« ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី ៖ ‹ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យើងបានស្រឡាញ់ឯងរាល់គ្នា › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១២–១៨ ខែ ធ្នូ ។ ម៉ាឡាគី » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ១២–១៨ ខែ ធ្នូ
ម៉ាឡាគី
« ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យើងបានស្រឡាញ់ឯងរាល់គ្នា »
ព្រះអម្ចាស់ស្រឡាញ់កុមារដែលបងប្អូនបង្រៀន ។ តើបងប្អូននឹងជួយកុមារឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ទ្រង់ កាលដែលបងប្អូនបង្រៀនគោលលទ្ធិដែលមាននៅក្នុងគម្ពីរម៉ាឡាគីយ៉ាងដូចម្តេច ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមអានឃ្លាដូចតទៅនេះចេញមកពី ម៉ាឡាគី ១:២ ៖ « ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យើងបានស្រឡាញ់ឯងរាល់គ្នា » ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យចែកចាយពីរបៀបមួយ ដែលពួកគេដឹងថា ព្រះអម្ចាស់ស្រឡាញ់ពួកគេ ។ បន្ទាប់ពីកុមារម្នាក់ៗចែកចាយរួចហើយ សូមអរគុណគេ ហើយចែកចាយទីបន្ទាល់របស់បងប្អូនអំពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះកុមារនោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវរបិតាសួគ៌នឹងប្រទានពរដល់ខ្ញុំ នៅពេលខ្ញុំបង់ដង្វាយមួយភាគក្នុងដប់ ។
ទោះបីជាកុមារតូចៗដែលបងប្អូនបង្រៀន ពុំទាន់រកប្រាក់បាននៅឡើយក្ដី ក៏ពួកគេនៅតែអាចរៀនអំពីពរជ័យទាំងឡាយពីការបង់ដង្វាយមួយភាគក្នុងដប់បានដែរ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យរាប់វត្ថុតូចៗ ១០ ដូចជា កាក់នៅក្នុងទំព័រសកម្មភាពនាសប្ដាហ៍នេះ ។ សូមអញ្ជើញពួកគេឲ្យបំបែកវត្ថុមួយពីវត្ថុផ្សេងទៀត ហើយពន្យល់ថា នេះគឺដូចជាដង្វាយមួយភាគក្នុងដប់ ដែលយើងថ្វាយទៅព្រះអម្ចាស់ ។ យើងថ្វាយដល់ទ្រង់មួយភាគក្នុងដប់នៃអ្វីដែលយើងទទួល ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនពីរបៀបដែលព្រះអម្ចាស់ប្រទានពរជ័យដល់យើង ពេលយើងបង់ដង្វាយមួយភាគក្នុងដប់ ។ សូមច្រៀងចម្រៀងមួយបទជាមួយកុមារអំពីដង្វាយមួយភាគក្នុងដប់ ដូចជាបទ « ខ្ញុំរីករាយថ្វាយដង្វាយមួយភាគដប់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៤៥B ) ។
-
សូមគូររូបទ្វារមួយនៅលើក្ដារខៀន ហើយអាន ម៉ាឡាគី ៣:១០ ទៅកុមារ ។ សូមអញ្ជើញពួកគេឲ្យចង្អុលទៅបង្អួចនោះ នៅពេលបងប្អូនអានឃ្លា « ទ្វារស្ថានសួគ៌ » ។ សូមពន្យល់ថា ការណ៍នេះមានន័យថា ព្រះវរបិតាសួគ៌ប្រទានពរជ័យយ៉ាងអស្ចារ្យដល់យើង នៅពេលយើងបង់ដង្វាយមួយភាគក្នុងដប់ ។ នៅពេលកុមារផាត់ពណ៌ទំព័រសកម្មភាពសប្ដាហ៍នេះ សូមនិយាយអំពីមូលហេតុមួយចំនួនដែលយើងបង់ដង្វាយមួយភាគក្នុងដប់ ។
-
សូមចែកចាយដំណើររឿងមួយចេញពីទស្សនាវដ្ដី ប្រិយមិត្ត ឬចេញពីជីវិតផ្ទាល់ខ្លួនរបស់បងប្អូន អំពីការបង់ដង្វាយមួយភាគក្នុងដប់ ។ សូមអញ្ជើញកុមារឲ្យស្ដាប់មើលពរជ័យទាំងឡាយ ដែលអាចមកពីការបង់ដង្វាយមួយភាគក្នុងដប់ ។
យើងត្រូវបានផ្សារភ្ជាប់ជាក្រុមគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធ ។
ដោយសារកូនសោបព្វជិតភាពនៃការផ្សារភ្ជាប់ ដែលអេលីយ៉ាបានប្រទានដល់ យ៉ូសែប ស៊្មីធ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ នោះក្រុមគ្រួសារអាចត្រូវបានបង្រួបបង្រួមអស់កល្បជានិច្ច ។ កាលដែលបងប្អូនបង្រៀនសេចក្ដីពិតនេះ សូមយល់ពីអារម្មណ៍របស់កុមារដែលក្រុមគ្រួសាររបស់ពួកគេមិនបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន ម៉ាឡាគី ៤:៥ ទៅកុមារ ។ បន្ទាប់មក សូមប្រាប់ពួកគេថា ការសន្យានេះត្រូវបានបំពេញ នៅពេលដែលអេលីយ៉ាបានលេចមកឯ យ៉ូសែប ស៊្មីធ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ( សូមមើល « ជំពូកទី ៤០ ៖ ការនិមិត្តនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ » នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ១៥៥-១៥៧ ) ។ សូមបង្ហាញរូបភាពនៃព្រឹត្តិការណ៍នេះ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៩៥ ) ហើយអញ្ជើញកុមារឲ្យចង្អុលទៅអេលីយ៉ា និងទៅ យ៉ូសែប ស៊្មីធ ។ សូមពន្យល់ថា ដោយសារតែអេលីយ៉ាបានមក នោះយើងអាចផ្សារភ្ជាប់ជាក្រុមគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមចែកចាយទីបន្ទាល់របស់បងប្អូន អំពីសារៈសំខាន់នៃការផ្សារភ្ជាប់ជាក្រុមគ្រួសារ ។
-
សូមប្រាប់កុមារអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះគ្រួសារបងប្អូន ហើយសូមបង្ហាញរូបភាពមួយ បើអាចធ្វើបាន ។ សូមអញ្ជើញកុមារពីរបីនាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេចំពោះគ្រួសារពួកគេ ។ សូមច្រៀងជាមួយគ្នានូវចម្រៀងមួយបទអំពីគ្រួសារ ដូចជាបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នានិរន្តរ៍ » ( ទំនុកតម្កើង ល.រ. ១៨៧ ) ហើយថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យក្រុមគ្រួសារផ្សារភ្ជាប់ជាមួយគ្នា ហើយថានេះជាមូលហេតុមួយដែលយើងមានព្រះវិហារបរិសុទ្ធ ។ សូមជួយកុមារឲ្យយល់ថា ដោយសារព្រះយេស៊ូវគ្រីស្ទ យើងអាចផ្សារភ្ជាប់នឹងសមាជិកគ្រួសារ ដែលមិនអាចទៅព្រះវិហារបរិសុទ្ធបាននៅក្នុងជីវិតនេះ ។ សូមអញ្ជើញកុមារឲ្យគូររូបភាពគ្រួសាររបស់ពួកគេជាមួយគ្នានៅស្ថានសួគ៌ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះវរបិតាសួគ៌នឹងប្រទានពរដល់ខ្ញុំ នៅពេលខ្ញុំបង់ដង្វាយមួយភាគក្នុងដប់ ។
ការបង់ដង្វាយមួយភាគក្នុងដប់ គឺអំពីការមានសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាជាងអំពីហិរញ្ញវត្ថុ ។ តើកុមារដែលបងប្អូនបង្រៀនយល់ពីដង្វាយមួយភាគក្នុងដប់ដែរឬទេ ? តើបងប្អូននឹងជួយឲ្យពួកគេមានសេចក្ដីជំនឿដើម្បីបង់ដង្វាយមួយភាគក្នុងដប់ដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរនៅលើក្ដារខៀននូវសំណួរអំពីដង្វាយមួយភាគក្នុងដប់ដូចតទៅនេះ ៖ តើអ្វីជាដង្វាយមួយភាគក្នុងដប់ ? តើខ្ញុំបង់ដង្វាយមួយភាគក្នុងដប់ដោយរបៀបណា ? តើដង្វាយមួយភាគក្នុងដប់សម្រាប់ធ្វើអ្វី ? តើអ្វីជាពរជ័យនៃការបង់ដង្វាយមួយភាគក្នុងដប់ ? សូមអញ្ជើញកុមារឲ្យរកមើលក្នុង ម៉ាឡាគី ៣:៨–១២ និង « ដង្វាយ១ភាគក្នុង១០, ការថ្វាយដង្វាយ១ភាគក្នុង១០ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ហើយសរសេរចម្លើយដែលពួកគេរកឃើញទុក ។ សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយគ្នាទៅវិញទៅមក ។ តើយើងក្លាយជាមនុស្សប្រភេទណា ដោយសារការបង់ដង្វាយមួយភាគក្នុងដប់នោះ ?
-
សូមបង្ហាញវីដេអូ « Jesus Teaches about the Widow’s Mite » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬ ម៉ាកុស ១២:៤១–៤៤ ។ តើរឿងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះទ័យរបស់ព្រះអម្ចាស់អំពីដង្វាយរបស់យើង ?
-
សូមគូររូបទ្វារមួយនៅលើក្ដារខៀន ហើយអញ្ជើញកុមារឲ្យសរសេរនៅក្នុងទ្វារនោះនូវពរជ័យទាំងឡាយ ដែលមនុស្សម្នាក់អាចទទួលបានពីការបង់ដង្វាយមួយភាគក្នុងដប់ ( សម្រាប់គំនិតនានា សូមមើល ម៉ាឡាគី ៣:១០–១២ ) ។ សូមអញ្ជើញកុមារឲ្យចែកចាយពីគំរូផ្ទាល់ខ្លួន អំពីរបៀបដែលពួកគេ ឬក្រុមគ្រួសាររបស់ពួកគេបានទទួលពរជ័យតាមរយៈការបង់ដង្វាយមួយភាគក្នុងដប់ដោយស្មោះត្រង់ ។ ឬបងប្អូនអាចចែកចាយពីឧទាហរណ៍មួយពីជីវិតរបស់បងប្អូនផ្ទាល់ អំពីរបៀបដែលការបង់ដង្វាយមួយភាគក្នុងដប់បានបង្កើនសេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
« អញនឹងចាត់អេលីយ៉ាឲ្យមកឯឯងរាល់គ្នា » ។
ការព្យាកររបស់ម៉ាឡាគីអំពីអេលីយ៉ាជាព្យាការី ត្រូវបានបំពេញ នៅពេលដែលអេលីយ៉ាបានមកជួបនឹង យ៉ូសែប ស៊្មីធ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ហើយបានប្រគល់កូនសោបព្វជិតភាពដល់លោក ដែលអនុញ្ញាតឲ្យក្រុមគ្រួសារបានផ្សារភ្ជាប់ជាមួយគ្នាជារៀងរហូត ។ បងប្អូនអាចពិចារណាពីការអញ្ជើញនរណាម្នាក់នៅក្នុងវួដដែលមានទំនួលខុសត្រូវសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ( ដូចជាសមាជិកម្នាក់នៃគណៈប្រធានកូរ៉ុមអែលឌើរ ឬគណៈប្រធានសមាគមសង្គ្រោះ ) ដើម្បីជួយបងប្អូនបង្រៀនពីគោលលទ្ធិនេះទៅកាន់កុមារ ។ សូមចងចាំដើម្បីយល់ពីអារម្មណ៍របស់កុមារដែលក្រុមគ្រួសាររបស់ពួកគេមិនបានផ្សារភ្ជាប់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរឃ្លាចេញពី ម៉ាឡាគី ៤:៥–៦ នៅលើក្រដាសមួយសន្លឹកផ្សេង ។ សូមឲ្យក្រដាសនោះទៅកុមារ ហើយឲ្យពួកគេដាក់ឃ្លាទាំងនោះតាមលំដាប់លំដោយត្រឹមត្រូវ ។ សូមអានខគម្ពីរទាំងនោះជាមួយគ្នា ហើយពិភាក្សាពីសំណួរទាំងឡាយដូចនេះ ៖ តើនរណាដែលព្រះអម្ចាស់បានសន្យាថានឹងបញ្ជូនមក ? តើទ្រង់បានមានព្រះបន្ទូលថា ពេលណាដែលបុគ្គលនេះនឹងមក ? តើព្រះអម្ចាស់មានបន្ទូលថា បុគ្គលនេះនឹងធ្វើអ្វី ? តើហេតុអ្វីបុគ្គលម្នាក់នេះត្រូវមក ? តើការព្យាករនេះត្រូវបានបំពេញនៅកន្លែងណា ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ ) ។
-
សូមសរសេរនៅលើក្តារខៀននូវសំណួរមួយដូចជា តើការបង្វែរចិត្តកូនមកឯឪពុកវិញ មានន័យដូចម្ដេច ? ( សូមមើល ម៉ាឡាគី ៤:៦ ) ។ សូមអញ្ជើញកុមារឲ្យពិចារណាពីសំណួរនេះ កាលដែលពួកគេមើលវីដេអូ « Their Hearts Are Bound to You » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ បន្ទាប់មក សូមអញ្ជើញកុមារឲ្យចែកចាយគំនិតរបស់ពួកគេអំពីសំណួរនៅលើក្ដារខៀន ។ សូមពិភាក្សាជាមួយគ្នានូវបទពិសោធន៍ទាំងឡាយ ដែលបងប្អូន ឬកុមារធ្លាប់មានក្នុងការរៀនសូត្រអំពីពង្សប្រវត្តិ ។
-
សូមបង្ហាញរូបភាពអេលីយ៉ាចេញពី គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមអញ្ជើញកុមារឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍ដែលរូបភាពនេះពិពណ៌នា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ ) ។ សូមថ្លែងទីបន្ទាល់ថា អំណាចនៃការផ្សារភ្ជាប់ ដែលអេលីយ៉ាបានស្ដារឡើងវិញ អនុញ្ញាតឲ្យក្រុមគ្រួសាររួបរួមជាមួយគ្នាអស់កល្បជានិច្ច—រួមទាំងក្រុមគ្រួសារដែលមិនមានឱកាសនោះនៅក្នុងជីវិតរមែងស្លាប់នេះផងដែរ ។ ប្រសិនបើបងប្អូនធ្លាប់បានចូលរួមនៅក្នុងការផ្សារភ្ជាប់ ទោះសម្រាប់ខ្លួនឯង ឬសម្រាប់មនុស្សដែលបានស្លាប់ទៅហើយក្ដី សូមថ្លែងពីអារម្មណ៍របស់បងប្អូននៅអំឡុងពិធីបរិសុទ្ធនោះ ។ សូមកុមារឲ្យចែកចាយពីអារម្មណ៍របស់ពួកគេអំពីក្រុមគ្រួសាររបស់ពួកគេ និងអំពីផែនការរបស់ព្រះ ដើម្បីជួយក្រុមគ្រួសារឲ្យនៅជាមួយគ្នាជារៀងរហូត ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
អញ្ជើញកុមារឲ្យគិតអំពីអ្វីមួយ ដែលពួកគេបានរៀនអំឡុងពេលកំពុងរៀនក្នុងថ្នាក់ថ្ងៃនេះ ហើយសូមឲ្យកុមារពីរបីនាក់ចែកចាយ ។ សូមលើកទឹកចិត្តកុមារទាំងអស់ឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវអ្វីដែលពួកគេបានរៀនអំពីការបង្រៀនរបស់ម៉ាឡាគី ។