ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៦ ៖ យ៉ូសែប និង អូលីវើរ​ទទួល​បព្វជិតភាព ៖ ខែ ឧសភា ឆ្នាំ ១៨២៩


ជំពូកទី ៦

យ៉ូសែប និង អូលីវើរ​ទទួល​បព្វជិតភាព

ខែ ឧសភា ឆ្នាំ ១៨២៩

យ៉ូសែប​បង្គាប់​អូលីវើរ

យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​កំពុង​បកប្រែព្រះគម្ពីរ​មរមន ។ ពួកលោក​បាន​អាន​អំពី​បុណ្យ​ជ្រមុជទឹក ហើយ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​រឿង​នេះ ។

យ៉ូសែប និង អូលីវើរ​អធិស្ឋាន

យ៉ូសែប និង អូលីវើរ​បាន​សម្រេច​ចិត្ត​ទូល​សូម​ដល់​ព្រះ ។ ពួកលោក​មាន​សេចក្តីជំនឿ​ថា ទ្រង់​នឹង​ជួយ​ពួកលោក​ឲ្យ​រៀន​សេចក្តីពិត ។ នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ ពួកលោក​បាន​ចូល​ទៅក្នុង​ព្រៃ ហើយ​អធិស្ឋាន ។

យ៉ូហាន បាទីស្ទ បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប ស៊្មីធ និង អូលីវើរ ឃើញ ។

ពួក​ទូត​ស្ថានសួគ៌​បាន​មក​ជួប​យ៉ូសែប និង អូលីវើរ ។ ទូត​នោះ​ឈ្មោះ​យ៉ូហាន បាទីស្ទ ដែល​បាន​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ​កាល​ពី​យូរយារ​ណាស់​មក​ហើយ ។ មាន​ពន្លឺ​ភ្លឺ​ចែងចាំង​នៅ​ហ៊ុម​ព័ទ្ធ​នៅ​ជុំវិញ​លោក ។

យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន

យ៉ូហាន បាទីស្ទ បាន​មក​ដើម្បី​ប្រគល់​បព្វជិតភាព​អើរ៉ុន​ឲ្យ​ដល់​យ៉ូសែប និង អូលីវើរ ។ បព្វជិតភាព​គឺ​ជា​អំណាច​របស់​ព្រះ ។ បព្វជិតភាព​អើរ៉ុន​រួមមាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​មនុស្ស ។

យ៉ូសែប​ជ្រមុជ​ទឹក​ឲ្យ​អូលីវើរ

យ៉ូហាន បាទីស្ទ​បាន​ប្រាប់​យ៉ូសែប និង អូលីវើរ​ឲ្យ​ជ្រមុជទឹក​គ្នា​ទៅ​វិញ​ទៅ​មក ។ យ៉ូសែប​បានជ្រមុជទឹក​អូលើវើរ ហើយ​បន្ទាប់​មក​អូលីវើរ​បាន​ជ្រមុជ​ទឹក​យ៉ូសែប​វិញ ។ ពួកលោក​បាន​លិច​កប់​ចូល​ទៅ​ក្នុង​ទឹក ពេល​ពួកលោក​បាន​ជ្រមុជ​ទឹក ។

យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ថ្វាយ​ព្រះយេស៊ូវ

ជា​យូរយារ​ណាស់​មក​ហើយ យ៉ូហាន បាទីស្ទ​បាន​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ​តាម​របៀប​ដូចគ្នា​នេះ​ផងដែរ ។ ព្រះយេស៊ូវ​បាន​មុជ​ចូល​ទៅ​ក្នុង​ទឹក នៅ​ពេល​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

យ៉ូសែប និង អូលីវើរ

យ៉ូសែប និង អូលីវើរ បាន​ពោរ​ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់​ពី​ពួកលោក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ពួកលោក​ថា សាសនាចក្រ​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​មាន​នៅលើ​ផែនដី​ម្តង​ទៀត​ក្នុង​ពេល​ដ៏​ឆាប់ ។

យ៉ូសែប និង​អូលីវើរ​ជាមួយ​មនុស្ស​ដទៃ​ទៀត

យ៉ូសែប និង អូលីវើរ បាន​ប្រាប់​មិត្តភក្តិ​ល្អៗ​របស់​ពួកលោក​ថា ពួកលោក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ ។ ពួកលោក​ក៏​បាន​ប្រាប់​ពួកគេ​អំពី​បព្វជិតភាព​ផងដែរ ។ ប៉ុន្តែ យ៉ូសែប និង អូលីវើរ​ពុំ​បាន​ប្រាប់​មនុស្ស​ដទៃ​ទៀត​ភ្លាមៗ​នោះ​ទេ ។ ពួកលោក​បាន​ដឹង​ថា មនុស្ស​មួយ​ចំនួន​នឹង​ពុំ​ជឿ​ពួកលោក ហើយ​នឹង​ធ្វើ​ទុក្ខ​ដល់​ពួកលោក ។

ពេត្រុស យ៉ាកុប និង​យ៉ូហាន​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក

ក្រោយ​មក​ទៀត សារទូត​ស្ថានសួគ៌​បី​រូប​ផ្សេង​ទៀត​បាន​មក ។ ពួកលោក​គឺ ពេត្រុស យ៉ាកុប និង យ៉ូហាន ដែល​ជា​សាវក​ដំបូង​បី​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុស យ៉ាកុប និង​យ៉ូហាន​បាន​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក​ឲ្យ​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ នេះ​ក៏​ត្រូវ​បាន​ហៅ​ថា​ជា​បព្វជិតភាព « ដ៏​ធំ​ជាង » ផងដែរ ។

ការប្រសិទ្ធពរ​បព្វជិតភាព

នៅពេល​ដែល​បព្វជិតភាព​ត្រូវ​បាន​ស្តារ​ឡើង​វិញ បុរស​សុចរិត​អាច​ត្រូវបាន​ប្រគល់​សិទ្ធិ​អំណាច​នេះ​ដើម្បី​ជួយ​ធ្វើ​កិច្ចការ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។ ពួកបុរស​ដែល​មាន​បព្វជិតភាព​មិលគីស្សាដែក​អាច​ធ្វើ​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន ។ ពួកលោក​អាច​ផ្តល់​ការប្រសិទ្ធពរ​ដល់​មនុស្ស ។ ពួកលោក​ក៏​អាច​ផ្តល់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។ ការស្តារ​ឡើ​ងវិញ​នៃ​បព្វជិតភាព​គឺ​ជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ ។