២០១៨
អារម្មណ៍​កើត​ទុក្ខ​នៅ​ថ្ងៃ​ឈប់​សម្រាក
ខែ កក្កដា ឆ្នាំ ២០១៨


អារម្មណ៍​កើត​ទុក្ខ នៅ​ថ្ងៃ​ឈប់​សម្រាក

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំគួរ​តែ​ចូលចិត្ត​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​អំពី​របៀប​ចូលចិត្ត​នោះ​ឡើយ ។

hiding under covers

រចនា​រូបថត​ដោយ ដាវីឌ ស្តូឃឺ

ខគម្ពីរ​ចែង​ថា ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​បរិសុទ្ធ ជា​ថ្ងៃ​អំណរ និង​ជា​ទីរីករាយ​ជា​ថ្ងៃ​សម្រាក ជា​ថ្មី​ដើម្បី​សាទរ ។ ប៉ុន្តែ​ពីរបី​ឆ្នាំ​កន្លង​ទៅ​នេះ អំឡុងពេល​ចុងក្រោយ​នៃ​វ័យ​ជំទង់​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ថា​ថ្ងៃ​អាទិត្យ​គឺ​ជា​ថ្ងៃ​ដ៏​សោកសៅ ។ ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត​ជាជាង​មាន​អារម្មណ៍​សុខសាន្ត ។ កើត​ទុក្ខ​ជា​ជាង​មាន​អំណរ ។ មាន​កំហុស​ជា​ជាង​មាន​សេចក្តីសង្ឃឹម ។ ខ្ញុំ​មាន​អារម្មណ៍​កើត​ទុក្ខ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ឈប់​សម្រាក ។

នៅរៀង​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ការលាក់​ខ្លួន​ក្នុង​ភួយ​ដោយ​អៀនខ្មាស​អស់​ជាច្រើន​ម៉ោង​មក ខ្ញុំ​បាន​ដឹង​ថា​វា​ជា​ថ្ងៃ​អាទិត្យ​ហើយ​រៀបចំ​ខ្លួន​ស្លៀកពាក់​ទៅ​ព្រះវិហារ ។ នៅ​ព្រះវិហារ​ខ្ញុំ​បាន​រំឭក​ពី​អ្វីៗ​កាល​ពី​សប្តាហ៍​មុន ។ អំឡុងពេល​សាក្រាម៉ង់ ខ្ញុំ​នឹង​រាប់​នូវ​បរាជ័យ​នានា​របស់​ខ្ញុំ​ពុំ​ចប់​ឡើយ​ពីមុន​អ្នក​និយាយ​ទីមួយ​ឡើង​និយាយ ។ ម៉ោង​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៅ​ព្រះ​វិហារ​ក្លាយ​ជា​សមរភូមិ​នៃ​ការទប់​ទឹក​ភ្នែក នៅពេល​ទោស​កំហុស​កាន់តែ​មាន​ច្រើន​ឡើង​ជាមួយ​នឹង​វិប្បដិសារី​ថ្មី​នៃ​អារម្មណ៍​ដែល​មិន​រីករាយ​សោះ​នៅ​ព្រះវិហារ ។

នៅពេល​រសៀល​ក៏​ដូចគ្នា​ផងដែរ ។ ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា មាន​ទោស​ដោយសារ​តែ​ការជ្រើសរើស​ពី​អតីតកាល មាន​ភាពតានតឹង​ក្នុង​ចិត្ត​អំពី​ជម្រើស​នា​ពេល​អនាគត ហើយ​កើត​ទុក្ខ​អំពី​កាលៈទេសៈ​នា​ពេលបច្ចុប្បន្ន ។ បើ​គ្មាន​សកម្មភាព​មក​ពី​សាលា និង​សកម្មភាព​នៃ​កាលវិភាគ​បន្ថែម​ជួយ​បង្វែរ​អារម្មណ៍​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​ចំណាយ​ពេល​របស់​ខ្ញុំ​រស់នៅ​ក្នុង​គំនិត​អវិជ្ជមាន ។

បន្ទាប់​ពី​ស្តាប់ អាន ហើយ​អាន​ម្តង​ទៀត​នូវ​សុន្ទរកថា​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៥ របស់​ប្រធាន រ័សុល អិម ណិលសុន អំពី​របៀប​ដែល​ថ្ងៃ​ឈប់​សម្រាក​គឺ​ជាទី​រីករាយ​ចិត្ត នោះ​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ភាពសុខសាន្ត និង​សេចក្តី​ស្រឡាញ់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ជាជាង​កើត​ទុក្ខ​ដូច​ខ្ញុំ​កំពុង​តែ​ទទួល​អារម្មណ៍​នេះ ។ ហើយ​ចម្លើយ​មួយ​បាន​កើត​មាន​ឡើង ។

ផ្តោត​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​បាន​ទទួល​អារម្មណ៍​ឲ្យ​ប្តូរ​ការផ្តោត​ចិត្ត​ទុកដាក់​របស់​ខ្ញុំ​ពី​ទុក្ខ​សោក​របស់​ខ្ញុំ​ទៅជា​ការផ្ដោត​លើ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ ។ ជាជាង​ពិចារណា​អំពី​បរាជ័យ​របស់​ខ្ញុំ ខ្ញុំ​បាន​ចំណាយពេល​ពិចារណា​អំពី​ទំនាក់ទំនង​របស់​ពួកទ្រង់​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

នៅពេល​គំនិត​អវិជ្ជមាន​កើត​ឡើង ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា អ្វី​ដែល​ខ្ញុំ​បាន​ដឹង និង​ជឿ​អំពី​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​គឺ​ថា ៖ ខ្ញុំ​ជា​កូន​របស់​ព្រះ ។ ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​បងប្រុស​របស់​ខ្ញុំ ហើយ​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​ខ្ញុំ ។ ពួកទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​រីករាយ ហើយ​ត្រឡប់​ទៅ​កាន់​ពួកទ្រង់​វិញ ។ ថ្ងៃឈប់​សម្រាក​គឺ​ជា​អំណោយ​មក​ពី​ព្រះ ។

ខ្ញុំ​បាន​ចាប់​ផ្ដើម​អនុវត្ត​សេចក្តីជំនឿ​នៅក្នុង​ទីបន្ទាល់​នេះ ។

ទទួល​សាក្រាម៉ង់​ដោយ​សកម្ម

ការផ្លាស់ប្តូរ​ការផ្តោត​ចិត្ត​ទុកដាក់​របស់​ខ្ញុំ​ក៏​បាន​នាំ​ខ្ញុំ​ឲ្យ​ពិចារណា​ជា​ថ្មី​ម្តង​ទៀត​អំពី​របៀប​ដែល​ខ្ញុំ​ទទួល​សាក្រាម៉ង់​ផងដែរ ។ អស់​រយៈពេល​ជា​យូរមក​ហើយ ដែល​ខ្ញុំ​បាន​ចាត់ទុក​ថា សាក្រាម៉ង់​គឺជា​ពេលវេលា​ដែលខ្ញុំ​ដាក់ទោស​ខ្លួន​ឯង ។ ប៉ុន្ដែ​នោះ​ពុំមែន​ជា​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់​ឡើយ ។ ពិធី​សាក្រាម៉ង់​គឺ​ជា​ពិធីបរិសុទ្ធ​ពិសិដ្ឋ ដើម្បី​រំឭក​សេចក្តីសញ្ញា​របស់​យើង ។ វា​ជា​ឱកាស​ដើម្បី​ប្រែជា​ស្អាត​វិញ​ម្តង​ទៀត តាមរយៈ​អំណាច​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការផ្តោត​លើ​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ជាមួយ​នឹង​សេចក្តីជំនឿ និង​ដួងចិត្ត​ដែល​ប្រែចិត្ត នោះខ្ញុំ​បាន​ដឹង​ថា ពិធីសាក្រាម៉ង់​បាន​ផ្តល់​ភាពសុខសាន្ត នៅពេល​ខ្ញុំ​បាន​ទទួល​អំណាយ​ទាន​នៃ​ការអភ័យទោស នៅពេល​ខ្ញុំ​បាន​រក្សា​សេចក្តីសញ្ញា​របស់​ខ្ញុំ ហើយ​បាន​ទទួល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ) ។

ការគិត​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អំឡុងពេល​ពិធីសាក្រាម៉ង់​នាំ​មក​នូវ​អំណោយ​មួយ​ទៀត​ក្នុង​គំនិត​របស់​ខ្ញុំ ។ ខ្ញុំ​ពុំ​គ្រាន់តែ​អាច​ទទួល​បាន​ការអភ័យ​ទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ថែមទាំង​បាន​ទទួល​ការព្យាបាល​ផងដែរ ដោយសារ​ព្រះអង្គសង្គ្រោះ​បាន​លើក​ដាក់​លើ​ព្រះអង្គទ្រង់​នូវ​ការឈឺចាប់ និង​ជំងឺ​របស់​ខ្ញុំ ( សូមមើល អាលម៉ា ៧:១១–១២ ) ។ តាមរយៈដង្វាយ​ធួន​របស់​ទ្រង់ និង​ពិធី​សាក្រាម៉ង់ នោះ​ខ្ញុំ​អាច​រក​ឃើញ​ភាពសុខសាន្ត និង​កម្លាំង​នៅ​ថ្ងៃ​ឈប់​សម្រាក — ឬ​នៅ​ថ្ងៃ​ដទៃ​ផ្សេង​ទៀត — ជា​ជាង​មាន​ភាព​តានតឹង​ចិត្ត និង​កើត​ទុក្ខ ។

ហើយ​ខ្ញុំ​បាន​រកឃើញ​ភាពសុខសាន្ត​នោះ ។ ព្រះអង្គសង្គ្រោះ​គង់​នៅ​ទីនោះ​សម្រាប់​ខ្ញុំ​នៅ​ថ្ងៃ​អាទិត្យ និង​គ្រប់​ពេល​ជានិច្ច !

អនុវត្ត​សេចក្តីជំនឿ​ដែល​អត់ធ្មត់

នេះ​ពុំមែន​ជា​ការជួសជួល​ដែល​លឿន​ឡើយ ។ វា​ជា​ការពុះពារ​មួយ ហើយ​វា​ត្រូវការ​ពេលវេលា ។ « តែ​បើ​យើង​សង្ឃឹម​នឹង​បាន​អ្វី ដែល​មើល​មិន​ឃើញ​វិញ នោះ​យើង​នឹង​រង់ចាំ​នៅ​ដោយ​អំណត់ (រ៉ូម ៨:២៥) ។ ខ្ញុំ​បាន​បន្ត​ខិតខំ​ផ្តោត​ចិត្ត​ទុកដាក់ និង​អធិស្ឋាន​ដើម្បី​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ។

នៅ​ពេល​ចេះតែ​កន្លង​ទៅ ខ្ញុំ​បាន​រកឃើញ​ភាពសុខសាន្ត និង​ក្តីរីករាយ​នៅ​ថ្ងៃ​បរិសុទ្ធ​នោះ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ឈប់​នៅ​ទីនោះ​ឡើយ បើ​មិន​អញ្ចឹង​ទេ​ខ្ញុំ​នឹង​ត្រូវ​ធ្លាក់​ទៅក្នុង​ភាពសោកសៅ​នៅ​ថ្ងៃ​ឈប់​សម្រាក​ម្តង​ទៀត​ហើយ ។ រៀងរាល់​សប្តាហ៍​តម្រូវឲ្យ​មាន​ភាពរីករាយ​ផ្តោត​ទៅលើ​ព្រះអង្គសង្គ្រោះ និង​គោលបំណង​នៃ​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ការសន្យា​នៃ​ភាពសុខសាន្ត និង​អំណរ​គឺ​ជា​ការពិត ។

កំណត់​ចំណាំ

  1. សូមមើល និក្ខមនំ ២០:១១; និក្ខមនំ ៣១:១៥; លេវីវិន័យ ២៣:៣២; អេសាយ ៥៨:១៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:១៣ ។

  2. សូមមើល រ័សុល អិម ណិលសុន « ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–១៣២ ។