២០១៨
« តាម​ពិតទៅ ខ្ញុំ​គឺ​ជាសមាជិក​សាសនាចក្រ »
ខែ កក្កដា ឆ្នាំ ២០១៨


« តាម​ពិតទៅ ខ្ញុំ​គឺ​ជាសមាជិក​សាសនាចក្រ »

អាប់ប៊ី ស្សន រដ្ឋ​យូថាហ៍ ស.រ.អា

woman on a bus

រចនា​រូបភាព​ដោយ ប្រេដលី ខ្លាក

ខ្ញុំ​ទើប​តែ​អង្គុយ​លើ​ឡាន​ក្រុង កាល​មាន​បុរស​ម្នាក់​បាន​ដើរ​កាត់​ច្រកផ្លូវ​ក្នុង​ឡាន​នោះ​ដោយ​ផ្អៀង​ខ្លួនមក​លើ​ខ្ញុំ ហើយ​និយាយ​ថា « ព្រលឹង​របស់​អ្នក​ស្រស់​ស្អាត​ណាស់ » ។

ប្រាកដ​ណាស់ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។ គ្មាន​នរណា​ធ្លាប់​សរសើរ​អំពី​ព្រលឹង​ខ្ញុំ​ពីមុន​ឡើយ ។ ដោយ​ពុំ​ប្រាកដ​អំពី​អ្វី​ដែល​ត្រូវ​តប​ទៅវិញ នោះ​ខ្ញុំ​គ្រាន់តែ​និយាយ​ថា « អរគុណ » ។

បុរស​នោះ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​ប្រាប់​រឿង​នេះ​បាន​ដោយសារ​គាត់​ធ្វើ​ការ​ជាមួយ​ក្រុម​សាសនា​របស់​គាត់ ។ ខ្ញុំ​បាន​ស្តាប់​គាត់ នៅពេល​គាត់​បាន​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ​ស្តីពី​របៀប​ដើម្បី​រក្សា​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​ល្អ​ស្អាត ។

នៅពេល​ឡាន​ក្រុង​បើក​ដល់​ចំណត​មួយ យើង​ទាំងពីរ​នាក់​បាន​ឈរ​នៅ​មាត់​ច្រកទ្វារ​ចេញ ហើយ​គាត់​បាន​ផ្តល់​ជា​យោបល់​មួយ​ចុង​ក្រោយ​មក​កាន់ខ្ញុំ ៖ « សូម​ប្រាកដ​ថា អ្នក​ពុំ​ស្តាប់​តាម​ពួកមរមន​ទាំង​នោះ​ទេ » ។

ពេលវេលា​នោះ​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​សោះ ។ បុរស​ម្នាក់​នេះ​បាន​ឃើញ​អ្វី​មួយ​ពិសេស​នៅលើ​មុខ​របស់​ខ្ញុំ ប៉ុន្តែ​គាត់​ពុំ​ដឹង​សោះ​ឡើយ​ថា​វា​កើត​មក ដោយសារ សាសនា​របស់​ខ្ញុំ ។

តើ​ខ្ញុំ​ត្រូវ​ឆ្លើយ​តប​ដូចម្តេច​ទៅ ? និយាយ​តាម​ត្រង់​ទៅ គំនិត​ដំបូង​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​មិន​និយាយ​អ្វី​ទាំងអស់ ហើយ​ធ្វើ​ពុត​ដូច​ជា​ពុំ​ឮ​គាត់​និយាយ ។ ខ្ញុំ​បារម្ភ​ថា ប្រសិនបើ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ជា​សមាជិក​សាសនាចក្រ នោះ​គាត់​ប្រហែល​ជា​ឆ្លើយ​តប​យ៉ាង​អវិជ្ជមាន ឬ​ប្រហែល​ជា​គម្រោះគម្រើយ​ទៀត​ផង ។

ប៉ុន្តែ​ក្រោយ​មក​មាន​ខគម្ពីរ​មួយ​បាន​ផុស​ក្នុង​គំនិត​របស់​ខ្ញុំ ៖ « ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ » ( រ៉ូម ១:១៦ ) ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​ខ្មាស​ចំពោះ​ដំណឹង​ល្អ​ឡើយ ហើយ​ខ្ញុំ​បាន​ដឹង​ថា ព្រលឹង​របស់​ខ្ញុំ​ពុំ​អាចបញ្ចាំង​ពន្លឺ​ចេញ​ទៅ​ដល់​អ្នកដទៃ​ឡើយ ប្រសិនបើ​ខ្ញុំ​ពុំ​ក្រោក​ឈរ​ឡើង​ធ្វើ​ជា​សាក្សី​នោះ ។ ដោយ​ការតាំងចិត្ត​ថ្មី​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​មើល​ទៅ​បុរស​នោះ ហើយ​និយាយ​ថា « តាម​ពិតទៅ ខ្ញុំ​គឺ​ជា​សមាជិក​សាសនាចក្រ » ។

បុរស​នោះ​បាន​សម្លឹង​មើល​ខ្ញុំ ហើយ​ខ្ញុំ​បាន​សម្លឹង​មើល​គាត់​វិញ ។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ គាត់​បាន​សើច ហើយ​បាន​និយាយ​ថា គាត់​ពុំ​អាច​ចូល​ជា​សមាជិក​សាសនាចក្រ​បាន​ទេ ដោយសារ​គាត់​ចូលចិត្ត​ផឹក​កាហ្វេ​ខ្លាំង​ពេក ។ ខ្ញុំ​ក៏​បាន​សើច​ផងដែរ ហើយ​យើង​បាន​បែក​គ្នា​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន ។

រហូត​មក​ដល់​សព្វ​ថ្ងៃ ខ្ញុំ​សប្បាយ​រីករាយ​អំពី​ជម្រើស​ដែល​ខ្ញុំ​បាន​ធ្វើ ។ ខ្ញុំ​ដឹង​ថា វា​អាច​ជា​ការពិបាក​ក្នុង​ឲ្យ​គេដឹង​ថា អ្នក​ជា​សមាជិក​សាសនាចក្រ ។ ជួនកាល​វា​អាច​ជា​រឿង​គួរ​ឲ្យ​តក់ស្លុត ! ប៉ុន្តែ​នៅពេល​យើង​ឈរ​យ៉ាង​រឹងប៉ឹង​តំណាង​ឲ្យ​ព្រះ នោះ​ព្រលឹង​យើង​អាច​បញ្ចាំង​ជា​ពន្លឺ​ដល់​ពិភពលោក ។