ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ១៩ ៖ ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ


ជំពូក​ទី ១៩

ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ

មនុស្ស​ស្រែក​ដាក់​ពួកបរិសុទ្ធ

មនុស្ស​មួយ​ចំនួន​នៅ​ទីក្រុង​ខឺតឡង់​រដ្ឋ​អូហៃអូ ពុំ​ចង់​រៀន​ដំណឹងល្អ​ឡើយ ។ មនុស្ស​មួយចំនួន​ថែម​ទាំងបាន​និយាយ​កុហក​អំពី​ពួកបរិសុទ្ធ ដើម្បី​ព្យាយាម​បញ្ឈប់​មនុស្ស​ដទៃ​ទៀត​កុំ​ឲ្យ​រៀន​អំពី​ដំណឹងល្អ ។

យ៉ូសែប​ចែកចាយ​ព្រះគម្ពីរ​មរមន

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប ស្ម៊ីធ ថា ទ្រង់​នឹង​យាងមក​កាន់​ផែនដី​ម្តងទៀត​ក្នុង​ពេល​ដ៏​ឆាប់ ។ ពីមុន​ទ្រង់​យាង​មក មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​ត្រូវតែ​ឮ​ដំណឹងល្អ ។ ពួកបរិសុទ្ធ​គួរតែ​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ល្អ ហើយខិតខំ​ចែកចាយ​ដំណឹងល្អ ។

ព្រះយេស៊ូវ​បង្រៀន​ពួក​សាវក​របស់​ទ្រង់

កាល​ព្រះយេស៊ូវ​រស់នៅ​លើ​ផែនដី ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកសាវក​របស់​ទ្រង់ នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ពីមុន​ទ្រង់​យាង​មក​ម្តង​ទៀត ។

ទីសម្គាល់​នៅ​ថ្ងៃ​ចុងក្រោយ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកសាវក​ទ្រង់​ថា ព្រះវិហារបរិសុទ្ធ​នៅ​ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ។ ពួក​សាសន៍​យូដា​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​កាន់​ប្រទេស​ជាច្រើន ហើយ​ពួកគេ​ជាច្រើន​នាក់​នឹង​ត្រូវ​គេ​សម្លាប់ ។ នឹង​មាន​សង្គ្រាម​ជាច្រើន ។ មនុស្ស​នឹង​មិន​ស្រឡាញ់​គ្នា​ឡើយ ហើយ​ពួកគេ​នឹង​បែរ​ដួងចិត្ត​របស់​ពួកគេ​ចេញពី​ព្រះ ។ នឹង​មាន​ជំងឺ​ និង​រោគ​ដ៏​កាច​សាហាវ ព្រមទាំង​ការរញ្ជួយ​ដី​ដ៏​ខ្លាំង ។ ព្រះអាទិត្យ​នឹង​ប្រែ​ទៅជា​ងងឹត ព្រះចន្ទ​នឹង​ក្លាយ​ទៅ​ជា​ឈាម ហើយ​ផ្កាយ​នានា​នឹង​ធ្លាក់​ចុះ​មក ។

ការនិមិត្ត​ដំបូង​របស់​យ៉ូសែប

ព្រឹត្តិការណ៍​សំខាន់​មួយ​នៅក្នុង​ការរៀបចំ​សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះយេស៊ូវ​មក​កាន់​ផែនដី​គឺ ការស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​នឹង​ដូច​ជា​ពន្លឺ​នៅ​ក្នុង​ទី​ងងឹត ។

ពួកទាហាន​ប្រយុទ្ធ​នៅក្នុង​សង្គ្រាម

រឿង​ជាច្រើន​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​បាន​កើត​ឡើង​រួច​មក​ហើយ ។ រឿង​ផ្សេង​ទៀត​កំពុង​តែ​កើត​ឡើង ហើយ​រឿង​ផ្សេង​ទៀត​នឹង​កើត​ឡើង​នា​ពេល​អនាគត ។

ពួកសាសន៍យូដា​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ

នៅ​ពេល​រឿង​ទាំងនេះ​កើត​ឡើង ​នោះ​មនុស្ស​សុចរិត​នឹង​ដឹង​ថា ព្រះយេស៊ូវ​កំពុង​យាង​មក​ក្នុង​ពេល​ដ៏​ឆាប់ ។ ពួកគេ​ចង់​ឲ្យ​ទ្រង់​យាង​មក ។ ពួកសាសន៍យូដា​ជាច្រើន​នឹង​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ។ ពួកគេ​នឹង​ឮ​ដំណឹងល្អ ។

ពួកបរិសុទ្ធ​សាងសង់​ទីក្រុង​ស៊ីយ៉ូន​ថ្មី

ពួកបរិសុទ្ធ​សុចរិត​នឹង​សាងសង់​ទីក្រុង​ស៊ីយ៉ូន​ថ្មី ជា​កន្លែង​ដែល​ពួកគេ​នឹង​មាន​សុវត្ថិភាព ។ ពួកគេ​នឹង​មិនប្រយុទ្ធ​គ្នា​ទៅវិញទៅមក​ទៀត​ឡើយ ។ ពួកគេ​នឹង​រីករាយ ហើយ​ច្រៀង​ចម្រៀង​នៃ​អំណរ ។ មនុស្ស​ដែល​ពុំ​សុចរិត​នឹង​ពុំ​អាច​ចូល​ទៅក្នុង​ទីក្រុង​ស៊ីយ៉ូន​បាន​ឡើយ ។

ព្រះយេស៊ូវបង្ហាញ​ព្រះកាយ​នៅ​លើ​ពពក

ព្រះយេស៊ូវ​នឹង​យាង​មក​កាន់​ផែនដី​នៅលើ​ពពក​ដ៏​ភ្លឺ​ចែងចាំង ។ មនុស្ស​សុចរិត​នឹង​មើល​ឃើញ​ទ្រង់ ។ មនុស្ស​សុចរិត​ទាំង​អស់​ដែល​បាន​ស្លាប់​នឹង​រស់​ឡើង​វិញ ។ ពួកគេ​នឹង​ជួប​ព្រះយេស៊ូវ​នៅលើ​ពពក ហើយ​ចុះ​មក​កាន់​ផែនដី​ជាមួយ​ទ្រង់ ។

ព្រះយេស៊ូវ​យាង​ទៅ​ទីក្រុង​យេរូសាឡិម​

ព្រះយេស៊ូវ​នឹងយាង​ទៅ​ទីក្រុង​យេរូសាឡិម​ ។ ទ្រង់​នឹង​គង់​នៅលើ​ភ្នំ​នៅ​ទីនោះ ហើយ​វា​នឹង​បែក​ចេញ​ជា​ពីរ ។ ស្ថានសួគ៌ និង​ផែនដី​នឹង​ញ័រ​ញ្ជួយ ។ មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ចោល ។

ពួកសាសន៍យូដា​ស្រែក​យំ​ដោយ​ឃើញ​របួស​របស់​ព្រះយេស៊ូវ

មនុស្ស​នៅក្នុង​ទីក្រុង​យេរូសាឡិម​នឹង​ឃើញ​ព្រះយេស៊ូវ ហើយ​សួរ​ថា « ចុះ​តើ​របួស​អ្វី​នុ៎ះ​នៅ​ដៃ​អ្នក និង​នៅ​ជើង​អ្នក » ។ ទ្រង់​នឹង​មាន​បន្ទូល​ថា ៖ « យើង​ជា​ព្រះ​យេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង ។ យើង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ។ ខណៈ​នោះ ពួក​គេ​នឹង​យំ​ដោយសារ​តែ​អំពើ​បាប​របស់​ពួកគេ ហើយ​មាន​អារម្មណ៍​កើត​ទុក្ខ​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​បៀតបៀន ។

ព្រះយេស៊ូវ​គង់​នៅ​ជាមួយ​ពួកបរិសុទ្ធ

មនុស្ស​សុចរិត​នឹង​រីករាយ​ជា​ខ្លាំង​ដែល​បាន​ឃើញ​ព្រះយេស៊ូវ ។ ផែនដី​ទាំង​មូល​នឹង​ក្លាយ​ជា​របស់​ផង​ពួកគេ ។ សាតាំង​នឹង​ពុំ​អាច​ល្បួង​ពួកគេ​ឡើយ ។ កូនៗ​របស់​ពួកគេ​នឹង​ធំ​ឡើង​ដោយ​គ្មាន​អំពើបាប ។ ព្រះយេស៊ូវ​នឹង​គង់​នៅ​ជាមួយ​ពួកគេ​រយៈពេល ១០០០ ឆ្នាំ ហើយ​នឹង​ធ្វើ​ជា​ស្តេច​របស់​ពួកគេ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ក្រុមគ្រួសារ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ យ៉ូសែប ស៊្មីធ ឲ្យ​បញ្ជូន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ដើម្បី​ប្រាប់​មនុស្ស​គ្រប់​រូប​ឲ្យ​ប្រែចិត្ត ហើយ​រៀបចំខ្លួន​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូលថា ពួកបរិសុទ្ធ​ក៏​គួរតែ​រៀបចំ​ខ្លួន​ផងដែរ ។ ពួកគេ​គួរតែ​អធិស្ឋាន តមអាហារ និង​បង្រៀន​គ្នា​ទៅវិញ​ទៅមក​នូវ​បទបញ្ញត្តិ​ទាំងឡាយ ។

ក្រុមគ្រួសារ​លុត​ជង្គង់​អធិស្ឋាន

ព្រះយេស៊ូវ​បាន​សន្យា​នឹង​ពួកបរិសុទ្ធ​ថា ប្រសិនបើ​ពួកគេ​នឹង​ខិត​មក​ជិត​ទ្រង់ នោះ​ទ្រង់​នឹង​ខិត​ទៅ​ជិត​ពួកគេដែរ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ពួកគេ​គួរតែ​អធិស្ឋាន ហើយ​ទ្រង់​បាន​សន្យា​ថា ព្រះ​នឹង​ឆ្លើយ​តប​ពួកគេ ។

គ្រួសារ​ចែកចាយអាហារ​គ្នា

ពួកបរិសុទ្ធគួរ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​ព្រះយេស៊ូវ ។ នៅពេល​មនុស្ស​ជួយ​ព្រះយេស៊ូវ នោះ​ពួកគេ​នឹង​ក្លាយ​ដូចជា​ទ្រង់ ។ ពួកគេ​នឹង​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។