សេចក្ដីផ្ដើម ពីមុនព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា យើងបានរស់នៅជាមួយព្រះវរបិតាសួគ៌ពីមុនយើងមកកាន់ផែនដី ។ យើងគ្មានរូបរាងកាយជាសាច់ឈាម និងឆ្អឹងដូចយើងមានក្នុងពេលឥឡូវនេះឡើយ ។ យើងគឺជាវិញ្ញាណ ។ ព្រះវរបិតាសួគ៌របស់យើងបានបង្កើតផែនការមួយដើម្បីឲ្យយើងទទួលបានរូបកាយ និងប្រែក្លាយឲ្យកាន់តែដូចទ្រង់ ។ ផែនការនេះហៅថា ផែនការនៃសេចក្តីសង្គ្រោះ ។ ផែនការនេះបានតម្រូវឲ្យយើងចាកចេញពីទ្រង់មួយរយៈសិន ហើយមកកាន់ផែនដី ។ ប្រសិនបើយើងធ្វើតាមផែនការនេះ នោះយើងនឹងត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។ ព្រះយេស៊ូវបានគង់នៅជាមួយយើងនៅស្ថានសួគ៌ ។ ទ្រង់មានព្រះទ័យធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវមានបន្ទូលថា ទ្រង់នឹងយាងមកផែនដីដើម្បីធ្វើឲ្យយើងអាចត្រឡប់ទៅកាន់ស្ថានសួគ៌វិញ ។ សាតាំងក៏បាននៅជាមួយយើងនៅស្ថានសួគ៌ផងដែរ ។ វាពុំបានធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ឡើយ ដូច្នេះព្រះវរបិតាសួគ៌បានបណ្តេញវាចេញ ។ សាតាំងចង់បំផ្លាញផែនការនៃសេចក្តីសង្គ្រោះ ។ ព្រះយេស៊ូវបានបង្កើតផែនដីសម្រាប់ឲ្យបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌រស់នៅ ។ ព្រះយេស៊ូវបានបញ្ជូនពួកព្យាការីដើម្បីបង្រៀនមនុស្សឲ្យក្លាយជាមនុស្សល្អ ។ មនុស្សមួយចំនួនបានគោរពតាមព្យាការី ។ មនុស្សផ្សេងទៀតបានធ្វើតាមសាតាំង ហើយក្លាយជាមនុស្សទុច្ចរិត ។ ព្រះគម្ពីរសញ្ញាចាស់ប្រាប់អំពីមនុស្សដែលបានរស់នៅពីមុនព្រះយេស៊ូវប្រសូត ។ ពួកព្យាការីបានបង្រៀនមនុស្សទាំងនេះថា ព្រះយេស៊ូវនឹងយាងមកផែនដី ដើម្បីធ្វើឲ្យយើងអាចជ្រះស្អាតពីអំពើបាប និងឈ្នះលើសេចក្តីស្លាប់ ។ ព្រះគម្ពីរមរមនប្រាប់អំពីមនុស្សផ្សេងទៀតដែលបានរស់នៅយូរយារណាស់មកហើយ ។ មនុស្សទាំងនេះចេញមកពីទីក្រុងយេរូសាឡិមទៅកាន់ទ្វីបអាមេរិក ។ ពួកព្យាការីក៏បានបង្រៀនប្រជាជនទាំងនេះអំពីព្រះយេស៊ូវផងដែរ ។ ទ្រង់បានយាងទៅជួបពួកគេ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ព្រះគម្ពីរសញ្ញាថ្មីប្រាប់អំពីជីវប្រវត្តិរបស់ព្រះយេស៊ូវនៅលើផែនដី ។ ព្រះគម្ពីរនេះប្រាប់អំពីការប្រសូត ការបង្រៀន និងការសុគត ព្រមទាំងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ព្រះយេស៊ូវបានបង្រៀនដំណឹងល្អដល់ប្រជាជនរបស់ទ្រង់ ។ ទ្រង់បានបង្រៀនពួកគេឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវបានជ្រើសរើសបុរសចំនួនដប់ពីរនាក់ដើម្បីធ្វើជាសាវក ហើយបានប្រទានបព្វជិតភាពដល់ពួកលោក ។ ទ្រង់បានចាប់ផ្តើមសាសនាចក្ររបស់ទ្រង់ ។ មនុស្សជាច្រើនបានស្រឡាញ់ព្រះយេស៊ូវ ។ ពួកគេជាមនុស្សសុចរិត ហើយបានគោរពតាមការបង្រៀនរបស់ទ្រង់ ។ សាតាំងពុំចង់ឲ្យមនុស្សធ្វើតាមព្រះយេស៊ូវឡើយ ។ វាបានល្បួងមនុស្សឲ្យស្អប់ព្រះយេស៊ូវ ហើយពួកគេមួយចំនួនបានដំដែកគោលទ្រង់ទៅលើឈើឆ្កាង ហើយធ្វើគុតទ្រង់ ។ បីថ្ងៃបន្ទាប់ពីព្រះយេស៊ូវសុគត នោះទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ទ្រង់បានមានព្រះជន្មរស់ឡើងវិញម្តងទៀត ! ទ្រង់បានមានព្រះបន្ទូលជាមួយសាវកទ្រង់ ហើយបានមានបន្ទូលទៅពួកគេឲ្យបង្រៀនដំណឹងល្អដល់មនុស្សទាំងអស់ ។ ព្រះយេស៊ូវក៏បានយាងទៅជួបពួកមនុស្សសុចរិតនៅទ្វីបអាមេរិកផងដែរ ។ បន្ទាប់មក ទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌ទៅគង់នៅជាមួយព្រះវរបិតារបស់ទ្រង់វិញ ។ ពួកសាវកគឺជាថ្នាក់ដឹកនាំរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកលោកបានទៅកាន់ដែនដីជាច្រើន ហើយបានបង្រៀនមនុស្សអំពីព្រះយេស៊ូវ ។ មនុស្សជាច្រើនបានជឿលើទ្រង់ ហើយបានទទួលបុណ្យជ្រមុជទឹក ។ ពួកសាវកបានប្រគល់បព្វជិតភាពដល់ពួកបុរសសុចរិត ។ សាសនាចក្រមានសមាជិកជាច្រើននាក់ ។ សាតាំងចង់បំផ្លាញសាសនាចក្រ ។ វាបានល្បួងមនុស្សឲ្យឈប់ជឿលើព្រះយេស៊ូវ ។ ពួកសាវក និងសមាជិកជាច្រើននាក់ទៀតនៃសាសនាចក្រត្រូវបានគេសម្លាប់ ។ មិនយូរប៉ុន្មានក្រោយមក គ្មានថ្នាក់ដឹកនាំដើម្បីដឹកនាំសាសនាចក្រទៀតឡើយ ។ ព្រះវរបិតាសួគ៌បានដកយកបព្វជិតភាពចេញពីផែនដីវិញ ។ សាសនាចក្រដែលព្រះយេស៊ូវគ្រីស្ទបានចាប់ផ្តើមនោះត្រូវបានបាត់បង់ ។ មនុស្សបានចាប់ផ្តើមសាសនាចក្រជាច្រើនដោយខ្លួនពួកគេផ្ទាល់ ។ ពួកគេបានផ្លាស់ប្តូរការបង្រៀនជាច្រើនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេក៏បានផ្លាស់ប្តូរបទបញ្ញត្តិមួយចំនួនផងដែរ ។ រាប់រយឆ្នាំបានកន្លងផុតទៅ ។ មានព្រះវិហារជាច្រើននៅលើផែនដី ប៉ុន្តែគ្មានព្រះវិហារណាមួយរបស់ពួកគេជាព្រះវិហារពិតរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។ សមាជិកនៃព្រះវិហារទាំងនេះបានជឿលើព្រះយេស៊ូវ ប៉ុន្តែព្រះវិហារទាំងនេះគ្មានដំណឹងល្អពិតទេ ។ ពួកគេគ្មានសិទ្ធិអំណាចបព្វជិតភាព ។ ពួកគេគ្មានពួកព្យាការី ឬសាវកឡើយ ។ ព្រះយេស៊ូវមានបន្ទូលថា ទ្រង់នឹងយាងមកផែនដីម្តងទៀត ។ ប៉ុន្តែសាសនាចក្ររបស់ទ្រង់ត្រូវតែស្តារឡើងវិញជាមុនសិន ។ បព្វជិតភាពក៏ត្រូវបានស្តារឡើងវិញផងដែរ ។ ពរជ័យទាំងនេះត្រូវបានស្តារឡើងវិញតាមរយៈព្យាការីយ៉ូសែប ស៊្មីធ ។ ព្រះវរបិតាសួគ៌បានហៅពួកព្យាការី និងពួកសាវកម្តងទៀតឲ្យដឹកនាំសាសនាចក្រនៅជំនាន់របស់យើងនេះ ។ ព្រះយេស៊ូវប្រទានវិវរណៈដល់ពួកព្យាការី និងពួកសាវក ឲ្យប្រាប់ដល់យើងនូវអ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងដឹង និងធ្វើ ។ ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះគម្ពីរមួយនៃវិវរណៈមកពីព្រះយេស៊ូវ ។ ភាគច្រើននៃវិវរណៈទាំងនេះត្រូវបានប្រទានដល់ព្យាការីយ៉ូសែប ស្ម៊ីធ ។ នៅក្នុងវិវរណៈទាំងនេះ ព្រះយេស៊ូវប្រទានការណែនាំដល់សមាជិកសាសនាចក្រទ្រង់ ហើយបង្រៀនគោលលទ្ធិនានានៃដំណឹងល្អរបស់ទ្រង់ ។ ព្រះគម្ពីរដែលអ្នកកំពុងអាននេះប្រាប់អំពីវិវរណៈមួយចំនួននៅក្នុងព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ។ គម្ពីរនេះក៏ប្រាប់អំពីដំណើររឿងមួយចំនួនអំពីការស្តារឡើងវិញ និងប្រវត្តិរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ ។