ជំពូកទី ១៣
យ៉ូសែប និង អិមម៉ា
ខែ កក្កដា ឆ្នាំ ១៨៣០
យ៉ូសែប និងអិមម៉ា ស្ម៊ីធបានរស់នៅលើដីចម្ការតូចមួយនៅរដ្ឋ ផេនស៊ីវើរញ៉ា ។ ពួកលោកបានស្រឡាញ់គ្នា ហើយបានខំប្រឹងប្រែងធ្វើការដើម្បីជួយគ្នាទៅវិញទៅមក ។
យ៉ូសែប និងអិមម៉ាបានស៊ូទ្រាំនឹងការលំបាកជាច្រើន ។ ពួកលោកមានកូនប្រុសតូចមួយ ប៉ុន្តែកូននោះបានស្លាប់ ។ ពួកលោកកើតទុក្ខខ្លាំងណាស់ ។
យ៉ូសែបបារម្ភអំពីក្រុមគ្រួសាររបស់លោក ។ ពួកលោកជាអ្នកក្រីក្រ ហើយលោកបានខំប្រឹងប្រែងធ្វើការដើម្បីថែទាំពួកគេ ។ លោកត្រូវដាំដំណាំ ដើម្បីឲ្យគ្រួសាររបស់លោកមានអាហារបរិភោគ ។
យ៉ូសែបក៏បានបារម្ភអំពីសាសនាចក្រផងដែរ ។ មនុស្សមួយចំនួនបានបន្តធ្វើទុក្ខដល់ពួកបរិសុទ្ធ ហើយថ្នាក់ដឹកនាំមួយចំនួននៃសាសនាចក្រត្រូវលាក់ខ្លួនពីពួកគេ ។
ជួនកាលយ៉ូសែបបានចាកចេញពីផ្ទះដើម្បីទៅជួយពួកបរិសុទ្ធ ។ យ៉ូសែបមានការសោកស្តាយដែលត្រូវចាកចេញ ហើយអិមម៉ាបានបារម្ភ ពេលលោកចេញទៅឆ្ងាយ ។
យ៉ូសែបបានអធិស្ឋានទូលសូមព្រះអម្ចាស់ឲ្យដឹងអំពីអ្វីដែលលោកគួរធ្វើ ។ ព្រះយេស៊ូវបានមានបន្ទូលទៅលោកថា កុំឲ្យខ្លាចនឹងពួកមនុស្សដែលព្យាយាមធ្វើបាបលោកឡើយ ។ ព្រះយេស៊ូវបានមានបន្ទូលថា យ៉ូសែបគួរតែមានការអត់ធ្មត់នៅក្នុងសេចក្តីវេទនារបស់លោក ។ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងជួយដល់យ៉ូសែបជានិច្ច ។
ព្រះយេស៊ូវបានមានបន្ទូលថា យ៉ូសែបគួរតែដាំដំណាំរបស់លោក ហើយបន្ទាប់មកទៅជួយពួកបរិសុទ្ធនៅក្នុងតំបន់ផ្សេងទៀត ។ ព្រះយេស៊ូវក៏បានមានបន្ទូលទៅលោកកុំឲ្យបារម្ភអំពីអាហារ សម្លៀកបំពាក់ ឬប្រាក់ឡើយ ។ ពួកបរិសុទ្ធនឹងផ្តល់ដល់លោកនូវអ្វីដែលលោកត្រូវការ ។
ព្រះយេស៊ូវបានប្រទានវិវរណៈដល់យ៉ូសែប ស្ម៊ីធ សម្រាប់អិមម៉ា ។ ព្រះយេស៊ូវបានមានបន្ទូលថា អិមម៉ា ស៊្មីធ គឺជាស្ត្រីពិសេស ។ ទ្រង់បានជ្រើសរើសគាត់ឲ្យធ្វើកិច្ចការសំខាន់ ។
ព្រះយេស៊ូវបានមានបន្ទូលថា អិមម៉ាគួរតែលួងលោមយ៉ូសែប នៅពេលលោកមានក្តីអំពល់ក្នុងចិត្ត។ គាត់គួរតែជួយលោកឲ្យមានចិត្តរីករាយ ហើយកុំមានក្តីបារម្ភ ។
ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា អិមម៉ាគួរតែបង្រៀនពួកបរិសុទ្ធ ហើយជួយពួកគេឲ្យរៀនពីព្រះគម្ពីរ ។ ទ្រង់បានមានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយគាត់ឲ្យដឹងនូវអ្វីដែលត្រូវបង្រៀន ។
ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា អិមម៉ាគួរតែប្រើពេលវេលារបស់គាត់ដើម្បីសិក្សា ។ គាត់គួរតែរៀន ហើយសរសេររឿងជាច្រើន ។
ព្រះយេស៊ូវបានសុំឲ្យអិមម៉ាជ្រើសរើសចម្រៀងឲ្យពួកបរិសុទ្ធច្រៀង ។ ចម្រៀងទាំងនោះនឹងត្រូវបោះពុម្ពនៅក្នុងសៀវភៅចម្រៀង ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យស្តាប់មនុស្សសុចរិតច្រៀង ។ ចម្រៀងរបស់ពួកគេគឺជាបទអធិស្ឋានទៅកាន់ទ្រង់ ហើយការអធិស្ឋានទាំងនោះនឹងត្រូវបានឆ្លើយតបជាមួយនឹងពរជ័យ ។
ព្រះយេស៊ូវបានមានបន្ទូលទៅអិមម៉ាឲ្យបន្ទាបខ្លួន ហើយស្រឡាញ់ស្វាមីរបស់គាត់ ។ ទ្រង់បានប្រាប់ឲ្យគាត់មានចិត្តសប្បាយរីករាយ ដោយសារពរជ័យដែលនឹងកើតមានដល់យ៉ូសែប ។
ព្រះយេស៊ូវបានមានបន្ទូលទៅអិមម៉ាឲ្យមានចិត្តសប្បាយ និងរីករាយ ។ ទ្រង់ក៏បានមានបន្ទូលទៅគាត់ឲ្យរក្សាសេចក្ដីសញ្ញារបស់គាត់ផងដែរ ។ ប្រសិនបើគាត់ធ្វើដូច្នេះ គាត់នឹងទទួលបានពរជ័យដ៏មហិមា ហើយអាចត្រឡប់ទៅរស់នៅជាមួយទ្រង់វិញនៅស្ថានសួគ៌ ។
ព្រះយេស៊ូវបានមានបន្ទូលថា កិច្ចការដែលទ្រង់បានប្រាប់អិមម៉ា ស៊្មីធ គឺប្រាប់ដល់មនុស្សទាំងអស់ផងដែរ ។