ជំពូកទី ៤១ ក្តីអំពល់នៅក្នុងទីក្រុងខឺតឡង់ ឆ្នាំ ១៨៣៧–១៨៣៨ ពួកបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់រដ្ឋអូហៃអូ មានចិត្តសប្បាយរីករាយ ។ ព្រះអម្ចាស់បានប្រទានពរដល់ពួកគេ ។ ពួកអែលឌើរបានចាកចេញពីទីក្រុងខឺតឡង់ ហើយបានទៅបង្រៀនដំណឹងល្អនៅក្នុងតំបន់ផ្សេងទៀត ។ មនុស្សជាច្រើននាក់បានស្តាប់ពួកអែលឌើរ ហើយបានចូលជាសមាជិកសាសនាចក្រ ។ បន្ទាប់មកក្តីអំពល់ចាប់ផ្តើមមាននៅក្នុងទីក្រុងខឺតឡង់ ។ យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំផ្សេងទៀតក្នុងសាសនាចក្របានចាប់ផ្តើមបង្កើតធនាគារមួយ ជាកន្លែងដែលពួកបរិសុទ្ធរក្សាលុយរបស់ពួកគេទុក ។ ពួកបរិសុទ្ធមួយចំនួនចង់បានប្រាក់ច្រើន ។ បុរសម្នាក់ដែលធ្វើការនៅធនាគារគ្មានភាពទៀងត្រង់ឡើយ ។ គាត់បានលួចយកប្រាក់មួយចំនួន ។ យ៉ូសែប ស៊្មីធ បានប្រាប់បុរសផ្សេងទៀតឲ្យមើលថែប្រាក់នោះឲ្យបានល្អ ប៉ុន្តែធនាគារនោះនៅតែបន្តមានបញ្ហា ។ មិនយូរប៉ុន្មានក្រោយមក ធនាគារនោះត្រូវបានបិទដោយសារប្រាក់ទាំងអស់ត្រូវបានបាត់ ។ នេះគឺគ្រាដ៏លំបាកមួយសម្រាប់ធនាគារជាច្រើននៅសហរដ្ឋអាមេរិក ហើយធនាគារដ៏ទៀតក៏បានបិទទ្វារផងដែរ ។ ពួកបរិសុទ្ធជាច្រើនបានខឹងសម្បារដោយសារពួកគេពុំបានទទួលប្រាក់របស់ពួកគេមកវិញ ។ ពួកគេមួយចំនួនបាននិយាយថា វាគឺជាកំហុសរបស់យ៉ូសែបដែលធនាគារត្រូវបានបិទ ។ មិត្តភក្តិជិតស្និទ្ធមួយចំនួនរបស់យ៉ូសែបបាននិយាយរឿងអាក្រក់ៗអំពីលោក ។ មនុស្សមួយចំនួនថែមទាំងចង់សម្លាប់លោកទៀតផង ។ អ្នកដឹកនាំមួយចំនួននៃសាសនាចក្របានខឹងសម្បារយ៉ាងខ្លាំង ។ មនុស្សមួយចំនួនពុំចង់ធ្វើជាសមាជិកសាសនាចក្រទៀតឡើយ ។ ពួកគេមួយចំនួនបានក្លាយជាសត្រូវរបស់សាសនាចក្រ ។ អ្នកដឹកនាំដទៃទៀតនៃសាសនាចក្រស្រឡាញ់យ៉ូសែប ហើយបានជួយលោក ។ ព្រិកហាំ យ៉ង់ គឺជាអ្នកដឹកនាំដ៏ល្អម្នាក់ ។ លោកបានប្រាប់ពួកបរិសុទ្ធថា លោកបានដឹងថា យ៉ូសែបគឺជាព្យាការីម្នាក់របស់ព្រះ ។ មនុស្សមួយចំនួនបានខឹងនឹង ព្រិកហាំ យ៉ង់ ដែលគាំទ្រព្យាការី ហើយលោកត្រូវតែចាកចេញពីទីក្រុងខឺតឡង់ ដើម្បីកុំឲ្យពួកគេធ្វើបាបលោក ។ សត្រូវសាសនាចក្របានបង្កក្តីអំពល់ជាច្រើននៅក្នុងទីក្រុងខឺតឡង់ ។ ពួកគេបានលួចឥវ៉ាន់ពីពួកបរិសុទ្ធ ហើយបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ ។ ពួកគេក៏បានធ្វើបាបដល់ពួកបរិសុទ្ធ ហើយគំរាមចង់សម្លាប់ពួកគេមួយចំនួនផងដែរ ។ ពួកអែលឌើរមួយចំនួននៃសាសនាចក្រ បានធ្វើការប្រជុំនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ជាកន្លែងដែលពួកគេនិយាយរិះគន់យ៉ូសែប និងជជែកគ្នាពីការដាក់ជំនួសលោកដោយអ្នកដឹកនាំថ្មី ។ ក្រោយមក មានមនុស្សមួយចំនួនបានប្រើកាំភ្លើង និងកាំបិតដើម្បីព្យាយាមដណ្តើមគ្រប់គ្រងព្រះវិហារបរិសុទ្ធ ។ មិនយូរប៉ុន្មានក្រោយមក វាគ្មានសុវត្ថិភាពសម្រាប់យ៉ូសែបឲ្យស្នាក់នៅទីក្រុងខឺតឡង់ទៀតឡើយ ដូច្នេះលោកបានចាកចេញនៅខែ មករា ឆ្នាំ ១៨៣៨ ហើយបានទៅរដ្ឋមិសសួរី ។ ដោយសារតែការបៀតបៀនបន្តកើតមាននៅក្នុងទីក្រុងខឺតឡង់ នោះអ្នកដឹកនាំសាសនាចក្របានចាប់ផ្តើមដាក់ផែនការឲ្យពួកបរិសុទ្ធចាកចេញ ។ នៅក្នុងខែ កក្កដា ឆ្នាំ ១៨៣៨ សមាជិកសាសនាចក្រ ៥០០ នាក់បានចាកចេញពីទីក្រុងខឺតឡង់ ។ នៅក្នុងខែ តុលា បន្ទាប់ពីការធ្វើដំណើរយ៉ាងលំបាកក្នុងចម្ងាយផ្លូវជិត ១៦០៩ គីឡូម៉ែត្រ នោះពួកគេបានទៅដល់ទីក្រុងហ្វារវែស្ទ រដ្ឋមិសសួរី ។ យ៉ូសែប ស៊្មីធ និងសមាជិកដទៃទៀតនៃសាសនាចក្របានរស់នៅទីនោះ ។