« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា៖ ‹ ដំណើររបស់ទ្រង់មានតាំងពីបុរាណមក › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )
« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ
ណាហ៊ុម; ហាបាគុក; ចសេផានា
« ដំណើររបស់ទ្រង់មានតាំងពីបុរាណមក »
បងប្អូនអាចសិក្សាព្រះគម្ពីរអស់មួយជីវិត ហើយនៅតែទទួលបានការយល់ដឹងថ្មីៗទៀត ។ សូមកុំមានអារម្មណ៍ថា បងប្អូនត្រូវយល់អ្វីគ្រប់យ៉ាងពេលឥឡូវនេះឡើយ ។ សូមអធិស្ឋានទូលសូមជំនួយដើម្បីដឹងពីសារលិខិតដែលបងប្អូនត្រូវការនៅថ្ងៃនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ជារឿយៗ ការអានព្រះគម្ពីរសញ្ញាចាស់មានន័យថា បងប្អូនកំពុងអានការព្យាករអំពីការបំផ្លិចបំផ្លាញ ។ ជាញឹកញាប់ ព្រះអម្ចាស់បានហៅពួកព្យាការីឲ្យព្រមានដល់ជនទុច្ចរិត ថាការជំនុំជម្រះរបស់ទ្រង់បានកើតមានចំពោះពួកគេ ។ ការងារបម្រើរបស់ណាហ៊ុម ហាបាគុក និងសេផានា គឺជាឧទាហរណ៍ដ៏ល្អមួយ ។ ព្យាការីទាំងនេះបានប្រាប់ជាមុននូវរឿងលម្អិតដ៏គួរឲ្យខ្លាចពីទីក្រុងដែលនឹងត្រូវវិនាស ដែលទីក្រុងទាំងនោះហាក់ដូចជារឹងមាំ និងខ្លាំងក្លានាពេលនោះ—ក្រុងនីនីវេ ក្រុងបាប៊ីឡូន និងសូម្បីតែក្រុងយេរូសាឡិមក្តី ។ ប៉ុន្តែ រឿងនោះគឺកន្លងទៅជាងរាប់ពាន់ឆ្នាំមកហើយ ។ ហេតុអ្វីវាមានតម្លៃដើម្បីអានពីការព្យាករទាំងនេះនៅសព្វថ្ងៃនេះ ?
ទោះបីជាទីក្រុងដ៏ឆ្មើងឆ្មៃ ទុច្ចរិតទាំងនោះត្រូវបានបំផ្លាញទៅក្តី ក៏ការឆ្មើងឆ្មៃ និងអំពើទុច្ចរិតនៅតែមានដដែល ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ នៅពេលខ្លះយើងមានអារម្មណ៍ថា ត្រូវបានហ៊ុមព័ទ្ធដោយអំពើអាក្រក់ ដែលត្រូវបានថ្កោលទោសដោយពួកព្យាការីពីបុរាណ ។ យើងថែមទាំងអាចមើលឃើញដានរបស់វានៅក្នុងដួងចិត្តយើងផងដែរ ។ ការព្យាករទាំងនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់បើកសម្តែងពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យអំពីការឆ្មើងឆ្មៃ និងអំពើទុច្ចរិត ហើយវាបង្រៀនយើងថា យើងអាចងាកចេញពីអំពើអាក្រក់ទាំងនេះបាន ។ ប្រហែលនោះជាមូលហេតុមួយដែលយើងនៅតែអានការព្យាករពីបុរាណទាំងនេះនៅសព្វថ្ងៃនេះ ។ ណាហ៊ុម ហាបាគុក សេផានា និងអ្នកដទៃទៀតពុំមែនគ្រាន់តែជាពួកព្យាការីដែលព្យាករតែពីការវិនាសនោះទេ—ពួកលោកក៏ជាព្យាការីនៃការរំដោះផងដែរ ។ ការពិពណ៌នាពីការបំផ្លិចបំផ្លាញរាងចុះថយដោយការអញ្ជើញឲ្យមករកព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីមេត្តាករុណារបស់ទ្រង់ ៖ « ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្តីសុចរិត ចូរស្វែងរកសេចក្តីសុភាពចុះ » ( សេផានា ២:៣ ) ។ នេះគឺជារបៀបរបស់ព្រះអម្ចាស់កាលពីបុរាណ និងជារបៀបរបស់ទ្រង់នៅសម័យនេះ។ « ដំណើររបស់ទ្រង់មានតាំងពីបុរាណមក » ( ហាបាគុក ៣:៦ ) ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរទាំងនេះ សូមមើល « ណាហ៊ុម » « ហាបាគុក » និង « សេផានា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់មានទាំងព្រះចេស្ដា និងសេចក្ដីមេត្តាករុណា ។
បេសកកម្មរបស់ណាហ៊ុមគឺដើម្បីប្រាប់ទុកជាមុនអំពីការបំផ្លិចបំផ្លាញនៃក្រុង នីនីវេ—ជារាជធានីនៃស្រុកអាសស៊ើរដែលជាចក្រភពដ៏ឃោរឃៅ ដែលបានធ្វើឲ្យសាសន៍អ៊ីស្រាអែលបែកខ្ញែកគ្នា និងបានធ្វើបាបសាសន៍យូដាយ៉ាងឃោរឃៅ ។ ណាហ៊ុមបានចាប់ផ្ដើមដោយរៀបរាប់ពីសេចក្ដីក្រោធខឹង និងព្រះចេស្ដាដ៏គ្មានគូផ្ទឹមរបស់ព្រះ ប៉ុន្តែលោកក៏បានថ្លែងអំពីសេចក្ដីមេត្តាករុណា និងសេចក្ដីល្អរបស់ព្រះដែរ ។ បងប្អូនអាចពិចារណាកំណត់ពីខគម្ពីរនៅក្នុង ជំពូក១ ដែលជួយបងប្អូនឲ្យយល់ដឹងពីគុណលក្ខណៈនីមួយៗទាំងនេះ—និងគុណលក្ខណៈផ្សេងទៀតអំពីព្រះដែលបងប្អូនសម្គាល់ឃើញ ។ ហេតុអ្វីបានជាបងប្អូនគិតថា វាមានសារៈសំខាន់ដើម្បីដឹងរឿងទាំងនេះអំពីព្រះអម្ចាស់ ?
មនុស្សមួយចំនួនអាចគិតថា វាគឺជារឿងដ៏ពិបាកដើម្បីផ្សះផ្សាការបង្រៀននៅក្នុងបទគម្ពីរថា « ព្រះយេហូវ៉ាទ្រង់ល្អ » ( ណាហ៊ុម ១:៧ ) ជាមួយនឹងការបង្រៀនថាទ្រង់ « រក្សាទុកនូវសេចក្តីក្រោធសម្រាប់ពួកខ្មាំងសត្រូវ » ( ណាហ៊ុម ១:២ ) ។ នៅក្នុងព្រះគម្ពីរមរមន កូនប្រុសរបស់អាលម៉ា កូរីអានតុន មានសំណួរស្រដៀងគ្នានេះ « ស្ដីអំពីសេចក្ដីយុត្តិធម៌នៃព្រះក្នុងការធ្វើទោសដល់ជនដែលមានបាប » ( អាលម៉ា ៤២:១ ) ។ ដើម្បីរៀនបន្ថែមទៀតអំពីសេចក្ដីមេត្តាករុណារបស់ព្រះ និងរបៀបដែលវាទាក់ទងនឹងសេចក្ដីយុត្តិធម៌របស់ទ្រង់ សូមអានចម្លើយរបស់អាលម៉ាទៅកាន់ កូរីអានតុន នៅក្នុង អាលម៉ា ៤២ ។
ខ្ញុំអាចទុកចិត្តលើព្រះទ័យរបស់ព្រះអម្ចាស់ និងកាលវេលារបស់ទ្រង់ ។
ពេលខ្លះសូម្បីតែពួកព្យាការីក៏មានសំណួរអំពីរបៀបរបស់ព្រះអម្ចាស់ដែរ ។ ហាបាគុកដែលរស់នៅគ្រានៃការរីករាលដាលដ៏ធំនៃសេចក្ដីទុច្ចរិតនៅស្រុកយូដា បានចាប់ផ្ដើមកំណត់ត្រារបស់លោកជាមួយនឹងសំណួរទៅកាន់ព្រះអម្ចាស់ ( សូមមើល ហាបាគុក ១:១–៤ ) ។ តើបងប្អូននឹងសង្ខេបពីកង្វល់របស់ហាបាគុកយ៉ាងដូចម្ដេច ? តើបងប្អូនធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះដែរឬទេ ?
ព្រះអម្ចាស់បានតបទៅនឹងសំណួររបស់ហាបាគុក ដោយមានបន្ទូលថា ទ្រង់នឹងចាត់សាសន៍ខាល់ដេ ( ពួកបាប៊ីឡូន ) ឲ្យដាក់ទោសដល់សាសន៍យូដា ( សូមមើល ហាបាគុក ១:៥–១១ ) ។ ប៉ុន្តែហាបាគុកនៅតែខ្វល់ក្នុងចិត្ត ពីព្រោះវាហាក់ដូចជាអយុត្តិធម៌ ដោយសារព្រះអម្ចាស់ឈរចាំមើល « កាលដែលពួកអ្នក [ បាប៊ីឡូន ] អាក្រក់លេបមនុស្ស [ សាសន៍យូដា ] ដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ » ( សូមមើល ខទី ១២–១៧ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង ហាបាគុក ២:១–៤ ដែលបំផុសគំនិតបងប្អូនឲ្យទុកចិត្តលើព្រះអម្ចាស់ ពេលដែលបងប្អូនមានសំណួរដែលគ្មានចម្លើយនោះ ?
ជំពូកទី ៣ នៃហាបាគុកគឺជាការអធិស្ឋានសរសើរតម្កើងព្រះ និងការបង្ហាញសេចក្ដីជំនឿលើទ្រង់ ។ តើបងប្អូនមានចំណាប់អារម្មណ៍អ្វីខ្លះអំពីពាក្យពេចន៍របស់ហាបាគុកនៅក្នុង ខទី ១៧–១៩ ? តើសូរនៃខគម្ពីរទាំងនេះខុសប្លែកពី ហាបាគុក ១:១–៤ យ៉ាងដូចម្ដេច ? សូមពិចារណាពីរបៀបដែលបងប្អូនអាចអភិវឌ្ឍសេចក្ដីជំនឿដ៏អស្ចារ្យជាងនេះលើព្រះ ទោះជាពេលដែលជីវិតទំនងជាមានភាពអយុត្តិធម៌ក្ដី ។
សូមមើលផងដែរ ហេព្រើរ ១០:៣២–៣៩; ១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១–៦; រ៉ូប៊ឺត ឌី ហែល « Waiting upon the Lord: Thy Will Be Done » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧១–៧៤ ។
« អស់អ្នករាបសានៅផែនដី ចូរស្វែងរកទ្រង់ » ។
សេផានាបានព្យាករថា ប្រជាជនយូដានឹងត្រូវបំផ្លាញចោលទាំងស្រុងដោយពួកបាប៊ីឡូន ដោយសារតែសេចក្ដីទុច្ចរិតរបស់ពួកគេ ។ « ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យើងនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ » ( សេផានា ១:២ ) ។ ហេតុដូច្នេះហើយ សេផានាក៏ថ្លែងថា « ពួកសំណល់ » មួយនឹងត្រូវបានរក្សាទុក ( សេផានា ៣:១៣ ) ។ នៅពេលបងប្អូនអានការព្យាករទាំងនេះ សូមកត់សម្គាល់ពីប្រភេទឥរិយាបថ និងអាកប្បកិរិយាដែលបានបណ្តាលឲ្យសាសន៍យូដា និងក្រុមដទៃទៀតឈានដល់ការបំផ្លិចបំផ្លាញ—ជាពិសេស សូមមើល សេផានា ១:៤–៦, ១២; ២:៨, ១០, ១៥; ៣:១–៤ ។ បន្ទាប់មក សូមរកមើលបុគ្គលិកលក្ខណៈរបស់ប្រជាជនដែលព្រះនឹងរក្សាទុក—សូមមើល សេផានា ២:១–៣; ៣:១២–១៣, ១៨–១៩ ។ តើបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់មានព្រះរាជសារអ្វីខ្លះដល់បងប្អូននៅក្នុងខគម្ពីរទាំងនេះ ?
សេផានា ៣:១៤–២០ ពិពណ៌នាពីអំណរនៃមនុស្សសុចរិត បន្ទាប់ពីព្រះអម្ចាស់ « បានបោះខ្មាំងសត្រូវរបស់ឯងចេញ » ( ខទី ១៥ ) ។ តើពរជ័យអ្វីខ្លះដែលបានសន្យានៅក្នុងខគម្ពីរទាំងនេះ ដែលបងប្អូនចាប់អារម្មណ៍ ? ហេតុអ្វីវាសំខាន់ចំពោះបងប្អូនដើម្បីដឹងអំពីពរជ័យទាំងនេះ ? បងប្អូនអាចប្រៀបធៀបខគម្ពីរទាំងនេះទៅនឹងបទពិសោធន៍ដែលបានរៀបរាប់នៅក្នុង នីហ្វៃទី៣ ១៧ ហើយពិចារណាពីព្រះទ័យរបស់ព្រះយេស៊ូវគ្រីស្ទចំពោះរាស្ត្រទ្រង់—រួមទាំងបងប្អូនផងដែរ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ណាហ៊ុម ១:៧ ។តើព្រះអម្ចាស់ប្រៀបបាននឹង « ទីពឹងមាំមួន » យ៉ាងដូចម្ដេច ? ប្រហែលជាគ្រួសាររបស់បងប្អូនអាចសង់ទី ឬបន្ទាយសាមញ្ញមួយនៅក្នុងផ្ទះរបស់បងប្អូន ហើយពិភាក្សាអំពី ណាហ៊ុម ១:៧ កាលនៅក្នុងបន្ទាយនោះ ។ តើអ្វីទៅដែលធ្វើឲ្យគ្រារបស់យើងក្លាយជា « គ្រាលំបាក » ? តើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ពង្រឹងដល់យើងយ៉ាងដូចម្ដេច ? តើយើងបង្ហាញថាយើង « យកទ្រង់ជាទីពឹង » យ៉ាងដូចម្ដេច ?
-
ហាបាគុក ២:១៤ ។តើយើងអាចជួយបំពេញការព្យាករនៅក្នុងខគម្ពីរនេះយ៉ាងដូចម្ដេច ?
-
ហាបាគុក ៣:១៧–១៩ ។តើយើងរៀនអ្វីខ្លះមកពីគំរូរបស់ហាបាគុកនៅក្នុងខគម្ពីរទាំងនេះ ?
-
សេផានា ២:៣ ។បងប្អូនអាចលេងល្បែងកម្សាន្តមួយ ដែលសមាជិកគ្រួសារត្រូវស្វែងរកពាក្យ « សេចក្ដីសុចរិត » និង « សេចក្ដីសុភាព » នៅលើក្រដាសមួយទំព័រដែលមានពាក្យច្រើនផ្សេងគ្នា ។ បន្ទាប់មក ពួកគេអាចពិភាក្សាអំពីគំរូនៃសេចក្ដីសុចរិត និងសេចក្ដីសុភាពដែលពួកគេធ្លាប់បានឃើញនៅក្នុងគ្រួសារ ។ តើការស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសុភាពមានន័យដូចម្ដេច ?
-
សេផានា ៣:១៤–២០ ។តើយើងរកឃើញអ្វីខ្លះនៅក្នុង សេផានា ៣:១៤–២០ ដែលធ្វើឲ្យយើងចង់ « ច្រៀង … អរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្ត » ? ប្រហែលជាគ្រួសាររបស់បងប្អូនអាចច្រៀងទំនុកតម្កើង ឬចម្រៀងដែលពួកគេនឹកឃើញ នៅពេលពួកគេអានខគម្ពីរទាំងនេះ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ស្វែងរកព្រះអម្ចាស់ពីក្មេង » សៀវភៅចម្រៀងកុមារ ទំព័រ ៦៧ ។