ការរៀបចំខ្លួនសម្រាប់ជីវិត
តើយើងធ្វើអ្វីនៅក្នុងព្រះវិហារបរិសុទ្ធ ?
ព្រះវិហារបរិសុទ្ធគឺជាកន្លែងពិសិដ្ឋដែលអ្នកអាចខិតកាន់តែជិតព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងត្រូវបានបង្រៀនអំពីសារៈសំខាន់នៃសេចក្តីពិត ចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាព ( ពិធីពិសិដ្ឋនានា ) និងចុះសេចក្តីសញ្ញា ( ការសន្យាពិសិដ្ឋ ) ជាមួយព្រះ ដែលរៀបចំយើងឲ្យត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ ។
យើងអាចទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់ខ្លួនរបស់យើង ព្រមទាំងជីដូនជីតារបស់យើងផងដែរ ។ ឧទាហរណ៍ ពួកយុវវ័យអាចចូលរួមនៅក្នុងបុណ្យជ្រមុជទឹកជំនួសឲ្យជីដូនជីតារបស់អ្នក និងមនុស្សដទៃទៀត ដែលគ្មានឱកាសទទួលបុណ្យជ្រមុជទឹកដោយសិទ្ធិអំណាចត្រឹមត្រូវកាលពីពួកគេនៅរស់ ។ សម្រាប់យុវមជ្ឈិមវ័យ ពិធីបរិសុទ្ធផ្សេងទៀតនៃព្រះវិហារបរិសុទ្ធរួមទាំងពិធីអំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ ( ដូចជាអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ) ។
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់ជីដូនជីតារបស់យើង
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មានភាពចាំបាច់ចំពោះសេចក្តីសង្គ្រោះរបស់មនុស្សគ្រប់រូបដែលមានការទទួលខុសត្រូវ ដែលបានរស់នៅលើផែនដីនេះ ( សូមមើល យ៉ូហាន ៣:៥ ) ។ ប៉ុន្តែ មនុស្សជាច្រើនបានស្លាប់ដោយគ្មានឱកាសនៃការស្តាប់ឮដំណឹងល្អ ឬទទួលពិធីបរិសុទ្ធទាំងនេះឡើយ ។ តាមរយៈព្រះគុណ និងសេចក្តីករុណានៃព្រះយេស៊ូវគ្រីស្ទ របៀបមួយត្រូវបានរៀបចំសម្រាប់មនុស្សគ្រប់រូបឲ្យទទួលពរជ័យទាំងនេះ ។ នៅក្នុងព្រះវិហារបរិសុទ្ធ សមាជិកសាសនាចក្រដែលសក្តិសមអាចធ្វើពិធីបុណ្យជ្រមុជទឹកជំនួសអ្នកដែលបានស្លាប់ ។ នៅក្នុងពិភពវិញ្ញាណ ដំណឹងល្អត្រូវបានប្រកាស ( សូមមើល គ. និង ស. ១៣៨ ) ហើយអស់អ្នកដែលស្តាប់ឮដំណឹងល្អអាចជ្រើសរើសទទួលយកវា រួចមកពិធីបរិសុទ្ធដែលបានធ្វើជំនួសពួកគេ ។
អំណោយទានពិសិដ្ឋ
ពាក្យ អំណោយទានពិសិដ្ឋ មានន័យថា « អំណោយ » ។ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធគឺជាអំណោយមកពីព្រះដែលទ្រង់ប្រទានពរជ័យពិសេសមកលើអ្នក រួមមាន « ព្រះចេស្ដាពីស្ថានលើ » ( គ. និង ស. ៩៥:៨ ) ។
នៅពេលអ្នកចូលជាសមាជិកសាសនាចក្រ អ្នកបានទទួលពិធីបរិសុទ្ធចំនួនពីរ — ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធក៏ត្រូវបានទទួលជាពីរផ្នែកផងដែរ ។ ទីមួយ អ្នកទទួលពិធីបរិសុទ្ធនៃពិធីលាងជម្រះ ជាកន្លែងដែលអ្នកត្រូវបាន « លាងជម្រះ » ឲ្យស្អាតដោយនិមិត្តសញ្ញា និងដោយសមរម្យ ហើយទទួលពរជ័យពិសេសទាក់ទងនឹងមរតក និងសក្តានុពលដ៏អស់កល្បជានិច្ចនៃភាពជាព្រះរបស់អ្នក ។ នៅក្នុងផ្នែកទីពីរ អ្នកទទួលពិធីអំណោយទានពិសិដ្ឋដែលសល់ទាំងប៉ុន្មានរបស់អ្នក នៅពេលអ្នករៀនបន្ថែមទៀតអំពីផែនការនៃសេចក្តីសង្គ្រោះ រួមមានការបង្កបង្កើត គោលបំណងរបស់យើងនៅលើផែនដី និងបេសកកម្ម ព្រមទាំងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
អំឡុងពេលអំណោយទានពិសិដ្ឋ យើងធ្វើការសន្សាដ៏ឱឡារិកដើម្បីគោរពព្រះ ធ្វើតាមព្រះយេស៊ូវគ្រីស្ទ មានភាពស្អាតស្អំខាងផ្លូវភេទ ហើយជួយស្ថាបនានគរព្រះ ។ ប្រសិនបើយើងរក្សាសេចក្តីសញ្ញារបស់យើង នោះយើងមាននូវការសន្យានៃការទទួលបាននូវពរជ័យអស់កល្បជានិច្ចរបស់ព្រះ ។
ពិធីផ្សារភ្ជាប់
ក្រុមគ្រួសារគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់យើង ។ ក្រុមគ្រួសាររួមរស់ជាមួយគ្នាជារៀងរហូតគឺជាពរជ័យដ៏ធំមហិមាដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ តាមរយៈសិទ្ធិអំណាចបព្វជិតភាពនៃពិធីផ្សារភ្ជាប់ — ជាសិទ្ធិអំណាចដូចគ្នាដែលព្រះយេស៊ូវបានប្រាប់ពួកសាវករបស់ទ្រង់ ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ ពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធអាចជួយឲ្យស្វាមី និងភរិយា ព្រមទាំងកូនៗ និងឪពុកម្តាយអាចនៅជាមួយគ្នាជារៀងរហូត តាមរយៈសេចក្តីស្មោះត្រង់របស់ពួកគេចំពោះសេចក្តីសញ្ញារបស់ពួកគេ ។