ជំពូកទី ៦៥ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទសព្វថ្ងៃនេះ អស់ជាច្រើនឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីសាសនាចក្របានចាប់ផ្តើមនៅហ្វាយ៉េត ទីក្រុងនូវ យ៉ោក ។ សាសនាចក្របានរីកចម្រើនយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំនោះ ។ នៅក្នុងឆ្នាំ ១៨៣០ សាសនាចក្របានចាប់ផ្តើមជាមួយសមាជិកតែប្រាំមួយនាក់ប៉ុណ្ណោះ ។ ចាប់តាំងពីឆ្នាំ ១៨៣០ មក ពួកអ្នកផ្សព្វផ្សាយសាសនាបានចេញទៅទូទាំងពិភពលោកដើម្បីបង្រៀនដំណឹងល្អ ។ មនុស្សបានស្តាប់ពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានចូលជាសមាជិកសាសនាចក្រ ។ សព្វថ្ងៃនេះ មានសមាជិករាប់លាននាក់រស់នៅទូទាំងពិភពលោក ។ ពួកគេនិយាយភាសាជាច្រើន ។ ទោះបីជាសមាជិករស់នៅទីកន្លែងផ្សេងៗគ្នាក្តី ព្រះវិហារគឺដូចគ្នា ។ មនុស្សមានចិត្តរីករាយដើម្បីធ្វើជាសមាជិកសាសនាចក្រ ។ ពួកព្យាការីដែលនៅរស់បន្តដឹកនាំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពួកលោកទទួលវិវរណៈពីព្រះយេស៊ូវ ។ នៅពេលសមាជិកសាសនាចក្រធ្វើតាមព្យាការី នោះពួកគេនឹងក្លាយជាមនុស្សកាន់តែប្រសើរឡើង និងកាន់តែសប្បាយរីករាយ ។ ពួកគេមានផ្ទះ និងក្រុមគ្រួសារដ៏រឹងមាំជាងមុន ។ ពួកគេចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ ពួកគេជួយអ្នកជិតខាងរបស់ខ្លួន និងមនុស្សដទៃទៀតដែលខ្វះខាត ។ សមាជិកសាសនាចក្រក៏ធ្វើតាមពួកព្យាការី ផងដែរ តាមរយៈការទៅព្រះវិហារបរិសុទ្ធ ។ សាសនាចក្របានសាងសង់ព្រះវិហារបរិសុទ្ធនៅទូទាំងពិភពលោក ។ សមាជិកទៅព្រះវិហារបរិសុទ្ធដើម្បីរៀនរបៀបឲ្យខ្លួនអាចក្លាយកាន់តែដូចជាព្រះយេស៊ូវ ។ ពួកគេទទួលពិធីបរិសុទ្ធពិសិដ្ឋ និងចុះសេចក្តីសញ្ញាជាមួយនឹងព្រះ ។ ព្រះវិហារបរិសុទ្ធគឺជាកន្លែងតែមួយគត់ដែលសមាជិកអាចរៀបអាពាហ៍ពិពាហ៍សម្រាប់ពេលនេះ និងអស់កល្បជានិច្ច ។ យើងទទួលពរតាមរបៀបជាច្រើន តាមរយៈការធ្វើជាសមាសជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ។ យើងគួរតែមានអំណរគុណចំពោះពរជ័យទាំងនេះ ។ យើងអាចបង្ហាញអំណរគុណរបស់យើង តាមរយៈការគោរពតាមបទបញ្ញត្តិរបស់ព្រះ និងបម្រើមនុស្សដទៃ ។