ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៣១ ៖ ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ៖ ខែ កុម្ភៈ ឆ្នាំ ១៨៣៣


ជំពូកទី ៣១

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ

ខែ កុម្ភៈ ឆ្នាំ ១៨៣៣

យ៉ូសែប​នៅ​សាលារបស់ពួកព្យាការី

យ៉ូសែប​ចាប់ផ្តើម​សាលា​មួយ​សម្រាប់​ពួកបុរស​នៅក្នុង​សាសនាចក្រ ។ វា​ត្រូវបាន​ហៅ​ថា​សាលារបស់ពួកព្យាការី ។

យ៉ូសែបបង្រៀន​នៅក្នុង​សាលា​នៃ​ពួក​ព្យាការី

សាលា​រៀន​នោះ​ធ្វើ​ឡើង​នៅក្នុង​បន្ទប់​មួយ​នៅក្នុង​ហាង​របស់ នូវល វីតនី នៅ​ទីក្រុង​ខឺត​ឡង់​រដ្ឋ​អូហៃអូ ។ នៅក្នុង​សាលា​នេះ យ៉ូសែប និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​បាន​បង្រៀន​គ្នា​ទៅវិញទៅមក​អំពី​បព្វជិតភាព ព្រះគម្ពីរ និង​អ្វី​ជាច្រើន​ទៀត ។ សាលា​នោះ​គឺ​ជួយ​រៀបចំ​ពួកបុរស​សម្រាប់ភាព​ជា​អ្នកដឹកនាំ​សាសនាចក្រ និង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ពួកបងប្អូនប្រុស​ជក់ថ្នាំជក់

ពួកបុរស​ជា​ច្រើន​នាក់​បាន​ជក់​ខ្សៀ ឬ​ស៊ីហ្គា ដែល​ធ្វើ​ឲ្យ​បន្ទប់​នោះ​មាន​សុទ្ធ​តែ​ផ្សែង ។ បុរស​មួយ​ចំនួន​ចុក​ថ្នាំ​ជក់ ហើយ​ស្តោះ​វា​ដាក់​លើ​កម្រាល​ឥដ្ឋ ដែល​ធ្វើ​ឲ្យ​វា​កខ្វក់​ជា​ខ្លាំង ។

យ៉ូសែប​មាន​កង្វល់

អិមម៉ា ស៊្មីធ ភរិយា​របស់​យ៉ូសែប​បាន​សម្អាត​បន្ទប់​នោះ​បន្ទាប់​ពីការប្រជុំ​នីមួយៗ ។ គាត់ និង​យ៉ូសែប​បាន​មាន​កង្វល់​អំពី​ការប្រើប្រាស់​ថ្នាំ​ជក់​របស់​ពួក​បងប្អូន​ប្រុស ។ យ៉ូសែប​បានឆ្ងល់ថា តើ​មនុស្ស​គួរតែ​ជក់ ឬ​ចុក​ថ្នាំ​ជក់​ដែរ​ឬ​ទេ ។

យ៉ូសែប​អធិស្ឋាន

យ៉ូសែប​បានអធិស្ឋាន​ដើម្បី​ដឹង​អំពី​អ្វី​ដែល​ត្រឹមត្រូវ ។ ព្រះយេស៊ូវ​បាន​ប្រទាន​វិវរណៈ​មួយ​ដល់​លោក​ដែល​ហៅ​ថា​ ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា មនុស្ស​មួយ​ចំនួន​ចង់​ឲ្យ​មនុស្ស​ដទៃ​ទៀត​ធ្វើរឿងមិន​ល្អ​ដល់​រូបកាយ​របស់​ពួកគេ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកបរិសុទ្ធ​អំពី​សារធាតុ​ដែល​មិន​ល្អ​សម្រាប់​រូបកាយ​របស់​ពួកគេ​នៅក្នុង​ពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​សារធាតុ​ដែល​ល្អ​សម្រាប់​រូបកាយ​របស់​ពួកគេ​ផងដែរ ។

យុវជន​បដិសេធ​មិន​ផឹក​គ្រឿង​ស្រវឹង

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា គ្រឿង​ស្រវឹង​មិន​ល្អ​សម្រាប់​មនុស្ស​ឡើយ ។ ពួកគេពុំ​គួរ​ផឹក​ភេសជ្ជៈ​មាន​គ្រឿង​ស្រវឹង​នៅក្នុង​វា​ឡើយ ។ គ្រឿង​ស្រវឹង​គួរតែ​ប្រើប្រាស់​នៅខាង​ក្រៅរូបកាយ​ប៉ុណ្ណោះ ។

ស្ត្រី​បដិសេធ​បារី

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ថ្នាំជក់​មិន​ល្អ​សម្រាប់​មនុស្ស​ទេ ។ ពួកគេ​ពុំ​គួរ​ជក់​បារី ជក់​ស៊ីហ្គា ឬ​ជក់​ខ្សៀ​ទេ ។ ពួកគេ​ពុំ​គួរ​ចុក​ថ្នាំ​ជក់​ទេ ។

មនុស្ស​បដិសេធ​កាហ្វេ

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ពួកបរិសុទ្ធ​ពុំ​គួរ​ផឹក​ភេសជ្ជៈ​ក្តៅ​ដូចជា ទឹកតែ និង​កាហ្វេ​ទេ ។ ភេជ្ជសៈ​ទាំង​នេះ​មិន​ល្អ​សម្រាប់​រូបកាយ​ឡើយ ។

គ្រួសារ​កំពុង​អធិស្ឋាននា​អាហារ​ពេល​ល្ងាច

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា រុក្ខជាតិ​ និង​សត្វ​ជាច្រើន​គឺ​ល្អ​សម្រាប់​ឲ្យ​មនុស្ស​បរិភោគ ។ មនុស្ស​គួរតែ​ថ្លែងអំណរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​អាហារ​ល្អៗ ។

អាហារ​ដែលធ្វើ​ឲ្យ​មាន​សុខភាព​ល្អ

ព្រះយេស៊ូវ​បានមាន​បន្ទូល​ថា ​មនុស្ស​ពុំ​គួរ​បរិភោគ​សាច់​ច្រើន​ពេក​ទេ ។

ម្តាយ និងកូន​ប្រុស​រៀបចំ​នំបុ័ង

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា គ្រាប់​ធុញ្ញជាតិ​ល្អ​សម្រាប់​រូបកាយ ។ គ្រាប់​ធុញ្ញជាតិ​មួយ​ចំនួន​មាន​ដូច​ជា​ស្រូវ​សាលី ពោត និង​ស្រូវ​អូដ ។ ផ្លែ​ឈើ និងបន្លែ​ក៏​ល្អ​សម្រាប់​រូបកាយ​ផងដែរ ។

គ្រួសារ​កំពុង​អធិស្ឋាន​រួម​គ្នា

ព្រះយេស៊ូវ​បាន​សន្យា​នូវ​ពរជ័យ​ដ៏មហិមា​ដល់​អស់​អ្នក​ដែល​គោរព​តាម​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ។ រូបកាយ​របស់​ពួកគេ​នឹង​កាន់តែ​រឹងមាំ និង​មាន​សុខភាព​កាន់តែ​ល្អ​ឡើងជាង​ពេល​ពួកគេ​មិន​គោរព​តាម​ច្បាប់​នេះ ។ គំនិត​របស់​ពួកគេ​ក៏​នឹង​ល្អ​ប្រសើរឡើង ហើយ​ពួកគេ​នឹង​ទទួល​បាន​ប្រាជ្ញា និង​ចំណេះ​វិជ្ជា​ជា​សម្បត្តិ ។