ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា ៖ « ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក »


« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា ៖ ‹ ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ព្រះយេស៊ូវ​កំពុង​ទតមើល​ផ្កាយ

« ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក » ( ហាបាគុក ៣:៦ ) ។ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ដោយ អ៊ីវ៉ា ធីម៉ូធី

ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ

ណាហ៊ុម; ហាបាគុក; សេផានា

« ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក »

គំរូ​របស់​បងប្អូន​ជា​អ្នករៀន​ដំណឹងល្អ​អាច​ផ្ដល់​ពរជ័យ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ សូម​ចែកចាយ​ជាមួយ​នឹង​ពួកគេ​នូវ​របៀប ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុងតែ​ជួយ​បងប្អូន​ឲ្យ​យល់ពី​បទគម្ពីរ ហើយ​បង្ហាញ​ទំនុកចិត្ត​របស់​បងប្អូន​ថា ទ្រង់​អាច​ជួយ​ពួកគេ​បាន​ដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ការយល់ដឹង​នានា​មកពី​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ បងប្អូន​អាច​សរសេរ ណាហ៊ុម ហាបាគុក និង សេផានា ជា​ចំណងជើង​នៅលើ​ក្តារខៀន ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅក្រោម​ចំណងជើង​នោះ​នូវ​ពាក្យ ឬ​ឃ្លា​មួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ព្រមទាំង​ជំពូក និង​ខគម្ពីរ​ដែល​ពួកគេ​រកឃើញ​វា​ផងដែរ ។ សូម​ផ្ដល់​ពេលវេលា​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុ​ដែល​ពាក្យ ឬ​ឃ្លា​ទាំងនេះ​មាន​អត្ថន័យ និង​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ពួកគេ ។

បង្រៀន​គោលលទ្ធិ

ណាហ៊ុម ១

ព្រះអម្ចាស់​មាន​ទាំង​ព្រះចេស្តា មាន​ទាំង​សេចក្ដី​មេត្តា​ករុណា ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​ស្រាវជ្រាវ​ក្នុង ណាហ៊ុម ១ រកមើល​ខគម្ពីរ​ដែល​ពិពណ៌នា​អំពី​គុណលក្ខណៈ​របស់​ព្រះអម្ចាស់ ។ បងប្អូន​អាច​សួរ​សមាជិក​ក្នុង​ថ្នាក់​ថា តើ​ពួកគេ​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ចេញពី​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ឧទាហរណ៍ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ទ្រង់​ចេញពី ខទី ១–៩ ? បងប្អូន​អាច​ចង្អុល​បង្ហាញ​ថា ណាហ៊ុម​បាន​ព្យាករ​ពី​ការជំនុំ​ជម្រះ​របស់​ព្រះអម្ចាស់​ទាស់​នឹង​ក្រុង​នីនីវេ ដែល​ជា​រដ្ឋធានី​នៃ​ស្រុក​អាសស៊ើរ ហើយ​ថា​សាសាន៍​អាសស៊ើរ​បាន​កៀប​សង្កត់​ពួកសាសន៍​អ៊ីស្រាអែល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ហេតុអ្វី​បានជា​វា​សំខាន់ ដើម្បី​ឲ្យ​ពួកសាសន៍៍​អ៊ីស្រាអែល​ស្ដាប់​ឮ​សារលិខិត​របស់​ណាហ៊ុម​អំពី​ព្រះ ? ហេតុអ្វី​បានជា​វា​សំខាន់​ចំពោះ​យើង​នា​សព្វថ្ងៃ​នេះ ?

    បន្ទាយ​ថ្ម

    « ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទីពឹង​មាំមួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទីពឹង​ផ្អែក » ( ណាហ៊ុម ១:៧ ) ។

ហាបាគុក ១:១–៤; ២:១–៤;

យើង​អាច​ទុកចិត្ត​លើ​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​លើ​ពេលវេលា​របស់​ទ្រង់​បាន ។

  • វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ដឹង​ថា ដូចជា​ពួកយើង​ភាគច្រើន​ដែរ ហាបាគុក​បាន​ខ្វល់ចិត្ត​នឹង​អ្វី​ដែល​លោក​បាន​ឃើញ​នៅក្នុង​ពិភពលោក​ជុំវិញ​ខ្លួន​លោក ។ ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​អាន ហាបាគុក ១:១–៤ ហើយ​សង្ខេប​ការខ្វល់ខ្វាយ​របស់​ហាបាគុក ។ ពួកគេ​ក៏អាច​ប្រៀបធៀប​សំណួរ​របស់​លោក ទៅនឹង​សំណួរ​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​បាន​ផងដែរ ដូចជា​បទគម្ពីរ​នៅក្នុង ម៉ាកុស ៤:៣៧–៣៨ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១–៦ ។ តើ​មនុស្ស​សួរ​សំណួរ​ស្រដៀង​នេះ​អ្វីខ្លះ​អំពី​ព្រះ​នាពេល​បច្ចុប្បន្ន ? តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការប្រឹក្សា​អ្វីខ្លះ​នៅក្នុង ហាបាគុក ២:១–៤ ដែល​ជួយ​បងប្អូន​ឲ្យ​ទុកចិត្ត​លើ​ព្រះទ័យ និង​ពេលវេលា​របស់​ទ្រង់ ? ( សូមមើល​ផងដែរ ម៉ាកុស ៤:៣៩–៤០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧–៨ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​រកឃើញ​ការយល់​ដឹង​ដ៏​មាន​អត្ថប្រយោជន៍​ផ្សេងទៀត​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ ពួកគេ​ក៏អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ពួកគេ​ឲ្យ « រស់នៅ​ដោយសារ​សេចក្តី​ជំនឿ​របស់ [ ពួកគេ ] » ទោះជា​ពេល​ពួកគេ​មាន​សំណួរ​ដែល​គ្មាន​ចម្លើយ​ក្ដី ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី ហាបាគុក ៣ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិនិត្យ​មើល​ជំពូក​នេះ​ឡើងវិញ ហើយ​ចែកចាយ​ទំនុក​សរសើរ និង​សេចក្ដី​ជំនឿ​ដែល​ពួកគេ​រកឃើញ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​ពាក្យពេចន៍​ទាំងនេះ​ចំពោះ​ខ្លួន​គេ បងប្អូន​អាច​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ សរសេរ​បញ្ជី​មួយ​ស្ដីពី​ពរជ័យ​ទាំងឡាយ ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​នូវ​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​ពួកគេ​បាន​បាត់បង់​ពរជ័យ​ខាង​សាច់ឈាម​របស់​ពួកគេ​មួយ​ចំនួន ។ សូម​អាន​រួមគ្នា​ក្នុង ហាបាគុក ៣:១៧–១៩ ហើយ​ពិភាក្សា​ពី​មូលហេតុ​ដែល​វា​អាច​ពិបាក​ដើម្បី « អរ​រីករាយ​ដោយសារ​ព្រះយេហូវ៉ា » ( ខទី ១៨ ) អំឡុងពេល​មាន​ទុក្ខ​លំបាក​ដូចជា​អ្វី​ដែល​បាន​រៀបរាប់​នៅក្នុង ខទី ១៧ ។ តើ​យើង​អាច​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ដូចជា​ហាបាគុក​យ៉ាង​ដូចម្ដេច ?

សេផានា ៣:១៤–២០

ព្រះអម្ចាស់​នឹង​អរ​ព្រះទ័យ​ជាមួយ​ប្រជាជន​របស់​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូន ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​សេចក្ដី​សង្ឃឹម​សម្រាប់​ពេល​អនាគត​នៅក្នុង សេផានា ៣:១៤–២០ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន « ចូរ​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ » ដោយសារ… ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង​ខគម្ពីរ​ទាំងនេះ រកមើល​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ពេល​អនាគត ដែល​អាច​ជួយ​ពួកគេ​ឲ្យ​អរ​រីករាយ​នៅ​ថ្ងៃនេះ​បាន ។ តើ​សេចក្ដី​សន្យា​ទាំងនេះ​ជួយ​យើង​នៅក្នុង​គ្រាលំបាក​បាន​យ៉ាង​ដូចម្តេច ?

រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

សេចក្ដី​ជំនឿ​មាន​ន័យ​ថា ការទុកចិត្ត​លើ​ព្រះប្រាជ្ញា​ញាណ សេចក្ដី​មេត្តា​ករុណា និង​ពេលវេលា​របស់​ព្រះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា

« តើ​យើង​ត្រូវ​រង់ចាំ​ការធូរ​ស្បើយ​ពី​ទុក្ខ​លំបាក​ដែល​មាន​មកលើ​យើង​ដល់​ពេល​ណា ? ចុះ​ចំណែក​ឯ​ការស៊ូទ្រាំ​នឹង​ការសាកល្បង​ផ្ទាល់ខ្លួន ខណៈ​យើង​រង់ចាំ ហើយ​រង់ចាំទៀត ហើយ​ជំនួយ​ហាក់​ដូចជា​មក​ដល់​យឺត​ណាស់​នោះ ? ហេតុអ្វី​ពន្យារពេល នៅពេល​ដែល​បន្ទុក​ហាក់​ដូចជា​ធ្ងន់​ជាង​អ្វី​ដែល​យើង​អាច​រែកពន់​បាន​ទៀតនោះ ? …

« … នឹង​មាន​ពេលវេលា​ទាំងឡាយ​នៅក្នុង​ជីវិត​យើង ជាពេល​ដែល​ការប្រឹងប្រែង​ខាង​វិញ្ញាណ​ដ៏​អស់​ពី​សមត្ថភាព និង​ការអធិស្ឋាន​អង្វរ​ដ៏​ស្មោះសរ​បំផុត​ហើយ នៅតែ​ពុំ​បាន​ជ័យជម្នះ តាម​ដែល​យើង​ចង់​បាន​យ៉ាង​ខ្លាំង​នោះ​ទេ មិន​ថា​វា​ទាក់ទង​នឹង​បញ្ហា​ដ៏​ធំ​ជា​សកល ឬ​បញ្ហា​ផ្ទាល់ខ្លួន​តូចៗ​ឡើយ ។ ដូច្នេះ ខណៈ​ដែល​យើង​ធ្វើ​កិច្ចការ និង​រង់ចាំ​ជាមួយ​គ្នា​ដើម្បី​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​មួយ​ចំនួន​របស់​យើង នោះ​ខ្ញុំ​សូម​ផ្ដល់​ដល់​បងប្អូន​នូវ​ការសន្យា​របស់​ខ្ញុំ​ក្នុងនាម​ជា​សាវក​ថា ទ្រង់​ឮ​ការអធិស្ឋាន​ទាំងនោះ ហើយ​វា​នឹង​ត្រូវបាន​ឆ្លើយតប ទោះ​យ៉ាងណា​ប្រហែល​ជា​មិន​តាម​ពេលវេលា ឬ​តាម​របៀប​ដែល​យើង​ចង់​បាន​នោះ​ទេ ។ ប៉ុន្តែ​វា តែងតែ ត្រូវបាន​ឆ្លើយតប​តាម​ពេលវេលា និង​តាម​របៀប​ដែល​ព្រះបិតា ឬ​ព្រះមាតា​ដែល​ញាណ​ដឹង​សព្វគ្រប់ និង​មាន​ព្រះទ័យ​អាណិត​អាសូរ​អស់កល្ប​ជានិច្ច គួរតែ​ឆ្លើយតប ។ …

« … សេចក្ដី​ជំនឿ​មាន​ន័យ​ថា ការទុកចិត្ត​លើ​ព្រះ​នៅក្នុង​គ្រា​ល្អ និង​គ្រា​អាក្រក់ សូម្បីតែ​បើ​វា​មាន​ទាំង​ការរងទុក្ខ​ខ្លះ​រហូត​ទាល់តែ​យើង​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ​ក្ដី » ( « Waiting on the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៥–១៦ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សួរ​សំណួរ​បើក ។ នៅពេល​សួរ​សមាជិក​ក្នុង​ថ្នាក់​អំពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​បទគម្ពីរ « សូម​ឲ្យ​ពួកគេ​ដឹង​ថា អ្នក​ពុំ​រកមើល​ចម្លើយ​ជាក់លាក់​មួយ​ទេ ប៉ុន្តែ​ថា​អ្នក​មាន​ចំណាប់​អារម្មណ៍​ដោយ​ស្មោះ​ទៅលើ​អ្វី​ដែល​ពួកគេ​កំពុង​រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៩ ) ។ សម្រាប់​ជា​ឧទាហរណ៍​ខ្លះៗ​អំពី​សំណួរ​បើក សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣១–៣២ ។