២០១៨
មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច
ខែ កក្កដា ឆ្នាំ ២០១៨


មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច

ខ្លោឌីយូ ហ្គុងស្សាណែល ទីក្រុង​អានតូហ្វាហ្គាស្តា ប្រទេស ឈីលី

man thinking of st. george

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

កាល​ខ្ញុំ​អាយុ​ប្រហែល ១២ ឆ្នាំ ខ្ញុំ​បាន​ឃើញ​ខ្សែ​ភាពយន្ត​សាសនាចក្រ​ដែល​បង្ហាញ​អំពី​ប្រធាន ឡូរែនសូ ស្នូ ( ១៨១៤–១៩០១ ) អធិស្ឋាន​ទូល​សូម​ពរ​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទីក្រុង​សេន ចច រដ្ឋ យូថាហ៍ ស. រ. អា. ដែល​កំពុង​រងទុក្ខ​មក​ពីគ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ ។

ប្រធាន ស្នូ​បាន​អធិស្ឋាន​ថា « ឱ​ព្រះអម្ចាស់​អើយ សូម​ប្រទានពរ​ដល់​មនុស្ស​ល្អ​នៅ​ទីក្រុង​សេន ចច » ។

ឃ្លា​នោះ « មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច » បាន​បន្សល់​ទុក​នូវ​ការបំផុសគំនិត​ដ៏​យូរ​អង្វែង​នៅក្នុង​គំនិត​មនុស្ស​វ័យ​ក្មេង​ដូច​រូប​ខ្ញុំ ។ ដោយសារ​ខ្ញុំ​រស់នៅ​ប្រទេស​ឈីលី នោះ​ខ្ញុំ​បាន​ព្យាយាម​ស្រមៃ​គិត​អំពី​ប្រភេទ​នៃ​ពួកបរិសុទ្ធ​ដែល​ស្មោះត្រង់ « មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច » ថា​ជា​មនុស្ស​ដែល​ត្រូវមាន​លក្ខណៈ​បែប​ណា ។ ខ្ញុំ​ចង់​ជួប​ពួកគាត់ ។

ច្រើន​ជាង ៣០ ឆ្នាំ​ក្រោយ​មក ក្នុង​ឆ្នាំ ២០០៥ គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​យក​កូន​ប្រុស​ទីពីរ​របស់​យើង​ទៅ​ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ដើម្បី​ចូលរួម​នឹង​បងប្រុស​របស់​គាត់​ដែល​កំពុងរៀន​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ។ នៅ​ល្ងាច​បន្ទាប់​ពី​យើង​បាន​ទៅ​ដល់​ទីនោះ ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ចង់​ទៅ​ជួប​មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច » ។

កូនប្រុស​ច្បង​របស់​យើង​បាន​ប្រកែក​ថា « អត់ទេ​ប៉ា សេន ចន នៅ​ឆ្ងាយ​ណាស់ » ។

ខ្ញុំ​បាន​តប​ថា « កូន​ប៉ា​គឺ​ជា​អ្នក​ដែល​បាន​បង់​ថ្លៃ​សំបុត្រ​យន្តហោះ ។ គឺ​ប៉ា​កំពុង​បង់​ថ្លៃ​អាហារ ។ គឺ​ប៉ា​កំពុង​បង់​ថ្លៃ​សាំង ។ ហើយ​ប៉ា​គ្រាន់តែ​ចង់​បាន​អ្វី​មួយ​សម្រាប់​ខ្លួន​ប៉ា​ប៉ុណ្ណោះ ។ ប៉ា​ចង់​ជួប​មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច ! »

កូន​ប្រុស​របស់​ខ្ញុំ​បាន​និយាយ​ថា « យល់​ព្រម » បន្ទាប់​ពី​គាត់​បាន​ដឹង​ថា ខ្ញុំ​និយាយ​ពិតប្រាកដ​មែន ។

លុះស្អែក​ឡើង យើង​បាន​ជិះ​ឡាន​អស់​ចម្ងាយ ៤១៨ គីឡូម៉ែត្រ ។ បន្ទាប់​ពី​ទៅដល់​ទីក្រុងសេន ចច​ហើយ យើង​បាន​ទៅ​មជ្ឈមណ្ឌល​អ្នក​ទស្សនា​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ហើយ​ដើរ​ទស្សនា​ផ្ទះ​រដូវ​រងារ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ( ១៨០១–១៨៧៧ ) ។ យើង​ក៏​បាន​ទៅ​ទស្សនា​រោង​ឧបោសថ​ផងដែរ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឲ្យ​និយាយ​ទៅកាន់​ក្រុមគ្រួសារ​របស់​ខ្ញុំ​រយៈពេល​មួយ​នាទី​ពី​វេទិកា​ដដែល​ដែល​ប្រធាន ស្នូ​បាន​ថ្លែង​អំពី « មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច » ។ យើង​បាន​ដើរ​ជុំវិញ​ទីក្រុង​នោះ​បាន​មើល និង​ជួប​មនុស្ស​ម្នា ។ ពួកគេ​ហាក់​ដូចជា​មនុស្ស​ធម្មតា គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះត្រង់ ។

ខ្ញុំ​រីករាយ​ណាស់​ដែល​យើង​បាន​ទៅ​ទីនោះ ។ ប៉ុន្តែ​នៅពេល​យើង​បាន​ត្រឡប់​មក​ប្រទេស​ឈីលី វិញ ខ្ញុំ​បាន​ដឹង​នូវ​អ្វី​មួយ ៖ ខ្ញុំ​ធ្លាប់​បាន​ឃើញ « មនុស្ស​ល្អ​នៃ​ទីក្រុង​សេន ចច » ពីមុន ។

ដោយសារ​តែ​ការងារ និង​ការហៅ​ក្នុង​សាសនាចក្រ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​ឈីលី ។ នៅក្នុង​ទីក្រុង ខាឡាម៉ា ខ្ញុំ​បាន​ឃើញ​ពួកយុវមជ្ឈិម​វ័យ​ដែល​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ ។ នៅ ឡា សែរែណា ខ្ញុំ​បាន​ឃើញ​ឪពុក​ម្តាយ​ដែល​មាន​ការលះបង់​មក​ដល់​ការប្រជុំ​មុន​ម៉ោង​ជាមួយ​កូនៗ​របស់​ពួកគេ​សម្រាប់​ការប្រជុំ​នៅ​ព្រះវិហារ ។ នៅ​ទីក្រុង អែនតូហ្វាហ្គាសស្តា ខ្ញុំ​បាន​ឃើញ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​ប្រយុទ្ធ​ស្វែងរក​សិទ្ធិ​របស់​ពួកគេ​រៀងរាល់​ថ្ងៃ ។ នៅ​ទីក្រុង វ៉ាលិនណា, កូភៀប៉ូ, ខាលឌើរ៉ា, តូខូពីឡា និង​ទីក្រុង​ផ្សេងៗ​ទៀត ខ្ញុំ​បាន​ឃើញ​សមាជិក​ដែល​លុត​ជង្គង់​អធិស្ឋាន ហើយ​បន្ទាប់​មក​បោះ​ជំហាន​ឆ្ពោះ​ទៅមុខ ទោះបី​ជា​កិច្ចការ​នានា​ពុំ​ងាយ​ស្រួល​ក្តី ។

នៅពេល​ខ្ញុំ​ឃើញ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​គោរព និង​ការខ្ជាប់ខ្ជួន — ទោះបី​ពួកគេ​រស់នៅ​ទីណា​ក្តី ឬ​ឧបសគ្គ​អ្វី​ដែល​ពួកគេ​ជួប​ប្រទះ​ក៏​ដោយ​ — ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា « ទាំង​នេះ​គឺ​ជា​មនុស្ស​ល្អ​នៃ​ទីក្រុង សេន ចច » ។