សាអក្សរដែលយ៉ូសែប បានបកប្រែ ។១៥ ទោះជាសាស្រ្តាចារ្យរូបនេះមិនចេះអក្សរអេស៊ីព្ទក្តី ក៏គាត់បានអានការស្រាវជ្រាវមួយចំនួនអំពីភាសានេះ ហើយបានដឹងថាវាមានលក្ខណៈយ៉ាងណា ។ កាលកំពុងមើលអត្ថបទនេះ លោកបានឃើញភាពស្រដៀងគ្នាមួយចំនួននឹងអត្ថន័យជាភាសាអេស៊ីព្ទ ហើយបានប្រាប់ម៉ាទិនថា ការបកប្រែនេះគឺត្រឹមត្រូវ ។
ម៉ាទិន បានបង្ហាញលោកនូវការបកប្រែជាច្រើនទៀត ហើយលោក អាន់តុន បានពិនិត្យមើលវា ។ លោកបានមានប្រសាសន៍ថា តួអក្សរនេះមានបញ្ចូលគ្នានូវភាសាពីបុរាណជាច្រើន ហើយក៏បានផ្តល់វិញ្ញាបនបត្រដល់ម៉ាទិន បញ្ជាក់ថាការបកប្រែគឺត្រឹមត្រូវ ។ លោកក៏បានផ្តាំឲ្យម៉ាទិន បង្ហាញការបកប្រែនេះទៅកាន់អ្នកប្រាជ្ញមួយរូបទៀតដែលមានឈ្មោះថា សាំយូអែល មិចឆែល ដែលធ្លាប់បង្រៀននៅកូឡុំបៀដែរ ។១៦
លោកអាន់តុន បានមានប្រសាសន៍ថា « គាត់ចេះដឹងច្រើនណាស់ពីភាសាបុរាណទាំងនេះ ហើយខ្ញុំជឿថា គាត់នឹងជួយលោកបានច្រើន » ។១៧
ម៉ាទិន បានដាក់វិញ្ញាបនបត្រចូលក្នុងហោប៉ៅរបស់គាត់ ប៉ុន្តែនៅពេលគាត់ហៀបនឹងចាកចេញទៅ នោះលោកអាន់តុន បានស្រែកហៅគាត់ឲ្យត្រឡប់មកវិញ ។ លោកចង់ដឹងអំពីរបៀបដែលយ៉ូសែប ទទួលបានផ្ទាំងចំណារនេះ ។
ម៉ាទិន បានមានប្រសាសន៍ថា « ទេវតារបស់ព្រះ បានបើកសម្តែងដល់យ៉ូសែប » ។ គាត់បានថ្លែងទីបន្ទាល់ថា ការបកប្រែពីផ្ទាំងចំណារនេះនឹងផ្លាស់ប្តូរពិភពលោក ហើយសង្រ្គោះពិភពលោកនេះពីការវិនាសបង់ ។ ហើយឥឡូវនេះ កាលដែលគាត់មានការបញ្ជាក់ពីភាពត្រឹមត្រូវរួចហើយ គាត់មានបំណងចង់លក់កសិដ្ឋានរបស់គាត់ ដើម្បីជួយឧបត្ថម្ភជាលុយដើម្បីឲ្យការបកប្រែនេះអាចបោះពុម្ពបាន ។
លោកអាន់តុន បានមានប្រសាសន៍ថា « ខ្ញុំសូមមើលវិញ្ញាបនបត្របន្តិចមក » ។
ម៉ាទិន បានលូកយកវាចេញពីហោប៉ៅរួចក៏ប្រគល់ជូនលោក ។ លោកអាន់តុន បានហែកវាជាចំណែកៗ ហើយនិយាយថា វាគ្មានទេវតាឯណាទេ ។ បើយ៉ូសែប ចង់បកប្រែផ្ទាំងចំណារ លោកគួរតែយកវាមកកូឡុំបៀ ហើយទុកឲ្យពួកអ្នកប្រាជ្ញជាអ្នកបកប្រែវា ។
ម៉ាទិន បានពន្យល់ថា ផ្នែកនៃផ្ទាំងចំណារទាំងនោះត្រូវបានផ្សារភ្ជាប់ ហើយថា យ៉ូសែប ពុំត្រូវបានអនុញ្ញាតឲ្យបង្ហាញវាដល់នរណាម្នាក់ឡើយ ។
អាន់តុន បាននិយាយថា « ខ្ញុំពុំអាចអានសៀវភៅមួយដែលបានផ្សារភ្ជាប់ឡើយ » ។ លោកបានព្រមានម៉ាទិនថា យ៉ូសែប ប្រហែលជាកំពុងកុហកគាត់ហើយ ។ លោកបាននិយាយថា « ចូរប្រុងប្រយ័ត្នចំពោះពួកមនុស្សបោកប្រាស់ » ។១៨
ម៉ាទិន បានចេញពីសាស្ត្រាចារ្យ អាន់តុន ហើយបានទៅជួបនឹងលោក សាំយូអែល មិចឆែល ។ សាំយូអែល បានទទួលម៉ាទិនយ៉ាងរាក់ទាក់ បានស្ដាប់អំពីដំណើររឿងរបស់គាត់ ហើយបានមើលតួអក្សរទាំងឡាយ និងការបកប្រែ ។ លោកពុំយល់អំពីវាទេ ប៉ុន្តែលោកបាននិយាយថា វាបានរំឭកលោកអំពីតួអក្សររបស់អេស៊ីព្ទពីបុរាណ ហើយគឺជាការសរសេរនៃជាតិសាសន៍មួយដែលបានសាបសូន្យទៅហើយ ។១៩
មិនយូរប៉ុន្មានក្រោយមក ម៉ាទិន បានចាកចេញពីទីក្រុងនោះ ហើយត្រឡប់ទៅភូមិហាម៉ូនីវិញ ដោយជឿជាក់យ៉ាងខ្លាំងថា យ៉ូសែប មានផ្ទាំងចំណារពីបុរាណ និងមានអំណាចដើម្បីបកប្រែវា ។ គាត់បានប្រាប់យ៉ូសែបអំពីការសម្ភាសរបស់គាត់ជាមួយនឹងពួកសាស្ត្រាចារ្យ ហើយបានផ្ដល់ហេតុផលថា ប្រសិនបើមនុស្សដែលមានអប់រំខ្ពស់មួយចំនួននៅប្រទេសអាមេរិកពុំអាចបកប្រែសៀវភៅនេះបានទេ នោះយ៉ូសែបត្រូវធ្វើកិច្ចការនេះ ។
យ៉ូសែប បាននិយាយដោយការរំជួលចិត្តយ៉ាងខ្លាំងចំពោះកិច្ចការនេះថា « ខ្ញុំពុំអាចធ្វើកិច្ចការនេះបានទេ ដោយសារខ្ញុំរៀនពុំបានជ្រៅជ្រះឡើយ » ។ ប៉ុន្តែលោកបានដឹងថា ព្រះអម្ចាស់បានរៀបចំប្រដាប់បកប្រែ ដើម្បីលោកអាចបកប្រែផ្ទាំងចំណារនេះបាន ។២០
ម៉ាទិន យល់ស្រប ។ គាត់បានរៀបផែនការត្រឡប់ទៅភូមិបាល់ម៉ៃរា ដើម្បីរៀបចំជំនួញរបស់គាត់ឲ្យរៀបរយ ហើយត្រឡប់មកវិញភ្លាមតាមដែលអាចធ្វើបាន ដើម្បីធ្វើជាអ្នកសរសេរឲ្យយ៉ូសែប ។២១
នៅខែ មេសា ឆ្នាំ ១៨២៨ អិមម៉ា និងយ៉ូសែប កំពុងរស់នៅក្នុងផ្ទះមួយនៅតាមបណ្ដោយទន្លេសុសគ្វីហាណា ក្បែរនឹងផ្ទះរបស់ឪពុកម្ដាយនាង ។២២ ឥឡូវនេះ កាលកូនក្នុងផ្ទៃអិមម៉ាជិតគ្រប់ខែ ជារឿយៗនាងបានធ្វើជាអ្នកសរសេរឲ្យយ៉ូសែប បន្ទាប់ពីលោកចាប់ផ្ដើមបកប្រែកំណត់ត្រានោះ ។ ថ្ងៃមួយ កាលលោកបានបកប្រែ រំពេចនោះយ៉ូសែប បានមានទឹកមុខស្លេកស្លាំង ។ លោកបានសួរថា « អិមម៉ា តើទីក្រុងយេរូសាឡិម មានរបងព័ទ្ធជុំវិញដែរឬទេអូន ? »
នាងបានឆ្លើយដោយនឹកគិតអំពីព្រះគម្ពីរប៊ីបថា « ច៎ាស មាន » ។
យ៉ូសែប បាននិយាយដោយមានអារម្មណ៍ធូរស្រាលថា « ឱ! បងខំតែបារម្ភថាក្រែងបងច្រឡំ » ។២៣
អិមម៉ា មានការស្ងប់ស្ងែងថា ទោះស្វាមីខ្លួនមិនសូវចេះដឹងអំពីប្រវត្តិសាស្រ្ត និងព្រះគម្ពីរក្ដី ក៏វាមិនអាចរារាំងការបកប្រែនេះបានឡើយ ។ យ៉ូសែប ស៊្មីធ ស្ទើរតែមិនអាចសរសេរអក្សរឲ្យបានត្រឹមត្រូវផង ។ ប៉ុន្តែនាងអង្គុយសរសេរក្បែរយ៉ូសែបអស់រាប់ម៉ោង កាលលោកបានអានផ្ទាំងចំណារដោយគ្មានជំនួយពីសៀវភៅណា ឬសំណៅឯកសារដើមណានោះ ។ នាងដឹងយ៉ាងច្បាស់ថា មានតែព្រះទេដែលបំផុសលោកឲ្យបកប្រែដូចដែលលោកបានធ្វើនេះ ។២៤
ម៉ាទិន បានត្រឡប់មកពីភូមិបាល់ម៉ៃរាវិញទាន់ពេល ហើយធ្វើជាអ្នកសរសេរ ដើម្បីឲ្យអិមម៉ា បានសម្រាកពីមុនសម្រាលកូន ។២៥ ប៉ុន្តែវាមិនបានកើតឡើងដោយងាយស្រួលទេ ។ លោកស្រីលូស៊ី ជាភរិយារបស់លោកម៉ាទិន បានសុំគាត់មកភូមិហាម៉ូនីជាមួយដែរ ហើយពួកគាត់ទាំងពីរនាក់មានបុគ្គលិកលក្ខណៈចចេះ ។២៦ លោកស្រីលូស៊ី មានការសង្ស័យអំពីបំណងប្រាថ្នារបស់ម៉ាទិន ក្នុងការជួយផ្នែកហិរញ្ញវត្ថុដល់យ៉ូសែប ហើយមានការខឹងសម្បារដែលគាត់ចេញទៅក្រុង ញូវយ៉កដោយមិនឲ្យនាងទៅជាមួយ ។ នៅពេលគាត់ប្រាប់ដល់នាងថា គាត់ត្រូវទៅភូមិហាម៉ូនីដើម្បីជួយដល់ការបកប្រែ នោះនាងបានរៀបចំខ្លួនទៅដែរ ដោយបានតាំងចិត្តថាទៅមើលផ្ទាំងចំណារ ។
ត្រចៀករបស់លោកស្រីលូស៊ីស្តាប់មិនសូវឮទេ ហើយនៅពេលនាងស្ដាប់គេនិយាយគ្នាមិនបាន ពេលខ្លះនាងគិតថា គេកំពុងរិះគន់ពីនាង ។ នាងក៏មិនសូវយល់ពីឯកជនភាពផងដែរ ។ បន្ទាប់ពីយ៉ូសែប បានបដិសេធមិនបង្ហាញផ្ទាំងចំណារ នោះនាងចាប់ផ្តើមរុករកនៅក្នុងផ្ទះ ដោយរូសក្តារលេងអុក ទូចាន និងហិបធំមួយរបស់គ្រួសារយ៉ូសែប ។ យ៉ូសែប គ្មានជម្រើសក៏លាក់ផ្ទាំងចំណារនៅក្នុងព្រៃ ។២៧
មិនយូរប៉ុន្មានលូស៊ីក៏ចេញពីផ្ទះ ទៅស្នាក់នៅជាមួយអ្នកជិតខាង ។ អិមម៉ា បានរៀបចំក្ដារអុក និងទូចានឡើងវិញ ប៉ុន្តែឥឡូវនេះ លូស៊ី បានប្រាប់អ្នកជិតខាងថា យ៉ូសែបមានបំណងចង់បានលុយរបស់ម៉ាទិន ។ បន្ទាប់ពីបង្កបញ្ហាអស់ជាច្រើនសប្តាហ៍មក លូស៊ី បានត្រឡប់ទៅផ្ទះនៅភូមិបាល់ម៉ៃរាវិញ ។
ដោយមានភាពស្ងប់ស្ងាត់វិញ យ៉ូសែប និងម៉ាទិន បានបកប្រែបានលឿន ។ យ៉ូសែប បានរីកចម្រើនក្នុងតួនាទីដែលព្រះបានប្រទានឲ្យក្នុងនាមជាអ្នកមើលឆុត និងអ្នកទទួលវិវរណៈម្នាក់ ។ តាមរយៈការមើលប្រដាប់បកប្រែ ឬត្បូងមើលឆុត លោកអាចបកប្រែបាន ទោះបីជាផ្ទាំងចំណារនៅពីមុខលោក ឬរុំនៅក្នុងក្រណាត់នីឡុងរបស់អិមម៉ាដាក់នៅលើតុក្តី ។២៨
នៅពេញខែ មេសា ខែ ឧសភា និងដើមខែ មិថុនា អិមម៉ា បានស្តាប់សំឡេងនៃការហៅឲ្យសរសេរការបកប្រែមកពីកំណត់ត្រារបស់យ៉ូសែប ។២៩ លោកបានមានប្រសាសន៍មួយៗ តែច្បាស់ ដោយផ្អាកម្តងម្កាលដើម្បីរង់ចាំម៉ាទិន និយាយថា « សរសេររួចហើយ » បន្ទាប់ពី យ៉ូសែប បានហៅឲ្យសរសេរ ។៣០ អិមម៉ា ក៏បានផ្លាស់វេនធ្វើជាអ្នកសរសេរ ហើយបានស្ងើចសរសើរយ៉ាងខ្លាំងថា រាល់ពេលក្រោយការរំខាន និងការសម្រាក យ៉ូសែប តែងតែដឹងថាត្រូវចាប់ផ្តើមត្រង់ណា ដោយពុំចាំបាច់មានការប្រាប់ឡើយ ។៣១
មិនយូរប៉ុន្មាន ពេលវេលាដែលអិមម៉ា ត្រូវសម្រាលកូនក៏មកដល់ ។ អត្ថបទបកប្រែសំណៅដើមបានកើនឡើងក្រាស់ ហើយម៉ាទិន បានលង់ជឿថា ប្រសិនបើគាត់អាចឲ្យភរិយាគាត់អានការបកប្រែនេះ នោះនាងនឹងបានឃើញ ពីតម្លៃនៃការបកប្រែនេះ និងឈប់បង្អាក់ការងាររបស់ពួកគាត់ទៀត ។៣២ គាត់ក៏សង្ឃឹមដែរថា លូស៊ីនឹងរីករាយកាលដែលគាត់បានចំណាយពេលវេលា និងលុយដើម្បីជួយនាំនូវព្រះបន្ទូលរបស់ព្រះចេញមកនោះ ។
នៅថ្ងៃមួយ ម៉ាទិន បានសុំការអនុញ្ញាតពីយ៉ូសែបដើម្បីយកសំណៅដើមនេះទៅកាន់ភូមិបាល់ម៉ៃរាពីរបីសប្តាហ៍ ។៣៣ ដោយនៅចាំពីឥរិយាបថដែល លូស៊ី ហារិស បានធ្វើពេលដែលនាងបានមកលេងផ្ទះលោក នោះយ៉ូសែបប្រយ័ត្ននឹងការសុំនេះ ។ ប៉ុន្តែលោកចង់ឲ្យម៉ាទិនសប្បាយចិត្ត ព្រោះម៉ាទិនជាអ្នកដែលបានជឿដល់លោក ខណៈពេលដែលមានមនុស្សជាច្រើនមានការសង្ស័យលើពាក្យសម្ដីរបស់លោកនោះ ។៣៤
ដោយមិនប្រាកដថាត្រូវធ្វើដូចម្តេច នោះយ៉ូសែប បានអធិស្ឋានសូមការណែនាំ ហើយព្រះអម្ចាស់បានមានបន្ទូលប្រាប់លោកថា កុំឲ្យម៉ាទិនយកឯកសារនេះទៅនោះឡើយ ។៣៥ ប៉ុន្តែ ម៉ាទិនមានទំនុកចិត្តយ៉ាងខ្លាំងថា បើបានបង្ហាញដល់ភរិយារបស់គាត់ នោះរឿងអ្វីៗទាំងអស់នឹងផ្លាស់ប្តូរ ហើយគាត់បានសុំអង្វរដល់យ៉ូសែប ឲ្យទូលសួរព្រះម្តងទៀត ។ យ៉ូសែប ក៏បានទូលសួរដល់ព្រះ ប៉ុន្តែចម្លើយនៅតែដដែល ។ ប៉ុន្ដែម៉ាទិន បានទទូចសុំឲ្យគាត់ទៅទូលសួរព្រះជាលើកទីបី ហើយលើកនេះព្រះបានអនុញ្ញាតឲ្យពួកគាត់ធ្វើតាមពាក្យអង្វរ ។
យ៉ូសែប បានប្រាប់ម៉ាទិន ថាគាត់អាចយកឯកសារដែលបានបកប្រែរួចនេះទៅតែក្នុងរយៈពេលពីរសប្តាហ៍ទេ ប្រសិនបើគាត់សន្យាថា នឹងរក្សាវា ហើយចាក់សោទុក ហើយបង្ហាញវាតែទៅសមាជិកគ្រួសារមួយចំនួនប៉ុណ្ណោះ ។ ម៉ាទិនបានសន្យា ហើយក៏បានត្រឡប់ទៅភូមិបាល់ម៉ៃរាវិញ ដោយមានឯកសារបកប្រែនៅក្នុងដៃ ។៣៦
បន្ទាប់ពីម៉ាទិនបានចាកចេញទៅ នោះមរ៉ូណៃ បានបង្ហាញព្រះកាយដល់យ៉ូសែប ហើយបានយកប្រដាប់បកប្រែពីលោក ។៣៧
ក្រោយម៉ាទិនចាកចេញទៅបានមួយថ្ងៃ អិមម៉ាឈឺពោះសម្រាលកូន ហើយកើតបានកូនប្រុស ។ ទារកនោះមានសភាពឈឺទន់ខ្សោយ ហើយក៏មិនមានជីវិតបានយូរឡើយ ។ បទពិសោធន៍ដ៏អាក្រក់នេះបានធ្វើឲ្យអិមម៉ា ចុះទន់ខ្សោយខាងរូបកាយ ហើយខូចសតិអារម្មណ៍ ហើយនៅពេលមួយនោះនាងស្ទើរនឹងស្លាប់ដែរ ។ យ៉ូសែប មើលថែនាងយ៉ាងខ្ជាប់ខ្ជួន មិនដែលទុកឲ្យនាងនៅតែម្នាក់ឯងយូរឡើយ ។៣៨
ពីរសប្តាហ៍ក្រោយមក សុខភាពរបស់អិមម៉ាបានធូរស្រាល ហើយនាងបានគិតអំពីម៉ាទិន និងអត្ថបទបកប្រែនោះ ។ នាងបានប្រាប់យ៉ូសែប ថា « អូនមិនស្រណុកក្នុងចិត្តសោះ វាធ្វើឲ្យអូនមិនអាចសម្រាកបានឡើយ បើមិនបានដឹងថា លោកហារិស កំពុងធ្វើអ្វីជាមួយនឹងអត្ថបទដែលបានបកប្រែនោះ » ។
នាងបានជម្រុញយ៉ូសែបឲ្យទៅរកម៉ាទិន ប៉ុន្តែយ៉ូសែបមិនចង់ទៅចោលនាងឡើយ ។ នាងបាននិយាយថា « សូមប្រាប់ម្តាយអូនឲ្យមកនៅជាមួយអូនមក ពេលដែលបងមិននៅ » ។៣៩
យ៉ូសែបបានជិះរទេះទៅទិសខាងជើង ។ កាលកំពុងធ្វើដំណើរនោះ លោកទទួលអាហារ និងសម្រាកបានតិចតួចណាស់ ដោយព្រួយបារម្ភថា នឹងធ្វើឲ្យព្រះអម្ចាស់ខកព្រះទ័យ ដោយការមិនស្តាប់តាម នៅពេលទ្រង់មានបន្ទូលប្រាប់ថា កុំឲ្យម៉ាទិនយកអត្ថបទដែលបានបកប្រែនោះទៅ ។៤០
គាត់មកដល់ផ្ទះឪពុកម្តាយនៅមេនឆែសស្ទើរនៅពេលព្រះអាទិត្យរះ ។ គ្រួសារស្ម៊ីធ កំពុងរៀបចំអាហារពេលព្រឹក ហើយបានអញ្ជើញម៉ាទិន ឲ្យចូលរួមជាមួយ ។ នៅម៉ោងប្រាំបីព្រឹក អាហារក៏រួចរាល់ដាក់នៅលើតុ ប៉ុន្តែមិនឃើញម៉ាទិនមកនោះទេ ។ យ៉ូសែប និងក្រុមគ្រួសារបានចាប់ផ្តើមព្រួយបារម្ភកាលពួកគាត់រង់ចាំ ម៉ាទិននោះ ។
នៅទីបំផុត ក្រោយពីចាំអស់រយៈពេលបួនម៉ោងមក ម៉ាទិនបានបង្ហាញខ្លួនពីចម្ងាយ ដោយដើរយឺតៗសំដៅចូលមកក្នុងផ្ទះ ទាំងឈ្ងោកមុខចុះ ។៤១ នៅពេលមកដល់ច្រកទ្វារ គាត់បានឈប់អង្គុយលើរបង ហើយទាញមួកមកបាំងមុខ ។ បន្ទាប់មក គាត់ក៏ដើរចូលក្នុងផ្ទះអង្គុយចុះបរិភោគដោយស្ងប់ស្ងាត់ ។
ក្រុមគ្រួសារទាំងមូលមើលទៅ ម៉ាទិន កាលគាត់ លើកស្លាបព្រាបម្រុងនឹងបរិភោគ រួចក៏ឈប់វិញ ។ គាត់បានស្រែកយំយកដៃផ្ទប់ក្បាលរួចនិយាយថា « ខ្ញុំបានបាត់ព្រលឹងអស់ហើយ ! » ។ « ខ្ញុំបានបាត់ព្រលឹងអស់ហើយ ! »
យ៉ូសែប ក៏ក្រោកឡើង ។ « ម៉ាទីន លោកបានធ្វើឲ្យបាត់អត្ថបទដែលបានបកប្រែនោះឬ ? »
ម៉ាទិន បាននិយាយថា « បាទ » ។ « វាបានបាត់ហើយ ហើយខ្ញុំពុំដឹងថាវានៅឯណាទេ » ។
យ៉ូសែប បាន ស្រែកយំ ដោយក្តាប់ដៃយ៉ាងណែនថា « ឱ ព្រះអើយ ព្រះអើយ » ។ « បាត់អស់ហើយ ! »
លោកក៏ដើរចុះឡើង ។ លោកពុំដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ។ លោកបានប្រាប់ម៉ាទិនថា « ត្រឡប់ទៅវិញ » ។ « ទៅរកមើលម្តងទៀត » ។
ម៉ាទិន បានយំ « វាគ្មានប្រយោជន៍ទេ ។ ខ្ញុំបានរកមើលគ្រប់កន្លែងក្នុងផ្ទះខ្ញុំហើយ ។ ខ្ញុំថែមទាំងកម្ទេចគ្រែមួយចោល និងខ្នើយអស់ជាច្រើន ហើយខ្ញុំដឹងថា វាមិននៅទីនោះទេ » ។
« តើខ្ញុំត្រូវត្រឡប់ទៅជួបភរិយាខ្ញុំជាមួយនឹងរឿងដូច្នេះឬ ? » យ៉ូសែប បារម្ភថារឿងនេះនឹងសម្លាប់នាង ។ « ហើយតើខ្ញុំមានមុខឯណាទៅជួបនឹងព្រះអម្ចាស់នោះ ? »
ម្តាយលោកព្យាយាមលួងលោមលោក ។ គាត់បានមានប្រសាសន៍ថា ប្រហែលជាព្រះអម្ចាស់នឹងអភ័យទោសឲ្យលោក ប្រសិនបើលោកប្រែចិត្តដោយរាបសានោះ ។ ប៉ុន្តែយ៉ូសែបកំពុងស្រែកទួញយំយ៉ាងខ្លាំង ខឹងនឹងខ្លួនឯងដែលមិនបានគោរពតាមព្រះអម្ចាស់តាំងពីដំបូង ។ ពេញមួយថ្ងៃនោះ លោកមិនអាចបរិភោគអ្វីបានឡើយ ។ លោកបានស្នាក់នៅមួយយប់ លុះ ព្រឹកស្អែកឡើងក៏ត្រឡប់ទៅភូមិហាម៉ូនីវិញ ។៤២
កាលដែលលោកស្រីលូស៊ីមើលលោកចាកចេញទៅ ដួងចិត្តគាត់សោកសៅយ៉ាងខ្លាំង ។ វាហាក់ដូចជាអ្វីៗដែលគ្រួសារគាត់សង្ឃឹមនោះ — អ្វីៗដែលនាំសេចក្តីរីករាយដល់ពួកគាត់អស់ជាច្រើនឆ្នាំមកនេះ — ត្រូវបានបាត់បង់តែក្នុងមួយពព្រិចភ្នែក ។៤៣