ជំពូកទី ២៨ ព្យាការីយ៉ូសែបទៅរដ្ឋមិសសួរីម្តងទៀត ខែ មីនា–ខែ ឧសភា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយដែលព្រះយេស៊ូវបានមានបន្ទូលថា ពួកបរិសុទ្ធគឺដូចជាកូនក្មេងតូចៗរបស់ទ្រង់ ។ ពួកគេនៅរៀនសូត្រនៅឡើយ ។ ព្រះយេស៊ូវបានមានបន្ទូលថា ពួកគេគួរតែរីករាយ និងមានអំណរគុណ ។ ទ្រង់នឹងធ្វើជាអ្នកដឹកនាំពួកគេ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧–១៨ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ចង់ឲ្យពួកបរិសុទ្ធមើលថែដល់អ្នកទ័លក្រ ។ ទ្រង់ចង់ឲ្យពួកគេចែករំលែកទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:៣–៦ មិនយូរប៉ុន្មានបន្ទាប់ពី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ នោះលោក និងមិត្តភក្តិមួយចំនួនរបស់លោកបានទៅរដ្ឋមិសសួរីម្តងទៀត ។ ពួកបរិសុទ្ធនៅរដ្ឋមិសសួរីបានមានចិត្តរីករាយដែលបានឃើញលោក ។ យ៉ូសែបសូមឲ្យពួកបរិសុទ្ធមកការប្រជុំ ដើម្បីលោកអាចប្រាប់ពួកគេអំពីវិវរណៈនោះ ។ នៅឯការប្រជុំនោះព្រះអម្ចាស់បានប្រទានវិវរណៈមួយទៀតដល់យ៉ូសែប ។ ព្រះយេស៊ូវសព្វព្រះទ័យដែលពួកបរិសុទ្ធបានអភ័យទោសគ្នាទៅវិញទៅមក ។ ដោយសារពួកគេបានធ្វើកិច្ចការនេះ នោះទ្រង់មានបន្ទូលថា ទ្រង់នឹងអភ័យទោសពួកគេ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១ នៅក្នុងវិវរណៈនេះព្រះយេស៊ូវបានប្រទានបទបញ្ញត្តិថ្មីមួយដល់ពួកបរិសុទ្ធ ។ ទ្រង់បានមានបន្ទូលថា ទ្រង់បានប្រទានដីនៃទីក្រុងស៊ីយ៉ូន ហើយពួកគេត្រូវតែចែករំលែកដីនោះជាមួយគ្នា ។ មនុស្សគ្រប់រូបគួរតែមានអ្វីដែលគាត់ត្រូវការ ។ ព្រះអម្ចាស់ក៏បានត្រាស់បង្គាប់ឲ្យពួកបរិសុទ្ធអភិវឌ្ឍទេពកោសល្យរបស់ពួកគេ ហើយប្រើប្រាស់ទេពកោសល្យនោះដើម្បីធ្វើជាប្រយោជន៍ដល់សាសនាចក្រ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១៧–២០ បន្ទាប់ពីការប្រជុំនោះ យ៉ូសែបបានទៅសួរសុខទុក្ខពួកបរិសុទ្ធនៅក្នុងទីក្រុងជាច្រើន ។ វាគឺជាគ្រាដ៏រីករាយសម្រាប់លោក ។ លោកស្រឡាញ់ពួកបរិសុទ្ធ ។ នៅក្នុងវិវរណៈមួយទៀតដែលយ៉ូសែបបានទទួលអំឡុងពេលលោកនៅរដ្ឋមិសសួរី ព្រះអម្ចាស់បានមានបន្ទូលថា ស្វាមីគួរតែមើលថែភរិយារបស់ពួកគេ ។ ឪពុកម្តាយគួរតែមើលថែកូនៗរបស់ពួកគេ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣:២, ៤ ព្រះអម្ចាស់ក៏បានមានបន្ទូលផងដែរថា ពួកបរិសុទ្ធគួរតែមើលថែដល់ស្ត្រីដែលគ្មានស្វាមី ។ ពួកបរិសុទ្ធក៏គួរតែមើលថែក្មេងៗដែលគ្មានឪពុក ឬម្តាយផងដែរ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣:៦ ព្រះយេស៊ូវបានមានបន្ទូលថា ពួកបរិសុទ្ធគួរតែផ្តល់អាហារ និងវត្ថុផ្សេងទៀតដល់ប៊ីស្សពដើម្បីដាក់ក្នុងឃ្លាំង ។ ទ្រង់បានមានបន្ទូលថា ប៊ីស្សពគួរតែប្រើប្រាស់នូវរបស់របរដែលមាននៅក្នុងឃ្លាំង ដើម្បីជួយអស់អ្នកដែលក្រីក្រ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣:៦ បន្ទាប់ពី យ៉ូសែប ស៊្មីធ បានបំពេញកិច្ចការរបស់លោកនៅក្នុងរដ្ឋមិសសួរីហើយ នោះលោក និងប៊ីស្សព វិតនី បានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅទីក្រុងខឺតឡង់វិញ ។ ពួកលោកបានជិះរទេះសេះមួយ ។ នៅថ្ងៃមួយមានអ្វីមួយបានធ្វើឲ្យសេះភ័យ ហើយបានធ្វើឲ្យវារត់យ៉ាងលឿន ។ យ៉ូសែបបានលោតចុះពីលើរទេះ ប៉ុន្តែលោកពុំត្រូវរបួសអ្វីឡើយ ។ ប៊ីស្សពវិតនីបានលោតចេញពីរទេះ ហើយលោកបានបាក់ជើង ។ យ៉ូសែប ស្ម៊ីធ និង ប៊ីស្សពវិតនីបានស្នាក់នៅសណ្ឋាគារមួយ ។ ប៊ីស្សពវិតនីបានសម្រាកអស់រយៈពេលបួនសប្តាហ៍ ។ យ៉ូសែបបានស្នាក់នៅជាមួយលោក ទាល់តែជើងរបស់ប៊ីស្សពវិតនីបានគ្រាន់បើឡើង ។ អំឡុងពេលពួកលោកនៅសណ្ឋាគារនោះ មានមនុស្សបានដាក់ថ្នាំពុលក្នុងម្ហូបរបស់យ៉ូសែប ។ លោកបានឈឺជាទម្ងន់ ។ យ៉ូសែបបានសូមឲ្យប៊ីស្សពវិតនីផ្ដល់ការប្រសិទ្ធពរមួយដល់លោក ។ ប៊ីស្សពវិតនីបានប្រើអំណាចបព្វជិតភាពដើម្បីប្រសិទ្ធពរយ៉ូសែប ហើយលោកបានជាសះស្បើយ ។ យ៉ូសែបបានថ្លែងអំណរគុណចំពោះព្រះដែលបានព្យាបាលលោក ។ នៅពេលយ៉ូសែប និង ប៊ីស្សពវិតនី មានសុខភាពល្អប្រសើរល្មមនឹងធ្វើដំណើរ នោះពួកលោកបានត្រឡប់ទៅក្រុមគ្រួសាររបស់ពួកលោកវិញ ។