២០១៨
ទីបំផុត​ក្លាយ​ជាក្រុម​គ្រួសារ​ដ៏​និរន្តរ៍
ខែ កក្កដា ឆ្នាំ ២០១៨


ទីបំផុត​ក្លាយ​ជា ក្រុម​គ្រួសារ​ដ៏​និរន្តរ៍

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា. ។

« ទោះ​ជា​អ្វី​ក៏​ដោយ ដែល​អ្នក​នឹង​ភ្ជាប់​នៅ​លើ​ផែនដី ក៏​នឹង​ត្រូវ​បាន​ភ្ជាប់​នៅ​លើ​ស្ថានសួគ៌​ដែរ » ( ហេលេមិន ១០:៧ ) ។

Finally a Forever Family

ម៉ៃ​បាន​សួរ តើ​ពាក្យ ‹ គ្រួសារ​គឺ​និរន្តរ៍ › មានន័យ​ដូចម្តេច ? នាង​បាន​ដើរ​គ្រាប់​ល្បែង​កម្សាន្ត​របស់​នាង​នៅលើ​ក្តារ ។ នាង និង​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​នាង សូយ កំពុង​លេង​ល្បែង​កម្សាន្ត​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​របស់​សូយ ។ នៅ​លើ​ជញ្ជាំង​មាន​រូបភាព​មួយ​ដែល​មាន​អក្សរ​ថា « គ្រួសារ​គឺ​និរន្តរ៍ » ។ ម៉ៃ​ចូលចិត្ត​ពាក្យ​នោះ​ណាស់ ។

សូយ​បាន​ពន្យល់​ថា « វា​មាន​ន័យ​ថា ទោះបី​បន្ទាប់​ពី​យើង​ស្លាប់​ក្តី ក៏​យើង​នៅតែ​អាច​ក្លាយ​ជា​គ្រួសារ​ដដែល » ។ នាង​បាន​ដាក់​កាត​មួយ​ចុះ ហើយ​ដើរ​គ្រាប់​ល្បែង​កម្សាន្ត​របស់​នាង ។

ម៉ៃ​បាន​សម្លឹង​មើល​ជុំ​វិញ​បន្ទប់ ។ វា​មើលទៅ​ដូចជា​ធម្មតា ។ មាន​សាឡុង តុ ខ្នើយ និង​ទូរទស្សន៍​មួយ ។ ប៉ុន្តែ​ផ្ទះ​របស់​សូយ​មាន​អារម្មណ៍​ប្លែក​ពី​ផ្ទះផ្ទាល់​របស់​នាង ។ ម៉ៃ​បាន​សួរ « តើ​ឯង​មាន​ក្រុមគ្រួសារ​ជានិរន្តរ៍​ឬ ? »

សូយ​បាន​ងើយ​មើល​លើ​ចេញ​ពី​ល្បែង​កម្សាន្ត​នោះ​ដោយ​ញញឹម ។ « ចាស៎ ! ម្តាយ និង​ឪពុក​របស់​ខ្ញុំ​រៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ដូច្នេះពួកយើង​អាចរស់​នៅ​ជាមួយ​គ្នា​ជានិរន្តរ៍ ។

ម៉ៃ​បាន​សួរ « តើ​នោះ​ជាអ្វី​ដែល​ធ្វើ​ឲ្យ​ផ្ទះរបស់​ឯង​មាន​អារម្មណ៍​ប្លែក​ឬ ? »

សូយ​មើល​ទៅដូច​ជា​ភាន់ភាំង ។ « ប្លែក ? »

ម៉ៃ​ពុំ​ដឹង​អំពី​របៀប​ដើម្បី​ពន្យល់​អំពី​អារម្មណ៍​ដែល​នាង​មាន​នៅក្នុង​ផ្ទះ​របស់​សូយ​ឡើយ ។ វា​ជា​អារម្មណ៍​រីករាយ និង​កក់ក្តៅ ។ ប៉ុន្ដែ​វា​ស្ដាប់​ទៅ​ដូចជា​ឆោត​ណាស់​ដែល​និយាយ​រឿង​នោះ ។ នាង​បាន​និយាយ​ថា « មិន​អីទេ តោះ​យើង​បន្ត​លេង​ទៀត » ។

នៅ​យប់​នោះ ​ម៉ៃ​ពុំ​អាច​ឈប់​គិត​អំពី​គ្រួសារ​ដ៏​និរន្តរ៍​របស់​សូយ​បាន​ឡើយ ។ នាង​ចូលចិត្ត​អារម្មណ៍​ដែល​នាង​មាន​នៅក្នុង​ផ្ទះ​របស់​សូយ ។ គ្រួសារ​របស់​ម៉ៃ​នឹង​ប្តូរ​ទៅ​រស់នៅ​ទីក្រុង​អនតារីយ៉ូ ប្រទេស កាណាដា នៅក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត ។ គាត់​ឆ្ងល់​ថា តើ​ផ្ទះ​ថ្មី​របស់​នាង​នឹង​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​បែប​ណា ?

ម៉ៃ​បាន​និយាយ​នៅពេល​ម្តាយ​នាង​ដាក់​នាង​ឲ្យ​ចូល​គេង « ម៉ាក់ ផ្ទះ​របស់​សូយ​មាន​អារម្មណ៍​រីករាយ​ណាស់ ។ ខ្ញុំ​ចង់​ឲ្យ​ផ្ទះ​ថ្មី​របស់​យើង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ដូច្នេះ​ដែរ » ។ ម៉ៃ​បាន​គិត​អំពី​សេចក្តីស្រឡាញ់​ដ៏​ខ្លាំង​ដែល​នាង​មាន​ចំពោះ​ម៉ាក់ ប៉ា និង​ប្អូនប្រុសៗ​របស់​នាង ។ ខ្ញុំ​ចង់​ឲ្យ​ក្រុមគ្រួសារ​របស់​យើង​ក្លាយ​ជា​និរន្តរ៍​ផងដែរ » ។

ម៉ាក់​បាន​ស្តាប់​ដោយ​ស្ងៀមស្ងាត់ ។ បន្ទាប់​មក​ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ក៏​អញ្ចឹង​ដែរ​កូន » ។

នៅ​ថ្ងៃ​បន្ទាប់ ម៉ាក់​បាន​ទូរសព្ទ​ទៅ​ផ្ទះ​របស់​សូយ ។ គាត់​បាន​ដឹង​ថា គ្រួសារ​របស់​សូយ​បាន​ទៅ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ម៉ៃ​បាន​ប្រាប់​ឪពុក​ម្តាយ​នាង​ខណៈ​ដែល​ពួកគាត់​កំពុង​រៀបចំ​ឥវ៉ាន់ « កូន​ចង់​ទៅ​ព្រះវិហារ​នោះ​ដែរ » ។ ឥឡូវ​នេះ​ផ្ទះ​របស់​ពួកគេ​ស្ទើរតែ​នៅ​ទទេ​ហើយ ។

ប៉ា​បាន​និយាយ​នៅពេល​គាត់​បាន​បិត​ស្កត់​ប្រអប់​មួយ « ម្តាយ​របស់​សូយ​បាន​និយាយ​ថា គាត់​អាច​ជួយ​យើង​ឲ្យ​រកឃើញ​អគារ​ព្រះវិហារ​នោះ​បាន » ។

ម៉ៃ​បាន​ញញឹម ហើយ​មាន​អារម្មណ៍​ភ័យ​បុក​ពោះ ។ ប្រហែល​ជា​ផ្ទះ​ថ្មី​របស់​ពួកគេ​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្តៅ និង​រីករាយ​ដូចជា​ផ្ទះ​របស់​សូយ​ដែរ ។

នៅពេល​ពួកគេ​បាន​ចាប់ផ្តើម​ផ្ទះ​ថ្មី​របស់​ពួកគេ គ្រួសារ​របស់​ម៉ៃ​បាន​ចាប់ផ្តើម​ទៅ​ព្រះវិហារ ។ មនុស្ស​នៅ​ទីនោះ​មាន​ការរួសរាយ​ណាស់ ។ មនុស្ស​គ្រប់គ្នា​បាន​ហៅ​គ្នា​ទៅវិញ​ទៅមក​ថា « បងប្អូន​ប្រុស » និង « បងប្អូន​ស្រី » ។ ម៉ៃ​បាន​ទៅ​ថ្នាក់​អង្គការ​បបឋម​សិក្សា​ជាមួយ​ប្អូនប្រុសៗ​របស់​គាត់ ។ គាត់​ចូលចិត្ត​ច្រៀង​ចម្រៀង និង​អាន​ព្រះគម្ពីរ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មាន​យុវនារី​ពីរ​រូប​បាន​មក​ផ្ទះ​របស់​ម៉ៃ ។ ឈ្មោះ​របស់​ពួកគេ​គឺ ស៊ីស្ទើរ ចាស្ទីន និង ស៊ីស្ទើរ រ៉ាមូស ហើយ​ពួកគេ​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​ប្រាប់​ក្រុមគ្រួសារ​របស់​ម៉ៃ​អំពី​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ និង​ព្រះគម្ពីរ​មរមន ។ ម៉ៃ​ចូលចិត្ត​ស្តាប់​ដំណឹងល្អ ។ សូម្បី​តែ​ប្អូនប្រុសៗ​របស់​គាត់​ក៏​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់ ហើយ​ស្តាប់​ដែរ !

ម៉ៃ​បាន​ប្រាប់​ស៊ីស្ទើរ រ៉ាមូស និង ស៊ីស្ទើរ ចាស្ទីន​អំពី​ផ្ទះ​របស់​សូយ ។ ស៊ីស្ទើរ រ៉ាមូស​បាន​និយាយ​ដោយ​ស្នាម​ញញឹម​យ៉ាង​ធំ​ថា « ខ្ញុំ​ចង់​បាន​ក្រុមគ្រួសារ​ដ៏​និរន្តរ៍​មួយ​ដូច​ជា​គ្រួសា​សូយ​ដែរ ។

ព្រះវរបិតា​សួគ៌សព្វព្រះទ័យ​ឲ្យ​យើង​ទាំងអស់​គ្នា​មាន​ក្រុមគ្រួសារ​និរន្តរ៍ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​សប្បាយ​រីករាយ » ។

មិន​យូរ​ក្រោយ​មក គ្រួសារ​របស់​ម៉ៃ​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជទឹក ។

សូយ និង​គ្រួសារ​របស់​គាត់​បាន​បើក​ឡាន​មក​កាន់​ទីក្រុង​អនតារីយ៉ូ​ចូល​រួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​នោះ ។ មួយឆ្នាំ​ក្រោយ​មក ពួកគេ​បាន​ត្រឡប់​មក​វិញ​ម្តង​ទៀត ។ លើក​នេះ​គឺ​ដោយសារ ម៉ៃ និង​គ្រួសារ​របស់​គាត់​ត្រូវបាន​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅ​ថ្ងៃ​នៃ​ពិធីផ្សារភ្ជាប់ ម៉ៃ​បាន​ឈរ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ ជាមួយ​ក្រុមគ្រួសារ​របស់​គាត់ ដោយ​ស្លៀកសម្លៀក​បំពាក់​ពណ៌-ស ។ ពួកគេ​ទាំងអស់​គ្នា​បាន​ញញឹម​យ៉ាង​ប៉ប្រិម ។ ម៉ៃ​បាន​ទទួល​អារម្មណ៍​កក់ក្តៅ និង​សុខសាន្ត​ក្នុង​ចិត្ត ។ គាត់​បាន​និយាយ​យ៉ាង​រីករាយ​ថា « ឥឡូវ​នេះ​យើង​គឺ​ជាក្រុម​គ្រួសារ​ដ៏​និរន្តរ៍​ហើយ ! »

ប៉ាបាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ ។ យើង​គឺ​ជាក្រុម​គ្រួសារ​ដ៏​និរន្តរ៍ » ។