ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី ៖ « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់​គ្នា »


« ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់​គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបសំណាកព្រះគ្រីស្ទ

ថ្ងៃ​ទី ១២–១៨ ខែ ធ្នូ

ម៉ាឡាគី

« ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់​គ្នា »

ឈ្មោះ​ម៉ាឡាគី​មាន​ន័យថា « សារទូត​របស់​យើង » ( Bible Dictionary « ម៉ាឡាគី » ) ។ នៅពេល​បងប្អូន​សិក្សា​សារលិខិត​របស់​ម៉ាឡាគី ចំពោះ​សាសន៍​អ៊ីស្រាអែល តើ​សារលិខិត​អ្វី​ដែល​បងប្អូន​រកឃើញ​សម្រាប់​ជីវិត​របស់​បងប្អូន ? តើ​ពាក្យសម្តី​របស់​ម៉ាឡាគី​ទាក់ទង​នឹង​សម័យ​របស់​យើង​យ៉ាង​ដូចម្តេច ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​រាស្រ្ត​របស់ទ្រង់​តាមរយៈ​ព្យាការី​ម៉ាឡាគី​ថា « យើង​បាន​ស្រឡាញ់​ឯង​រាល់​គ្នា » ។ ប៉ុន្តែ​សាសន៍​អ៊ីស្រាអែល ដែល​បាន​រងទុក្ខ និង​ជាប់​ក្នុង​សេវកភាព​រាប់​ជំនាន់ បាន​ទូលសួរ​ព្រះអម្ចាស់​ថា « ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ? » ( ម៉ាទ្បាគី ១:២ ) ។ បន្ទាប់ពីអ្វីៗ​គ្រប់យ៉ាង​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ឆ្លងកាត់ នោះពួកគេ​អាច​នឹង​ងឿង​ឆ្ងល់​ថា​តើ​ប្រវត្តិសាស្ត្រ​នៃ​ស្រុក​អ៊ីស្រាអែល​ពីបុរាណ​គឺពិតជា​ដំណើរ​រឿង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដែរ​ឬទេ ។

នៅពេល​បងប្អូន​សញ្ជឹង​គិត​ពី​អ្វី​ដែល​បងប្អូន​បាន​អាន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ឆ្នាំ​នេះ តើ​បងប្អូន​រក​ឃើញ​ភស្ដុតាង​អ្វីខ្លះ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ? វា​ងាយ​ស្រួល​ដើម្បី​មើលឃើញ​ពី​ឧទាហរណ៍​ជាច្រើន​ស្ដីពី​ភាពទន់ខ្សោយ និង​ការ​បះបោរ​របស់​មនុស្ស ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងនោះក្ដី ក៏​ព្រះពុំ​ដែល​ឈប់​ឈោង​ទៅជួយ​ដោយ​សេចក្ដីស្រឡាញ់​ដែរ ។ នៅពេល​ពួក​កូនប្រុស​របស់​យ៉ាកុប​ធ្វើ​ខុស​ចំពោះ​យ៉ូសែប ជា​ប្អូនប្រុស​របស់​ពួកគេ នោះ​ព្រះអម្ចាស់​នៅ​តែ​រៀបចំ​របៀប​មួយ​ដើម្បី​សង្គ្រោះ​ពួកគេ​ពី​គ្រោះ​អំណត់អត់​ដែរ ( សូមមើល លោកុប្បត្តិ ៤៥:៤–៨ ) ។ នៅពេល​សាសន៍​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​នៅ​ក្នុង​ទីរហោស្ថាន នោះព្រះ​បាន​ចិញ្ចឹម​ពួកគេ​ដោយ​នំ​ម៉ាន៉ា ( សូម​មើល និក្ខមនំ ១៦:១–៤ ) ។ សូម្បីតែ​នៅពេល​ដែល​សាសន៍​អ៊ីស្រាអែល​បាន​បោះបង់​ទ្រង់ ងាកទៅ​រក​ព្រះ​ផ្សេង​ទៀត ហើយ​បាន​បែក​ខ្ញែក​គ្នា​ក្ដី ក៏​ព្រះ​ពុំ​ដែល​បោះបង់​ពួកគេ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ទ្រង់​បាន​សន្យា​ថា ប្រសិន​បើ​ពួកគេ​ប្រែចិត្ត នោះទ្រង់​នឹង​ប្រមូល​ផ្ដុំ ហើយ​ប្រោសលោះ​ពួកគេ « ដោយ​សេចក្ដីមេត្តា​ជាខ្លាំង » ( សូមមើល អេសាយ ៥៤:៧ ) ។

ដោយ​មើល​តាម​របៀប​នេះ នោះ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺជា​ដំណើររឿង​ស្ដីពី​សេចក្ដីស្រឡាញ់​ដែល​អត់ធ្មត់​ដ៏​ខ្ជាប់​ខ្ជួន​របស់​ព្រះ ។ ហើយ​ដំណើររឿង​នេះ​បន្ត​មក​ដល់​សព្វថ្ងៃនេះ ។ ម៉ាឡាគី​បាន​ព្យាករ​ថា « ព្រះអាទិត្យ​នៃ​សេចក្តី​សុចរិត [ នឹង ] រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប » ( ម៉ាឡាគី ៤:២ ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ដោយ​នាំ​យក​ការព្យាបាល​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដល់​មនុស្ស​ទាំងអស់​ដែល​មក​រក​ទ្រង់ ។ ទ្រង់​គឺជា​ភស្ដុតាង​ដ៏​ធំ​បំផុត​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​សាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ និង​ចំពោះ​យើង​គ្រប់​គ្នា ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​គម្ពីរ​ម៉ាឡាគី សូមមើល « ម៉ាឡាគី » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាឡាគី ១–៤

« ចូរ​វិល​មក​ឯ​យើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ » ។

នៅសម័យ​ម៉ាឡាគី ពួក​សាសន៍​អ៊ីស្រាអែល​បាន​សង់​ឡើង​វិញ​នូវ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​រួចហើយ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រជាជន ពួកគេ​នៅ​តែ​ត្រូវ​ស្ថាបនា​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់​ឡើង​វិញ​ដដែល ។ នៅពេល​បងប្អូន​សិក្សា​គម្ពីរ​ម៉ាឡាគី សូម​រកមើល​សំណួរ​ដែល​ព្រះអម្ចាស់​បាន​ចោទសួរ​ពួក​សាសន៍​អ៊ីស្រាអែល ឬ​សំណួរ​ដែល​បាន​ទូល​សួរ​ទ្រង់ ។ សូមពិចារណា​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ស្រដៀង​គ្នា ( ឧទាហរណ៍​មួយចំនួន​ត្រូវ​បាន​ណែនាំ​ដូច​ខាងក្រោម ) ដើម្បី​ជួយ​បងប្អូន​ឲ្យ​វាយតម្លៃ​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​ខិតកាន់​តែ​ជិតទ្រង់ ។

  • តើ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះចំពោះ​ខ្ញុំ​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ាឡាគី ១:២ ) ។

  • តើ​ដង្វាយ​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​ពិតជា​សេចក្តី​គោរព​ចំពោះ​ទ្រង់​ដែរ​ឬទេ ? ( សូមមើល ម៉ាឡាគី ១:៦–១១ ) ។

  • តើ​ខ្ញុំ​ត្រូវ « វិល​មក » ឯ​ព្រះអម្ចាស់​តាម​របៀបណា ? ( សូមមើល ម៉ាឡាគី ៣:៧ ) ។

  • តើ​ខ្ញុំ​កោង​យក​របស់​ព្រះ​តាម​របៀបណា ? ( សូមមើល ម៉ាឡាគី ៣:៨–១១ ) ។

  • តើ​អាកប្បកិរិយា​របស់​ខ្ញុំ​ក្នុង​គ្រា​លំបាក បង្ហាញ​ពី​អារម្មណ៍​របស់ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូច​ម្តេច ? ( សូមមើល ម៉ាឡាគី ៣:១៣–១៥; សូមមើល​ផងដែរ ២:១៧ ) ។

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧–១០០ ។

ម៉ាទ្បាគី ១:៦–១៤

ព្រះអម្ចាស់​បង្គាប់​ឲ្យ​ថ្វាយ « ដង្វាយ​បរិសុទ្ធ » ។

ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង ម៉ាឡាគី ១ បង្ហាញថា ពួក​សង្ឃ​សាសន៍​អ៊ីស្រាអែល​ថ្វាយ​សត្វ​វិកលវិការ និង​ឈឺ​ជា​ដង្វាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ព្រះអម្ចាស់​បាន​ហាមឃាត់ ( សូមមើល លេវីវិន័យ ២២:១៧–២៥ ) ។ តើ​ការថ្វាយ​ដង្វាយ​ទាំងនេះ​បង្ហាញ​អ្វីខ្លះ​ពី​អារម្មណ៍​របស់​ពួកសង្ឃ​នេះ​ចំពោះ​ព្រះអម្ចាស់ ? ( សូមមើល ម៉ាឡាគី ១:១៣ ) ។ ហេតុអ្វី​ព្រះអម្ចាស់​បង្គាប់​យើង​ឲ្យ​ថ្វាយ​ដង្វាយ​ដែល​ល្អ​បំផុត​របស់​យើង​ដល់​ទ្រង់ ? សូម​គិត​អំពី​ដង្វាយ​ដែល​ព្រះអម្ចាស់​បង្គាប់​យើង​ឲ្យ​ថ្វាយ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ថ្វាយ « ដង្វាយ​បរិសុទ្ធ » ដល់​ទ្រង់ ? ( ម៉ាឡាគី ១:១១; សូម​មើល​ផងដែរ ៣:៣ ) ។

សូមមើល​ផងដែរ មរ៉ូណៃ ៧:៥–១៤ ។

ម៉ាឡាគី ៣–៤

ការព្យាករ​របស់​ម៉ាឡាគី ត្រូវបាន​បំពេញ​នៅក្នុង​ជំនាន់​ចុងក្រោយ​នេះ ។

នៅពេល​ព្រះ​អង្គ​សង្រ្គោះ​បាន​យាងទៅ​ទ្វីប​អាមេរិក ទ្រង់​បាន​ដកស្រង់សម្តី ម៉ាឡាគី ៣–៤ ទៅកាន់​ពួកសាសន៍​នីហ្វៃ ( សូមមើល នីហ្វៃទី​៣ ២៤–២៥ ) ។ នៅឆ្នាំ ១៨២៣ ទេវតា​មរ៉ូណៃ ក៏បាន​ចែកចាយ​ជាមួយ យ៉ូសែប ស្ម៊ីធ​ចេញពី​ជំពូក​នេះ​ខ្លះៗ​ដែរ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៦–៣៩; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ២ ) ។ ហេតុអ្វី​បងប្អូន​គិតថា​ពាក្យ​សម្តី​របស់​ម៉ាឡាគី ត្រូវបាន​ថ្លែង​សារឡើង​វិញ​ជា​ញឹកញាប់​នៅក្នុង​ព្រះគម្ពីរ ? ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៧:៩; ១១០:១៣–១៦; ១២៨:១៧–១៨ ) ។ ក្នុង​ទស្សនៈ​របស់​បងប្អូន តើ​សារលិខិត​អ្វី​មកពី ម៉ាឡាគី ៣–៤ ដែល​ហាក់​ដូចជា​មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​ជំនាន់​របស់​យើង ?

នៅពេល​មរ៉ូណៃ​បាន​ដកស្រង់ ម៉ាឡាគី ៤:៥–៦ ទៅកាន់​យ៉ូសែប ស្ម៊ីធ​នោះ​លោក​បាន​ថ្លែង « ខុស​គ្នា​តែ​បន្តិចបន្តួច​ពី​ពាក្យ​ដែល​បាន​សរសេរ​ទុក » នៅក្នុង​ព្រះគម្ពីរ​ប៊ីប​របស់​យើង​ប៉ុណ្ណោះ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦ ) ។ តើ​ពាក្យ​ខុសគ្នា​បន្តិចបន្តួច​របស់​មរ៉ូណៃ បានបន្ថែម​ដល់​ការយល់ដឹង​របស់​បងប្អូន​អំពី​ការព្យាករ​នេះ​អ្វីខ្លះ ? ដើម្បី​រៀន​បន្ថែមទៀត​អំពី​ការ​មកដល់​របស់​អេលីយ៉ា និង​របៀប​ដែល​ការព្យាករ​នេះ​ត្រូវបាន​បំពេញ​នៅ​សព្វថ្ងៃ​នេះ សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១១០:១៣–១៦ និង អែលឌើរ ដាវីឌ អេ បែដណា « The Hearts of the Children Shall Turn » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៤–២៧ ) ។ ហេតុអ្វី​បងប្អូន​មាន​អំណរគុណ​ដែល​អេលីយ៉ាបាន​មក ?

អេលីយ៉ា​បង្ហាញ​កាយ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

រចនា​រូបភាព​អំពី​អេលីយ៉ា​បង្ហាញ​កាយ​ទៅ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ រ៉ូប៊ើត ធី បារែត

ម៉ាទ្បាគី ៣:៨–១២

ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បើក​ទ្វារ​នៃ​ស្ថានសួគ៌ ។

កាល​បងប្អូន​អាន ម៉ាឡាគី ៣:៨–១២ សូម​គិតអំពី​បទពិសោធន៍​របស់​បងប្អូន​ផ្ទាល់​ពី​ការបង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ តើ​ឃ្លា « បើក​ទ្វារ​ស្ថានសួគ៌ » ( ខទី ១០ ) មាន​ន័យ​ដូចម្ដេច​ចំពោះ​បងប្អូន ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ម៉ាទ្បាគី ១:២ ។តើ​ក្រុមគ្រួសារ​របស់​បងប្អូន​នឹង​ឆ្លើយ​សំណួរ​ដែល​មាន​នៅក្នុង ម៉ាឡាគី ១:២—« [ ព្រះអម្ចាស់ ] មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា » យ៉ាង​ដូចម្ដេច ? តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​យើង ?

ម៉ាឡាគី ៣:៨–១២ ។កាល​បងប្អូន​អាន ម៉ាឡាគី ៣:៨–១២ សូម​អញ្ជើញ​សមាជិកគ្រួសារ​ឲ្យ​ចែកចាយ​គំនិត ឬ​អារម្មណ៍​របស់​ពួកគេ​អំពី​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ តើ​ពរជ័យ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​អ្វីខ្លះ ដែល​យើង​បាន​ឃើញ​មកពី​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? ( សូមមើល ដាវីឌ អេ បែដណា « The Windows of Heaven » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) ។ សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការគូរ​រូបភាព​ទាំងឡាយ​ដែល​តំណាង​ឲ្យ​ពរជ័យ​ទាំងនេះ ហើយ​ព្យួរ​រូបភាព​ទាំងនេះ​នៅលើ​បង្អួច​មួយ ។

ម៉ាឡាគី ៣:១៣–១៨ ។តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​យើង​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ និង​ក្លាយ​ជា « របស់​ផង » ទ្រង់ ?

ម៉ាឡាគី ៤:៥–៦ ។បន្ទាប់​ពី​អាន​ខគម្ពីរ​ទាំងនេះ គ្រួសារ​របស់​បងប្អូន​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម អំពី​ការព្យាករ​របស់​ម៉ាឡាគី ៖ នរណា ? អ្វី ? ពេលណា ? កន្លែង​ណា ? ហេតុអ្វី ? ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ២ ) ។

តើ​យើង​បង្វែរ​ចិត្ត​របស់​យើង​ទៅ​រក​ពួកឪពុក​របស់​យើង​ដោយ​របៀបណា ? តើ​យើង​មាន​ពរ​យ៉ាង​ណា នៅពេល​យើង​ធ្វើ​ដូច្នោះ ? បងប្អូន​អាច​គិតពិចារណា​ពី​សំណួរ​ទាំងនេះ ខណៈ​មើល​វីដេអូ « The Promised Blessings of Family History » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​យើង​អាច​ធ្វើ​អ្វី​ជាគ្រួសារ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ ?

3:11

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​លើក​ទឹកចិត្ត​ឲ្យប្រើ ៖ « ខ្ញុំ​កំពុង​ធ្វើ—ពង្ស​ប្រវត្តិ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០០ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

សួរ​សំណួរ​នៅពេល​បងប្អូន​សិក្សា ។ កាល​បងប្អូន​សិក្សា​បទគម្ពីរ​នេះ នោះ​សំណួរ​ជាច្រើន​អាច​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​ពិចារណា​អំពី​សំណួរ​ទាំងនេះ ហើយ​រកមើល​ចម្លើយ ។

ស្រ្តី​ម្នាក់​លើក​កន្សែង​ដៃ​ពណ៌​ស​គ្រវី​ជាមួយ​បុព្វការីជន​ជាច្រើន​នៅពី​ក្រោយ​គាត់

ហូសាណា​របស់​ម៉ននីង ដោយ រ៉ូស ដាតុច ដាល ។ ស្រ្តី​ម្នាក់​ដែល​មាន​ឈ្មោះថា ម៉ននីង ឈរ​នៅក្នុង​ពិភព​វិញ្ញាណ ដោយ​មាន​ជុំជិត​ដោយ​ពួក​បុព្វការីជន​របស់​នាង ។ នាង​អបអរ​នឹង​ការរំដោះខ្លួន​របស់​ពួកគេ​ចេញ​ពី​ការជាប់​ជាឈ្លើយ​ខាង​វិញ្ញាណ ។