ជំពូកទី ២ ការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ ឆ្នាំ ១៨២០ យ៉ូសែប ស៊្មីធ និងក្រុមគ្រួសាររបស់លោកជឿលើព្រះ ។ ពួកគេអានព្រះគម្ពីរប៊ីបជាមួយគ្នា ។ ឪពុកម្ដាយរបស់យ៉ូសែបបានបង្រៀនកូនៗរបស់ពួកគេឲ្យធ្វើល្អ ។ មានព្រះវិហារជាច្រើននៅកន្លែងដែលយ៉ូសែបបានរស់នៅ ។ មនុស្សទាំងអស់គ្នាពុំយល់ស្របឲ្យព្រះវិហារណាមួយត្រឹមត្រូវឡើយ ។ យ៉ូសែបពុំដឹងថា លោកគួរចូលរួមព្រះវិហារមួយណាទេ ។ លោកចង់ដឹងថា តើព្រះវិហារណាមួយជាសាសនាចក្រពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–១០ មានថ្ងៃមួយនោះ កាលយ៉ូសែបមានអាយុ ១៤ ឆ្នាំ លោកបានអាននៅក្នុងព្រះគម្ពីរប៊ីបថា យើងគួរតែទូលសូមដល់ព្រះ ពេលយើងចង់ដឹងអ្វីមួយ ។ យ៉ូសែបបានសម្រេចចិត្តអធិស្ឋាន ហើយទូលសូមដល់ព្រះថា តើត្រូវចូលរួមព្រះវិហារណាមួយ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៣; យ៉ាកុប ១:៥ នាថ្ងៃនាទិឃរដូវដ៏ស្រឡះមួយ យ៉ូសែបបានចូលទៅក្នុងព្រៃនៅក្បែរផ្ទះរបស់លោក ។ លោកបានលុតជង្គង់ ហើយអធិស្ឋានឮៗ ។ លោកមានជំនឿថា ព្រះវរបិតាសួគ៌នឹងឆ្លើយតបការអធិស្ឋានរបស់លោក ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៤–១៥ សាតាំងពុំចង់ឲ្យយ៉ូសែបអធិស្ឋានឡើយ ។ វាបានព្យាយាមបញ្ឈប់យ៉ូសែប ហើយធ្វើឲ្យមានភាពងងឹតនៅជុំវិញលោក ។ យ៉ូសែបខ្លាច ហើយពុំអាចនិយាយបានឡើយ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥ ប៉ុន្តែយ៉ូសែបពុំបានឈប់អធិស្ឋានទេ ។ សាតាំងពុំអាចធ្វើឲ្យលោកឈប់អធិស្ឋានឡើយ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦ ក្រោយមក យ៉ូសែបបានឃើញការនិមិត្តមួយ ។ លោកបានឃើញពន្លឺដ៏ភ្លឺចែងចាំងហ៊ុមព័ទ្ធលោក ។ លោកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគង់នៅពីលើរូបលោកនៅលើអាកាស ។ ព្រះវរបិតាសួគ៌បានចង្អុលទៅព្រះយេស៊ូវ ហើយមានបន្ទូលថា « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! » យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ យ៉ូសែបបានសួរព្រះយេស៊ូវថា តើលោកគួរចូលរួមព្រះវិហារមួយណា ។ ព្រះយេស៊ូវបានប្រាប់លោកកុំឲ្យចូលរួមព្រះវិហារណាមួយឡើយ ដោយសារព្រះវិហារទាំងនោះខុសទាំងអស់ ។ គ្មានព្រះវិហារណាមួយជារបស់ទ្រង់ឡើយ ។ ទ្រង់បានប្រាប់យ៉ូសែបនូវរឿងផ្សេងៗជាច្រើនទៀត ។ បន្ទាប់មកការនិមិត្តនោះបានបញ្ចប់ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–២០ ពេលយ៉ូសែបបានទៅផ្ទះវិញ ម្តាយរបស់លោកបានសួរថាមានរឿងអ្វីកើតឡើងចំពោះលោក ។ យ៉ូសែបបាននិយាយថា គាត់មានរឿងមួយ ។ បន្ទាប់មកលោកបានប្រាប់ម្តាយរបស់លោកថា លោកបានឃើញការនិមិត្តមួយ ។ លោកបានប្រាប់គាត់អំពីអ្វីដែលលោកបានដឹងនៅក្នុងការនិមិត្តនោះ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ យ៉ូសែបក៏បានប្រាប់មនុស្សនៅក្នុងទីក្រុងនោះអំពីការនិមិត្តរបស់លោកផងដែរ ។ មនុស្សទាំងនោះពុំបានជឿលោកឡើយ ។ ពួកគេបាននិយាយថា លោកកំពុងនិយាយកុហក ហើយពួកគេបានខឹងសម្បារ ព្រមទាំងមានចិត្តកោងកាចចំពោះលោក ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១–២៣ យ៉ូសែបបានប្រាប់សេចក្តីពិតអំពីការនិមិត្តរបស់លោកជានិច្ច ។ លោកបានដឹងថា លោកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ លោកបានដឹងថា គ្មានព្រះវិហារពិតនៅលើផែនដីនេះឡើយ ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៤–២៦