២០១៨
ឈោង​ទៅ​ជួយ​ដោយ​សេចក្តីអាណិតអាសូរ
ខែ កក្កដា ឆ្នាំ ២០១៨


គោលការណ៍​នៃ​ការងារបម្រើ

ឈោង​ទៅ​ជួយ​ដោយ​សេចក្តីអាណិតអាសូរ

នៅ​ពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​ស្តីពី​សេចក្តីអាណិតអាសូរ នោះ​អ្នក​នឹង​រកឃើញ​ថា អ្នក​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​មនុស្ស​ដទៃ ។

Christ healing the blind

សេចក្តីជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នកជាសះស្បើយ ដោយ ចច កុកកូ

សេចក្តីអាណិតអាសូរ​គឺ​ការដឹង​អំពី​ទុក្ខព្រួយ​របស់​មនុស្ស​ដទៃ ជាមួយ​នឹង​បំណង​ប្រាថ្នា​ដើម្បី​សម្រាល ឬ​បន្ធូរ​ទុក្ខព្រួយ​នោះ ។ សេចក្តីសញ្ញា​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​គឺ​ជា​សេចក្តីសញ្ញា​នៃ​សេចក្តីអាណិតអាសូរ​ដើម្បី « ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក » ( ម៉ូសាយ ១៨:៨ ) ។ ការចាត់តាំង​ឲ្យ​មើល​ថែ​មនុស្ស​ដទៃ​គឺ​ជា​ឱកាស​មួយ​ដើម្បី​បម្រើ​ដូចជា​ព្រះអម្ចាស់​បាន​បម្រើ ៖ ជាមួយ​នឹង « ចិត្ត​អាណិត ដែល​មាន​សេចក្តី​សង្ស័យ​ផង ( យូដាស ១:២២ ) ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ថា « សម្តែង​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ » ( សាការី ៧:៩ ) ។

សេចក្តីអាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ

សេចក្តីអាណិតអាសូរ​គឺ​ជា​កម្លាំង​ជំរុញ​នៅក្នុង​ការងារ​បម្រើ​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល របា​ចំហៀង ៖ « ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​សេចក្តីអាណិតអាសូរ » ) ។ សេចក្តី​អាណិតអាសូរ​ចំពោះ​បងប្អូន​របស់​ទ្រង់ បាន​បណ្តាល​ឲ្យ​ទ្រង់​ឈោង​ទៅ​ជួយ​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់​ក្នុង​ឱកាស​រាប់​មិន​អស់ ។ ដោយបាន​ញែកដឹង​អំពី​តម្រូវការ និង​បំណង​ប្រាថ្នា​របស់​មនុស្ស នោះ​ទ្រង់​អាច​ប្រទាន​ពរ​ដល់​ពួកគេ ហើយ​បង្រៀន​ពួកគេ​ក្នុង​របៀប​នានា​ដែល​សំខាន់​បំផុត​ចំពោះ​ពួកគេ ។ បំណង​ប្រាថ្នា​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​លើក​ស្ទួយ​យើង​ចេញ​ពី​សេចក្តីទុក្ខព្រួយ​បាន​នាំ​ទៅ​រក​ទង្វើ​ដ៏​ធំ​បំផុត​នៃ​សេចក្តីអាណិត​អាសូរ ៖ ដង្វាយធួន​របស់​ទ្រង់​សម្រាប់​អំពើបាប និង​ការរងទុក្ខ​នៃ​មនុស្ស​ជាតិ ។

សមត្ថភាព​របស់​ទ្រង់​ក្នុង​ការឆ្លើយតប​ចំពោះ​តម្រូវការ​របស់​មនុស្ស​គឺ​ជា​អ្វី​មួយ​ដែល​យើង​ព្យាយាម​ធ្វើ​ពេល​យើង​បម្រើ ។ នៅ​ពេល​យើង​រស់នៅ​ដោយ​សុចរិត និង​ស្ដាប់​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ នោះ​យើង​នឹង​ត្រូវបាន​បំផុស​គំនិត​ដើម្បី​ឈោង​ទៅ​ជួយ​ក្នុង​របៀប​ដ៏​មាន​អត្ថន័យ ។

សេចក្តីសញ្ញា​របស់​យើង​ស្តីពី​សេចក្តីអាណិតអាសូរ

ព្រះវរបិតា​សួគ៌​សព្វ​ព្រះ​ទ័យ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ( សូមមើល កូរិនថូស​ទី ១ ១២:២៥–២៧ ) ។ ដើម្បី​ក្លាយ​ជា​សិស្ស​ដ៏​ពិត នោះ​យើង​ត្រូវ​អភិវឌ្ឍ និង​បង្ហាញ​សេចក្តីអាណិត​អាសូរ​ដល់​មនុស្ស​ដទៃ ជាពិសេស​ដល់​អ្នក​ដែល​ខ្វះខាត ( គ. និង ស. ៥២:៤០ ) ។

ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​សេចក្តីសញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​យើង នោះ​យើង​ធ្វើ​ជា​សាក្សី​ថា យើង​មាន​ឆន្ទៈ​ដើម្បី​អនុវត្ត​សេចក្តីអាណិត​អាសូរ ។ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​នោះ ៖ « បងប្អូន​គឺ​ជា​សមាជិក​នៃ​សេចក្តីសញ្ញា​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ …

នោះ​ជា​ហេតុ​ដែល​បងប្អូន​មាន​អារម្មណ៍​ចង់​ជួយ​មនុស្ស​ម្នាក់ ដែល​ពុះពារ​ឆ្ពោះ​ទៅមុខ​ក្នុង​ភាពសោកសៅ និង​ក្ដី​លំបាក​នោះ ។ បងប្អូន​សន្យា​ថា នឹង​ជួយ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​បន្ទុក​ពួកគេ​បាន​ស្រាល និង​ត្រូវបាន​លួងលោម​ចិត្ត ។ ពេល​បងប្អូន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណាច​ដើម្បី​ជួយ​សម្រាល​បន្ទុក​ទាំង​នោះ » ។

ឧទាហរណ៍ បងស្រី​ម្នាក់​នៅក្នុង​ប្រទេស​រុស្ស៊ី​មាន​ស្ថានភាព​លំបាក​ក្នុង​គ្រួសារ​ដែល​រារាំង​គាត់​មិន​ឲ្យ​ចូលរួម​ព្រះវិហារ​អស់​រយៈពេល​​ជាងមួយ​ឆ្នាំ ។ បងស្រី​ម្នាក់​ទៀត​នៅក្នុង​សាខា​បាន​ឈោង​ទៅ​ជួយ​ដោយ​សេចក្តីអាណិត​អាសូរ​ជារៀង​រាល់​សប្តាហ៍​តាមរយៈ​ការទូរសព្ទ​ទៅ​កាន់​គាត់ ហើយ​ប្រាប់​គាត់​អំពី​ការឡើង​និយាយ មេរៀន ការហៅ​បម្រើ​បេសកកម្ម កំណើត​របស់​ទារក និង​ព័ត៌មាន​ដទៃ​ទៀត​អំពី​សាខា ។ នៅពេល​ស្ថានភាព​គ្រួសារ​របស់​បងស្រី​នោះ​បាន​ដោះស្រាយ គាត់​បាន​ទទួល​អារម្មណ៍​ថា គាត់​ហាក់ដូច​ជា​នៅតែ​ជា​ផ្នែក​មួយ​នៃ​សាខា​នោះ ដោយសារ​ការទូរសព្ទ​ប្រាប់​ជា​រៀងរាល់​សប្តាហ៍​ពី​មិត្តភក្តិ​របស់​គាត់ ។

កំណត់​ចំណាំ

  1. ហិនរី ប៊ី អាវរីង « The Comforter » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៨ ។