២០១៨
សេចក្តី​ជំនឿ​ដើម្បី​បន្តឆ្ពោះ​ទៅមុខ
ខែ កក្កដា ឆ្នាំ ២០១៨


សេចក្តី​ជំនឿ​ ដើម្បី​បន្តឆ្ពោះ​ទៅមុខ

ដក​ស្រង់​ចេញ​ពី​សារលិខិត​ដែល​បាន​ថ្លែង​ឡើង​នៅ​រោង​ឧបោសថ​ទីក្រុង សលត៍ លេក ថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ២០០៧ នៅក្នុង​ទិវា​ពួកអ្នកត្រួសត្រាយ ដែល​ធ្វើការប្រជុំពិសេស​នា​ពេល​ព្រឹក​ព្រលឹម ។

ដោយ​មាន​ការគាំទ្រ​ជាមួយ​នឹង​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ នោះ​សមាជិក​នៃ​ក្រុម​រទេះ​វីល្លី បាន​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ​តទល់​នឹង​ការលំបាក និង​ការស្រេកឃ្លាន ។

Gloucester countryside

ឆ្វេង​ដៃ ៖ ទីក្រុង ហ្គ្លូឆេស្ទើរ ប្រទេស​អង់គ្លេស​បច្ចុប្បន្ន ទីជនបទ

ថតរូបដោយ EddieCloud/stock.adobe.com

ដំណើរ​រឿង​ដែល​ខ្ញុំ​ចង់​ចែកចាយ​បាន​ចាប់ផ្តើម​ឡើងនៅក្នុងទីជនបទ​ដែល​មាន​ទេសភាព​ពណ៌​បៃតង​នៃ​ប្រទេស​អង់គ្លេស ជា​កន្លែង​ដែល ចន បែនណែត ហាឃីន បាន​កើត​នៅ ហ្គ្លូឆេស្ទើរ ក្នុង​ឆ្នាំ ១៨២៥ ។ គាត់​បាន​ជ្រមុជ​ទឹក​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ឆ្នាំ ១៨៤៩ ហើយ​បាន​ចាកចេញ​ទៅកាន់​ទ្វីប​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ជាមួយ​ក្រុម​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយដោយ​ជិះ​កប៉ាល់ ហ៊ិនរី វ៉ែ ។ គាត់​បាន​មក​ដល់​រដ្ឋ យូថាហ៍ នៅក្នុង​ខែ សីហា ឆ្នាំ ១៨៥២ ហើយ​ជាអ្នកត្រួសត្រាយ​ដែលជាជាង​ដែក​នៅក្នុង​ជំនាន់​ដើមនៃការតាំងទីលំនៅនៅ​រដ្ឋ​យូថាហ៍ ។

អនាគត​ភរិយា​របស់​គាត់​ឈ្មោះ សារ៉ា អេលីស្សាប៊ែត មូលតុន ក៏​មក​ពី​តំបន់​ជនបទ​នៃ​ប្រទេស​អង់គ្លេស​ផងដែរ ។ អឺឆេសស្ទើរគឺ​ជា​ភូមិតូច​មួយ​នៅ​ក្បែរ រីវើរ នីនី ដែល​មាន​ចម្ងាយ​ប្រហែល​ជា ១០៥ គីឡូម៉ែត្រ​នៅ​ភាគខាង​ជើង​ប្រទេស​អង់គ្លេស ហើយ​មាន​ចម្ងាយ​ប្រហាក់ប្រហែល​ទៅនឹង​ទីក្រុង ប៊ើមីងហាំ​ ភាគខាង​កើត ។ សារ៉ា អេលីស្សាប៊ែត កើត​នៅ​ទីនោះ​ក្នុង​ឆ្នាំ ១៨៣៧ ជាកូន​របស់ ថូម៉ាស់ មូលតុន -និង​ អេស្ទើរ ម៉ាស្ស ។ ម្តាយ​របស់​សារ៉ា អេលីស្សាប៊ែត បាន​ស្លាប់​កាល​គាត់​អាយុ​ពីរ​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ ១៨៤០ ឪពុក​របស់​គាត់​បាន​រៀបការ​នឹង សារ៉ា ដែនតុន ។

នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣៧ អែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល ( ១៨០១–១៨៦៨ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ​បាននៅក្នុង​ប្រទេស​អង់គ្លេស​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ក្នុង​ចំណោម​អ្នកប្រែចិត្ត​ជឿ​ជាច្រើន​ដែល​ត្រូវបាន​បង្រៀន​ដោយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ទាំង​នេះ មាន​ក្រុមគ្រួសារ​មួយ​ដែល​បាន​ឲ្យសៀវភៅ​ A Voice of Warning ដោយ​អែលឌើរ ប៉ាលី ភី ប្រាត្ត ( ១៨០៧–១៨៥៧ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ដោយ​បាន​អាន​សៀវភៅ​នោះ ថូម៉ាស់ និង​សារ៉ា​បាន​ប្រែចិត្ត​ជឿ ហើយ​បាន​ជ្រមុជទឹក​នៅ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ១៨៤១ ។ កាល​នោះ គ្រួសាររបស់​ពួកគេ​មាន​តែ​កូន​ពីរនាក់​ប៉ុណ្ណោះ — សារ៉ា អេលីស្សាប៊ែត អាយុ​បួន​ឆ្នាំ និង​ម៉ារី អាន អាយុ​ប្រាំពីរ​ខែ ។

វិញ្ញាណ​នៃ​ការប្រមូល​ផ្តុំ​គ្នា​គឺ​មានទំហំ​ធំធេង​នៅក្នុង​ដួងចិត្ត​នៃ​អ្នក​ប្រែចិត្ត​ជឿ​នៅក្នុង​ទ្វីបអើរ៉ុប ។ បំណង​ប្រាថ្នា​ដ៏​ធំបំផុត​របស់​ពួកគេ​គឺ​ធ្វើ​អន្តោប្រវេសន៍​ទៅ​ទ្វីប​អាមេរិក ជា​កន្លែង​ដែល​ពួកគេ​អាច​នៅ​ជាមួយ​ពួក​បរិសុទ្ធក្នុង​ចំនួន​ដ៏​ច្រើន ។ ដូច​ជា​មនុស្ស​ដទៃ​ទៀង​ផងដែរ គ្រួសារ​មូលតុន​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​នេះ​ទេ ។ ប៉ុន្តែ​ការប្តេជ្ញាចិត្តរបស់​ពួកគេ​នោះ​មានទំហំ​ធំធេង​ណាស់ ហើយ​ពួកគេ​បានចាប់ផ្តើម​សន្សំ​ប្រាក់​នៅក្នុង​ក្រឡ​ផ្លែឈើ​មួយ ។

មូលនិធិអន្តោប្រវេសន៍​ដែល​មាន​ជា​បន្តបន្ទាប់

នៅក្នុង​ឆ្នាំ ១៨៤៩ ប្រធាន ព្រិកហាំ យ៉ង់ ( ១៨០១–១៨៧៧ ) បាន​បង្កើត​មូលនិធិ​អន្តោប្រវេសន៍​ដែល​មាន​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​ទទួល​បាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាមេរិក ។ មនុស្ស​ដំបូង​ដែលត្រូវ​ធ្វើ​ដំណើរ​ជាមួយ​នឹង​ជំនួយ​នៃមូលនិធិ​នេះ​បានធ្វើ​ដំណើរ​ដោយ​ក្រុមរទេះ​ជាមួយ​គ្នា ប៉ុន្តែ​មធ្យោបាយ​ធ្វើដំណើរ​នេះ​មាន​សភាព​យឺត និង​ថ្លៃ ។ ទោះបីជាមាន​ជំនួយ​មក​ពី​មូលនិធិ​អន្តោប្រវេសន៍​ដែល​មាន​ជា​បន្តបន្ទាប់ក្តី ក៏​មាន​មនុស្ស​បន្តិចបន្តួច​ប៉ុណ្ណោះ​ដែល​អាច​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើការស៊ើបអង្កេត​អំពីការប្រើរទេះ​អូស ហើយ​បានដឹង​ថា រទេះអូស​អាច​ធ្វើ​ដំណើរ​លឿន​ជាង ហើយ​ចំណាយ​ប្រាក់ទាបជាង ។

នៅ​គ្រានោះ​គ្រួសារ​មូលតុន​មាន​កូន​ចំនួន​ប្រាំពីរនាក់ ប៉ុន្តែ​ជាមួយ​នឹង​ប្រាក់​សន្សំ​ក្នុង​ក្រឡ​ផ្លែឈើ​របស់​ពួកគេ និង​ជំនួយ​មក​ពី​មូលនិធិ​អន្តោប្រវេសន៍ដែល​មាន​ជា​បន្តបន្ទាប់ រួមទាំង​មធ្យោបាយ​ធ្វើដំណើរដែល​ថោក​ជាង​មុន នោះ​ក្តីសុបិន​របស់​ពួកគេ​ក្នុងការ​ធ្វើ​អន្តោប្រវេសន៍កើត​ចេញ​ជារូបរាង​ឡើង ។ សម្រាប់​ក្រុមគ្រួសារ​មួយ​ដែលមាន​គ្នា​ប្រាំបួន​នាក់ វា​តម្រូវ​ឲ្យ​មានការដាក់ផែនការ​យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បីរៀបចំ​ធ្វើ​ដំណើរ ។ ដើម្បីសន្សំ​ប្រាក់ឲ្យ​ច្រើន​ថែមទាំង​ដើម្បីទិញ​អ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវ​ទិញ នោះ​ពួកគេ​បាន​រស់នៅ​ដោយ​បរិភោគ​តែម្សៅស្រូវបាលីប៉ុណ្ណោះ​ស្ទើរជិត​មួយ​ឆ្នាំ ។​

នៅពេល​ការចេញដំណើរ​របស់​ពួកគេ​មក​ដល់ ថូម៉ាស់ ស្ទាក់ស្ទើរ​មិន​ចង់​ធ្វើ​ដំណើរ ដោយសារ​ភរិយា​របស់​គាត់​កំពុង​ពពោះ​ ។ ប៉ុន្តែ សារ៉ា ដេនតុន មូលតុន​ គឺ​ជាស្ត្រី​ម្នាក់​ដែល​មាន​សេចក្តីជំនឿ ហើយ​ពុំ​បាន​រុញរា​ឡើយ ។ ពីមុន​ពួកគេ​ចាកចេញ​ពី​ប្រទេស​អង់គ្លេស អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​ផ្តល់​ការប្រសិទ្ធពរ​ឲ្យសារ៉ា ដែល​គាត់​បាន​សន្យា​នឹង​នាង​ថា ប្រសិនបើ​នាង​នឹង​ទៅ​រដ្ឋ​យូថាហ៍ នោះ​នាង​នឹង​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព ដោយ​គ្មាន​បាត់បង់​សមាជិក​ណា​ម្នាក់​នៃ​គ្រួសារ​របស់​នាង​ឡើយ — ជាការសន្យាមួយ​នៅក្នុង​ការប្រសិទ្ធពរនោះ​ ដែល​មិន​យូរ​ឡើយនឹង​មាន​សមាជិក​ ១០ នាក់​នៅក្នុង​គ្រួសារ​នេះ !

បន្ទាប់​ពី​ក្រុមគ្រួសារ​នោះ​បាន​ចេញដំណើរ​ដោយ​ជិះ​កប៉ាល់​បាន​បី​ថ្ងៃ ដោយ​ជិះ​កប៉ាល់​ពី លីវើរភូល ប្រទេស​អង់គ្លេស​នៅក្នុង​ឆ្នាំ ១៨៥៦ នោះ​កប៉ាល់ ស្សនតុន បាន​ស្វាគមន៍​ទារក​ថ្មី​ម្នាក់ ។ កប៉ាល់ ស្សនតុន ត្រូវបាន​ជួល​ឲ្យ​ដឹក​ពួកបរិសុទ្ធចំនួន ៧៦៤ នាក់ ដែល​មាន​ជនជាតិ​ដាណាម៉ាក់, ស៊ុយអែត និង​អង់គ្លេស ។ ពួកគេ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ឈ្មោះ ជេមស៍ ហ្គ្រេ វីល្លី ។

ប្រាំមួយ​សប្តាហ៍​ក្រោយ​មក​កប៉ាល់ ស្សនតុន បាន​ធ្វើដំណើរ​ចូលទៅ​កំពង់ផែ​ នូវ យ៉ោក ។ បន្ទាប់​មក ​ក្រុមគ្រួសារ​មូលតុន​បាន​ជិះ​រថភ្លើង ដើម្បី​ធ្វើ​ដំណើរដ៏​វែង​ទៅភាគ​ខាង​លិច ។ ពួកគេ​បាន​ទៅដល់​ទីក្រុងអៃអូវ៉ា រដ្ឋ​អៃអូវ៉ា ក្នុង​ខែ មិថុនា ឆ្នាំ ១៨៥៦ ជា​ចំណុច​ចាប់ផ្តើម​នៃ​ក្រុម​រទេះអូស ។ ក្នុង​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ពីមុន​ពួកគេ​ទៅ​ដល់ ក្រុម​រទេះអូសរបស់​លោកមេបញ្ជាការ អែតវឺត ប័ងឃើរ បាន​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​អៃអូវ៉ា ដោយ​យក​ក្រុម​រទេះ​អូស​ជា​ច្រើន​ដែល​អាច​យក​ទៅ​បាន ។

ការលំបាក​របស់​ក្រុម​រទេះអូស

ពីរសប្តាហ៍​ក្រោយ​មក ក្រុម​រទេះ​វីល្លី​ត្រូវ​បាន​ពួកបរិសុទ្ធ​មួយ​ក្រុម​ទៀត​ចូលរួម​ជាមួយ ក្រោម​ការដឹកនាំ​របស់ អែតវឺត ម៉ាទីន ។ ឥឡូវ​នេះ ភ្នាក់ងារ​របស់​សាសនា​នៅ​ទីក្រុង​អៃអូវ៉ា ដែល​បាន​ធ្វើការ​យ៉ាង​ខ្លាំង​ក្នុងការផ្គត់ផ្គង់ និង​បញ្ជូន​ក្រុម​រទេះ​អូស​ទាំង​បី​ក្រុម​ដំបូង ​មាន​ការលំបាក​យ៉ាង​ខ្លាំង​ក្នុងការ​ផ្គត់ផ្គង់​ដល់​ក្រុម​ដ៏​ធំ​ដែល​ទើប​តែមកដល់យឺតដោយ​ពុំ​បាន​រំពឹង​ទុកនេះ ។ ពួកគេ​ត្រូវ​ធ្វើ​រទេះ​អូស​ចំនួន ២៥០ រទេះ ពីមុន​ពួកបរិសុទ្ធទាំង​នេះ​អាច​បន្ត​ដំណើរ​របស់​ពួកគេ ។

បុរសគ្រប់​គ្នា​ដែលមាន​សុខភាព​ល្អ និង​រឹងមាំ ត្រូវ​ដាក់​ឲ្យ​ធ្វើ​រទេះ ខណៈ​ដែលពួកស្ត្រី​ធ្វើតង់​ជាច្រើនសម្រាប់​ការធ្វើដំណើរ ។ អ្នក​ធ្វើ​រទេះ​ជាច្រើន​នាក់ដែល​គ្មាន​ជំនាញពុំ​បានអនុវត្តតាមគំរូ​ប្លង់​ឡើយ ប៉ុន្តែ​បាន​ធ្វើ​រទេះ​ដែល​មាន​ទំហំ និង​កម្លាំង​ផ្សេងៗ ដែល​បង្ក​ឲ្យ​មាន​ការលំបាក​នៅ​ពេលក្រោយ​មក​ទៀត ។ ជាចាំបាច់ រទេះ​ដែល​ត្រូវការ​មួយ​ចំនួន​តម្រូវ​ឲ្យ​ធ្វើ​ចេញ​ពី​ឈើ​ដែល​ទើប​តែ​កាប់​ថ្មី ដែល​ពុំ​ទាន់ចាស់ ហើយ​ជួនកាល​ប្រើ​ស្បែក និង​កំប៉ុង​ដើម្បី​ធ្វើ​ជា​កង់រទេះ ។ រទេះ​នីមួយៗ​ផ្ទុក​អាហារ ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ពួក​បរិសុទ្ធ​ជាច្រើន ។

ជារឿយៗ រទេះ​នីមួយៗត្រូវ​ផ្ទុក​ឥវ៉ាន់​ពី ១៨០ ទៅ ២៣០ គីឡូក្រាម ដែល​មាន​ដូចជា​ម្ស៉ៅ​អង្ករ សម្ភារដេក ប្រដាប់ប្រដា​ចម្អិនអាហារ និង​សម្លៀកបំពាក់​ ។ បុគ្គល​ម្នាក់ៗ​អនុញ្ញាតឲ្យ​ដាក់​វ៉ាលី​ផ្ទាល់ខ្លួន​តែ​ ៨ គីឡូក្រាម​តែ​ប៉ុណ្ណោះ ។

ថូម៉ាស មូលតុន និង​ក្រុមគ្រួសារ​របស់​លោក​ដែល​មាន​គ្នា ១០ នាក់​ត្រូវបាន​ចាត់​ឲ្យ​ទៅ​ក្រុម​រទេះ​ទី​បួន គាត់​នៅក្រោម​ការដឹកនាំ​របស់​មេបញ្ជាការ​វីល្លី​ម្តង​ទៀត ។ ក្រុម​នេះ​មាន​ពួកបរិសុទ្ធ​ជាង ៤០០ នាក់ ដែល​ជាទូទៅមាន​មនុស្សចាស់​ច្រើន​ជាង ។ របាយការណ៍​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ កញ្ញា​នា​ឆ្នាំ​នោះ​បាន​រៀបរាប់ថា​មាន « មនុស្ស ៤០៤ នាក់, រទេះសេះ ៦ គ្រឿង, រទេះអូស ៨៧ គ្រឿង, ​គោ ៦ នឹម, គោ ៣២ ក្បាល និង​សេះ ៥​ ក្បាល » ។

គ្រួសារ​មូលតុន​ត្រូវបាន​ផ្តល់ឲ្យ​តែ​តង់​មួយ និង​រទេះ​ទទេ​មួយ​ប៉ុណ្ណោះ ។ ថូម៉ាស់ និង​ភរិយា​របស់​គាត់​ទាញ​រទេះដែល​មាន​ដំបូល ។ ទារក​ដែល​ទើបកើត ឆាលឡេស និង​បងស្រី លីស្ស៊ី ( សូហ្វីយ៉ា អេលីស្សាប៊ែត ) ជិះ​នៅលើ​រទេះ​នេះ ។ ឡូធី ( ឆាឡុត ) អាច​ជិះ​បាន​នៅពេល​រទេះ​អូស​ចុះ​ទួលប៉ុណ្ណោះ ។ ជេមស៍ ហ៊ើប៊ើ​ដែល​មាន​អាយុ​ប្រាំបី​ឆ្នាំ ដើរ​ពីក្រោយ​ជាមួយ​ខ្សែ​ចង​ជាប់​នឹង​ចង្កេះ​របស់​គាត់​ដើម្បី​កុំ​ឲ្យ​គាត់​វង្វេង ។ រទេះ​ធ្ងន់​មួយ​ផ្សេង​ទៀត​ទាញ​ដោយ​បងស្រី​ច្បង​ពីរ​នាក់ — សារ៉ា អេលីស្សាប៊ែត ( ១៩ ឆ្នាំ ) និង ម៉ារី អាន ( ១៥ ឆ្នាំ ) — និង​ដោយ​ប្អូនប្រុស វីល្លាម ( ១២ ឆ្នាំ ) ព្រមទាំង យ៉ូសែប ( ១០ ឆ្នាំ ) ។

នៅក្នុង​ឆ្នាំ ១៨៥៦ គ្រួសារ​មូលតុន​លើកដៃលា​ទីក្រុងអៃអូវ៉ា ហើយ​បាន​ចាប់ផ្តើម​ការធ្វើ​ដំណើរ​របស់​ពួកគេ​ដែល​មាន​ចម្ងាយ ២០៩០ គីឡូម៉ែត្រ​ទៅ​ភាគ​ខាង​លិច ។​ បន្ទាប់​ពីធ្វើដំណើរ​បាន ២៦ ថ្ងៃ ពួកគេ​បាន​ទៅដល់ វិនធើរ ខ្វរធើរ ​( ហ្លូរិន ) រដ្ឋ​នេប្រាស្កា ។ ជាទម្លាប់ ពួកគេ​បាន​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ​នៅទីនោះ ជួសជួល​រទេះ និង​រក​គ្រឿង​ផ្គត់ផ្គង់​បន្ថែមទៀត ដោយសារ​គ្មាន​ទីក្រុង​ធំៗ​ពី​វិនធើរ ខ្វរធើរ​ ទៅ​ទីក្រុង សលត៍ លេក ឡើយ ។

វា​រាង​យឺតពេល​នៅក្នុង​រដូ​វ​នោះ ពីមុន​ក្រុម​រទេះវីល្លី​រៀបចំ​ខ្លួន​ចេញ​ដំណើរ​ពី វិនធើរ ខ្វរធើរ ដែល​ក្រុមប្រឹក្សា​មួយ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​សម្រេច​ចិត្តថា តើ​ពួកគេ​គួរតែ​ធ្វើដំណើរ​ទៅ ឬ​រង់ចាំ​រហូត​ដល់​និទាយរដូវ ។ មនុស្ស​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ជ្រុល​ទៅមុន​ហើយ​នោះ​បាន​ព្រមាន​ពួកគេ​ពី​គ្រោះថ្នាក់​នៃ​ការធ្វើដំណើរ​រាងយឺត​នៅក្នុង​រដូវ​នោះ ។ ប៉ុន្តែ​មេបញ្ជាការវីល្លី និង​សមាជិក​ក្រុម​មួយ​ចំនួន​មាន​អារម្មណ៍​ថា ពួកគេ​គួរតែ​បន្ត​ដំណើរ​ទៅមុខ ដោយសារពួកគេ​គ្មាន​ទីអាស្រ័យ​នៅ​ក្នុង​រដូវ​រងារ​នៅ​ទីក្រុង​ហ្លូរិន​ឡើយ ។

ស្បៀង​បាន​រលោះ​បន្តិចម្តងៗ

ដោយ​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់ នោះ​សមាជិក​ក្រុម​រទេះ​អូសវីល្លី​បាន​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ​ម្តង​ទៀត​នៅ​ថ្ងៃទី ១៨ ខែ សីហា ដោយ​គិត​ថា ពួកគេ​អាច​បំពេញ​គ្រឿង​បរិក្ខារ​របស់​ពួកគេ​ឡើង​វិញ​នៅ ហ្វត ឡារ៉ាមី ( នៅ​ភាគ​ខាង​ជើង​នៃ​ ឡារ៉ាមី​សព្វថ្ងៃ​នេះ​ក្នុង​រដ្ឋវ៉ាយអូមីង ) ។ ដោយសារតែ​ការព្រមាន​ដែល​ពួកគេ​បាន​ទទួល នោះ ពួកគេ​បាន​ដាក់​ម៉្សៅស្រូវសាលីទម្ងន់ ៤៥ គីឡូ​ក្រាម​បន្ថែម​ទៀត​ទៅលើ​រទេះ​អូសនីមួយៗ​របស់​ពួកគេ ហើយ​មាន​ទំនុកចិត្ត​ថា ពួកគេ​នឹង​ជួប​ក្រុមរទេះស្បៀង​ដែលបញ្ជូនមក​ពី​ទីក្រុង សលត៍ លេក ។ ប៉ុន្តែ​ដោយ​គិត​ថា​គ្មាន​ពួកជន​អន្តោប្រវេសន៍​បាន​ធ្វើដំណើរ​មកទៀត​ នោះ​អ្នកបើកបរ​រទេះស្បៀង​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង សលត៍ លេក វិញ នៅ​ចុង​ខែ​កញ្ញា​នោះ ពីមុន​ក្រុម​រទេះ​វីល្លី​បាន​ទៅដល់​ពួកគេ ។

នៅហ្លូរិន គ្រួសារ​មូលតុន​បាន​គិត​ថា អាច​ជា​គំនិត​ល្អ​ដើម្បី​ទុកស្បៀង​មួយ​ប្រអប់​នោះ​ចោល ដោយសារ​ឥវ៉ាន់​ដែល​ពួកគេ​បាន​អូស​សម្រាប់​គ្រួសារ​មួយ​ដែលមាន​គ្នា ១០ នាក់​នោះគឺវា​ធ្ងន់​ខ្លាំង​ណាស់ ។ កាលនោះ ពួកគេ​បាន​ទុក​កាបូប​មួយ​ចោល​នៅ​កំពង់ផែ​លីវើរភូល សម្លៀក​បំពាក់​មួយ​កាបូប​នៅ​ពេលជិះលើ​កប៉ាល់ សម្លៀកបំពាក់​មួយហិប​នៅ​ទីក្រុង នូវ យ៉ោក និង​ស្បៀង​មួយ​ហិប​ដែល​មាន​សុទ្ធតែ​របស់របរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅ​ទីក្រុងអៃអូវ៉ា ។ ទោះបី​នៅតាម​ផ្លូវ​ក្តី ពួកគេ​រកមើល​វិធី​ដើម្បី​សម្រាល​បន្ទុក​របស់​ពួកគេ ។

Scotts Bluff National Monument

វិមាន​ជាតិ ស្តត់ ប្ល៊ូ នៅ​ភាគ​ខា​ង​លិច រដ្ឋនេប្រាស្កា​ ស. រ. អា.

រូបថតមកពី Getty Images

វា​មានការលំបាក​ដល់​អស់​អ្នកដែល​រីករាយ​នឹង​ភាពស្រណុកសុខស្រួល​នៃ​ជីវិត​សម័យ​ទំនើប​នេះ ដើម្បី​ស្រមៃ​អំពី​ការរងទុក្ខ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​មូលតុន និង​ពួកបុរស និង​ស្ត្រី​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​នៃ​ក្រុម​រទេះ​អូសទាំងនោះ ។ តើ​យើង​អាចស្រមៃឃើញអំពីពងបែក​នៅ​នឹង​ដៃ និង​ជើង ឈឺសាច់ដុំ ដីហុយ និង​ខ្សាច់ រលាក​ដោយ​កម្តៅ​ព្រះអាទិត្យ រុយ និង​មូស ការរត់​ប្រសេចប្រសាច​របស់​ហ្វូង​ក្របី និង​ការប្រឈម​មុខ​នឹង​ពួក​អាមេរិក​កាំង​ដើម​ដែរ​ឬទេ ? តើ​យើង​អាច​ស្រមៃ​ឃើញ​ពីការដើរឆ្លងទន្លេ និង​ការលំបាក​នៃការ​ដើរ​រអិល​លើដី និង​លើថ្ម នៅ​ពេល​ពួកគេ​ព្យាយាម​អូស​រទេះកាត់​ទឹក​ដែល​ហូរលឿន និង​ជ្រៅនោះ​ដែរ​ឬ​ទេ ? តើ​យើង​អាច​យល់​អំពី​ភាពទន់ខ្សោយ​ដែល​កើត​មកពី​កង្វះ​សារធាតុចិញ្ចឹម​ដែរ​ឬ​ទេ ?

អំឡុងពេលធ្វើដំណើរ​របស់​ពួកគេ កូនៗ​របស់​គ្រួសារមូលតុន​បាន​ទៅវាលស្រែ​ជាមួយ​ម្តាយ​របស់​ពួកគេ​ដើម្បីប្រមូល​ស្រូវសាឡី​បន្តិចបន្តួច ​យក​មក​បន្ថែម​ជា​អាហារ​ដែល​ស្បៀង​របស់​ពួកគេ​បាន​អស់​យ៉ាង​លឿន ។ មាន​គ្រា​មួយនោះ គ្រួសារ​នេះ​មានតែនំបុ័ង​ស្រូវបាលីតែ​បន្តិច និង​ផ្លែប៉ោម​មួយ​សម្រាប់​បរិភោគ​មួយ​ថ្ងៃ​ដើម្បីចែកជាមួយ​សមាជិក​បីនាក់ ។​

ពីមុន​ថ្ងៃអស្តង្គត​នា​ថ្ងៃ​ទី ១២ ខែ កញ្ញា ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ពី​បេសកកម្ម​ចក្រភព​អង់គ្លេស​បាន​មក​ដល់​ជំរំ​នោះ ។ ពួកគេ​ត្រូវបាន​ដឹកនាំ​ដោយ​អែលឌើរ ហ្វ្រែគ្លីន ឌី រីឆាត ( ១៨២១–១៨៩៩ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ជីតាលួត​របស់​ភរិយា​ខ្ញុំ ។ នៅពេល​អែលឌើរ រីឆាត និង​អ្នកដទៃទៀត​បាន​ឃើញ​ការលំបាក​របស់​ក្រុម​រទេះ​អូស​នោះ ពួកគេ​បានសន្យា​ថា នឹង​ប្រញាប់​ទៅ​ជ្រលង​ភ្នំ សតល៍ លេក ហើយ​បញ្ជូន​មក​វិញ​នូវ​ជំនួយ​កាន់តែ​ឆាប់​តាមដែល​អាច​ធ្វើ​បាន ។

នៅ​ថ្ងៃ​ទី ៣០ ខែ កញ្ញា ក្រុមរ​ទេះអូស​វីល្លី បាន​ទៅ​ដល់ ហ្វត ឡារ៉ាមី រដ្ឋ វ៉ាយអូមីង ដែល​មាន​ចម្ងាយ ៦៤៥ គីឡូម៉ែត្រ​នៃ​ភាគ​ខាង​កើតពី​ទីក្រុង សលត៍ លេក ។

នៅ​ដើម​ខែ​តុលា រដូវរងារ​បានចាប់ផ្តើម​ចូលមក ហើយ​ការលំបាក​បានកើន​ឡើង នៅ​ពេល​ក្រុម​នេះ​បាន​ព្យាយាម​ពុះពារ​ទៅមុខ ។ ស្បៀង​អាហារ​នៅសល់បន្តិចបន្តួច ដែល​ធ្វើ​ឲ្យ​មេបញ្ជាការ វីល្លី បានបង្ខំ​ចិត្ត​កាត់​បន្ថយចំណែក​ម៉្សៅ​អង្ករ​ឲ្យ​នៅ​ត្រឹមតែ ៤២៥ ក្រាម​សម្រាប់​បុរស, ៣៦៨ ក្រាម​សម្រាប់​ស្ត្រី, ២៥៥ ក្រាម​សម្រាប់​កុមារ និង​ ១៤២ ក្រាម​សម្រាប់​ទារក​ប៉ុណ្ណោះ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ​ពួកគេ​បាន​ជួប​នឹង​ខ្យល់​ដ៏​ខ្លាំង និង​ព្រិល​ធ្លាក់​ដ៏​ក្រាស់ ។ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ តុលា ព្រិល​បាន​ធ្លាក់​កម្ពស់ ១០ សង់ទីម៉ែត្រ ហើយ​តង់ និង​ដំបូល​រទេះ​បាន​រហែក​ដោយសារ​ទម្ងន់​របស់​វា ។ សមាជិក​ប្រាំនាក់​នៃ​ក្រុម​នោះ និង​សត្វ​អូស​រទេះ​មួយ​ចំនួន​របស់​ពួកគេ​បាន​ស្លាប់​ដោយសារ​តែ​ភាពត្រជាក់ និង​ការស្រេក​ឃ្លាន​អាហារ​នៅយប់​ពីមុន​មាន​ខ្យល់​ព្យុះ ហើយ​សមាជិក​ប្រាំនាក់​បន្ថែម​ទៀត​បាន​ស្លាប់​នៅ​បី​ថ្ងៃ​បន្ទាប់មក ។ ដោយ​ត្រូវ​ទុក​អាហារ​ដល់​ស្ត្រី កុមារ និង​អ្នក​មាន​ជំងឺ​ជាមុន​សិន នោះ​ពួកបុរស​ដែល​មាំមួន​ត្រូវបង្ខំ​ចិត្ត​ធ្វើ​ដំណើរ​ទៅមុខ​ដោយ​គ្មាន​អ្វី​បរិភោគ​ឡើយ ។

ក្រុម​សង្គ្រោះ​បាន​ចាប់ផ្តើម​ធ្វើដំណើរ

Sweetwater River

ស្វីតវ៉តធើរ រីវើរ នៅ​ក្បែរ​ឆក​ម៉ាទីន រដ្ឋ​វ៉ាយអូមីង ស. រ. អា.

នៅ​ចម្ងាយ ៣ គីឡូម៉ែត្រ​នៅ​ខាង​ក្រោមភ្នំ រ៉កគី រីច នៅលើ​តាម​ដងទន្លេ ស្វីតវ៉តធើរ រីវើរ ក្រុម​នោះ​បាន​បោះជំរំ ហើយ​រង់ចាំ​ដោយ​ការស្រេក​ឃ្លាន រងារ និង​រងទុក្ខ​រង់ចាំ​ឲ្យ​ព្យុះ​កន្លង​ហួស​ទៅ ។

នៅពេល​ក្រុម​របស់ ហ្វ្រែនគ្លីន ឌី រីឆាត បាន​ទៅដល់​ទីក្រុង សលត៍ លេក ពួកគេ​បាន​ប្រញាប់​រាយការណ៍​ប្រាប់​ប្រធាន យ៉ង់ អំពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​របស់​ពួក​អ្នក​ធ្វើ​អន្តោប្រវេសន៍ទាំងនោះ ។ ពួកបរិសុទ្ធ​នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ​ពុំបានរំពឹង​ទុកថា នឹង​មាន​អ្នកធ្វើ​អន្តោប្រវេសន៍​ទៀត​ឡើយ​រហូត​ដល់​ឆ្នាំបន្ទាប់​ទៀត ហើយ​ដំណឹង​អំពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ​បាន​រីករាល​ដាល​យ៉ាង​លឿន ។

ពីរ​ថ្ងៃ​ក្រោយ​មក នៅ​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៨៥៦ សន្និសីទ​ទូទៅ​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​រោង​ឧបោសថ​ចាស់ ។ នៅលើវេទិកា ប្រធាន យ៉ង់ បាន​អំពាវនាវ​សុំ​ពួកបុរស ស្បៀង និង​បរិក្ខារ​ផ្សេងៗ​ឲ្យ​ចាកចេញ​ទៅ​ដោយ​ជិះសេះ ឬររទេះសេះ​នៅ​ថ្ងៃ​បន្ទាប់​ដើម្បី​ផ្តល់​ជាជំនួយ ។​

ចន បែនណែត ហាឃីន​ បាននៅ​ក្នុង​រោង​ឧបោសថ​ចាស់​នៅ​ថ្ងៃ​នោះ​ផងដែរ ហើយ​បាន​ឆ្លើយតប​សម្រាប់​ជំនួយ​នោះ ។ គាត់​គឺ​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុគ្គល​រាប់រយ​នាក់​នៅក្នុង​ក្រុម​សង្គ្រោះ ដែល​បាន​ចេញ​ដំណើរ​ពី​ទីក្រុង សលត៍ លេក ។ ទីបំផុត​នៅល្ងាច​ថ្ងៃទី ២១ ខែ តុលា ក្រុម​រទេះ​សេះ​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់ជំរំ​វីល្លី ។ ពួកគេ​ត្រូវបាន​ស្វាគមន៍​ដោយ​អំណរ និង​អំណរគុណ​ពី​អ្នកដែល​នៅ​រស់​ពី​អាកាសធាតុ​ត្រជាក់ និង​ការស្រេកឃ្លាន​នោះ ។ នេះ​គឺ​ជាការជួប​លើក​ដំបូង​របស់ ចន បែនណែត ហាឃីន និង​ សារ៉ា អេលីស្សាប៊ែត មូលតុន ដែល​ក្លាយ​ជា​ជីដូនជីតាតួត​របស់ខ្ញុំ ។

នៅ​ថ្ងៃ​ទី ២២ ខែ​ តុលា អ្នក​ជួយ​សង្គ្រោះ​មួយ​ចំនួន​បាន​បន្ត​ជួយ​ក្រុម​រទេះ​អូស​ផ្សេង​ទៀត ខណៈ​ដែល វិល្លាម អេច ឃឹមបល ជាមួយ​នឹង​រទេះ​ដែលនៅសល់ បាន​ចាប់ផ្តើម​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង សលត៍ លេក វិញ ដោយ​មើល​ខុសត្រូវ​លើ​ក្រុម​រទេះ​វីល្លី ។

អស់​អ្នក​ដែល​ទន់ខ្សោយ​ពុំ​អាច​អូស​រទេះ​របស់​ពួកគេ​បាន​ដាក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​លើ​រទេះសេះ ហើយ​ដើរ​នៅ​ក្បែរ​រទេះ​នោះ ។ អស់​អ្នក​ដែល​ពុំ​អាច​ដើរ​រួច​បាន​ជិះ​លើ​រទេះសេះ ។ នៅពេល​ពួកគេ​បាន​ទៅ​ដល់ រ៉កគី រីច មាន​ព្យុះ​ព្រិល​ដ៏​ខ្លាំង​មួយ​ទៀត​បាន​បោកបក់​មក​លើ​ពួកគេ ។ នៅពេល​ពួកគេ​កំពុង​មាន​ការលំបាក​ឡើង​ទៅ​ចង្កេះ​ភ្នំ នោះ​ពួកគេ​ត្រូវ​រុំ​ខ្លួន​ពួកគេ​នឹង​ភួយ និង​ភួយ​ញាត់​សំឡី​ដើម្បី​ការពារ​ពួកគេ​កុំ​ឲ្យ​រងារ​រហូត​ដល់​ស្លាប់ ។​ មាន​មនុស្ស​ប្រហែល​ជា ៤០ នាក់​នៅក្នុង​ក្រុម​នោះ​បាន​ស្លាប់​រួច​ទៅហើយ ។

អាកាស​ធាតុ​ត្រជាក់​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ពួកបរិសុទ្ធ​ជាច្រើន​នាក់​បាន​រងទុក្ខ​នឹងការ​រលាក​នឹង​ធាតុ​ត្រជាក់​នៅ​ដៃ ជើង និង​មុខ​របស់​ពួកគេ អំឡុងពេល​ដើរ​ឆ្លង​កាត់​កំពូល​ភ្នំនោះ ។ ស្ត្រី​ម្នាក់​បាន​ខ្វាក់​ភ្នែក​ដោយ​សារ​តែ​អាកាសធាតុ​ត្រជាក់នោះ ។

យើង​អាចស្រមៃ​ឃើញ​គ្រួសារ​មូលតុន ជាមួយ​នឹង​កូន​ទាំង​ប្រាំបី​នាក់​របស់​ពួកគេ ទាញ និង​អូស​រទេះ​ពីរ​របស់​ពួកគេ ខណៈ​ដែល​ពួកគេ​ពុះពារ​ឆ្លង​កាត់​ព្រិល​ដ៏​ក្រាស់​នោះ ។ រទេះ​មួយ​អូស​ដោយ ថូម៉ាស់ និង​ភរិយា​របស់​គាត់ ជាមួយ​នឹងកូនៗដ៏​មានតម្លៃ​របស់​ពួកគេ​គឺ​ — ឡូតធី, លីស្ស៊ី និង​ទារក ឆាលឡេស — ​ជាមួយ​នឹង​ ជេមស៍ ហ៊ើបើរ តូច​ដែល​ដើរ​គ្រេច​ជើង និង​ត្រូវបាន​ទាញ​ដោយ​ខ្សែ​ដែល​ចង​នៅ​ចង្កេះ​របស់​គាត់ ។ រទេះ​មួយ​ទៀត​ទាញ និង​អូស​ដោយ សារ៉ា អេលីស្សាប៊ែត និង​កូន​ទាំងបី​នាក់​ផ្សេង​ទៀត ។ ស្ត្រី​វ័យ​ចំណាស់​ចិត្ត​ល្អ​ម្នាក់ ដោយ​ឃើញ ជេមស៍ ហ៊ើបើរ ដែល​មាន​ការលំបាក​បាន​ចាប់ដៃ​របស់​គាត់ នៅពេល​គាត់​ដើរតាម​ពីក្រោយ​រទេះ​ ។ ទង្វើ​ដ៏​សប្បុរស​នេះ​បាន​សង្គ្រោះ​ដៃ​ខាង​ស្តាំ​គាត់ ប៉ុន្តែ​ដៃខាង​ឆ្វេងឥតគ្របដណ្តប់របស់​គាត់​បាន​ប៉ះ​នឹង​អាកាសធាតុ​ក្រោម​សូន្យ​អង់ស្សាសេ​ដ៏​ត្រជាក់​នោះ ។ នៅពេល​ពួកគេ​បាន​ទៅដល់​ទីក្រុង សលត៍ លេក ម្រាម​ដៃ​បីបួន​របស់​គាត់​នៅ​ខាងដៃឆ្វេង​នោះ​ត្រូវបាន​កាត់​ចោល ។

នៅ​មុន​រសៀល​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា ក្រុម​រទេះ​មនុស្សធម៌​សង្គ្រោះ​អ្នក​រង​ទុក្ខ​នោះ​បាន​ឈប់​នៅ​ពីមុខ​អគារ​ការិយាល័យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ជាកន្លែ​ងនៃអគារ​រំឭក​ចាំ​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ទីក្រុង សលត៍ លេក សព្វថ្ងៃនេះ ។ មនុស្ស​ជាច្រើន​បាន​ទៅ​ដល់​ទីនោះ​ដោយ​មាន​ជើង និង​ដៃ​ដែល​កក​ត្រជាក់ ។ មនុស្ស​ហុកសិប​ប្រាំបួន​នាក់​បានស្លាប់​នៅក្នុង​ការធ្វើ​ដំណើរនោះ ។ ប៉ុន្តែ​ការសន្យា​ទៅកាន់​គ្រួសារ​មូលតុន​នៅក្នុង​ការប្រសិទ្ធពរ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ត្រូវបាន​បំពេញ ។ ថូម៉ាស់ និង​សារ៉ា ដេនតុន មូលតុន ពុំ​បាន​បាត់បង់​កូន​មួយ​ណា​ឡើយ ។

ពី​ការសង្គ្រោះទៅរក​សេចក្តីស្នេហា

ក្រុម​នេះ​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ពលរដ្ឋ សតល៍ លេក​ រាប់រយ​នាក់​ដែល​រង់ចាំ​ដោយ​អន្ទះសារ​នៃ​ការមក​ដល់​របស់​ពួកគេ ហើយ​បាន​ត្រៀម​រួច​ជាស្រេច​ដើម្បី​ជួយ​មើល​ថែ​ពួកគេ ។ ការដឹងគុណ និង​អំណរគុណ​ចំពោះ​វីរៈបុរស​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះគ្រួសារ​របស់​មូលតុន​ពី​ក្រញ៉ាំ​នៃ​សេចក្តីស្លាប់​បាន​ធ្លាក់ក្នុង​អន្លង់​ស្នេហ៍ និង​ស្រឡាញ់​ សារ៉ា អេលីស្សាប៊ែត ។

នៅ​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ១៨៥៦ នៅក្នុង​ចំណោម​នៃ​ក្តី​ប្រាថ្នា​ដ៏​រីករាយ​របស់​មនុស្ស​ជាទីស្រឡាញ់ នោះ សារ៉ា អេលីស្សាប៊ែត បានរៀបការ​នឹង ចន បែនណែត ហាឃីន ដែល​ជា​អ្នក​ជួយ​សង្គ្រោះ​គាត់ ។ ពួកគេ​បាន​ផ្សារភ្ជាប់​សម្រាប់ពេលនេះ និង​អស់​កល្ប​ជានិច្ច នៅ​ខែ​កក្កដា​បន្ទាប់​នៅក្នុង​ដំណាក់​នៃ​អំណោយទានពិសិដ្ឋ ។ ពួកគេ​បាន​សាងសង់​ផ្ទះ​នៅ​ទីក្រុង សលត៍ លេក ហើយ​មាន​ពរជាមួយ​នឹង​កូន​ប្រុស​បី​នាក់ និង​កូនស្រី​ប្រាំពីរ​នាក់ ។ កូន​ម្នាក់​នៃ​កូនស្រី​ទាំងនោះ​ឈ្មោះ អេសធើរ អ៊ីមីលី បាន​រៀបអាពាហ៍ពិពាហ៍​នឹង​ជីតា​របស់​ខ្ញុំ​ឈ្មោះ ឆាឡេស រ៉ាសបាន នៅក្នុង​ ១៨៩១ ។

នៅ​ថ្ងៃ​ទី ២៤ ខែ កក្កដា យើង​ប្រារព្ធ​ទិវា​អ្នកត្រួសត្រាយ​ ហើយ​យើង​ថ្លែង​អំណរគុណ​ដល់​អ្នកត្រួសត្រាយ​ជា​ច្រើន​នាក់​ដែល​បាន​ផ្តល់​អ្វីៗគ្រប់​យ៉ាង ដើម្បី​ស្ថាបនា​ជ្រលង​ សតល៍ លេក និង​សហគមន៍​ជាច្រើន​ផ្សេង​ទៀត​នៅក្នុង​សហរដ្ឋ​អាមេរិក​ភាគ​ខាង​លិច ។ យើង​ក៏​សូម​ថ្លែង​អំណរគុណ​ដល់ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ជា​អ្នកត្រួសត្រាយ​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​បង្កើត​ផ្លូវ — និង​កំពុង​បង្កើត​ផ្លូវ — គឺ​ផ្លូវ​នៃ​ដំណឹង​ល្អ​ដើម្បី​ឲ្យ​អ្នកដទៃ​ដើរ​តាម​ផងដែរ ។

តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បន្តឆ្ពោះ​ទៅមុខ​នោះ ? តើ​អ្វី​ទៅ​ដែល​ជំរុញ​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅមុខ​នោះ ? ចម្លើយ​នោះ​គឺ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ក្នុងនាម​ជា​ចៅ​តួត​នៃ​អ្នក​ត្រួសត្រាយ​ម្នាក់ ខ្ញុំ​សូម​បន្ថែម​សាក្សី និង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ការលំបាក​របស់​ពួកគេ​ពុំ​ឥត​ប្រយោជន៍​ឡើយ ។ អ្វី​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍ នោះ​ខ្ញុំ​ក៏​បានទទួល​អារម្មណ៍​ផងដែរ ។ អ្វី​ដែលពួកគេ​បានដឹង នោះ​ខ្ញុំ​ក៏​ដឹង ហើយ​ថ្លែង​ទីបន្ទាល់​អំពី​វា​ផងដែរ ។

កំណត់​ចំណាំ

  1. របាយការណ៍​ដោយ អេហ្វ ឌី រីឆាត និង ដានីញ៉ែល ស្ពែនសើរ « Smith, Marilyn Austin, Faithful Stewards—the Life of James Gray Willie and Elizabeth Ann Pettit, 95–120 » history.lds.org ។

  2. សូមមើល ព្រិកហាំ​ យ៉ង់ « Remarks » Deseret News ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ១៨៥៦ សូមមើលផងដែរ LeRoy R. Hafen and Ann W. Hafen Handcarts to Zion ( ឆ្នាំ ១៩៨១ ) ទំព័រ ១២០–១២១ ។

  3. មនុស្ស​ ១៩ នាក់​នៃ​ក្រុមនេះ​បាន​ស្លាប់​ពីមុន​ក្រុម​នេះ​បាន​ទៅ​ដល់ ហ្វត ឡារ៉ាមី រួមទាំង ៧ នាក់​ទៀត​បាន​ស្លាប់​នៅលើ​ឆ្នេរ​មហាសមុទ្រ និង ៤ នាក់​ទៀត​បាន​ស្លាប់​នៅ​ទីក្រុងអៃអូវ៉ា ។ ១៩ នាក់​បានស្លាប់​នៅ ហ្វត ឡារ៉ាមី និង​ពេល​ចាប់ផ្តើម​រដូវរងារ ភាគច្រើន​គឺ​នៅ​ជាច្រើនថ្ងៃមុន​ក្រុម​សង្គ្រោះ​បាន​ទៅដល់ ។