ជំពូកទី ៤ ម៉ាទិន ហារីស និងទំព័រដែលបាត់ ឆ្នាំ ១៨២៧–១៨២៨ នៅក្នុងរដ្ឋ ផេនស៊ីវើរញ៉ា យ៉ូសែប បានចាប់ផ្តើមបកប្រែការសរសេរនៅលើផ្ទាំងចំណារមាសនោះ ។ លោកពុំដឹងអំពីអត្ថន័យនៃការសរសេរនោះឡើយ ប៉ុន្តែនៅពេលលោកបានប្រើ យ៉ូរីម និងធូមីម នោះព្រះបានជួយលោកឲ្យយល់ពាក្យទាំងនោះ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦២ ម៉ាទិស ហារីស បានទៅរដ្ឋ ផេនស៊ីវើរញ៉ា ហើយបានជួយយ៉ូសែបបកប្រែ ។ នៅពេលយ៉ូសែបបានបកប្រែពាក្យពេចន៍មកពីផ្ទាំងចំណារមាស នោះម៉ាទិនបានសរសេរពាក្យទាំងនោះនៅលើក្រដាស ។ យ៉ូសែប និងម៉ាទិនបានបកប្រែព្រះគម្ពីរមរមនបាន ១១៦ ទំព័រ ។ ម៉ាទិន ហារីស ចង់យកច្បាប់សរសេរដៃទាំង ១១៦ ទំព័រទៅផ្ទះ ដើម្បីឲ្យគ្រួសាររបស់គាត់អាចមើលវា ។ យ៉ូសែបបានទូលសូមដល់ព្រះអម្ចាស់ ប្រសិនបើម៉ាទិនអាចយកទំព័របកប្រែទាំងនោះទៅឬអត់ ប៉ុន្តែព្រះអម្ចាស់បានបដិសេធ ។ យ៉ូសែបបានទូលសូមម្តងទៀត ប៉ុន្តែព្រះអម្ចាស់បានបដិសេធម្តងទៀត ។ ម៉ាទីននៅតែចង់យកទំព័របកប្រែទាំងនោះទៅផ្ទះ ។ គាត់បានអង្វរយ៉ូសែបឲ្យទូលសូមព្រះអម្ចាស់សារជាថ្មីម្ដងទៀត ។ លើកនេះ ព្រះអម្ចាស់បានមានបន្ទូលថា ម៉ាទិនអាចយកទំព័របកប្រែទាំងនោះទៅបាន ប្រសិនបើគាត់យល់ព្រមបង្ហាញវាដល់តែភរិយា និងសមាជិកជាក់លាក់ដទៃទៀតក្នុងគ្រួសារគាត់ប៉ុណ្ណោះ ។ ម៉ាទិនបានសន្យាថា គោរពតាមព្រះអម្ចាស់ ។ គាត់បានយកទំព័របកប្រែនោះទៅផ្ទះ ហើយបង្ហាញវាដល់ក្រុមគ្រួសាររបស់គាត់ ។ ប៉ុន្តែក្រោយមក គាត់បានបំពានលើការសន្យារបស់គាត់ ហើយបានបង្ហាញទំព័របកប្រែនោះដល់មនុស្សមួយចំនួនផ្សេងទៀត ។ បន្ទាប់មក ម៉ាទិនបានទៅយកទំព័របកប្រែនោះ ។ លោកបានរកមើលគ្រប់ទីកន្លែង ប៉ុន្តែពុំអាចរកឃើញវាទេ ។ ទំព័របកប្រែទាំងនោះបានបាត់ ។ ពីរបីសប្តាហ៍ក្រោយមក នៅពេលម៉ាទិន ហារីសពុំបានយកទំព័របកប្រែនោះត្រឡប់មកវិញ យ៉ូសែបមានការព្រួយបារម្ភ ។ លោកបានទៅ នូវ យ៉ោក ទៅរកម៉ាទិន ដែលបានប្រាប់លោកថា ទំព័របកប្រែនោះបានបាត់ទៅហើយ ។ ទាំងយ៉ូសែប និងម៉ាទិនមានអារម្មណ៍មិនល្អទាល់តែសោះ ។ យ៉ូសែប បានត្រឡប់ទៅរដ្ឋ ផេនស៊ីវើរញ៉ា វិញ នៅទីនោះលោកបានអធិស្ឋានទូលសូមការអភ័យទោស ។ មរ៉ូណៃបង្ហាញព្រះកាយ ហើយយកផ្ទាំងចំណារមាសទៅវិញ ។ នៅក្នុងវិវរណៈ ព្រះអម្ចាស់បានប្រាប់យ៉ូសែបថា លោកពុំត្រូវបានអនុញ្ញាតឲ្យបកប្រែមួយរយៈពេល ដោយសារលោកពុំបានគោរពតាម ។ ព្រះអម្ចាស់ក៏បានលួងលោមយ៉ូសែប ដោយមានបន្ទូលថា កិច្ចការរបស់ទ្រង់នឹងបន្តឆ្ពោះទៅមុខ ហើយថា យ៉ូសែបនៅតែត្រូវបានជ្រើសរើសដើម្បីធ្វើកិច្ចការនេះប្រសិនបើលោកបានប្រែចិត្ត ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣ ព្រះយេស៊ូវបានប្រាប់យ៉ូសែបថា សាតាំងបានបណ្តាលឲ្យពួកមនុស្សទុច្ចរិតមួយចំនួនលួចយកទំព័របកប្រែទាំង ១១៦ ទំព័រនោះ ។ ពួកមនុស្សទាំងនេះនឹងប្តូរពាក្យពេចន៍ដើម្បីធ្វើឲ្យមនុស្សដទៃទៀតនឹងមិនជឿលើព្រះគម្ពីរមរមនឡើយ ។ ព្រះយេស៊ូវបានមានបន្ទូលថា សាតាំង និងមនុស្សទុច្ចរិតពុំអាចបញ្ឈប់កិច្ចការរបស់ព្រះបានទេ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០ វគ្គក្បាលជំពូក គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:៨–២៩, ៣១–៣៣, ៤៣ យ៉ូសែបបានប្រែចិត្ត ។ មិនយូរប៉ុន្មានក្រោយមក មរ៉ូណៃបានប្រគល់ផ្ទាំងចំណារមាសឲ្យមកវិញ ហើយព្រះអម្ចាស់បានអភ័យទោសឲ្យយ៉ូសែប ហើយបានស្តារអំណោយទានបកប្រែឡើងវិញ ។ ព្រះយេស៊ូវបានប្រាប់យ៉ូសែបកុំឲ្យបារម្ភអំពីទំព័របកប្រែដែលបាត់នោះឡើយ ដោយសារដំណើររឿងដូចគ្នាត្រូវបានសរសេរនៅក្នុងផ្នែកមួយផ្សេងទៀតនៃផ្ទាំងចំណារមាសនោះ ។ ព្រះយេស៊ូវបានមានបន្ទូលថា យ៉ូសែបគួរតែបកប្រែផ្នែកផ្សេងទៀតនៃផ្ទាំងនោះ ។ ព្រះយេស៊ូវក៏មានបន្ទូលផងដែរថា មនុស្សជាច្រើននឹងអានព្រះគម្ពីរមរមន និងរៀនអំពីដំណឹងល្អរបស់ទ្រង់ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:៣, ៣០, ៣៨–៤៣, ៥២, ៦២–៦៣