ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ការ​បង្រៀន​ដល់​កុមារ​តូចៗ


« ការ​បង្រៀន​ដល់​កុមារ​តូចៗ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ការបង្រៀន​ដល់​កុមារ​តូចៗ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ការ​បង្រៀន​ដល់​កុមារ​តូចៗ

ប្រសិន​បើ​បងប្អូន​មាន​កូន​តូចៗ​នៅក្នុង​គ្រួសារ​របស់​បងប្អូន ទាំងនេះ​គឺ​ជា​សកម្មភាព​មួយចំនួន​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​រៀន ៖

  • ច្រៀង ។ ទំនុកតម្កើង និង​ចម្រៀង​ចេញ​មកពី សៀវភៅ​ចម្រៀង​កុមារ បង្រៀន​អំពី​គោលលទ្ធិ​យ៉ាង​មាន​អានុភាព ។ សូមប្រើ លិបិក្រម​ប្រធាន​បទ នៅ​ខាង​ក្រោយ សៀវភៅ​ចម្រៀង​កុមារ ដើម្បី​រក​មើល​ចម្រៀង​ដែល​ទាក់​ទង​នឹង​គោលការណ៍​ដំណឹងល្អ​ដែល​បងប្អូន​កំពុង​បង្រៀន ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ភ្ជាប់​សារលិខិត​នៃ​ចម្រៀង​នោះ​ទៅ​នឹង​ជីវិត​របស់​ពួកគេ ។ ( សូមមើល​ផង​ដែរ « ការបញ្ចូល​តន្រ្តី​ពិសិដ្ឋ​នៅក្នុង​ការរៀនសូត្រ​ដំណឹងល្អ​របស់​បងប្អូន » នៅក្នុង​ធនធាន​នេះ ) ។

  • ស្ដាប់ ឬ​សម្ដែង​រឿង ។ កុមារ​តូចៗ​ចូល​ចិត្ត​រឿងនិទាន—ចេញ​មកពី​ព្រះគម្ពីរ ចេញ​មកពី​ជីវិត​របស់​បងប្អូន ចេញ​មកពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ឬ​ប្រវត្តិ​គ្រួសារ​របស់​បងប្អូន និង​មកពី ទស្សនាវដ្តី​សាសនាចក្រ ។ សូម​ស្វែងរក​មើល​នូវ​វិធី​នានា​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​និយាយ​ប្រាប់​រឿងនិទាន​ទាំងឡាយ ។ ពួកគេ​អាច​កាន់​រូបភាព ឬ​វត្ថុ​អ្វី​មួយ គូរ​រូបភាព​អំពី​អ្វី​ដែល​ពួកគេ​ស្ដាប់​ឮ សម្ដែង​រឿង ឬជួយ​និទានរឿង ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្គាល់​សេចក្ដីពិត​នៃដំណឹងល្អ​នៅក្នុង​រឿង​ដែល​បងប្អូន​ចែកចាយ ។

  • អានបទគម្ពីរ ។ កុមារ​តូចៗ​ពុំ​អាច​អាន​បាន​ច្រើនទេ ប៉ុន្តែ​បងប្អូន​នៅ​តែ​អាច​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​រៀន​សូត្រ​ចេញ​មកពី​បទគម្ពីរ​បាន​ដដែល ។ បងប្អូន​អាច​ចាំបាច់​ត្រូវ​ផ្ដោត​ទៅលើ​ខគម្ពីរ​មួយ ឃ្លាគន្លឹះ ឬ​ពាក្យគន្លឹះ​មួយ ។ កុមារ​ថែម​ទាំង​អាច​ទន្ទេញ​ឃ្លា​ខ្លីៗ​ចេញពី​បទគម្ពីរ​ទៀត​ផង ប្រសិនបើ​ពួកគេ​និយាយ​វា​ឡើងវិញ​ពីរ​បី​ដង ។ នៅ​ពេល​ពួកគេ​ស្ដាប់​ឮ​ព្រះបន្ទូល​របស់​ព្រះ នោះ​ពួកគេ​នឹង​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ ។

  • មើល​ទៅ​រូបភាព ឬ​មើល​វីដេអូ​មួយ ។ នៅពេល​បងប្អូន​បង្ហាញ​ដល់​កូនៗ​របស់​បងប្អូន​នូវ​រូបភាព ឬ​វីដេអូ​មួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ ឬ​ដំណើរ​រឿង​ក្នុង​បទគម្ពីរ សូមសួរ​ពួកគេ​នូវ​សំណួរ​ទាំងឡាយ​ដែល​ជួយ​ពួកគេ​ឲ្យ​រៀន​មកពី​អ្វី​ដែល​ពួកគេ​កំពុង​មើល​នោះ ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​ថា « តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅក្នុង​រូបភាព ឬ​វីដេអូ​នេះ ? តើ​រឿង​នោះ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​យ៉ាង​ណា ? កម្មវិធី Gospel Media នៅលើ​គេហទំព័រ GospelMedia.ChurchofJesusChrist.org និង children.ChurchofJesusChrist.org គឺជា​កន្លែង​ដ៏​ល្អ​ដើម្បី​រក​មើល​រូបភាព និង​វីដេអូ​ផ្សេងៗ ។

  • ច្នៃប្រឌិត ។ កុមារ​តូចៗ​អាច​សង់ គូរ ឬ​ផាត់ពណ៌​អ្វី​មួយ​ដែល​ទាក់ទង​នឹង​រឿង ឬ​គោលការណ៍​ដែល​ពួកគេ​កំពុង​រៀន​នោះ ។

  • ចូលរួម​ក្នុង​មេរៀន​ដែល​ប្រើ​វត្ថុ ។ មេរៀន​ដែល​ប្រើ​វត្ថុ​ដ៏​សាមញ្ញ​មួយ អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យយល់​គោលការណ៍​ដំណឹងល្អ​មួយ​ដែល​ពិបាក​យល់​បាន ។ នៅ​ពេល​ប្រើ​មេរៀន​ដែល​ប្រើ​វត្ថុ សូម​រក​វិធី​ដើម្បី​ឲ្យ​កូន​ៗ​របស់​បងប្អូន​ចូលរួម ។ ពួកគេ​នឹង​រៀន​បាន​កាន់តែ​ច្រើន​ចេញ​មកពី​បទពិសោធន៍​ប្រាស្រ័យទាក់ទង​គ្នា ជាជាង​គ្រាន់​តែ​មើល​ការ​បង្ហាញ ។

  • សម្ដែងរឿង ។ នៅពេល​កុមារ​តូចៗ​ដើរ​តួ​សម្តែង​អំពី​ស្ថានភាព​មួយ ដែល​ពួកគេប្រហែល​ជា​ជួប​ក្នុង​ជីវិត​ពិត នោះពួកគេ​នឹង​អាច​យល់​បាន​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​គោលការណ៍នៃ​ដំណឹងល្អ​មួយ​អាច​អនុវត្ត​បាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ធ្វើ​សកម្មភាព​សាឡើង​វិញ ។ កុមារ​តូចៗ​អាច​នឹង​ត្រូវការ​ស្ដាប់​អំពី​គំនិត​នានា​ឲ្យ​បាន​ច្រើន​ដង​ដើម្បី​យល់​ពី​គំនិត​នោះ ។ សូមកុំ​ខ្លាច​នឹង​និយាយ​រឿង ឬ​ធ្វើ​សកម្មភាព​ឡើង​វិញ​ឲ្យ​បាន​ញឹកញាប់​ឡើយ ។ ឧទាហរណ៍ បងប្អូន​អាច​ចែកចាយ​ដំណើរ​រឿង​ក្នុង​បទគម្ពីរ​មួយ​ច្រើន​ដង​តាម​របៀប​ផ្សេងៗ​គ្នា—ដោយ​អាន​ចេញ​មកពី​បទគម្ពីរ សង្ខេប​តាម​សម្ដី​របស់​បងប្អូន​ផ្ទាល់ បង្ហាញ​វីដេអូ អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​ជួយ​និទានរឿង និង​អញ្ជើញ​ពួកគេ​ឲ្យ​សម្ដែង​រឿង​ជា​ដើម ។

គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ