ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ១៦ ៖ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន រៀន​អំពី​ស៊ីយ៉ូន ៖ ឆ្នាំ ១៨៣០


ជំពូកទី ១៦

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន រៀន​អំពី​ស៊ីយ៉ូន

ឆ្នាំ ១៨៣០

ពួកអ្នកផ្សព្វផ្សាយ​សាសនា​ជួប​នឹង​ស៊ីឌនី រិកដុន

អំឡុងពេល អូលីវើរ ខៅឌើរី និង​មិត្តភក្តិ​របស់​លោក​បម្រើ​បេសកកម្ម ពួកគេ​បាន​ឈប់​នៅ​ក្បែរ​ទីក្រុង​ខឺត​ឡង់ រដ្ឋ​អូហៃអូ ។ ពួកគេ​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីឌនី រិកដុន ដែល​ជា​អ្នក​ដឹកនាំ​ព្រះវិហារ​មួយ​ផ្សេង​ទៀត ។

ពួកអ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ស៊ីឌនី រិកដុន

ពួកអ្នកផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ​ស៊ីឌនី រិកដុន​មួយ​ក្បាល ហើយ​បាន​បង្រៀន​គាត់​អំពី​ដំណឹង​ល្អ ។ ស៊ីឌនី​បាន​អាន​ព្រះគម្ពីរ​មរមន ហើយបាន​អធិស្ឋាន​អំពី​វា ។ ព្រះវរបិតាសួគ៌​បាន​ប្រាប់​គាត់​ថា ដំណឹង​ល្អ​នេះ​គឺ​ពិត ហើយ​ស៊ីឌនី រិកដុន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ស៊ីឌនី រិកដុន​ណែនាំ​ពួកអ្នកផ្សព្វផ្សាយ​សាសនា

ស៊ីឌនី រិកដុន​បាន​ប្រាប់​សមាជិក​នៃ​ព្រះវិហារ​គាត់​ឲ្យ​ស្តាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ពួកគេ​ជាច្រើន​នាក់​បាន​ស្តាប់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​មាន​មនុស្ស ១០០០ នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ទីក្រុង ខឺត​ឡង់ ។

ពួកបុរស​ចូល​ទៅ​ក្នុង​ទឹក

ស៊ីឌនី រិកដុន​ចង់​ជួប​យ៉ូសែប ស៊្មីធ ដូច្នេះ​គាត់​បាន​ទៅ​ទីក្រុង នូវ យ៉ោក ។ បន្ទាប់​ពី​ស៊ីឌនី​បាន​ទៅ​ដល់​ទី​នោះ យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​សម្រាប់​លោក ។ នៅក្នុង​វិវរណៈ​នោះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ស៊ីឌនី រិកដុន នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ជាច្រើន ។ គាត់​នឹង​បង្រៀន​ដំណឹង​ល្អ​ដល់​មនុស្ស​ជាច្រើន ។ គាត់​នឹង​ធ្វើ​បុណ្យ​ជ្រមុជទឹក ហើយ​ផ្តល់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ ។

ពួកបុរស​ពី​ជំនាន់​បុរាណ

ព្រះយេស៊ូវ​ក៏​បាន​ប្រាប់​យ៉ូសែប និង​ស៊ីឌនី​ថា ផ្នែក​មួយ​ចំនួន​នៃ​ព្រះគម្ពីរ​ប៊ីប​ត្រូវបាន​ផ្លាស់ប្តូរ​កាល​ពី​យូរយារ​ណាស់​មក​ហើយ ។ ផ្នែក​សំខាន់ៗ​ផ្សេង​ទៀត​ត្រូវបាន​ដក​យក​ចេញ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បើកសម្តែង​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ នូវ​ផ្នែក​នៃ​ព្រះគម្ពីរ​ប៊ីប​ដែល​គួរតែ​ត្រឹមត្រូវ ។ ស៊ីឌនី​ត្រូវ​កត់ត្រា​នូវ​ការកែ​តម្រូវ​នោះ ពេល​យ៉ូសែប​បាន​និយាយ​វា ។

ព្យាការី​ហេណុក​ជាមួយ​ប្រជាជន​លោក

រឿង​មួយ​ដែល​ពុំមាន​ពេញលេញ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​នោះគឺ​រឿង​អំពី​ហេណុក លោក​គឺ​ជា​ព្យាការី​ដ៏​អស្ចារ្យ​មួយ​រូប ។ ប្រជាជន​របស់​លោក​សុចរិត​ជា​ខ្លាំង រហូត​ដល់​ព្រះអម្ចាស់​បាន​ហៅ​ពួកគេ​ថា ស៊ីយ៉ូន ។ ប្រជាជន​ហេណុក​ក៏​បាន​សាងសង់​ទីក្រុង​មួយ​ឈ្មោះ​ស៊ីយ៉ូន​ផងដែរ ។ នៅ​ទីក្រុង​ស៊ីយ៉ូន ប្រជាជន​ស្រឡាញ់​គ្នា ហើយ​មើល​ថែ​គ្នា​ទៅវិញ​ទៅមក ។ គ្មាន​នរណា​ក្រ ឬ​មិន​សប្បាយ​ចិត្ត​ឡើយ ។

ព្រះយេស៊ូវ​កំពុង​គង់​នៅ​ទីក្រុង​ស៊ីយ៉ូន

មនុស្ស​គ្រប់​រូប​នៅ​ទីក្រុង​ស៊ីយ៉ូន​បាន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ ។ ប្រជាជន​សុចរិត​យ៉ាង​ខ្លាំង​រហូត​ដល់​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​ពួកគេ ។ បន្ទាប់​មក ទ្រង់​បាន​យក​ប្រជាជន​ទីក្រុង​ស៊ីយ៉ូន​ទៅ​ស្ថានសួគ៌​ដើម្បី​រស់នៅ​ជាមួយ​ទ្រង់ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ទីក្រុង​ស៊ីយ៉ូន

ព្រះយេស៊ូវ​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ​ថា ពួកបរិសុទ្ធ​គួរតែ​សាងសង់​ទីក្រុង​មួយ​ផ្សេង​ទៀត​ដាក់​ឈ្មោះ​ថា ស៊ីយ៉ូន ។ ទីក្រុង​នោះ​នឹង​មាន​ភាពស្រស់​ស្អាត ។ គ្មាន​មនុស្ស​អាក្រក់​នឹង​រស់នៅ​ទីនោះ​ឡើយ ។ អស់​អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង​នោះ នឹង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​មាន​ចិត្ត​សប្បាយ​រីករាយ ។ ព្រះយេស៊ូវ​បានមាន​បន្ទូល​ថា ទ្រង់​នឹង​យាង​មក ហើយ​រស់នៅ​ជាមួយ​ពួកគេ ។