ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ១ ៖ យ៉ូសែប ស៊្មីធ និង​ក្រុមគ្រួសារ​របស់​លោក ៖ ឆ្នាំ ១៨០៥–១៨២០


ជំពូក​ទី ១

យ៉ូសែប ស៊្មីធ និង​ក្រុមគ្រួសារ​របស់​លោក

ឆ្នាំ ១៨០៥–១៨២០

យ៉ូសែប ស្ម៊ីធ​កាល​ពី​នៅក្មេង

យ៉ូសែប ស្ម៊ីធ​បានកើត​នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៨០៥ ។ ក្រុមគ្រួសារ​របស់​លោក​បាន​រស់នៅ​រដ្ឋ​វ័រម៉ន្ត ក្នុង​សហរដ្ឋ​អាមេរិក ។ ឪពុក​របស់ យ៉ូសែប ស៊្មីធ ក៏​មាន​ឈ្មោះ​ថា យ៉ូសែប​ផងដែរ ។ ម្តាយ​របស់​លោក​មាន​ឈ្មោះ​ថា លូស៊ី ។

យ៉ូសែប ស៊្មីធ និង​បងប្អូន​បង្កើត​របស់​លោក

យ៉ូសែប​មាន​បងប្អូន​ប្រុស​ប្រាំ​នាក់ និង​បងប្អូន​ស្រី​បី​នាក់ ។

គ្រួសារ​យ៉ូសែប ស្ម៊ីធ​កំពុង​ធ្វើការ

ម្តាយ និង​ឪពុក​របស់​យ៉ូសែប​គឺ​ជា​មនុស្ស​ល្អ ។ ពួកគេ​ស្រឡាញ់​កូនៗ​របស់​ខ្លួន ហើយ​បាន​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​ថែទាំ​ពួកគេ ។

យ៉ូសែប​នៅ​លើ​គ្រែ

កាល​យ៉ូសែប​នៅ​ក្មេង លោក​មាន​ដំបៅ​ដ៏​អាក្រក់​មួយ​នៅ​លើ​ជើង​របស់​លោក ។ ពួកវេជ្ជបណ្ឌិត​បាន​ព្យាយាម​ព្យាបាល​ជើង​របស់​លោក​ឲ្យ​បាន​ធូរស្រាល​ឡើង ប៉ុន្តែ​ពួកគេ​ពុំ​អាច​ធ្វើ​បាន​សោះ ។

ហៃរ៉ុម​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​យ៉ូសែប

ហៃរ៉ុម ស៊្មីធ គឺ​ជា​បងប្រុស​ម្នាក់​របស់​យ៉ូសែប ។ គាត់​ស្រឡាញ់​យ៉ូសែប ហើយ​ពិបាក​ចិត្ត​ដោយសារ​តែ​ជើង​របស់​យ៉ូសែប​ឈឺ​ជា​ខ្លាំង ។ គាត់​បាន​អង្គុយ​ក្បែរ​គ្រែ​របស់​យ៉ូសែប ហើយ​បាន​ព្យាយាម​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ឡើង ។

លូស៊ី ម៉ាក ស្ម៊ីធ ជាមួយ​យ៉ូសែប

ពួកវេជ្ជបណ្ឌិត​ចង់​កាត់​ជើង​របស់​យ៉ូសែប​ចេញ ប៉ុន្តែ​ម្តាយ​របស់​លោក​ពុំ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​បែប​នោះ​ឡើយ ។ ម៉្លោះហើយ ពួកវេជ្ជបណ្ឌិត​បាន​សម្រេច​ចិត្ត​ថា កាត់​ផ្នែក​ខ្លះ​នៃ​ឆ្អឹង​នោះ​ចោល ។ យ៉ូសែប​បាន​ដឹង​ថា ជើង​របស់​លោក​នឹង​ឈឺ​នៅពេល​ពួកវេជ្ជបណ្ឌិត​វះកាត់​វា តែ​លោក​មាន​សេចក្តីជំនឿ​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​លោក ។

យ៉ូសែប និង​ម្តាយ​របស់​លោក

ពួកវេជ្ជបណ្ឌិត​បាន​សូម​ឲ្យ​យ៉ូសែប​ផឹក​ស្រា​ទំពាំង​បាយជូរ​ខ្លះ ដើម្បី​កុំ​ឲ្យ​វា​ឈឺ​ខ្លាំង​ពេក ។ យ៉ូសែប​ពុំ​ព្រម​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​នោះ​ឡើយ ។ យ៉ូសែប​បាន​សូម​ឲ្យ​ម្តាយ​លោក​ចេញ​ទៅ​ក្រៅ​ដោយសារ​លោក​ពុំ​ចង់​ឲ្យ​គាត់​ឃើញ​វេជ្ជបណ្ឌិត​វះកាត់​ជើង​របស់​លោក​ឡើយ ។

ពួកវេជ្ជបណ្ឌិត​កំពុង​វះកាត់​ជើង​របស់​យ៉ូសែប

យ៉ូសែប​បាន​សូម​ឲ្យ​ឪពុក​លោក​ឱប​លោក ខណៈ​ដែល​ពួក​វេជ្ជបណ្ឌិត​វះកាត់​ជើង​របស់​លោក ។ ពួកគេ​បាន​កាត់​ចំណែក​ឆ្អឹង​ដែល​ខូច​ចោល ។ ការណ៍​នេះ​ធ្វើ​ឲ្យ​យ៉ូសែប​ឈឺចាប់​ខ្លាំង​ណាស់ ប៉ុន្តែ​លោក​ក៏​ក្លាហាន​ណាស់​ដែរ ។ ជាច្រើន​ថ្ងៃ​ក្រោយ​មក ជើង​របស់​លោក​បាន​ធូរស្រាល ។

បន្ទប់​ធ្វើ​ពី​ឈើ

ពេល​យ៉ូសែប​ធំ​ឡើង គ្រួសារ​របស់​លោក​បាន​ប្តូរ​ទៅ​រស់នៅ​រដ្ឋ នូវ យ៉ោក ។ ពួកគេ​បាន​រស់នៅ​ក្នុង​ផ្ទះ​ធ្វើ​អំពី​ឈើ​មួយ​នៅលើ​កសិដ្ឋាន​មួយ​ក្បែរ​ភូមិ​ប៉ាលម៉ៃរ៉ា ។

លូស៊ី ម៉ាក ស្ម៊ីធ កំពុង​បោក​សម្លៀកបំពាក់

គ្រួសារ​របស់​យ៉ូសែប​ជា​អ្នក​ក្រីក្រ ។ ពួកគេ​បាន​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បង់​ថ្លៃ​ទិញ​ចម្ការ ។ ពួក​កូនប្រុស​បាន​ជួយ​ឪពុក​របស់​ពួកគេ​ដាំ​ដំណាំ និង​មើលថែ​ទាំ​សត្វ ។ ពួកកូន​ស្រីៗ​បាន​ធ្វើការ​ជាមួយ​ម្តាយ​របស់​ពួកគេ ។

យ៉ូសែប​កំពុង​លេង​ល្បែង​ទាញ​ឈើ​ជាមួយ​បងប្អូន​ប្រុស

យ៉ូសែប​គឺ​ជា​ក្មេង​ល្អ ។ លោក​សប្បាយ​ចិត្ត ហើយ​ចូលចិត្ត​សើច និង​លេង​សប្បាយ ។