ការធ្វើដំណើររបស់អ្នកត្រួសត្រាយសម័យទំនើបបីនាក់
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ពួកយុវមជ្ឈិមវ័យបីនាក់ចែកចាយដំណើររឿងរបស់ពួកគេអំពីការចូលជាសមាជិកសាសនាចក្រ និងការបង្កើតមរតកនៃសេចក្តីជំនឿសម្រាប់ខ្លួនពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ។
អំឡុងពេលខ្ញុំកំពុងបម្រើបេសកកម្មរបស់ខ្ញុំនៅទីក្រុងមែលប៊ើន ប្រទេសអូស្ត្រាលី ខ្ញុំបាននៅក្នុងវួដមួយដែលបង្កើតឡើងដោយនិស្សិតអន្តរជាតិ ។ នៅពេលពួកគេរៀនអំពីពួកអ្នកត្រួសត្រាយនៅក្នុងថ្នាក់ថ្ងៃអាទិត្យ ខ្ញុំបានឆ្ងល់អំពីចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់ពួកគេ — ពួកគេស្ទើរតែទាំងអស់គ្នាគឺជាអ្នកប្រែចិត្តជឿថ្មី ហើយគ្មាននរណាម្នាក់មានជីដូនជីតាដែលបានដើរឆ្លងកាត់វាលទំនាបនៃទ្វីបអាមេរិកខាងជើងឡើយ ។
គួរឲ្យអស្ចារ្យណាស់ និស្សិតអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ដោយសារតែដំណើររឿងនានាដែលបានចែកចាយ ។ ពួកគេមួយចំនួនបានប្រាប់អំពីរបៀបដែលពួកគេផ្សារភ្ជាប់ទៅនឹងពួកបរិសុទ្ធជំនាន់ដើមដោយផ្ទាល់មួយ ៖ គឺដូចជាពួកអ្នកត្រួសត្រាយដែរ និស្សិតអន្តរជាតិទាំងនេះគឺជាអ្នកប្រែចិត្តជឿថ្មី ហើយបានធ្វើការលះបង់នានា ដើម្បីស្ថាបនាសាសនាចក្រនៅក្នុងតំបន់នានាដែលពួកគេរស់នៅ ។ សម្រាប់សមាជិកមួយចំនួន សាសនាចក្រមានតិចតួច ឬគ្មានសោះនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។ ពួកគេគឺជាអ្នកត្រួសត្រាយសម័យទំនើបនេះ ដែលនឹងបង្កើតមរតកនៃសាសនាថ្មីមួយសម្រាប់ជំនាន់ក្រោយៗទៀត ។
នេះគឺជាបទពិសោធន៍បីយ៉ាងមកពីអ្នកប្រែចិត្តជឿ ដែលបានក្លាយជាពួកអ្នកត្រួសត្រាយសម័យទំនើបនេះ ។
គោរពក្រុមគ្រួសាររបស់ខ្ញុំនៅក្នុងរបៀបថ្មីៗ
ណាមី ចាន់ ទីក្រុង តៅយ៉ុន ប្រទេស តៃវ៉ាន់
គ្រួសាររបស់ខ្ញុំ និងសាច់ញាតិជាច្រើនទៀតរបស់គ្រួសារខ្ញុំនៅក្នុងប្រទេសតៃវ៉ាន់គឺជាពុទ្ធសាសនិក ។ កាលខ្ញុំនៅតូច ខ្ញុំចាំពីការជួយរៀបចំគ្រឿងបូជាសម្រាប់ជីដូនជីតា និងព្រះជាច្រើនអង្គនៅក្នុងពិធីបុណ្យចូលឆ្នាំចិន និងថ្ងៃបុណ្យជាតិផ្សេងៗទៀត ។ វាគឺជាប្រពៃណីគ្រួសាររបស់ពួកយើង ព្រមទាំងជាពិធីមួយដើម្បីរំឭកដល់ជីដូនជីតារបស់យើង និងនាំសុខសន្តិភាព ព្រមទាំងភាពចម្រុងចម្រើនដល់គ្រួសាររបស់ខ្ញុំ ។
នៅពេលសាច់ញាតិមួយចំនួនរបស់ខ្ញុំបានចូលជាសមាជិកព្រះវិហារសាសនាគ្រិស្តដែលគ្មាននិកាយណាមួយ ដំបូង វាគ្មានការបះពាល់អ្វីឡើយដល់ក្រុមគ្រួសាររបស់ខ្ញុំនាគ្រានោះឡើយ ។ ប៉ុន្តែនៅអំឡុងពេលបុណ្យសែនផ្នូរ ជាពេលអ្នកថ្វាយបង្គំជីដូនជីតារបស់អ្នក ហើយដុតធូបនៅឯផ្នូររបស់ពួកគាត់ នោះសាច់ញាតិដែលជាពួកគ្រិស្តសាសនិករបស់ខ្ញុំបានបដិសេធមិនព្រមចូលរួមឡើយ ។ ពួកគេបាននិយាយថា ពួកគេត្រូវបានតាំងចិត្តធ្វើតាមក្រឹត្យវិន័យដប់ប្រការ ជាពិសេស « កុំឲ្យមានព្រះឯណាទៀតនៅចំពោះយើងឲ្យសោះ » ( និក្ខមនំ ២០:៣ ) ។ ក្រុមគ្រួសាររបស់ខ្ញុំពុំបានពិភាក្សាអំពីជំនឿដទៃទៀតពីមុនឡើយ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក ជំនឿលើសាសនាគ្រិស្តតំណាងឲ្យការបំផ្លាញប្រពៃណីនៅក្នុងក្រសែភ្នែករបស់គ្រួសារខ្ញុំ ហើយឃើញថា វាគឺជាពន្លឺអវិជ្ជមានមួយ ។
កាលខ្ញុំចូលរៀនមហាវិទ្យាល័យ នោះខ្ញុំបានជួបអ្នកផ្សព្វផ្សាយសាសនា អិល. ឌី. អេស. នៅតាមផ្លូវ ។ ជាទូទៅ ខ្ញុំពុំចាប់អារម្មណ៍លើអ្វីដែលពួកគេនិយាយឡើយ ប៉ុន្តែបទពិសោធន៍មួយចំនួនបានត្រៀមចិត្តរបស់ខ្ញុំដើម្បីទទួលយកសារលិខិតរបស់ពួកគេ ។ អំឡុងពេលជួបជាមួយពួកគេ ខ្ញុំបានយល់ព្រមអធិស្ឋាន ហើយអានព្រះគម្ពីរមរមន ហើយខ្ញុំបានចាប់ផ្តើមបង្កើននូវទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទនូវអ្វីដែលខ្ញុំកំពុងត្រូវបានបង្រៀន ។ ប៉ុន្តែដោយសារអារម្មណ៍របស់ឪពុកម្តាយរបស់ខ្ញុំប្រឆាំងនឹងជំនឿគ្រិស្តសាសនា នោះខ្ញុំពុំចង់ប្រាប់ពួកគេថា ខ្ញុំចង់ទទួលបុណ្យជ្រមុជទឹកឡើយ ។ ជាច្រើនខែ បន្ទាប់ពីខ្ញុំបានជួបជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាលើកដំបូង ទីបំផុតខ្ញុំបានប្រាប់ឪពុកម្តាយរបស់ខ្ញុំថា ខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក ហើយខ្ញុំចង់បម្រើបេសកកម្ម ។ ពួកគាត់បានអាក់អន់ចិត្ត ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំបានសម្រេចចិត្តត្រឹមត្រូវ ។
ខ្ញុំគ្មានជីដូនជីតាជាអ្នកត្រួសត្រាយឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ដូចជាខ្ញុំយល់អំពីការលះបង់របស់ពួកគាត់ ។ វាមានការលំបាកក្នុងការបោះបង់ទំនៀមទម្លាប់មួយចំនួន ហើយប្រឈមមុខនឹងការជំទាស់មកពីសមាជិកគ្រួសារ ។ សូម្បីតែពេលឥឡូវនេះ ប្រាំឆ្នាំបានកន្លងផុតទៅបន្ទាប់ពីខ្ញុំបានចូលជាសមាជិកសាសនាចក្រ នៅក្នុងគ្រាដែលខ្ញុំបានបម្រើបេសកកម្ម នោះគ្រួសាររបស់ខ្ញុំពុំគាំទ្រខ្ញុំទាំងស្រុងលើការសម្រេចចិត្តរបស់ខ្ញុំឡើយ ប៉ុន្តែពួកគាត់បានទទួលយកវា ។ ការចូលរួមសាសនាចក្របានអនុញ្ញាតឲ្យខ្ញុំគោរពគ្រួសាររបស់ខ្ញុំតាមរបៀបថ្មីៗ តាមរយៈការធ្វើពង្សប្រវត្តិ និងការស្រាវជ្រាវអំពីជីដូនជីតារបស់ខ្ញុំ ។ ទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ជួយខ្ញុំក្នុងការដោះស្រាយជម្លោះដែលខ្ញុំអាចមានជាមួយគ្រួសាររបស់ខ្ញុំ ។
ការរកឃើញអំណរមកពីដំណឹងល្អ
ហារី ហ្គន រដ្ឋយូថាហ៍ ស.រ.អា
ខ្ញុំធំឡើងនៅក្នុងប្រទេសចិន ហើយបានចាត់ទុកខ្លួនខ្ញុំថាជាគ្រិស្តសាសនិក ទោះបីជាតាមពិតទៅ ខ្ញុំពុំធ្លាប់បានទៅព្រះវិហារក្តី ។ ខ្ញុំបានចាប់អារម្មណ៍លើព្រះ និងព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំបានគិតអំពីគោលលទ្ធិរបស់គ្រិស្តសាសនាថាជាការលួងលោមចិត្តមួយ ។
នៅពេលខ្ញុំប្តូរទៅរៀនមហាវិទ្យាល័យនៅសហរដ្ឋ ខ្ញុំបានចាប់ផ្តើមចូលរួមព្រះវិហារគ្រិស្តសាសនាមួយដែលគ្មាននិកាយណាមួយឡើយ ។ ពីរបីខែក្រោយមក ខ្ញុំបានឮអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមកពីមិត្តភក្តិមួយចំនួនដែលកំពុងគិតពីការចូលរៀននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ ខ្ញុំបានសួរនិស្សិតមួយចំនួននៅព្រះវិហារគ្រិស្តសាសនាអំពីពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលពួកគេបានព្រមានខ្ញុំដោយស្មោះសរថា ឲ្យខ្ញុំនៅឲ្យឆ្ងាយពី « ពួកមរមន » ។ នៅពេលដំបូងខ្ញុំបានស្តាប់ការទូន្មានរបស់ពួកគេ ប៉ុន្តែនៅពេលខ្ញុំបានមើលប្រព័ន្ធផ្សព្វផ្សាយសង្គមប្រហែលជាមួយសប្តាហ៍ក្រោយមក ខ្ញុំបានឃើញសុន្ទរកថាមួយដែលថ្លែងដោយអែលឌើរ ជែហ្វ្រី អ័ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅក្នុងសុន្ទរកថានោះ លោកបានថ្លែងថា សមាជិកសាសនាចក្រគួរតែមានការគោរពដល់សាសនាដទៃ ( សូមមើល « Faith, Family, and Religious Freedom » lds.org/prophets-and-apostles ) ។ នៅពេលខ្ញុំបានស្តាប់អែលឌើរ ហូឡិន ខ្ញុំមានអារម្មណ៍ពីអ្វីដែលឥឡូវនេះខ្ញុំដឹងគឺជាព្រះវិញ្ញាណ ហើយបានសម្រេចចិត្តថា ខ្ញុំត្រូវតែរៀនបន្ថែមទៀតអំពីសាសនាចក្រនេះ ។
ទីបំផុតខ្ញុំបានទៅព្រះវិហារ ហើយក្រោយមកបានជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំមានការរំជួលចិត្តចំពោះការបង្រៀនរបស់ពួកគេ ជាពិសេសអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ ឪពុកម្តាយរបស់ខ្ញុំពុំសូវរីករាយប៉ុន្មានទេ នៅពេលខ្ញុំបានសម្រេចិត្តទទួលបុណ្យជ្រមុជទឹក ប៉ុន្តែពួកគាត់បានទទួលស្គាល់ថា ខ្ញុំមានភាពចាស់ទុំល្មមដើម្បីធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនហើយ ។ នៅពេលលោកតាលោកយាយរបស់ខ្ញុំបានមកសួរសុខទុក្ខខ្ញុំនៅអាមេរិកពីរបីខែក្រោយមក ខ្ញុំក៏បានបង្រៀនដំណឹងល្អដល់ពួកគាត់ ។ ពួកគាត់ទាំងពីរនាក់បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ។
ដំណឹងល្អបាននាំអំណរដ៏ខ្លាំងដល់ខ្ញុំ ហើយវាបាននាំខ្ញុំទៅរកស្ត្រីម្នាក់ដែលខ្ញុំនឹងរៀបការឆាប់ៗនាពេលខាងមុខ ។ វាសក្តិសមចំពោះតម្លៃនៃការលះបង់ដែលខ្ញុំធ្លាប់បានធ្វើ ឬនឹងធ្វើ ។
ការរៀបចំផ្លូវសម្រាប់ជំនាន់ក្រោយៗទៀត
ប្រូក គីនីគីនី រដ្ឋហាវ៉ៃ ស.រ.អា.
ខ្ញុំបានចូលជាសមាជិកសាសនាចក្រកាលខ្ញុំអាយុ ១៥ ឆ្នាំ ប៉ុន្តែខ្ញុំបានទៅព្រះវិហារ និងអភិវឌ្ឍសេចក្តីជំនឿ និងទីបន្ទាល់របស់ខ្ញុំតាំងពីខ្ញុំនៅតូចម៉្លេះ ។ ទោះបីខ្ញុំជាសមាជិកតែម្នាក់ឯងនៅក្នុងក្រុមគ្រួសារខ្ញុំក្តី ក៏មិត្តភក្តិដ៏ស្មោះត្រង់របស់ខ្ញុំស្រឡាញ់ខ្ញុំ ហើយបានដឹកនាំខ្ញុំតាមរយៈគំរូរបស់ពួកគេ ។
មិនដូចជាពួកអ្នកត្រួសត្រាយជំនាន់បុរាណឡើយ ខ្ញុំពុំធ្លាប់ដើរជាមួយនឹងការអូសរទេះឆ្លងកាត់វាលទំនាបដ៏ត្រជាក់ឡើយ ។ ប្រាកដណាស់ ខ្ញុំពុំជួបនូវការលំបាកច្រើនឡើយនៅពេលខ្ញុំចូលជាសមាជិកសាសនាចក្រ ។ មែនហើយ ខ្ញុំបានបាត់បង់មិត្តភក្តិមួយចំនួន ហើយខ្ញុំត្រូវចូលរួមព្រះវិហារតែម្នាក់ឯង ហើយទៅរៀនថ្នាក់សិក្ខាសាលាដោយខ្លួនឯង ។ ប៉ុន្តែនៅពេលខ្ញុំគិតអំពីឥទ្ធិពលដែលវាបានមាន ហើយបន្តមានមកលើគ្រួសាររបស់ខ្ញុំ នោះខ្ញុំដឹងថា វាគឺជាការសម្រេចចិត្តមួយដ៏ល្អបំផុតដែលខ្ញុំពុំធ្លាប់បានធ្វើពីមុនមក ។ ការសម្រេចចិត្តរបស់ខ្ញុំដើម្បីទទួលបុណ្យជ្រមុជទឹក ដើម្បីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ និងបន្តស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលខ្ញុំបានបង្កើតជាច្រវ៉ាក់នៃលក្ខខណ្ឌ ដែលនឹងមានឥទ្ធិពលវិជ្ជមានដល់ជីវិតនៃកូនទាំងបីដ៏ស្រស់ស្អាតរបស់ខ្ញុំ ព្រមទាំងជំនាន់ក្រោយៗទៀតជារៀងរហូត ។
ការធ្វើជាអ្នកត្រួសត្រាយគឺជាការរៀបចំផ្លូវសម្រាប់មនុស្សដទៃ ។ ខ្ញុំចូលចិត្តគិតអំពីពរជ័យមួយក្នុងចំណោមពរជ័យជាច្រើនដែលខ្ញុំបានទទួលក្នុងការធ្វើជាសមាជិកស្មោះត្រង់នៃសាសនាចក្រនោះគឺថា ខ្ញុំអាចជួយនាំមនុស្សដទៃទៀតឲ្យមកកាន់ព្រះគ្រីស្ទ ។ ព្រឹត្តិការណ៍នេះទំនងដូចជាតួចតាច — ដូចជាបុណ្យជ្រមុជទឹកនៃក្មេងស្រីអាយុ ១៥ ឆ្នាំ នៅម៉ោអ៊ី រដ្ឋ ហាវ៉ៃ ឬការអធិស្ឋានដ៏រាបសារបស់ក្មេងប្រុសអាយុ ១៤ ឆ្នាំនៅក្នុងព្រៃពិសិដ្ឋ — អាចផ្លាស់ប្តូរជីវិតរបស់ក្រុមគ្រួសារនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។
មុខងារនៃពួកអ្នកត្រួសត្រាយសម័យទំនើបពុំគ្រាន់តែបម្រុងទុកសម្រាប់អ្នកប្រែចិត្តជឿប៉ុណ្ណោះទេ ។ នៅពេលយើងព្យាយាមបង្កើតមរតកនៃសេចក្តីស្មោះត្រង់ដ៏យូរអង្វែងមួយសម្រាប់ជំនាន់ក្រោយៗមកទៀត នោះយើងទាំងអស់គ្នាអាចក្លាយជាអ្នកត្រួសត្រាយបាន ។