២០១៨
លោកតា​លោកយាយ​ដ៏​ល្អ
ខែ កក្កដា ឆ្នាំ ២០១៨


លោកតា​លោកយាយ​ដ៏​ល្អ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា.

អែនដ្រូ​ពុំ​ប្រាកដ​ក្នុង​ចិត្ត​អំពី​ទិវា​នាំ​ឪពុកម្តាយ​មកកាន់​សាលា​រៀន​ឡើយ ។

« ខ្ញុំ​មាន​ក្រុមគ្រួសារ​លើ​ផែន ។ គេ​ផ្តល់​ក្តីសុខ​ដល់​ខ្ញុំ » (សៀវភៅ​ចម្រៀង​កុមារ លេខ ៩៨ ) ។

Goodly Grandparents

ណាណា​បាន​ហៅ « អែនដ្រូ ! ឡាន​ក្រុង​មក​ដល់​ទីនេះ​ហើយ ! »

អែនដ្រូ​បាន​រត់​ចេញពី​ទ្វារ ។ គាត់​បាន​លើក​ដៃ​លា​ណាណា ប៉ាប៉ា និង​ប្អូនស្រី​របស់​គាត់​អែមមី ។ អែមមី​នៅ​តូចពេក​មិន​អាច​ទៅ​រៀន​បាន​នៅ​ឡើយ ដូច្នេះ​នាង​នៅ​ផ្ទះ​ជាមួយ​ណាណា និង​ប៉ាប៉ា ។

អែនដ្រូ​ចូលចិត្ត​សាលា​រៀន ។ គាត់​ចូលចិត្ត​លេង​ជាមួយ​មិត្តភក្តិ​របស់​គាត់ ពេល​ចេញ​លេង ។ គាត់​ចូលចិត្ត​អ្នកគ្រូ​របស់​គាត់​ឈ្មោះ​អ្នកគ្រូ ឃឹមបល ។

បន្ទាប់​ពី​ម៉ោង​ចេញ​លេង​ពេល​ព្រឹក អ្នកគ្រូ ឃឹមបល បាន​និយាយ​ថា « សប្តាហ៍​ក្រោយ​យើង​នឹង​មាន​ទិវា​នាំ​ឪពុកម្តាយ​មកកាន់​សាលា​រៀន ។ នៅពេល​ឪពុក​ម្តាយ​របស់​កូនៗ​មក សូម​ប្រាកដ​ថា ពួកគាត់​យក​អ្វី​មួយ​មក​ពី​មុខរបរ​របស់​ពួកគាត់​មក​បង្ហាញ​ពួក​យើង ។ យើង​រីករាយ​ដើម្បី​ស្តាប់​ពួកគាត់ ! »

ទឹកមុខ​របស់​អែនដ្រូ​ឡើង​ក្រហម ។ គាត់​គ្មាន​អ្វី​និយាយ​ច្រើន​អំពី​ឪពុកម្តាយ​របស់​គាត់​ទេ ។ គាត់​ពុំ​ចាំ​ច្រើន​ពី​ម្តាយ​របស់​គាត់​ទេ ។ គាត់​បាន​ចាកចេញ​ទៅ​តាំង​ពី​អែនដ្រូ​នៅ​តូច​ម៉្លេះ ។ ហើយ​អែនដ្រូ​ក៏​ពុំ​ស្គាល់​ឪពុក​របស់​គាត់​ផងដែរ ។

អែនដ្រូ​បាន​ស្តាប់​ក្មេង​ដទៃ​ទៀត​និយាយ​អំពី​ម្តាយ និង​ឪពុក​របស់​ពួកគេ ។ ម្តាយ​របស់​តូនី​គឺ​ជា​អ្នក​ពន្លត់​អគ្គិភ័យ ហើយ​ឪពុក​របស់​ជេស៊ីកា​ធ្វើការ​នៅ​សួនសត្វ ។ មនុស្ស​គ្រប់​គ្នា​សង្ឃឹម​ថា ឪពុក​របស់​នាង​នឹង​យក​សត្វ​ស្វា ឬ​សត្វ​ស្លូស្ស​មក​កាន់​ថ្នាក់​រៀន !

តូនី​បាន​សួរ​អែនដ្រូ « ចុះ​ឪពុក​ម្តាយ​របស់​ឯង​វិញ ? »

អែនដ្រូ​បាន​ឈ្ងោក​មុខ​មើល​ចុះ​ក្រោម ។ គាត់​បាន​ញាក់​ស្មា ។ « ខ្ញុំ​រស់នៅ​ជាមួយ​លោកតា​លោកយាយ​របស់​ខ្ញុំ » ។

អែនដ្រូ​ស្រឡាញ់​ណាណា និង​ប៉ាប៉ា ប៉ុន្តែ​ពួកគាត់​គ្មាន​ការងារ​អស្ចារ្យ​អ្វី​ឡើយ ។ ណាណា​លក់​ភួយ និង​សម្លៀកបំពាក់​ទារក ។ ប៉ាប៉ា​បើក​ឡាន​ធំ​ដឹក​អាហារ ។ អែនដ្រូ​ពុំ​ប្រាកដ​ក្នុង​ចិត្ត​អំពី​ទិវា​នាំ​ឪពុកម្តាយ​មកកាន់​សាលា​រៀន​ឡើយ ។

នា​យប់​នោះ អែនដ្រូ​បាន​អាន​ជំពូកទីមួយ​នៃ​ព្រះគម្ពីរ​មរមន ៖ « ខ្ញុំ នីហ្វៃ​ដោយ​បាន​កើត​មក​ពី ឪពុក​ម្តាយ​ល្អ … » ( នីហ្វៃ​ទី ១:១ ) ។

អែនដ្រូ​បាន​គិត​ថា « ខ្ញុំ​មិន​រស់នៅ​ជាមួយ​ឪពុកម្តាយ​ខ្ញុំ​ទេ ។ ខ្ញុំ​គ្រាន់តែ​រស់នៅ​ជាមួយ​ណាណា និង​ប៉ាប៉ា » ។

ភ្លាម​នោះ អែមមី​បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់​របស់​អែនដ្រូឱប​ភួយ​ទន់ៗ​ដ៏​កក់ក្តៅ ។ នាង​បាន​លើក​ភួយ​នោះ​ឡើង​ឲ្យ​អែនដ្រូ​មើល​ឃើញ ។ « ណាណា​ធ្វើ​វា !

« មែនហើយ ណាណា​ធ្វើ​ភួយ​នេះ​សម្រាប់​បង » ។ អែនដ្រូ​បាន​ញញឹម​បន្តិច ។

គាត់​បាន​គិត​អំពី​រឿង​ល្អៗ​ទាំងអស់​ដែល ណាណា​បាន​ធ្វើ​សម្រាប់​គាត់—ចម្អិន​អាហារ​ពេលព្រឹក​ពីមុន​សាលា​រៀន ជួយ​ធ្វើ​កិច្ចការ​មក​ពី​សាលា​លេង​ល្បែង​កម្សាន្ត​ជាមួយ​គាត់ និង​អែមមី ។ ណាណា​ដូច​ជា​ម្តាយ​ម្នាក់​ខ្លាំង​ណាស់ ។

បន្ទាប់​មក អែនដ្រូ​បាន​គិត​អំពី​ប៉ាប៉ា ។ ប៉ាប៉ា​អាន​រឿង​និទាន​ឲ្យ​អែនដ្រូ​ស្តាប់​រាល់​យប់ ។ គាត់​បាន​ជួយ​កិច្ចការ​​សាលា​ផងដែរ ។ គាត់​ក៏​បាន​បង្រៀន​អែនដ្រូ​ឲ្យ​ចេះ​ជិះកង់​ផងដែរ ។ ប៉ាប៉ា​ដូច​ជាឪពុក​ម្នាក់​ខ្លាំង​ណាស់ ។

ស្នាម​ញញឹម​របស់​អែនដ្រូ​មាន​កាន់តែ​ធំឡើង ។ គាត់​ពិតជា​មាន​អំណរគុណ​ចំពោះ​ណាណា និង​ប៉ាប៉ា​ណាស់ ។ គាត់​នៅតែ​មាន​អារម្មណ៍​ភ័យ​ក្នុងការ​យក​លោកតា​លោកយាយ​ទៅ​សាលា​រៀន ។ ប៉ុន្ដែ​វា​នឹង​មិន​អី​ទេ ។ គាត់​បាន​គិត​ថា « ខ្ញុំ​អាច​មិន​មាន​ឪពុកម្តាយ​ល្អ ប៉ុន្តែ​ខ្ញុំ​មាន​លោកតា​លោកយាយ​ល្អ ហើយ​នោះ​គឺ​ជារឿង​ពិសេស​ណាស់ » ។

នៅ​ទិវា​នាំ​ឪពុកម្តាយ​មកកាន់​សាលា​រៀន អែនដ្រូ​បាន​អង្គុយ​ជាមួយ​ប៉ាប៉ា​នៅ​តុ​ក្រោយ​នៃ​ថ្នាក់​រៀន ហើយ​ស្តាប់​ឪពុកម្តាយ​របស់​ក្មេងៗ​ដទៃ​ទៀត ។ ម្តាយ​របស់​តូនី​បាន​យក​ឯកសណ្ឋាន​អ្នក​ពន្លត់​អគ្គិភ័យ​មក ។ គាត់​បាន​ឲ្យ​មនុស្ស​គ្រប់គ្នា​សាក​ពាក់​មួក​សុវត្ថិភាព​របស់​គាត់​ ។ ឪពុក​របស់​ជេស៊ីកា​បាន​យក​សត្វ​អណ្តើក​មួយ​មក​ពី​សួនសត្វ ។

អ្នកគ្រូ​ឃឹមបល​បាន​និយាយ​ថា « ដល់​វេនរបស់​កូន​ហើយ អែនដ្រូ » ។

អែនដ្រូ​បាន​ដើរ​ទៅមុខ​សិស្ស​ជាមួយ​ប៉ាប៉ា ។ គាត់​បាន​ដក​ដង្ហើម​ធំ ហើយ​និយាយ​ថា « ប៉ាប៉ា​របស់​ខ្ញុំ​គាត់​បើក​ឡាន​ធំ ហើយ​ដឹក​អាហារ​ឲ្យ​គេ ។ គាត់​ជួប​មនុស្ស​ជាច្រើន ហើយគាត់​ខិតខំ​ធ្វើការ​ណាស់ » ។

អែនដ្រូ​បាន​ងើយ​មុខ​ឡើង ហើយ​បាន​ឃើញ​ប៉ាប៉ា​ញញឹម ។ បន្ទាប់​មក ប៉ាប៉ា​បាន​និយាយ​អំពី​ការបើក​ឡាន​ធំ​របស់​គាត់ ។ គាត់​ក៏​បាន​ឲ្យ​នំ​ទៅ​មនុស្ស​គ្រប់​គ្នា​ដែល​គាត់​បាន​យក​មក​ពី​កន្លែង​ការងារ​គាត់​ផងដែរ ! ក្មេងៗ​នៅ​ក្នុង​ថ្នាក់​របស់​អែនដ្រូ​បាន​សួរ​សំណួរ​ជាច្រើន​ដល់​ប៉ាប៉ា​អំពី​ការងារ​របស់​គាត់ ។

អែនដ្រូ​រីករាយ​ដែល​មាន​ប៉ាប៉ា​នៅ​ជាមួយ​គាត់ ។ គាត់ និង​ប៉ាប៉ា និង​ណាណា ព្រមទាំង​អែមមី​គឺ​ជា​គ្រួសារ​មួយ — ហើយ​ពួកគេ​ជា​គ្រួសារ​ដ៏​ល្អ​មួយ ។