ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤០ ៖ ការនិមិត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ៖ ខែ មេសា ឆ្នាំ ១៨៣៦


ជំពូក​ទី ៤០

ការនិមិត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ខែ មេសា ឆ្នាំ ១៨៣៦

ពួក​សាវក​ប្រសិទ្ធពរ​សាក្រាម៉ង់

មួយ​សប្តាហ៍​បន្ទាប់​ពី​ព្រះវិហារ​ខឺតឡង់​បាន​ឧទ្ទិស​ឆ្លង​រួច ពួកបរិសុទ្ធ​បាន​ធ្វើ​ការប្រជុំ​មួយ​ទៀត​នៅ​ទីនោះ ។ ពួក​សាវក​បាន​ប្រសិទ្ធពរ​សាក្រាម៉ង់ ហើយ​យ៉ូសែប ស៊្មីធ និង​ទីប្រឹក្សា​របស់​លោក​បាន​ចែក​សាក្រាម៉ង់​ទៅ​ឲ្យ​ពួកបរិសុទ្ធ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ឲ្យ​យ៉ូសែប និង អូលីវើរ ឃើញ

បន្ទាប់​មក យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ទៅ​កន្លែង​មួយ​តែ​ពីរ​នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​ដែល​ពួកលោក​បាន​លុត​ជង្គង់​ចុះ ហើយ​បាន​អធិស្ឋាន ។ បន្ទាប់​ពី​ការអធិស្ឋាន​របស់​ពួកលោក នោះ​ពួកលោក​បាន​ទទួល​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ ។ ពួកលោក​បាន​ឃើញ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ព្រះនេត្រ​ទ្រង់​ភ្លឺ​ចែងចាំង​ដូច​ជា​ភ្លើង ។ ព្រះកេសា​របស់​ទ្រង់​ស​ដូច​ជា​ព្រិល ហើយ​ព្រះភក្ត្រ​របស់​ទ្រង់​ភ្លឺ​ជាង​ពន្លឺ​ព្រះអាទិត្យ​ទៅ​ទៀត ។

ព្រះយេស៊ូវ​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប និង​អូលីវើរនូវ​កិច្ចការ​ដ៏​អស្ចារ្យ​ជាច្រើន ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកលោក​ឲ្យ​សប្បាយ​រីករាយ​ចុះ ដោយសារ​អំពើ​បាប​របស់​ពួកលោក​ត្រូវបាន​អត់ទោស​ឲ្យ​ហើយ ។ ទ្រង់​សព្វព្រះទ័យ​នឹង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​មាន​បន្ទូល​ថា ពួកបរិសុទ្ធ​ដែល​សាងសង់​វា​គួរតែ​រីករាយ ។ ទ្រង់​បាន​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​ថា​ជា​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​យាង​មក​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ញឹកញាប់ ។ ប៉ុន្តែ​ប្រសិនបើ​មនុស្ស​ពុំ​រក្សា​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បរិសុទ្ធ​ទេ​ នោះទ្រង់​នឹង​ពុំ​យាង​មក​ឡើយ ។

ម៉ូសេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប និង​ អូលីវើរ ឃើញ

បន្ទាប់​មក យ៉ូសែប និង ​អូលីវើរ​បាន​ឃើញ​ម៉ូសេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ម៉ូសេ​គឺ​ជា​ព្យាការី​ម្នាក់​ដែល​បាន​រស់នៅ​ជា​យូរ​លង់​ណាស់​មក​ហើយ ។ លោក​បាន​ត្រឡប់​មក​កាន់​ផែនដី​វិញ​ដើម្បី​ស្តារ​ឡើងវិញ​នូវអំណាច​បព្វជិតភាព​ដ៏​ពិសេស​ដល់​យ៉ូសែប និង ​អូលីវើរ ។ អំណាច​នេះ​នឹង​ជួយ​កូនចៅ​អ៊ីស្រាអែល​ឲ្យ​ត្រូវបាន​ប្រមូល​ផ្តុំ​ទៅក្នុង​សាសនាចក្រ​មក​ពី​គ្រប់​ទិសទី​ទាំងអស់​នៃ​ផែនដី ។ អំណាច​នេះ​ក៏​ផ្តល់​សិទ្ធិ​អំណាច​ដល់​ព្យាការី​ដើម្បី​បញ្ជូន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទៅ​ប្រកាស​ដំណឹងល្អ​នៅ​ទូទាំង​ពិភពលោក ។

អេលីសេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប និង​ ​អូលីវើរ ឃើញ

បន្ទាប់​មក យ៉ូសែប និង​ អូលីវើរ​បាន​ឃើញ​អេលីសេ ។ អេលីសេបាន​ស្តារ​នូវ​អំណាច​បព្វជិតភាព​ពិសេស​ដល់​ពួកលោក​ដែល​អំណាច​នោះ​ធ្លាប់​បាន​ប្រទាន​ឲ្យ​អ័ប្រាហាំ ។ អ័ប្រាហាំ​ក៏​ជា​ព្យាការី​ម្នាក់​ដែល​បាន​រស់នៅ​ជា​យូរ​លង់​ណាស់​មក​ហើយ​ដែរ ។ ជាមួយ​នឹង​អំណាច​នេះ ពួកបរិសុទ្ធ​អាច​មាន​ពរជ័យ​ដូច​ទៅ​នឹង​ពរជ័យ​ដែល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ។

អេលីយ៉ា​បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប និង អូលីវើរ ឃើញ

បន្ទាប់​មក យ៉ូសែប និង អូលីវើរ បាន​ឃើញ​អេលីយ៉ា ដែល​ជា​ព្យាការី​ម្នាក់​ទៀត​ដែល​បាន​រស់នៅ​ជាយូរ​លង់​ណាស់​មក​ហើយ ។ អេលីយ៉ា​បាន​ស្តារ​នូវ​អំណាច​បព្វជិតភាព​ពិសេស​ដល់​ពួកលោក​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​សុចរិត ។ អំណាច​នេះ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត ។