ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៤៨ ៖ យ៉ូសែប ស៊្មីធ ​សូម​ជំនួយ​ពី​ប្រធានាធិបតី ៖ ខែ មីនា–ខែ វិច្ឆិកា ឆ្នាំ ១៨៣៩


ជំពូកទី ៤៨

យ៉ូសែប ស៊្មីធ ​សូម​ជំនួយ​ពី​ប្រធានាធិបតី

ខែ មីនា–ខែ វិច្ឆិកា ឆ្នាំ ១៨៣៩

យ៉ូសែប​សរសេរ​សំបុត្រ

យ៉ូសែប ស៊្មីធ​ បាន​សរសេរ​សំបុត្រ​ទៅ​ពួកបរិសុទ្ធ អំឡុងពេល​លោក​នៅ​ជាប់​គុក​លីប៊ើធី ។ លោក​បាន​ប្រាប់​ពួកគេ​ឲ្យ​កត់​ត្រា​នូវ​រឿងអាក្រក់ៗ​ដែល​ពួក​មនុស្ស​កំណាច​បាន​ធ្វើ​ចំពោះ​ពួកគេ ។ លោក​បាន​ប្រាប់​ថា ពួកគេ​គួរតែ​ផ្ញើ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ទៅ​អ្នកដឹកនាំ​ប្រទេស ។

ពួកបរិសុទ្ធ​សរសេរ​ឈ្មោះ​អ្នក​ដែល​វាយ​ប្រហារ

យ៉ូសែប​បាន​ប្រាប់​ពួកបរិសុទ្ធ​ឲ្យ​សរសេរ​ឈ្មោះ​មនុស្ស​ដែល​បាន​ធ្វើ​បាប​ពួកគេ ។ លោក​បាន​ថ្លែង​ថា ពួកគេ​គួរតែ​សរសេរអំពី​របៀប​ដែល​ផ្ទះសម្បែង និង​ស្រែចម្ការរបស់​ពួកគេ​ត្រូវបានគេ​បំផ្លិចបំផ្លាញ​ចោល ។

យ៉ូសែប និង​មិត្តភក្តិ​ចាកចេញ​ពី​គុក​លីប៊ើធី

បន្ទាប់​ពី យ៉ូសែប និង​មិត្តភក្តិ​របស់​លោក​ត្រូវបាន​ឃុំ​នៅក្នុង​គុកលីប៊ើធី​អស់​រយៈពេល​ជាង​បួន​ខែ​មក ពួក​ទាហាន​មួយ​ចំនួន​បាន​យក​ពួកលោក​ទៅ​ទីក្រុង​មួយ​ទៀត​ដើម្បី​កាត់ទោស ។ យ៉ូសែប និង​មិត្តភក្តិ​របស់​លោក​បាន​ទិញ​សេះ​ចំនួន​ពីរ​ពី​ទាហាន​ទាំង​នោះ ។ ពួលលោក​បាន​ឲ្យ​សម្លៀក​បំពាក់​មួយ​ចំនួន​ទៅ​អ្នក​យាម​ដើម្បី​បង់​ថ្លៃ​ទិញ​សេះ​មួយ ហើយ​សន្យា​នឹង​បង់ថ្លៃ​ទិញ​សេះ​មួយ​ទៀត​នៅពេល​ក្រោយ​ទៀត ។

យ៉ូសែប និង​មិត្តភក្តិ​រត់​គេច​ខ្លួន

នា​យប់​មួយ ពួកអ្នក​យាម​មួយ​ចំនួន​បានស្រវឹង​ស្រា ហើយ​បាន​ដេក​លក់​ ។ អ្នក​យាម​ម្នាក់​ទៀត​បាន​ជួយ​យ៉ូសែប និង​មិត្តភក្តិ​របស់​លោក​ឲ្យ​រត់​គេច​ខ្លួន ។

យ៉ូសែប និង​មិត្តភក្តិ​ធ្វើ​ដំណើរ

យ៉ូសែប និង​មិត្តភក្តិ​របស់​លោក​បាន​ប្តូរ​វេន​គ្នា​ជិះសេះ ។ ១០ ថ្ងៃ​ក្រោយ​មក ពួកលោក​បាន​ទៅដល់​ទីក្រុងឃ្វីនស៊ី រដ្ឋ​អិលលីណោយ ជាកន្លែង​ដែល​ពួកលោក​បាន​ជួប​នឹង​ក្រុមគ្រួសារ​របស់ពួកលោក​វិញ ។

យ៉ូសែប និង​មិត្តភក្តិ​ស្វាគមន៍​គ្រួសារ​របស់​ពួកគេ

យ៉ូសែប និង​មិត្តភក្តិ​របស់​លោក​មាន​ចិត្ត​រីករាយ​ដើម្បី​នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកលោក​ម្តង​ទៀត ។

ពួកបរិសុទ្ធនៅ​ទីក្រុង​ណៅវូ

ពួកបរិសុទ្ធ​ចង់​ស្វែងរក​កន្លែង​មួយ​នៅក្នុង​រដ្ឋ​អិលលីណោយ ដើម្បី​សាងសង់​ទីក្រុង​ផ្ទាល់​ខ្លួន​ពួកគេ ។ ពួកគេ​បាន​ទិញ​ដីសើម និង​មាន​ភក់​នៅ​ក្បែរ​ទន្លេ​មិស៊ីស៊ីបពី ។ យ៉ូសែប និង​ពួកបរិសុទ្ធ​បាន​ខំប្រឹង​ធ្វើការ​សម្ងួត​ដី​នោះ ដើម្បីឲ្យ​ពួកគេ​អាច​សាងសង់​ផ្ទះ​សម្បែង និង​ដាំសួន​ដំណាំ ។ ពួកគេ​បាន​ចាប់ផ្តើម​សាងសង់​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ ដែល​ពួកគេ​ដាក់​ឈ្មោះ​ថា ណៅវូ។ ណៅវូ មាន​ន័យ​ថា ស្រស់ស្អាត ។

យ៉ូសែប​ជួប​ជាមួយ​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក

អំឡុងពេល​ពួកបរិសុទ្ធ​បាន​ចាប់ផ្តើម​សាងសង់​ទីក្រុង​ណៅវូ នោះ​យ៉ូសែប ស៊្មីធ​បាន​ទៅ​ជួប​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក ។ យ៉ូសែប​បាន​ប្រាប់​ប្រធានាធិបតី​អំពី​ពួក​មនុស្ស​កំណាច​នៅក្នុង​រដ្ឋ​មិសសួរី ។ លោក​បាន​ប្រាប់​អំពី​របៀប​ដែល​ពួក​មនុស្ស​កំណាច​បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​លួច​សត្វ​របស់​ពួកគេ ហើយ​បង្ខំ​ឲ្យ​ពួកគេ​ចាកចេញ​ពីទឹកដី​របស់​ពួកគេ ។

យ៉ូសែប​សូម​ជំនួយ​ពី​ប្រធានាធិបតី

យ៉ូសែប​បាន​ប្រាប់​អំពី​ពួកបរិសុទ្ធ​មួយ​ចំនួន​ដែល​ត្រូវបាន​គេសម្លាប់ ។ ពួក​បរិសុទ្ធ​ផ្សេង​ទៀត​ត្រូវ​បានចាប់​ដាក់​គុក ។ លោក​បាន​បង្ហាញ​ដល់​ប្រធានាធិបតី​នូវ​អ្វី​ដែល​ពួកបរិសុទ្ធ​បាន​សរសេរ​អំពី​រឿង​អាក្រក់ៗ​ជា​ច្រើន​ដែល​គេ​បាន​ធ្វើ​ទៅលើ​ពួកគេ ។ យ៉ូសែប​បាន​ថ្លែង​ថា អ្នកដឹកនាំ​នៅក្នុង​រដ្ឋ​មិសសួរី​ពុំ​បាន​ជួយ​ពួកបរិសុទ្ធទេ ។ លោក​បាន​សូម​ឲ្យ​ប្រធានាធិបតី​ជួយ​ពួកគេ ។

ប្រធានាធិបតី​បាន​ថ្លែង​ថា លោក​ពុំ​អាច​ជួយ​បាន​ឡើយ ។

ប្រធានា​ធិបតី​បាន​ថ្លែង​ថា លោក​បាន​ដឹង​ថា ពួកបរិសុទ្ធ​បានរងទុក្ខ ប៉ុន្តែ​លោក​នឹង​ពុំ​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួកគេ​ឡើយ ។ ប្រសិនបើ​លោក​ជួយ​ពួកបរិសុទ្ធ នោះ​ប្រជាជន​នៅ​រដ្ឋ​មិសសួរី​នឹង​ខឹង​សម្បារ ។

យ៉ូសែប​ចាកចេញ​ដោយ​ទុក្ខព្រួយ

យ៉ូសែប​បាន​កើត​ទុក្ខ ដោយសារ​ប្រធានាធិបតី​ពុំ​ជួយ​ពួកបរិសុទ្ធទេ ។ លោក​បាន​ត្រឡប់​ទៅ​ទីក្រុង​ណៅវូ​វិញ ។