ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី ៖ « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់គ្នា »


« ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបសំណាក​ព្រះគ្រីស្ទ

ថ្ងៃទី ១២–១៨ ខែ ធ្នូ

ម៉ាឡាគី

« ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់គ្នា »

សារលិខិត​មួយ​ចំនួន​នៅក្នុង​គម្ពីរ​ម៉ាឡាគី​អាច​សំខាន់​ជាពិសេស ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​រៀន ។ នៅពេល​បងប្អូន​សិក្សា សូម​អធិស្ឋាន​ដើម្បី​អាច​ដឹង​ពី​សារលិខិត​ទាំងនោះ ។ ការធ្វើ​ដូច្នេះ​ក៏នឹង​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះអម្ចាស់​មាន​ចំពោះ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​អំពី​គម្ពីរ​ម៉ាឡាគី ដោយ​ការសរសេរ​ពាក្យ សារលិខិត នៅលើ​ក្ដារខៀន ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​សារលិខិត​សំខាន់ៗ ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ជំពូក​នីមួយៗ​នៃ​គម្ពីរ​ម៉ាឡាគី ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចងចាំ និង​ពិចារណា​ពី​អ្វី​ដែល​បាន​ចែកចាយ បងប្អូន​អាច​សរសេរ​សារលិខិត​ទាំងនោះ​នៅលើ​ក្តារខៀន ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាទ្បាគី ១:៦–១៤

ព្រះអម្ចាស់​បង្គាប់​ឲ្យ​មាន « ដង្វាយ​បរិសុទ្ធ » ។

  • ដើម្បី​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀន​អំពី​ដង្វាយ​នៅក្នុង ម៉ាទ្បាគី ១:៦–១៤ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ខគម្ពីរ​ទាំងនេះ​ឡើងវិញ​ដោយ​ស្ងាត់ស្ងៀម ហើយ​ពិភាក្សា​ជាមួយ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ទៀត​ពី​អ្វីមួយ ដែល​ពួកសង្ឃ​អ៊ីស្រាអែល​មិន​បាន​យល់​អំពី​ដង្វាយ ។ ហេតុអ្វី​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ធ្វើ​អស់ពី​លទ្ធភាព ? សមាជិក​ក្នុង​ថ្នាក់​អាច​ធ្វើ​បញ្ជី​មួយ​អំពី​ដង្វាយ ឬ​ពលិកម្ម​នានា​ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអម្ចាស់​នាពេល​សព្វថ្ងៃ ។ សម្រាប់​ចំណុច​នីមួយៗ​នៅលើ​បញ្ជី​នេះ ពួកគេ​អាច​ពិភាក្សា​ពី​អ្វី​ដែល​អាច​ធ្វើឲ្យ​ដង្វាយ « មិន​បរិសុទ្ធ » ឬ​អ្វី​ដែល​ធ្វើឲ្យ​មាន​ដង្វាយ « បរិសុទ្ធ » ( ម៉ាឡាគី ១:៧, ១១ ) ។

ម៉ាឡាគី ៣–៤

ការព្យាករ​របស់​ម៉ាឡាគី​កំពុង​ត្រូវបាន​បំពេញ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

  • បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​អំពី ម៉ាឡាគី ៣–៤ ដោយ​ការចង្អុល​បង្ហាញ​ថា មរ៉ូណៃ​បាន​ចែកចាយ​ខគម្ពីរ​មកពី​ជំពូក​ទាំងនេះ នៅពេល​លោក​បាន​បង្ហាញ​កាយ​មកកាន់ យ៉ូសែប ស៊្មីធ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៦–៣៩ ) ។ តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ជំពូក​ទាំងនេះ ដែល​សមាជិក​ក្នុង​ថ្នាក់​មាន​អារម្មណ៍​ថា​អាច​សំខាន់​ជាពិសេស​ដើម្បី​ឲ្យ​យ៉ូសែប—និង​ពួកយើង—ដឹង ? សមាជិក​ក្នុង​ថ្នាក់​អាច​ធ្វើការ​ជា​ក្រុម​តូចៗ ហើយ​រាយនាម​សេចក្ដីពិត​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅបាន ។ សូម​លើក​ទឹកចិត្ត​ក្រុម​ទាំងឡាយ​ឲ្យ​ចែកចាយ​បញ្ជី​របស់​ពួកគេ ហើយ​ពិភាក្សា​ពី​មូលហេតុ​ដែល​សេចក្ដីពិត​ទាំងនេះ​មាន​សារៈសំខាន់​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

ម៉ាទ្បាគី ៣:៨–១២

ព្រះអម្ចាស់​នឹង​បើក​ទ្វារ​ស្ថានសួគ៌ នៅពេល​យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង ។

  • ដើម្បី​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ក្រឹត្យវិន័យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​នៅក្នុង ម៉ាទ្បាគី ៣:៨–១២ និង​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ដឹង​ថា គោលការណ៍​ទាំងនេះ​គឺ​ពិត ។ ពួកគេ​អាច​និយាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរជ័យ​ដល់​ពួកគេ​—ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម—​ដោយសារ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ឬ​ពួកគេ​អាច​ពិភាក្សា​មេរៀន​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​អែលឌើរ ដេវីឌ អេ បែដណា បាន​ចែកចាយ​នៅក្នុង​សារលិខិត​របស់​លោក « The Windows of Heaven » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន នៅពេល​ពួកគេ​បាន​ខិតខំ​រស់នៅ​តាម​ក្រឹត្យវិន័យ​នេះ ។

  • សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន ម៉ាទ្បាគី ៣:៨–១២ ដោយ​ស្ងាត់ស្ងៀម ខណៈ​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​អាច​បង្រៀន​នរណាម្នាក់ ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ពួកគេ​ក៏អាច​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បាន​ដែរ ។ តើ​យើង​ចង់​ឲ្យ​មនុស្ស​ដទៃ​យល់​អ្វីខ្លះ​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? ឧទាហរណ៍ តើ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​មាន​ន័យ​ដូចម្ដេច ? ហេតុអ្វី​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​បង់​ដង្វាយ​នេះ ? តើ « ទ្វារ​ស្ថានសួគ៌ » ( ខទី ១០ ) បាន​បើក​តាម​របៀប​ណា នៅពេល​យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? តើ​មនុស្សម្នាក់​អាច​មាន​កង្វល់​អ្វីខ្លះ អំពី​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​តើ​យើង​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច ? សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ពី​របៀប​ដែល​ការកាន់តាម​បទបញ្ញត្តិ​នេះ បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

អេលីយ៉ា​បង្ហាញ​កាយ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

រចនា​រូបភាព​អំពី​អេលីយ៉ា​បង្ហាញ​កាយ​ទៅដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ រ៉ូប៊ើត ធី បារែត

ម៉ាទ្បាគី ៤:៥–៦

« យើង​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់គ្នា » ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​ទទួលបាន​ការយល់​ដឹង​ដ៏​មាន​ប្រយោជន៍​អំពី ម៉ាទ្បាគី ៤:៥–៦ តាមរយៈ​ការប្រៀបធៀប​ខគម្ពីរ​ទាំងនេះ ទៅនឹង​របៀប​ដែល​មរ៉ូណៃ​បាន​ដកស្រង់​ខគម្ពីរ​នេះ​ប្រាប់​ទៅ យ៉ូសែប ស៊្មីធ នៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៨–៣៩ ។ ( វា​អាច​ជា​ជំនួយ​ដើម្បី​ឲ្យ​នរណាម្នាក់​សរសេរ​ឃ្លា​នីមួយៗ​នៅក្បែរ​គ្នា​ដាក់​លើ​ក្ដារខៀន ) ។ តើ​ពាក្យពេចន៍​របស់​មរ៉ូណៃ​ត្រង់​ណា​ខ្លះ ដែល​ជួយ​បន្ថែម​ដល់​ការយល់ដឹង​របស់​យើង​អំពី​ខគម្ពីរ​នៅក្នុង​ម៉ាឡាគី ? បងប្អូន​ក៏អាច​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ​ផងដែរ ៖ តើ​នរណា​ជា « ពួក​ឪពុក » ? ( សូមមើល ចោទិយកថា ២៩:១៣ ) ។ តើ​ចិត្ត​របស់​យើង​បង្វែរ​មកឯ​ពួកឪពុក​របស់​យើង​ដោយ​របៀប​ណា ហើយ​តើ​ចិត្ត​របស់​ពួកលោក​បង្វែរ​មក​យើង​តាម​របៀប​ណា ? ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់ពី​របៀប​ដែល​ការព្យាករ​របស់​ម៉ាឡាគី​ត្រូវបាន​បំពេញ នោះ​ពួកគេ​អាច​អាន​ពី​ពេល​ដែល​អេលីយ៉ា​បាន​ប្រគល់​កូនសោ​នៃ​ការផ្សារភ្ជាប់​ទៅកាន់ យ៉ូសែប ស៊្មីធ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣–១៦ ) ។ ហេតុអ្វី​សមាជិក​ក្នុង​ថ្នាក់​មាន​អំណរ ដែល​កូនសោ​ទាំងនេះ​ត្រូវបាន​ស្ដារ​ឡើងវិញ ?

  • ម៉ាទ្បាគី ៤:៥–៦ ផ្ដល់​ឱកាស​ដ៏​ធំ​មួយ​ឲ្យ​និយាយ​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន ខណៈ​ធ្វើ​កិច្ចការ​នេះ និង​របៀប​ដែល​បទពិសោធន៍​ទាំងនោះ​បាន​ជួយ​ពួកគេ ឲ្យ​បង្វែរ​ចិត្ត​របស់​ពួកគេ​ទៅឯ​ឪពុក​របស់​ពួកគេ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ជំនាន់​ក្រោយៗ​ឲ្យ​បង្វែរ​ចិត្ត​របស់​ពួកគេ​មកឯ​ពួកយើង ?

រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​បញ្ហា​នៃ​សេចក្ដី​ជំនឿ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បាន​ពោល​ថា « យើង អាច បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង​បាន ។ វា​ពុំមែន​ជា​បញ្ហា​ប្រាក់កាស​នោះទេ ដោយសារ​វា​គឺជា​បញ្ហា​នៃ​សេចក្ដី​ជំនឿ​វិញទេតើ ។ ខ្ញុំ​មិន​ដែល​បាន​ជួប​នឹង​អ្នកបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ស្មោះត្រង់​ម្នាក់ ដែល​មិន​អាច​ថ្លែង​ទីបន្ទាល់​ថា តាម​របៀប​ដ៏​ត្រង់ៗ និង​អស្ចារ្យ​បំផុត​មួយ នោះ​ទ្វារ​ស្ថានសួគ៌​បាន​បើក​ឡើង ហើយ​ពរជ័យ​បាន​ចាក់ស្រោច​មកលើ​រូប​គេ​នោះ​ទេ » ( « Let Us Move This Work Forward » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨៥ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ចែក​រំលែក​ការពុះពារ​របស់​បងប្អូន និង​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ ពេលខ្លះ មនុស្ស​ដែល​ជួប​នឹង​ការសាកល្បង​មាន​អារម្មណ៍​ថា​ឯកោ ។ វា​អាច​ជា​រឿង​សមរម្យ​ដើម្បី​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ម្ដងម្កាល អំពី​គ្រា​មួយ​ដែល​បងប្អូន​បាន​ពុះពារ និង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​បងប្អូន ។