២០១៨
នៅពេល​ដែល​ការបម្រើ​មាន​ការលំបាក
ខែ កក្កដា ឆ្នាំ ២០១៨


នៅពេល ដែល​ការបម្រើ​ មាន​ការលំបាក

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង សាន់ទីអាហ្គោ ប្រទេស​ហ្វីលីពីន ។

តើ​ខ្ញុំ​អាច​មើលថែ​មនុស្ស​ម្នាក់​ដែល​មាន​ឥរិយាបថ​ពិបាក​បែប​នេះ​ដោយ​របៀប​ណា​ទៅ ?

serving hands

រចនា​រូបភាពដោយ​ គ្រីស្ទ ថ័រណុក

រឿង​មួយ​ដែល​ជា​ឧបសគ្គ​មួយ​ដ៏​ធំ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​យក​ឈ្នះ​នោះ​គឺ​ឥរិយាបទ « ខ្ញុំ​មិន​ខ្វល់ » ។ ប្រសិន​បើ​ខ្ញុំ​ពុំ​ចូលចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ នោះ​ខ្ញុំ​មាន​ចិត្ត​សោះកក្រោះ និង​គ្មាន​ចិត្ត​អត់ធ្មត់​ជាមួយ​គេ​ឯង​ឡើយ ។

អ្វីៗ​ទាំង​អស់​បាន​ផ្លាស់ប្តូរ​នា​គ្រា​សម្រាក​ពី​ការសិក្សា កាល​ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​មើល​ថែ​ជីតា​អាយុ ៧៦ ឆ្នាំ​របស់​ខ្ញុំ ។ « ដាតឌី » ជា​ឈ្មោះ​ដែល​យើង​ហៅ​គាត់ គាត់​មាន​ឈឺ​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​គាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន ។ នៅពេល​គ្រួសារ​របស់​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​មើល​ថែ​គាត់​រយៈពេល​ពីរ​ខែ ខ្ញុំ​សឹង​ពុំ​អាច​ស្រមៃ​ថា តើ​វា​នឹង​កើត​ឡើង​ដោយ​របៀប​ណា​ផង ។

ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​រៀបចំ​អាហារពេល​ព្រឹក​ឲ្យ​គាត់ ងូតទឹក​ឲ្យ​គាត់ និង​បញ្ចុក​ថ្នាំ​គាត់ ។ ខ្ញុំ​បាន​ជួយ​គ្រា​គាត់​ឲ្យ​ដើរ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ ។ ចាប់តាំង​ពី​គាត់​មាន​ការលំបាក​ក្នុង​ការកម្រើក​មក ខ្ញុំ​នៅ​ក្បែរ​គាត់​គ្រប់​ពេលវេលា រួមទាំង​ពេល​គាត់​ងូត​ទឹក និង​ពេល​គាត់​បត់​ជើង​តូច​ធំ​ផងដែរ ។ ជា​ក្មេង​ស្រី​អាយុ ១៨ ឆ្នាំ​រឿង​នេះ​គឺ​ជា​រឿង​លំបាក​បំផុត ។

ក្រៅ​ពី​អ្វីៗ​ទាំងអស់​នេះ គាត់​ពិបាក​នឹង​នៅ​ជាមួយ​ណាស់ ។ គាត់​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ហើយ​គាត់​មាន​គោលការណ៍​ផ្សេង​ពី​ខ្ញុំ ។ គាត់​ជា​មនុស្ស​ម្នាក់​ពោរពេញ​ដោយ​វិប្បដិសារី — គាត់​តែងតែ​ស្រែក ពុំ​ដែល​ញញឹម ហើយ​និយាយ​ជាប់​ជានិច្ច​ថា « អញ​ងាប់​ហើយៗ ! » ។ ដោយសារ​តែ​ឥរិយាបថ​នេះ​ហើយ វា​ធ្វើ​ឲ្យ​ពួកយើង​ពិបាក​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គាត់ ។

នៅ​គ្រា​ដំបូង ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​ទាំងអស់​ដើម្បី​ខ្ញុំ​អាច​ចៀសវាង​ពី​កិច្ចការ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ធ្វើ​ទៅ​បាន​ឡើយ ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្ញុំ ហើយ​ខំប្រឹង​យ៉ាង​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ។

មួយ​សប្តាហ៍​ក្រោយ​ពី​ឥរិយាបថ​ថ្មី​នេះ ការបម្រើ​ដាតឌី​បាន​ក្លាយ​ជា​អំណរ​មួយ​សម្រាប់​ខ្ញុំ ។ ការអត់ធ្មត់​របស់​ខ្ញុំ​បាន​កើន​ឡើង ហើយ​ខ្ញុំ​បាន​យល់​ពី​ការរងទុក្ខ​របស់​គាត់ ។ នៅពេល​ខ្ញុំ​បាន​បម្រើ​គាត់ ខ្ញុំ​បាន​ឈប់​គិត​អំពី​ការនៅ​ជាមួយ​គាត់​ថា​ជា​បន្ទុក ផ្ទុយ​ទៅវិញ​ខ្ញុំ​បាន​គិត​ថា វា​ជា​ឱកាស​ដើម្បី​បង្កើត​គ្រា​ដ៏​សប្បាយៗ​ជាមួយ​គាត់ ។

ដាតឌី​បាន​ផ្លាស់ប្ដូរ​ផងដែរ ។ ទឹកមុខ​ក្រញ៉ូវ​របស់​បុរស​ចំណាស់​នេះ​បាន​ប្រែ​ជា​ញញឹម និង​ជា​ជីតា​ដែល​សុភាព ។ គាត់​ថែមទាំង​ប្រែ​ជា​ចូលចិត្ត​ស្តាប់​តន្ត្រី​ពិសេស​សម្រាប់​យុវវ័យ​ទៀត​ផង !

នា​យប់​មួយ ខ្ញុំ​បាន​ស្តាប់​ឮ​គាត់​ធ្វើ​សំឡេង​អ្វី​មួយ ដូច្នេះ​ខ្ញុំ​បាន​មើល​ទៅក្នុង​បន្ទប់​គាត់​ដើម្បី​ចង់​ដឹង​ថា តើ​គាត់​កំពុង​ធ្វើ​អ្វី ។ គាត់​កំពុង​តែ​អធិស្ឋាន​ជា​លើក​ដំបូង ។ ខ្ញុំ​ទទួល​បាន​ការបំផុសគំនិត​រៀងរាល់​ថ្ងៃ​ដោយសារ​តែ​ការផ្លាស់ប្តូរ​នេះ ។

ឥឡូវ​នេះ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រៀន​វិញ​ហើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​ទៅ​សួរ​សុខ​ទុក្ខ​ដាតឌី​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ពីរ​ដង​ក្នុង​មួយ​ខែ ។ យើង​បាន​បរិភោគ​អាហារ​ជាមួយ​គាត់ ហើយ​ច្រៀង​ឲ្យ​គាត់​ស្តាប់ ។ សុខភាព​របស់​គាត់​កាន់តែ​ដុនដាប​ទៅៗ ដូច្នេះ​ជំនួយ​ដ៏​មាន​ឥទ្ធិពល​​ខ្លាំង​បំផុត​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​បាន​នៅពេល​នេះ​គឺ​ការអធិស្ឋាន​សម្រាប់​គាត់ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​មើល​ថែ​ដាតឌី ដោយសារ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ពី​អ្វី​ដែល​ខ្ញុំ​អាច​មាន​សមត្ថភាព​ក្នុងការ​ផ្តល់​ឲ្យ​អ្នក​ដទៃ ។ សេចក្តីស្រឡាញ់​គឺ​ជា​អ្វី​មួយ​ដែល​មាន​ឥទ្ធិពល​បំផុត — វា​បាន​បន្ទន់​ចិត្ត​របស់​ខ្ញុំ និង​ចិត្ត​របស់​ដាតឌី ។ ខ្ញុំ​បាន​រៀន​អំពី​អត្ថន័យ​នៃ​ការលះបង់ និង​សេចក្តីមេត្តា​ករុណា ។ ពិតប្រាកដ​ណាស់ សេចក្តីសប្បុរស​សម្រាល​បន្ទុក​ដល់​ដួងចិត្ត​នៃ​ជន​គ្រប់​រូប !