ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ ៖ « បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា »


« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ ៖ ‹ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ

ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ

ថ្ងៃទី ៥–១១ ខែ ធ្នូ

ហាកាយ; សាការី ១–៣; ៧–១៤

« បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »

ការអាន​ព្រះគម្ពីរ​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។ សូម​បើក​ចិត្ត​ទទួល​យក​សារលិខិត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បើក​សម្តែង​ដល់​បងប្អូន នៅពេល​បងប្អូន​អាន​គម្ពីរ​ហាកាយ និង សាការី ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

បន្ទាប់ពី​ការ​ជាប់​ក្នុង​សេវកភាព​អស់​ជា​ច្រើន​ទសវត្សរ៍​មក សាសន៍​អ៊ីស្រាអែល​មួយ​ក្រុម ដែល​ប្រហែល​ជា​រួម​ទាំង​ព្យាការី​ហាកាយ និង​សាការី​ដែរ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ។ មនុស្ស​មួយចំនួន​នៅ​ក្នុង​ក្រុម​នេះ​នៅ​ចងចាំ​ពី​ទិដ្ឋភាព​របស់​ក្រុង​យេរូសាឡិម មុន​ពេល​ដែល​ក្រុង​នេះ​ត្រូវ​បាន​បំផ្លាញ ។ សូម​គិត​អំពី​អារម្មណ៍​របស់​ពួកគេ ពេល​ពួកគេ​បាន​ឃើញ​កម្ទេច​ថ្ម​ដែល​ធ្លាប់​ជា​ផ្ទះ កន្លែង​គោរពបូជា និង​ព្រះវិហារ​របស់​ពួកគេ ។ ចំពោះ​អស់​អ្នក​ដែល​ឆ្ងល់​ថា តើ​ព្រះវិហារ​នឹង​មាន​លក្ខណៈ​ដូចជា « ព្រះវិហារ​នេះ​តាម​សិរីល្អ​ជាន់​ដើម » ( ហាកាយ ២:៣ ) ម្ដងទៀត​ឬទេ នោះ​ព្យាការី​ហាកាយ​បាន​ថ្លែង​ពាក្យ​លើកទឹកចិត្ត​រប​ស់​ព្រះអម្ចាស់ ៖ « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា​មួយ​នឹង​ឯង … កុំខ្លាច​ឡើយ » ។ « យើង​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរីល្អ … ហើយ​យើង​នឹង​ឲ្យ​មាន​សេចក្តី​សុខសាន្ត​នៅ​ទី​នេះ​ផង » ។ ( ហាកាយ ២:៤–៥, ៧, ៩ ) ។

ប៉ុន្តែ​វា​មិនមែន​គ្រាន់តែ​ជា​ព្រះវិហារ​បរិសុទ្ធ​ដែល​ចាំបាច់​ត្រូវ​សង់​ឡើង​វិញ​នោះ​ទេ ។ រាស្រ្ត​របស់​ព្រះ​ត្រូវ​បាន​បំផ្លាញ​ខាងវិញ្ញាណ​តាម​របៀប​ជាច្រើន ។ ហើយ​ការ​ស្ថាបនា​រាស្រ្ត​ដ៏​បរិសុទ្ធ​ឡើង​វិញ គឺ​ត្រូវការ​លើសពី​ការកាត់ និង​រៀប​ឥដ្ឋ​ដើម្បី​សង់​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ​ទៅទៀត ។ សព្វថ្ងៃនេះ ព្រះវិហារ​បរិសុទ្ធ​មាន​ចារឹក​ឃ្លា​នេះ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ហើយ​ពាក្យ​ទាំងនោះ​មិន​គ្រាន់តែ​អនុវត្ត​ចំពោះ​អគារ​នៃ​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​ចំពោះ​របៀប​នៃ​ការរស់នៅ​ផងដែរ ។ ការចារឹក​ពាក្យ​ទាំងនេះ​នៅលើ « ចង្ក្រង់​សេះ » និង « គ្រប់​ទាំង​ភាជនៈ​នៅ​ក្រុង​យេរូសាឡិម » ( សាការី ១៤:២០–២១ ) មាន​អត្ថប្រយោជន៍ តែ​នៅពេល​ពាក្យទាំងនេះ​ក៏​បាន​ឆ្លាក់​នៅក្នុង​គ្រប់​ដួងចិត្ត​ដែរ​តែ​ប៉ុណ្ណោះ ។ បរិសុទ្ធភាព​ពិតប្រាកដ​តម្រូវ​ឲ្យ​មាន​ព្រះបន្ទូល និង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ « តាម » ( សាការី ១:៦ ) នៅក្នុង​ខ្លួន​យើង ដោយការ​អនុញ្ញាត​ឲ្យ​ព្រះ​ចេស្តា​របស់ទ្រង់​ផ្លាស់ប្តូរ​និស្ស័យ​របស់​យើង​ដើម្បី​បាន​បរិសុទ្ធ​ដូចជា​ទ្រង់​ដែរ ( សូមមើល លេវីវិន័យ ១៩:២ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ហាកាយ និង​សាការី សូម​មើល « ហាកាយ » និង « សាការី » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ហាកាយ ១; ២:១–៩

« ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន » ។

មាន​កិច្ចការ​សំខាន់​ជាច្រើន​ដើម្បី​ស្ថាបនា​ឡើងវិញ​នៅ​ឯ​ក្រុង​យេរូសាឡិម ។ ប៉ុន្តែ​បន្ទាប់​ពី​ប្រហែលជា ១៥ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​សាសន៍​អ៊ីស្រាអែល​បាន​ត្រឡប់​មកវិញ ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​ទេ ដែល​ការ​សង់​ព្រះវិហារ​បរិសុទ្ធ​មិន​ទាន់​ជា​អាទិភាព​នៅឡើយ ( សូមមើល ហាកាយ ១:២–៥; សូមមើល​ផងដែរ អែសរ៉ា ៤:២៤ ) ។ កាល​ដែល​បងប្អូន​អាន ហាកាយ ១; ២:១–៩ សូម​ពិចារណា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ពួកសាសន៍​អ៊ីស្រាអែល​បាន​ជួប​នឹង​លទ្ធផល​អ្វីខ្លះ ព្រោះតែ​ពួកគេ​មិន​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ហើយ ? តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ព្រះ​អម្ចាស់​បាន​សន្យា​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​បាន​បញ្ចប់​ការសាងសង់​ដំណាក់​របស់​ព្រះ​នោះ ? បងប្អូន​អាច​យក​ឱកាស​នេះ​ដើម្បី « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន »—ដើម្បីគិត​ពី​អាទិភាព​របស់​បងប្អូន និង​ពី​របៀប​ដែល​បងប្អូន​អាច​សម្រប​ការប្រព្រឹត្ត​នោះ​ឲ្យ​ដូចតាម​ព្រះទ័យ​ព្រះអម្ចាស់ ។

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥; ធើរេន អិម វីនសុន « True Disciples of the Savior » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩–១១ ។

សាការី ១–៣; ៧–៨;១៤

ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បរិសុទ្ធ ។

ស៊ិស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បាន​បង្រៀន​ថា « សេចក្ដីបរិសុទ្ធគឺ​ជា​ការ​ជ្រើសរើស ដែល​នឹង​រក្សា​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកដឹកនាំ​យើង ។ សេចក្ដីបរិសុទ្ធ​គឺជា​ការបោះបង់​ចោល​ទំនោរ​ពី​ធម្មជាតិ​របស់​យើង ហើយ​ក្លាយ​ជា ‹ អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ › [ ម៉ូសាយ ៣:១៩ ] ។ … សេចក្ដី​សង្ឃឹម​របស់​យើង​ដើម្បី​បាន​សេចក្ដី​បរិសុទ្ធ គឺ​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ និង​ក្ដី​មេត្តា​ករុណា និង​ព្រះគុណ​របស់​ទ្រង់ » ( The Beauty of Holiness » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩–១០ ) ។ សូម​ចងចាំ​ការ​បង្រៀន​ទាំងនេះ កាល​បងប្អូន​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​បងប្អូន​តាមរយៈ​ព្យាការី​សាការី ដែល​ជំរុញ​អ៊ីស្រាអែល​ឲ្យ​កាន់​តែ​បរិសុទ្ធ ៖ សាការី ១:១–៦; ៣:១–៧; ៧:៨–១០; ៨:១៦–១៧ ។ សូម​កត់ចំណាំ​រឿង​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​អ៊ីស្រាអែល​ធ្វើ ដើម្បី​ទ្រង់​អាច​ធ្វើ​ឲ្យ​ពួកគេ​បាន​បរិសុទ្ធ ។ តើ​ទ្រង់​ជួយ​ឲ្យ​បងប្អូន​បាន​បរិសុទ្ធ​តាម​របៀប​ណា ?

សាការី ២:១០–១១; ៨:១–៨; ១៤:៩–១១, ២០–២១ ពិពណ៌នា​អំពី​សភាព​នៃ​ជីវិត​នៅ​ថ្ងៃ​អនាគត ជាពេល​ដែល​យើង​ទាំង​អស់គ្នា​នឹង​រស់នៅ​ជាមួយ​ព្រះអម្ចាស់​ក្នុង​ស្ថានភាព​ដ៏​បរិសុទ្ធ​នោះ ។ តើ​ការ​ពិពណ៌នា​ទាំងនេះ​អាច​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក​ដែល​ស្ថាបនា​ក្រុង​យេរូសាឡិម​សាឡើង​វិញ​នៅ​សម័យ​របស់​សាការី ? តើ​ការ​ពិពណ៌នា​នោះ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ?

ព្រះយេស៊ូវ​យាង​ចូល​ក្រុង​យេរូសាឡិមដោយជោគជ័យ

« មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា » ( សាការី ៩:៩ ) ។ ការយាង​ចូល​ដោយ​ជោគជ័យ ដោយ ហារី អាន់ឌើរសុន

សាការី ៩:៩–១១; ១១:១២–១៣; ១២:១០; ១៣:៦–៧; ១៤:១–៩

ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។

សំណេរ​ជា​ច្រើន​របស់​សាការី​បង្ហាញ​ពី​ការងារ​បម្រើ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នៅលើ​ផែនដី និង​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់​នៅ​ទីបំផុត​ផងដែរ ។ សូម​ប្រៀប​ធៀប​ការព្យាករ​ដូច​តទៅ​នេះ​ពី​សាការី និង​វគ្គបទ​គម្ពីរ​ដែល​ទាក់ទង​គ្នា មកពី​ព្រះគម្ពីរ​ដទៃទៀត ៖

តើ​បងប្អូន​បានរៀន​អ្វីខ្លះ​អំពី​ព្រះអង្គសង្រ្គោះ នៅពេល​បងប្អូន​សិក្សា​វគ្គបទគម្ពីរ​ទាំងនេះ ? ហេតុអ្វីការ​យល់ពី​វគ្គបទគម្ពីរ​ទាំង​នេះ​មាន​សារៈសំខាន់​ចំពោះ​បងប្អូន ?

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « ព្រះ​មែស៊ី » ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org )

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ហាកាយ ១:២–៧ ។ខគម្ពីរ​ទាំង​នេះ​អាច​បំផុស​គំនិត​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន » ។ ប្រហែល​សមាជិក​គ្រួសារ​របស់​បងប្អូន​អាច​សម្តែង​តាម​ឃ្លា​នៅក្នុង ខទី ៦ ។ តើ​ខគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះ​អំពី​ការ​ឲ្យ​តម្លៃ​រឿង​ខាង​លោកិយ​ជាង​រឿង​របស់​ព្រះ ? បងប្អូន​អាច​ប្រឹក្សា​ជាមួយ​គ្នា​អំពី​អាទិភាព​គ្រួសារ​របស់​បងប្អូន ។ ការច្រៀង​ចម្រៀង​ដូចជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​វាយតម្លៃ​លើ​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​បាន​ល្អ និង​ចំណុច​ដែល​បងប្អូន​អាច​ធ្វើ​ការកែលម្អ​បាន ។

ហាកាយ ២:១–៩ ។ដើម្បី​ណែនាំ​ពី​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​ចែកចាយ​ដំណើររឿង​នៃ​ព្រះវិហារ​បរិសុទ្ធ ប្រូវ៉ូ ស៊ីធី សេនធើរ ដែល​បាន​សង់​ឡើងវិញ​ពី​រោង​ឧបោសថ​ជាទី​ស្រឡាញ់​ដែល​ភ្លើង​បាន​ឆាបឆេះ ( សូមមើល វីដេអូ « Provo City Center Temple Completed » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ កាល​ដែល​គ្រួសារ​របស់​បងប្អូន​អាន ហាកាយ ២:១–៩ បងប្អូន​អាច​សូម​សមាជិក​គ្រួសារ​ឲ្យ​គិត​ពី​អ្វី​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ដែល​អាច​ដូចជា​ការងារ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​បំផ្លាញ​នោះ ។ តើ​ព្រះអម្ចាស់​ស្ថាបនា​យើង​ឡើងវិញ បន្ទាប់​ពី​យើង​បានជួប​រឿង​សោកនាដកម្ម ឬ​ទុក្ខលំបាក​ដោយ​របៀប​ណា ?

7:17

សាការី ៣:១–៧ ។កាល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​បង្ហាញ​សម្លៀកបំពាក់​ប្រឡាក់​ដល់​គ្រួសារ​របស់​បងប្អូន​បាន ។ តើ​យ៉ូស្វេ​អាច​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​លោក​ឈរ​នៅ​មុខ​ទេវតា​ដោយ​មាន​សម្លៀក​បំពាក់​កខ្វក់​នោះ ? តើ​អំពើបាប​ដូចជា​សម្លៀកបំពាក់​កខ្វក់​យ៉ាងដូចម្តេច ? តើ សាការី ៣:១–៧ បង្រៀន​យើង​អ្វីខ្លះ​អំពី​ការអភ័យទោស ? បន្ទាប់មក បងប្អូន​អាច​សម្អាត​សម្លៀក​បំពាក់​ជា​មួយគ្នា ហើយ​និយាយ​អំពី​អំណាច​លាងជម្រះ​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

សាការី ៨:១–៨ ។តើ​យើង​ចាប់​អារម្មណ៍​លើ​អ្វីខ្លះ អំពី​ចក្ខុវិស័យ​របស់​សាការី​ទាក់ទង​នឹង​អនាគត​នៃ​ក្រុង​យេរូសាឡិម ? តើ​យើង​រក​ឃើញ​អ្វី​នៅ​ទីនោះ​ដែល​យើង​ចង់​ឲ្យ​មាន​នៅ​ក្នុង​សហគមន៍​របស់​យើង​ដែរ ? តើ​យើង​អាច​យាង​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក « អាស្រ័យ​នៅ​កណ្តាល [ យើង ] » យ៉ាង​ដូច​ម្ដេច ? ( សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Sacred Homes, Sacred Temples » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១០១–៣ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យប្រើ ៖ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

សូម​ឆ្លៀត​ឱកាស​ធ្វើ​ការវាយ​តម្លៃ​លើ​ខ្លួនឯង ។ កាល​បងប្អូន​សិក្សា​ព្រះគម្ពីរ បងប្អូន​នឹង​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​សញ្ជឹងគិត​ពី​ការប្តេជ្ញាចិត្ត​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​ជាញឹកញាប់ ។ សូម​ប្រព្រឹត្ត​តាម​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួល​បាន ។

តារាង​ពេលវេលា​បង្ហាញ​ពី​របៀប​ដែល​រោង​ឧបោសថ​ប្រូវ៉ូ នៅទីក្រុង​ប្រូវ៉ូ រដ្ឋយូថាហ៍ ស.រ.អា. ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើងឆេះ និង​សង់​ឡើងវិញ​ជា​ព្រះវិហារ​បរិសុទ្ធ ប្រូវ៉ូ ស៊ីធី សេនធើរ