ជំពូកទី ១១ មនុស្សជាច្រើនទៀតចូលជាសមាជិកសាសនាចក្រ ខែ មេសា–ខែ មិថុនា ឆ្នាំ ១៨៣០ ពីរបីសប្តាហ៍ក្រោយមក មានសមាជិកសាសនាចក្រ ២៧ នាក់ ។ ពួកគេពុំរស់នៅក្នុងទីក្រុងតែមួយនោះទេ ។ យ៉ូសែប ស៊្មីធបានសូមឲ្យពួកគេមកចូលរួមក្នុងសន្និសីទ ដែលជាការប្រជុំពិសេសមួយសម្រាប់ពួកបរិសុទ្ធ ។ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានហៅថាពួកបរិសុទ្ធ ។ ពួកបរិសុទ្ធបានទទួលទានសាក្រាម៉ង់នៅឯសន្និសីទ ។ បុរសមួយចំនួនត្រូវបានតែងតាំងឲ្យមានបព្វជិតភាព ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ពួកបរិសុទ្ធ ហើយពួកគេសប្បាយរីករាយជាខ្លាំង ។ មនុស្សមួយចំនួនផ្សេងទៀតដែលចូលរួមសន្និសីទពុំមែនជាសមាជិកសាសនាចក្រឡើយ ។ ពួកគេបានរៀនអំពីដំណឹងល្អ ហើយចង់ចូលជាសមាជិកសាសនាចក្រ ដូច្នេះពួកគេបានធ្វើបុណ្យជ្រមុជទឹក ។ បន្ទាប់ពីសន្និសីទនោះ យ៉ូសែប ស៊្មីធ បានទៅទីក្រុងមួយទៀត ។ មនុស្សមួយចំនួននៅទីនោះក៏ចង់ទទួលបុណ្យជ្រមុជទឹកផងដែរ ។ យ៉ូសែបបានថ្លែងថា ពួកគេអាចទទួលបុណ្យជ្រមុជទឹកនៅក្នុងស្ទឹងក្បែរនោះបាន ។ មនុស្សបានសង់ទំនប់ទឹកតូចមួយនៅក្នុងស្ទឹង ដើម្បីទុកទឹកឲ្យជ្រៅល្មមធ្វើពិធីបុណ្យជ្រមុជទឹក ។ នៅពេលយប់ មនុស្សមួយចំនួនបានបំផ្លាញទំនប់ទឹកនោះ ។ ទំនប់ទឹកនោះត្រូវបានសាងសង់ឡើងវិញ ហើយអូលីវើរ ខៅឌើរី បានចាប់ផ្តើមធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស ។ មិនយូរប៉ុន្មានក្រោយមក ពួកមនុស្សកំណាចបានមក ។ មនុស្សកំណាចគឺជាក្រុមមនុស្សចិត្តអាក្រក់ ។ ពួកគេបាននិយាយអាក្រក់ៗ ហើយបានព្យាយាមធ្វើបាបពួកបរិសុទ្ធ ប៉ុន្តែព្រះអម្ចាស់បានរក្សាមនុស្សទាំងនោះឲ្យមានសុវត្ថិភាព ។ មនុស្សកំណាចបានបន្តព្យាយាមធ្វើទុក្ខដល់សាសនាចក្រ ។ ពួកគេបាននិយាយកុហកអំពីយ៉ូសែប ស៊្មីធ ហើយបានឲ្យគេចាប់លោក ។ នៅក្នុងការកាត់ទោស ពួកគេស្វែងរកមនុស្សដើម្បីថ្លែងទីបន្ទាល់ក្លែងក្លាយប្រឆាំងទាស់នឹងព្យាការី ។ ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀតបានប្រាប់សេចក្តីពិតអំពីយ៉ូសែប ដែលធ្វើឲ្យពាក្យសម្តីរបស់ពួកមារសត្រូវនោះខុសឆ្គង ។ យ៉ូសែបត្រូវបានគេដោះលែង ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក លោកត្រូវបានចាប់ខ្លួនម្តងទៀតដោយមនុស្សមកពីឃុំក្បែរនោះ ។ អំឡុងពេលគាត់ជាប់គុក មនុស្សបានស្តោះទឹកមាត់ដាក់លោក ហើយពុំផ្តល់អាហារឲ្យលោកឡើយ ។ ការកាត់ទោសមួយផ្សេងទៀតបានធ្វើឡើង ហើយយ៉ូសែបត្រូវបានរកឃើញថា គ្មានកំហុស និងត្រូវបានដោះលែងសារជាថ្មីម្តងទៀត ។