២០១៨
ការរៀបចំបម្រើបេសកកម្ម
ខែ កក្កដា ឆ្នាំ ២០១៨


ការរៀបចំបម្រើបេសកកម្ម

នៅគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ី យើងត្រូវការអ្នកផ្សព្វផ្សាយសាសនាកាន់តែច្រើន ជាអ្នកដែលបានរៀបចំខ្លួនបានល្អប្រសើរ ។ ដោយមានការរីកចម្រើនក្នុងសាសនាចក្រនៅទូទាំងពិភពលោក ជាពិសេសតំបន់អាស៊ី នោះអ្នកផ្សព្វផ្សាយសាសនាទាំងនេះភាគច្រើនត្រូវតែមកពីប្រទេសនីមួយៗនៃតំបន់អាស៊ី ។ ពួកអ្នកផ្សព្វផ្សាយទាំងនោះគឺមកពីក្រុមយុវវ័យដែលមានភាពចាស់ទុំក្នុងដំណឹងល្អ និងអ្នកដែលមានអាយុផ្សព្វផ្សាយសាសនា — ១៨ ដល់ ២៥ ឆ្នាំ ។ ដោយសារទ្វីបអាស៊ីមានមនុស្សរាប់កោដនាក់ នោះកម្លាំងអ្នកផ្សព្វផ្សាយសាសនាដ៏ចម្បងត្រូវផ្លាស់ប្តូរពីអ្នកផ្សព្វផ្សាយសាសនា ដែលមកពីទ្វីបអាមេរិកខាងជើង និងប្រទេសផ្សេងទៀតក្រៅទ្វីបអាស៊ី មកជំនួសដោយអ្នកផ្សព្វផ្សាយសាសនាដែលមកពីតំបន់អាស៊ីភាគច្រើនវិញ ។ ដូចដែលបានព្យាការីបានព្យាករទុកមក យើងទាំងអស់គ្នាត្រូវធ្វើការដើម្បីសម្រេចបានគោលដៅដំបូងក្នុងការធ្វើជាតំបន់ដែលមានអ្នកផ្សព្វផ្សាយសាសនាល្មមគ្រប់គ្រាន់ដោយខ្លួនឯងយ៉ាងល្អ រួចហើយផ្ដល់តាមតម្រូវការរបស់ប្រទេសផ្សេងទៀត ។

ប៉ុន្ដែ វាមិនមែនគ្រាន់តែចំនួននៃអ្នកផ្សព្វផ្សាយសាសនាមកពីតំបន់អាស៊ីនោះទេដែលត្រូវតែកើនឡើងនោះ ។ ព្រះអម្ចាស់ក៏ត្រូវការអ្នកផ្សព្វផ្សាយសាសនាដែលបានរៀបចំខ្លួនយ៉ាងល្អប្រសើរផងដែរ ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ប្រធាន ម៉នសុន បានប្រកាស ‹ ថា យុវជនដែលសក្ដិសម និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គ្រប់រូប គួរតែរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។ ការងារបម្រើបេសកកម្មគឺជាកាតព្វកិច្ចបព្វជិតភាព — ជាកាតព្វកិច្ចមួយដែលព្រះអម្ចាស់រំពឹងពីយើង ជាអ្នកដែលត្រូវបានប្រទានឲ្យយ៉ាងច្រើននោះ › ។ ជាថ្មីម្ដងទៀត លោកបានពន្យល់ថា សម្រាប់ស៊ីស្ទើរក្មេងៗ នោះបេសកកម្មគឺជាជម្រើសដ៏ស្វាគមន៍មួយ ប៉ុន្ដែមិនមែនជាទំនួលខុសត្រូវនោះទេ ។ …

« ការរៀបចំសម្រាប់បេសកកម្មមានសារៈសំខាន់ណាស់ ។ បេសកកម្មគឺជាទង្វើស្ម័គ្រចិត្តមួយដើម្បីបម្រើដល់ព្រះ និងមនុស្សជាតិ ។ អ្នកផ្សព្វផ្សាយសាសនាគាំទ្រដល់ឯកសិទ្ធិនោះជាមួយនឹងការសន្សំផ្ទាល់ខ្លួនរបស់ពួកគេ ។ ឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកបរិច្ចាគដល់មូលនិធិអ្នកផ្សព្វផ្សាយសាសនាទូទៅក៏អាចជួយផងដែរ ។ អ្នកផ្សព្វផ្សាយសាសនាទាំងអស់ ទាំងក្មេង និងចំណាស់ បម្រើដោយមានសេចក្ដីសង្ឃឹមតែមួយគឺ ដើម្បីធ្វើឲ្យជីវិតរបស់មនុស្សផ្សេងទៀតកាន់តែប្រសើរឡើង ។

« ការសម្រេចចិត្តដើម្បីបម្រើបេសកកម្មនឹងរៀបចំជោគវាសនាខាងវិញ្ញាណរបស់អ្នកផ្សព្វផ្សាយសាសនា គូស្វាមីភរិយារបស់គេ និងកូនចៅជំនាន់ក្រោយៗរបស់ពួកគេទាំងឡាយ ។ បំណងប្រាថ្នាដើម្បីបម្រើគឺជាលទ្ធផលធម្មជាតិមួយនៃការប្រែចិត្តជឿ ភាពសក្ដិសម និងការរៀបចំរបស់មនុស្សម្នាក់ »

ការប្រែចិត្តជឿកើតមានតាមរយៈការរស់នៅតាមដំណឹងល្អ និងការស្វែងរកដើម្បីទទួលបានសាក្សីខាងវិញ្ញាណមួយនៃសេចក្ដីពិតដ៏ពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ាសុំដល់អស់អ្នកដែលស្វែងរកសាក្សីខាងវិញ្ញាណបែបនោះឲ្យ « ធ្វើការពិសោធន៍ » ដល់ពាក្យសម្ដី ហើយមិនមែនប្រឆាំងនឹងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ឡើយ រួចចាប់ផ្ដើមទទួលយកសាក្សីនៃសេចក្ដីពិតដ៏ពេញលេញនៃដំណឹងល្អនេះ ។2 ពិតណាស់ របៀបដែលមនុស្សម្នាក់ « ធ្វើការពិសោធន៍ » ដល់ពាក្យសម្ដីនោះគឺ ត្រូវរស់នៅតាមដំណឹងល្អ ហើយកាន់តាមបទបញ្ញត្តិទាំងឡាយ ។ យើង « ធ្វើការពិសោធន៍ » តាមរយៈការចូលរួមការប្រជុំសាក្រាម៉ង់រាល់សប្ដាហ៍ ការរក្សាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ការបង់ដង្វាយមួយភាគដប់របស់យើង ការប្រែចិត្ត ការទទួលទានសាក្រាម៉ង់ដោយសក្ដិសម ការចៀសវាងការណ៍អាសគ្រាម និងការកាន់តាមច្បាស់ព្រហ្មចារីភាព ការអានព្រះគម្ពីរមរមនប្រចាំថ្ងៃ ព្រមទាំងការអធិស្ឋានដើម្បីដឹងថា វាគឺជាការពិត និងតាមរយៈការមានសណ្ដានចិត្តល្អដល់សមាជិកគ្រួសាររបស់យើង និងមនុស្សដទៃ ។ បន្ថែមលើការអានព្រះគម្ពីរមរមន នោះបុគ្គលម្នាក់គួរតែចាប់ផ្ដើមសិក្សាសៀវភៅ ប្រកាសដំណឹងល្អរបស់យើង

នៅពេលយើងធ្វើរឿងទាំងនេះ នោះយើងនឹងមានភាពស្អាតស្អំ និងភាពសក្ដិសម ទទួលបានសាក្សីមួយថា ព្រះគម្ពីរមរមនគឺពិត ថាសាសនាចក្រត្រូវបានស្ដារឡើងវិញ ហើយថាយើងត្រូវបានដឹកនាំដោយព្យាការីនៅរស់ម្នាក់របស់ព្រះ ។ មិនត្រឹមតែប៉ុណ្ណោះ បំណងប្រាថ្នារបស់យើងដ៏ខ្លាំងដើម្បីចែកចាយដំណឹងល្អនឹងកើនឡើងថែមទៀតផង ហើយការណ៍នេះនឹងនាំសេចក្ដីអំណរដ៏អស្ចារ្យមកដល់យើង ។

ការរៀបចំសម្រាប់ការបម្រើបេសកកម្មដ៏ល្អបំផុតគឺជា ការទទួលបានទីបន្ទាល់អំពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន និងការកាន់តាមបទបញ្ញត្តិទាំងឡាយ ។ បន្ថែមលើនេះ បុគ្គលម្នាក់គួរតែធ្វើការ ហើយសន្សំប្រាក់ដើម្បីចំណាយក្នុងបេសកកម្មខ្លះ ។ ប៊ីស្សព ឬប្រធានសាខារបស់អ្នកអាចជួយអ្នកឲ្យដឹងពីចំនួនដែលអ្នកត្រូវសន្សំ និងចំនួនដែលអាចជួយផ្ដល់បានដោយមូលនិធិអ្នកផ្សព្វផ្សាយសាសនាទូទៅ ។ ទោះជាយ៉ាងណាក្ដី សូមដឹងថា បន្ទាប់ពីអ្នកបានធ្វើការខិតខំប្រឹងប្រែង និងលះបង់យ៉ាងខ្លាំងហើយ នោះនឹងមានជំនួយខាងហិរញ្ញវត្ថុដល់អ្នក ហើយថាព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ចង់ឲ្យអ្នកចេញទៅបម្រើ ។

ថ្មីៗនេះ គណៈប្រធានទីមួយបានផ្ដល់នូវបញ្ជីសំណួរបទដ្ឋានមួយដើម្បីឲ្យប៊ីស្សព ឬប្រធានសាខារបស់អ្នកសួរអ្នកពីមុនផ្ដល់អនុសាសន៍ឲ្យអ្នកទៅបម្រើ ។ អ្នកអាចទទួលបានសំណៅចម្លងសំណួរទាំងនោះ ហើយពិនិត្យមើលសំណួរទាំងឡាយពីមុនការសម្ភាសរបស់អ្នក ។ ប្រសិនបើមានអ្វីដែលអ្នកត្រូវតែប្រែចិត្ត ឬកែលម្អនោះ សូមធ្វើវាពីមុនធ្វើការបម្រើ ។

គណៈប្រធានតំបន់អាស៊ីសូមអញ្ជើញយុវជន និងបុរសយុវមជ្ឈិមវ័យនៅលីវទាំងអស់ឲ្យនិយាយជាមួយនឹងប៊ីស្សព ឬប្រធានសាខារបស់អ្នកពាក់ព័ន្ធទៅនឹងការបម្រើបេសកកម្ម ។ យើងចង់ឲ្យអ្នកទៅបម្រើ ។ ប្រសិនបើអ្នកមិនមានភាពសក្ដិសមក្នុងពេលនេះ សូមប្រែចិត្ត និងខិតខំដើម្បីមានភាពសក្ដិសម ។ ព្រះអម្ចាស់ត្រូវការអ្នកឲ្យទៅបម្រើ ។ យើងសូមធ្វើការអញ្ជើញស្រដៀងគ្នានេះដល់យុវនារី និងស្ដ្រីយុវមជ្ឈិមវ័យនៅលីវនីមួយៗដែលមានបំណងចង់បម្រើឲ្យពិចារណាអំពីការបម្រើបេសកកម្ម ។ យើងសូមសម្ដែងសេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹមរបស់យើងដល់អ្នកថា យើងនឹងជួបអ្នកក្នុងបេសកកម្មរបស់អ្នក ។ យើងសូមថ្លែងជាសាក្សីថា ការបម្រើបេសកកម្មនឹងនាំមកនូវសេចក្ដីអំណរដ៏អស្ចារ្យដល់អ្នក ហើយនឹង « រៀបចំជោគវាសនាខាងវិញ្ញាណរបស់អ្នកផ្សព្វផ្សាយសាសនា គូស្វាមីភរិយារបស់គេ និងកូនចៅជំនាន់ក្រោយរបស់ពួកគេទាំងឡាយ »

កំណត់ចំណាំ

  1. ប្រធាន រសុ័ល អិម ណិលសុន “Ask the missionaries! They can help you!”, Ensign, ខែ តុលា ឆ្នាំ ២០១២ ។

  2. អាលម៉ា ៣២:២៦–៤៣ ។

  3. ប្រធាន រសុ័ល អិម ណិលសុន “Ask the missionaries! They can help you!”, Ensign, ខែ តុលា ឆ្នាំ ២០១២ ។