ជំពូកទី ១៥ បេសកកម្មទៅកាន់ពួកសាសន៍លេមិន ខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះយេស៊ូវសព្វព្រះទ័យឲ្យមនុស្សជាច្រើនទៀតឮអំពីដំណឹងល្អ ។ ទ្រង់សព្វព្រះទ័យឲ្យពួកបរិសុទ្ធមួយចំនួនទៅបេសកកម្ម ។ ទ្រង់បានហៅអូលីវើរ ខៅឌើរី ឲ្យទៅបេសកកម្មដល់ពួកអាមេរិកកាំងស្បែកក្រហម ។ ពួកស្បែកក្រហមទាំងនេះក៏ត្រូវបានហៅថាពួកសាសន៍លេមិនផងដែរ ដោយសារពួកគេមួយចំនួនគឺជាពូជពង្សមកពីសាសន៍លេមិននៅក្នុងព្រះគម្ពីរមរមន ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨ ព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកសាសន៍លេមិនអានព្រះគម្ពីរមរមន ។ ទ្រង់បានសន្យាដល់ពួកព្យាការីជាច្រើនថា ពួកសាសន៍លេមិននឹងបានព្រះគម្ពីរមរមន ។ ឥឡូវនេះ វាដល់ពេលដែលត្រូវបំពេញការសន្យានោះហើយ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១៩–២០ ព្រះគម្ពីរមរមនប្រាប់ពួកសាសន៍លេមិនអំពីជីដូនជីតារបស់ពួកគេ ដែលបានរស់នៅរាប់រយឆ្នាំកន្លងមកហើយ ។ គម្ពីរនេះប្រាប់ពួកគេអំពីការសន្យាសំខាន់ៗដែលព្រះយេស៊ូវបានសន្យាជាមួយពួកគេ ។ វាជួយពួកគេឲ្យជឿលើព្រះយេស៊ូវ ។ វាបង្រៀនឲ្យពួកគេប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១៩–២០ បុរសដទៃទៀតចង់ទៅជាមួយ អូលីវើរ ខៅឌើរី ដើម្បីប្រកាសដំណឹងល្អទៅកាន់ពួកសាសន៍លេមិន ។ ព្រះអម្ចាស់បានមានបន្ទូលថា បុរសបីនាក់ក្នុងចំណោមពួកគេអាចទៅបាន ។ ដំបូងអ្នកផ្សព្វផ្សាយសាសនាបានទៅជួបពួកកុលសម្ព័ន្ធមួយចំនួននៅទីក្រុង នូវ យ៉ោក ។ អ្នកផ្សព្វផ្សាយសាសនាបានឲ្យព្រះគម្ពីរមរមនដល់មនុស្សទាំងនោះ ប៉ុន្តែមានតែពីរបីនាក់ប៉ុណ្ណោះដែលអាចអានវាបាន ។ បន្ទាប់មក ពួកអ្នកផ្សព្វផ្សាយសាសនាបានទៅប្រកាសដល់ពួកសាសន៍លេមិននៅក្នុងរដ្ឋអូហៃអូ ។ មនុស្សទាំងនេះមានចិត្តរីករាយដើម្បីឮអំពីព្រះគម្ពីរមរមន និងរៀនអំពីជីដូនជីតារបស់ពួកគេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានចាកចេញពីរដ្ឋអូហៃអូ ហើយបានទៅទីក្រុងមួយឈ្មោះ អ៊ីនឌីផិនដិនស៍ នៅក្នុង ឃុំ ចាកសុន រដ្ឋ មិសសួរី ។ មានពួកសាសន៍លេមិនជាច្រើននៅក្នុងរដ្ឋមិសសួរី ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានប្រកាសដំណឹងល្អដល់ពួកគេ ហើយបានឲ្យព្រះគម្ពីរមរមនដល់ពួកគេ ។ ពួកគេមានចិត្តសប្បាយរីករាយ ហើយបានថ្លែងអំណរគុណដល់ពួកអ្នកផ្សព្វផ្សាយសាសនាចំពោះព្រះគម្ពីរនោះ ។ មនុស្សផ្សេងទៀតនៅក្នុងរដ្ឋមិសសួរីពុំជឿលើការស្តារឡើងវិញនៃដំណឹងល្អ ឬព្រះគម្ពីរមរមនឡើយ ។ ពួកគេបានប្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាឲ្យចេញពីពួកអាមេរិកាំងដើមទាំងនោះ ។ មនុស្សទាំងនោះបាននិយាយថា ពួកទាហាននឹងបណ្តេញពួកអ្នកផ្សព្វផ្សាយសាសនាចេញ ប្រសិនបើពួកគេពុំចាកចេញនោះទេ ។ ដោយក្តីក្រៀមក្រំ ពួកអ្នកផ្សព្វផ្សាយសាសនាបានទៅបង្រៀនមនុស្សផ្សេងទៀតនៅក្នុងរដ្ឋមិសសួរី ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់ឈ្មោះ ប៉ាលី ភី ប្រាត្ត ។ គាត់បានទៅរដ្ឋអូហៃអូដើម្បីប្រាប់យ៉ូសែប ស្ម៊ីធនូវអ្វីដែលពួកគេបានធ្វើ ។ ប៉ាលីបាននិយាយថា បេសកកម្មរបស់ពួកគេបានដំណើរការទៅបានល្អ ហើយពួកគេបានបង្រៀនដំណឹងល្អដល់មនុស្សជាច្រើន ។