ជំពូកទី ៣៦ កងទ័ពជំរំស៊ីយ៉ូន ខែ កុម្ភៈ–ខែ មិថុនា ឆ្នាំ ១៨៣៤ អំឡុងពេលដែលប្រជាជននៅរដ្ឋមិសសួរីបានធ្វើឲ្យពួកបរិសុទ្ធចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នោះយ៉ូសែប ស៊្មីធ បាននៅឯទីក្រុងខឺតឡង់រដ្ឋអូហៃអូ ដែលមានចម្ងាយជិត ១៦០៩ គីឡូម៉ែត្រឆ្ងាយពីរដ្ឋមិសសួរី ។ លោកបានអធិស្ឋានដើម្បីដឹងអំពីរបៀបជួយដល់ពួកបរិសុទ្ធនៅរដ្ឋមិសសួរី ។ នៅក្នុងវិវរណៈមួយ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបថា ពួកបុរសមួយចំនួនក្នុងសាសនាចក្រគួរតែទៅរដ្ឋមិសសួរីដើម្បីជួយពួកបរិសុទ្ធ ។ យ៉ូសែប ស៊្មីធ បានធ្វើជាអ្នកដឹកនាំពួកគេ ។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យមានពួកបុរស ៥០០ នាក់ទៅទីនោះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:២២, ៣០–៣៦ យ៉ូសែបបានគោរពធ្វើតាមព្រះអម្ចាស់ ។ លោកបានប្រាប់ពួកបរិសុទ្ធថា ពួកបុរស ៥០០ នាក់គួរតែទៅដែនដីស៊ីយ៉ូននៅក្នុងរដ្ឋមិសសួរី ។ ប៉ុន្តែពីរបីសប្តាហ៍ក្រោយមក មានបុរសតែ ១០០ នាក់ប៉ុណ្ណោះបាននិយាយថា ពួកគេនឹងទៅ ។ មនុស្ស ១០០ នាក់ បានចាកចេញពីទីក្រុងខឺតឡង់ ហើយបានចាប់ផ្តើមធ្វើដំណើរដ៏ឆ្ងាយទៅរដ្ឋមិសសួរី ។ ក្រុមនោះត្រូវបានហៅថា កងទ័ពជំរំស៊ីយ៉ូន ។ ជារឿយៗពួកបុរសទាំងនោះបានដើរចម្ងាយ ៥៦ គីឡូម៉ែត្រក្នុងមួយថ្ងៃ ទោះបីជាមានការស្រេកឃ្លាន ស្រេកទឹក និងក្តៅបែបណាក្តី ។ ពួកគេបោះជំរំនៅជាមួយគ្នានៅពេលយប់ ។ នៅតាមផ្លូវ មានបុរស ១០០ នាក់ទៀតបានចូលរួមជាមួយពួកគេ ។ ប៉ុន្តែនៅតែពុំមានបុរសច្រើនតាមដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យមានឡើយ ។ សមាជិកនៃជំរំបានធ្វើដំណើរអស់ចម្ងាយ ១៦០៩ គីឡូម៉ែត្រ ។ ពួកគេមួយចំនួនបាននិយាយថា ការធ្វើដំណើរនោះលំបាកខ្លាំងណាស់ ។ ពួកគេបានរអ៊ូរទាំ ហើយឈ្លោះប្រកែកគ្នា ។ ពួកគេបានស្តីបន្ទោសដល់យ៉ូសែប ស្ម៊ីធ នៅពេលពួកគេគ្មានអាហារគ្រប់គ្រាន់បរិភោគ ។ ពួកគេបានពោលថា លោកពុំមែនជាអ្នកដឹកនាំល្អឡើយ ។ យ៉ូសែបបានប្រាប់ពួកបុរសទាំងនេះថា ពួកគេត្រូវតែប្រែចិត្ត បើមិនដូច្នោះទេពួកគេនឹងឈឺ ហើយស្លាប់ ។ ពួកបុរសជាច្រើននៅក្នុងជំរំគឺជាមនុស្សសុចរិត ។ ពួកគេបានជួយយ៉ូសែប ហើយបានគោរពតាមបទបញ្ញត្តិរបស់ព្រះ ។ នៅទីបំផុត កងទ័ពជំរំស៊ីយ៉ូនបានទៅដល់ជិតនឹងឃុំចាកសុន រដ្ឋមិសសួរី ។ ពួកគេបានបោះជំរំនៅក្បែរទន្លេមួយ ។ សមាជិកនៃពួកមនុស្សកំណាចបានស៊ើបការណ៍រកជំរំនោះ ហើយបានដឹងពីទីតាំងរបស់ជំរំ ។ នៅពេលយប់ ពួកមនុស្សកំណាចបានមកជិតជំរំ ហើយគ្រោងនឹងវាយប្រហារជំរំនោះ ។ ព្រះបានការពារកងទ័ពជំរំស៊ីយ៉ូនដោយបញ្ជូនឲ្យមានព្យុះធំមួយកើតឡើង ។ ខ្យល់បានបោកបក់ធ្វើឲ្យដើមឈើរលំ ។ ដុំព្រិលធំៗបានធ្លាក់មកពីលើមេឃ ហើយរន្ទះបាញ់បានបាញ់ដើមឈើ ។ ទឹកទន្លេនោះបានជន់លិចដី ។ បុរសម្នាក់នៅក្នុងពួកមនុស្សកំណាចបានស្លាប់ដោយសាររន្ទះបាញ់ ហើយពួកបុរសផ្សេងទៀតនៅក្នុងចំណោមពួកមនុស្សកំណាចបានរងរបួសដោយសារខ្យល់ព្យុះ ។ គ្មាននរណាម្នាក់ក្នុងកងទ័ពជំរំស៊ីយ៉ូនរងរបួសឡើយ ។ ពួកបុរសនៅក្នុងពួកមនុស្សកំណាចបានខ្លាច ហើយរត់ចេញឆ្ងាយ ។ ពួកគេពុំបានធ្វើឲ្យនរណាម្នាក់នៅក្នុងកងទ័ពជំរំស៊ីយ៉ូនមានគ្រោះថ្នាក់ឡើយ ។ បីថ្ងៃបន្ទាប់ពីព្យុះនោះមក ព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់យ៉ូសែប ស្ម៊ីធ ។ ទ្រង់បានមានបន្ទូលថា ពួកបរិសុទ្ធត្រូវរង់ចាំដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូន ។ ពួកគេត្រូវតែគោរពប្រតិបត្តិ ត្រូវតែចែករំលែកគ្នា និងមានសាមគ្គីភាពគ្នាកាន់តែខ្លាំងឡើង ។ ពួកគេក៏ត្រូវតែរៀនបន្ថែមទៀតអំពីកិច្ចការនានាដែលព្រះអម្ចាស់តម្រូវពីពួកគេ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:១–៦, ៩–១៣ ព្រះអម្ចាស់ក៏បានមានបន្ទូលប្រាប់ដល់ពួកបុរសនៃកងទ័ពជំរំស៊ីយ៉ូនថា ពួកគេពុំត្រូវប្រយុទ្ធនឹងពួកមនុស្សកំណាចរដ្ឋមិសសួរីឡើយ ។ ពួកបុរសមួយចំនួនបានអាក់អន់ចិត្តនឹងរឿងនេះ ។ ពួកគេបានមានអារម្មណ៍ថា ដំណើរនេះនឹងមិនសមឡើយ ប្រសិនបើពួកគេពុំបានប្រយុទ្ធដើម្បីជួយពួកបរិសុទ្ធនៅក្នុងរដ្ឋមិសសួរីនោះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១៤–១៩ ពីរបីថ្ងៃក្រោយមក ពួកបុរសជាច្រើននៅក្នុងកងទ័ពជំរំស៊ីយ៉ូនបានឈឺជាទម្ងន់ ។ មានបុរសដប់បួននាក់ក្នុងចំណោមពួកគេបានស្លាប់ ។ ព្យាការីបានប្រាប់ពួកបុរសទាំងនោះថា ជំងឺនោះនឹងបាត់ទៅវិញ ប្រសិនបើពួកគេបន្ទាបខ្លួន ហើយប្រែចិត្ត ។ ការសន្យានោះត្រូវបានបំពេញ ។ នៅចុងបំផុតនៃកងទ័ពជំរំស៊ីយ៉ូន យ៉ូសែប ស៊្មីធ បានជួបជាមួយពួកបរិសុទ្ធនៅរដ្ឋមិសសួរី ហើយបានជ្រើសរើសពួកបុរសទាំងនោះទៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ ។ ពីរបីថ្ងៃក្រោយមក លោក និងពួកបុរសជាច្រើននៅក្នុងកងទ័ពជំរំស៊ីយ៉ូនបានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងខឺតឡង់វិញ ។ ទោះបីជាពួកបុរសក្នុងកងទ័ពជំរំស៊ីយ៉ូនពុំបានជួយពួកបរិសុទ្ធនៅរដ្ឋមិសសួរីក្តី ក៏កងទ័ពនៃជំរំនោះនៅតែមានតម្លៃដែរ ។ វាបានជួយរៀបចំព្រិកហាំ យ៉ង់ និងមនុស្សដទៃទៀតសម្រាប់ភាពជាអ្នកដឹកនាំនៅក្នុងសាសនាចក្រ ។ ពួកគេអាចបង្ហាញថា តើពួកគេនឹងគោរពប្រតិបត្តិ ហើយធ្វើការលះបង់ថ្វាយកិច្ចការរបស់ព្រះអម្ចាស់ដែរឬអត់ ។ ពីរបីខែក្រោយមក បុរសជាច្រើនពីក្រុមនោះដែលមានចិត្តស្មោះត្រង់ត្រូវបានហៅឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងសាសានាចក្រ ។