ជំពូកទី ៣៥
ពួកបរិសុទ្ធចាកចេញពីឃុំចាកសុន រដ្ឋមិសសួរី
ខែ កញ្ញា–ខែ ធ្នូ ឆ្នាំ ១៨៣៣
ដោយសារតែពួកមនុស្សកំណាចនៅឃុំចាកសុនបានបណ្តាលឲ្យកើតមានក្តីអំពល់ជាច្រើន នោះពួកបរិសុទ្ធបានប្រឹងប្រែងរកជំនួយពីអភិបាលរដ្ឋមិសសួរី ។ វិលលាម ហ្វែប្ស និង អួរសុន ហៃឌ បានទៅជួបលោកអភិបាលនោះ ។ ពួកគាត់បានប្រាប់លោកអំពីពួកមនុស្សកំណាច និងរបៀបដែលផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញបង់ ។
លោកអភិបាលពុំបានជួយពួកគេឡើយ ។ លោកបានប្រាប់ឲ្យពួកគេទៅសូមជំនួយពីពួកចៅក្រម ។ ប៉ុន្តែពួកចៅក្រមនោះគឺជាមិតភក្តិរបស់ពួកមនុស្សកំណាចនោះ ហើយពួកគេក៏ពុំបានជួយពួកបរិសុទ្ធដែរ ។
ពួកមនុស្សកំណាចបានវាយប្រហារពួកបរិសុទ្ធអស់រយៈពេលប្រាំមួយថ្ងៃ ។ ពួកវាបានកម្ទេចផ្ទះសម្បែងរបស់ពួកគេ ធ្វើបាបពួកបុរស ហើយបានទម្លាយចូលទៅក្នុងហាងមួយ ហើយបោះអ្វីៗទាំងអស់ចោលទៅលើកម្រាលឥដ្ឋ ។
ពួកមនុស្សកំណាចបានឲ្យពួកបរិសុទ្ធចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។ វាគឺជារដូវរងារ ហើយមនុស្សជាច្រើនបានស្លាប់ដោយសារពួកគេគ្មានផ្ទះជ្រកនៅក្នុងអាកាសធាតុដ៏ត្រជាក់សើមនោះ ។ ពួកបរិសុទ្ធបានទៅផ្នែកផ្សេងទៀតនៃរដ្ឋមិសសួរី ដើម្បីនៅឲ្យឆ្ងាយពួកមនុស្សកំណាច ។
ពួកបរិសុទ្ធបានកើតទុក្ខ ។ ផ្ទះសម្បែង ចម្ការ និងហាងរបស់ពួកគេត្រូវបានបំផ្លាញចោល ។ សត្វរបស់ពួកគេត្រូវបានគេលួចយក ។ លោកអភិបាល និងពួកចៅក្រមពុំបានជួយពួកគេឡើយ ។
ប៉ុន្តែពួកបរិសុទ្ធនៅតែមានសេចក្តីជំនឿលើព្រះ ។ ពួកគេបានដឹងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទគឺពិត ហើយពួកគេបានដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ។
អំឡុងពេលពួកគេបរិសុទ្ធត្រូវបានគេបៀតបៀននៅក្នុងរដ្ឋមិសសួរី នោះយ៉ូសែប ស្ម៊ីធបាននៅឯទីក្រុងខឺតឡង់រដ្ឋអូហៃអូ ។ ព្រះយេស៊ូវបានប្រទានវិវរណៈមួយដល់យ៉ូសែប ដោយពន្យល់អំពីមូលហេតុដែលពួកបរិសុទ្ធនៅរដ្ឋមិសសួរីកំពុងមានក្តីអំពល់ ។
ព្រះយេស៊ូវបានមានបន្ទូលថា ពួកបរិសុទ្ធមួយចំនួនពុំបានគោរពតាមបទបញ្ញត្តិទេ ។ ពួកគេគ្មានសាមគ្គីភាព ដូចជាប្រជាជនទីក្រុងស៊ីយ៉ូនត្រូវតែមាននោះទេ ។ ពួកគេមួយចំនួនបានឈ្លោះប្រកែកគ្នា ហើយនិយាយអាក្រក់ៗដាក់គ្នាទៅវិញទៅមក ។ ពួកគេមួយចំនួនមានចិត្តច្រណែន ហើយមួយចំនួនទៀតពុំចេះចែករំលែកគ្នាឡើយ ។
ទោះបីជាមានបញ្ហាទាំងនេះក្តី ក៏ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ស្រឡាញ់ពួកបរិសុទ្ធ ហើយពុំបំភ្លេចពួកគេឡើយ ។ ទ្រង់បានមានបន្ទូលថា ពួកគេគួរតែត្រូវបានលួងលោម ដោយសារសេចក្តីបរិសុទ្ធក្នុងចិត្ត នោះនឹងត្រឡប់មកវិញ ហើយស្ថាបនាទីក្រុងស៊ីយ៉ូននៅថ្ងៃណាមួយ ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកបរិសុទ្ធឲ្យរៀបចំខ្លួនសម្រាប់ពេលដែលទ្រង់យាងមកកាន់ផែនដីម្តងទៀត ។ នៅពេលទ្រង់យាងមក នោះមនុស្សនឹងស្រឡាញ់គ្នាទៅវិញទៅមក ហើយមានភាពសុខសាន្ត ។ អស់អ្នកដែលត្រូវបានគេបៀតបៀនដោយព្រោះធ្វើតាមព្រះយេស៊ូវនឹងបានទទួលពរ ។ សាតាំងនឹងគ្មានអំណាចល្បួងមនុស្សបានឡើយ ។ នឹងគ្មានសេចក្តីស្លាប់ដូចមាននៅសព្វថ្ងៃនេះឡើយ ។ មនុស្សគ្រប់រូបនឹងរីករាយ ។