ជំពូកទី ៥០ ពួកបរិសុទ្ធទីក្រុងណៅវូ ខែ មករា–ខែ កក្កដា ឆ្នាំ ១៨៤១ ពួកបរិសុទ្ធបានសាងសង់ទីក្រុងណៅវូឲ្យទៅជាទីក្រុងមួយដ៏ស្រស់ស្អាត ។ ទីក្រុងនោះរីកចម្រើនយ៉ាងលឿន នៅពេលសមាជិកថ្មីៗនៃសាសនាចក្របានប្រមូលគ្នាមកពីប្រទេសអង់គ្លេស និងតំបន់ផ្សេងទៀតដើម្បីទៅទីនោះ ។ ព្រះយេស៊ូវបានប្រទានវិវរណៈសំខាន់មួយដល់យ៉ូសែប ស្ម៊ីធ អំពីអ្វីដែលពួកបរិសុទ្ធគួរតែធ្វើនៅក្នុងទីក្រុងណៅវូ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ យ៉ូសែប ស៊្មីធ ឲ្យសរសេរសំបុត្រប្រាប់ដល់ស្តេច និងថ្នាក់ដឹកនាំទាំងអស់នៅលើពិភពលោកអំពីដំណឹងល្អដែលបានស្តារឡើងវិញ ។ ព្រះយេស៊ូវក៏បានមានបន្ទូលថា ពួកបរិសុទ្ធគួរតែសាងសង់ព្រះវិហារបរិសុទ្ធមួយនៅក្នុងទីក្រុងណៅវូផងដែរ ។ ទ្រង់សព្វព្រះទ័យឲ្យពួកគេនាំយកមាស ប្រាក់ និងដែកផ្សេងទៀត ព្រមទាំងឈើស្អាតៗជាច្រើនប្រភេទដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១–៨, ២៦–២៧ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងយាងមកព្រះវិហារបរិសុទ្ធ ។ នៅទីនោះទ្រង់នឹងប្រទានវិវរណៈអំពីបព្វជិតភាព ។ ទ្រង់ក៏នឹងស្តារពិធីបរិសុទ្ធនានា ព្រមទាំងបើកសម្តែងចំណេះដឹងបន្ថែមទៀត ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២៧–៣១, ៤០–៤១ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបថា ពួកបរិសុទ្ធអាចធ្វើបុណ្យជ្រមុជទឹកឲ្យអស់អ្នកដែលស្លាប់ ។ ព្រះយេស៊ូវបានមានបន្ទូលថា ពួកបរិសុទ្ធគួរតែសាងសង់អាងជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ ជាកន្លែងដែលពួកគេអាចធ្វើបុណ្យជ្រមុជទឹកឲ្យមរណជន ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៩–៣៧ ព្រះយេស៊ូវក៏បានបើកសម្តែងថា ហៃរុម ស៊្មីធ បងប្រុសរបស់យ៉ូសែបគួរតែធ្វើជាអយ្យកោសម្រាប់សាសនាចក្រ ។ ក្នុងនាមជាអយ្យកោ ហៃរុមផ្តល់ការប្រសិទ្ធពរពិសេសមួយដល់សមាជិកសាសនាចក្រ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៩១–៩២ ព្រះយេស៊ូវក៏បានប្រទានវិវរណៈមួយដល់យ៉ូសែប ស៊្មីធ អំពីព្រិកហាំ យ៉ង់ ផងដែរ ។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ជ្រាបដឹងថា ព្រិកហាំ បានខិតខំធ្វើការសម្រាប់សាសនាចក្រ ។ លោកបានចាកចេញពីផ្ទះ និងគ្រួសាររបស់លោកជាច្រើនដងដើម្បីបម្រើបេសកកម្ម ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:១–២ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ ព្រិកហាំ យ៉ង់ ថា លោកគួរតែស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក ហើយមើលថែពួកគេជាពិសេស ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:៣