ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៦២ ៖ ពួកបរិសុទ្ធ​ស្ថាបនា វិនធើរ ខ្វរធើរ ៖ ឆ្នាំ ១៨៤៦–១៨៤៧


ជំពូក​ទី ៦២

ពួកបរិសុទ្ធ​ស្ថាបនា វិនធើរ ខ្វរធើរ

ឆ្នាំ ១៨៤៦–១៨៤៧

ព្រិកហាំ យ៉ង់ និយាយ​ជាមួយ​បុរស

ពួកបរិសុទ្ធ​បាន​សង្ឃឹម​ថា ពួកគេ​មួយ​ចំនួន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​រ៉កគី​នៅក្នុង​ឆ្នាំ ១៨៤៦ ។ ប៉ុន្តែ ព្រិកហាំ យ៉ង់ បាន​ដឹង​ថា ពួកគេ​គួរតែ​រង់ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ ។ ពួកគេ​ត្រូវតែ​រៀបចំខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ពួកគេ​ក៏​ត្រូវការ​ពួកបុរស​រឹងមាំ​សម្រាប់​ការធ្វើ​ដំណើរ​ដែរ ហើយ​បុរស​ជាច្រើនបាន​នៅ​ជាមួយ​កងវរសេនាតូច​មរមន ។

បុរស និង​ស្ត្រី​សាងសង់ និង​ដាំដំណាំ

ពួក​អាមេរិកកាំង​ដើម​បាន​យល់ព្រម​ឲ្យ​ពួកបរិសុទ្ធ​ប្រើប្រាស់​ដី​មួយ​ចំនួន​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​ចាប់​ពី ​ខោនសិល ប្លើហ្វ្ស​ មក ។ នៅ​ក្នុង​ខែ​ កញ្ញា ពួកបរិសុទ្ធ​បាន​ចាប់ផ្តើម​សាងសង់​ទីក្រុង​មួយ​នៅ​ទីនោះ ដែល​ពួកគេ​បាន​ហៅ​ទីក្រុង​នោះ​ថា វិនធើរ ខ្វរធើរ ( សូមមើល​ផែនទីនៅ ទំព័រ ១៩០) ។ ពួកគេ​បាន​ដាំ​ដំណាំ និង​សាងសង់​ផ្ទះសម្បែង​ជាង ៧០០ ខ្នង ។

ពួកបរិសុទ្ធ​សាងសង់​របង

ព្រិកហាំ យ៉ង់ បាន​បែងចែក វិនធើរ ខ្វរធើរ ទៅជា​វួដ ហើយ​បាន​ជ្រើសរើស​ពួកបុរសៗ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ដើម្បី មើល​ថែ​ទាំ​សមាជិក​នៃ​វួដ​នីមួយៗ ។ ពួក​អ្នកត្រួសត្រាយ​បាន​សាងសង់​របងនៅ​ជុំវិញ​ទីក្រុង​ដើម្បី​ការពារខ្លួន ។

ព្រិកហាំ យ៉ង់ ទូលទៅកាន់​ព្រះអម្ចាស់

អំឡុងពេល​ពួកបរិសុទ្ធ​នៅ​ក្នុង វិនធើរ ខ្វរធើរ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​ដល់​ ព្រិកហាំ យ៉ង់ ទាក់ទង​នឹង​ដំណើរ​ទៅកាន់​ភាគ​ខាង​លិច ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ព្រិកហាំ​នូវ​អ្វី​ដែល​ពួកបរិសុទ្ធ​គួរតែ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន និង​អ្វី​ដែល​ពួកគេ​គួរតែ​ធ្វើ​នៅពេល​ពួកគេ​ធ្វើ​ដំណើរ ។

ពួក​បរិសុទ្ធ​និយាយ​គ្នា

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ​ពួកគេ​គួរតែបែងចែក​ជាក្រុមតូចៗ ដែល​ក្រុមនីមួយៗ​មាន​អ្នកដឹកនាំ​ម្នាក់ ។ ពួកគេ​គួរតែ​គោរព​តាម​អ្នកដឹកនាំ​របស់​ខ្លួន ។ ពួកគេ​គួរតែ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​អ្នកក្រីក្រ ស្ត្រីមេម៉ាយ និង​អស់​អ្នក​ដែល​គ្មាន​ឪពុក ។

ពួក​បុរស​ចែក​អាហារ និង​ធ្វើ​រទេះ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ​ក្រុម​នីមួយៗ​គួរ​តែ​មាន​រទេះ និង​អាហារ​រៀងៗ​ខ្លួន ។ ក្រុម​នីមួយៗ​ក៏​គួរតែ​មាន​មនុស្ស​ដែល​ចេះ​ជួសជួល​រទេះ សាងសង់​ស្ពាន សាងសង់​ផ្ទះសម្បែង និង​ដាំដំណាំ ។

ពួកបរិសុទ្ធ​ហុច​ញញួរ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ពួកបរិសុទ្ធ​ថា ពួកគេ​គួរតែ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។ ពួកគេ​ពុំ​គួរ​ឈ្លោះ​គ្នា​ទេ ។ ពួកគេ​គួរតែ​និយាយ​ល្អៗ​ពី​គ្នាទៅវិញទៅមក ពុំ​មែន​និយាយ​អាក្រក់​ពី​គ្នា​នោះ​ទេ ។ ពួកគេ​គួរតែ​ស្មោះត្រង់ ហើយ​ប្រគល់​អ្វី​ៗ​ដែល​ពួកគេ​បាន​ខ្ចី​គេ និង​រក​ឃើញ​ឲ្យ​គេ​វិញ ។

ពួកបរិសុទ្ធ​ច្រៀង និង​រាំ

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួក​អ្នក​ត្រួសត្រាយ​មាន​ចិត្ត​រីករាយ ។ ​ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ច្រៀង រាំ ហើយ​អធិស្ឋាន​ជាមួយ​គ្នា ។ ទ្រង់​បាន​សន្យា​ថា​នឹង​ជួយ​ពួកគេ បើសិន​ពួកគេ​កើត​ទុក្ខ ឬ​ភ័យខ្លាច ។ ទ្រង់​បាន​មាន​បន្ទូល​ថា ការសាកល្បង​របស់​ពួកគេ​នឹង​ជួយ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​ទទួល​ពរជ័យ​ដ៏មហិមា ដែល​ទ្រង់​មាន​សម្រាប់ពួកគេ ។

ព្រិកហាំ យ៉ង់ និយាយ​ទៅកាន់​បុរស​ពីរ​នាក់

ព្រិកហាំ យ៉ង់ បាន​ធ្វើ​អ្វី​ៗ​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​លោក​ឲ្យ​ធ្វើ ។ លោក​បាន​ចែក​មនុស្ស​ជា​ក្រុមៗ ។ ​ក្រុមនីមួយៗ​មាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​នឹង​ត្រូវការ​ដើម្បី​សាងសង់​ទីក្រុង​មួយ​នៅលើ​ភ្នំ ។

ក្រុម​គ្រួសារ​ប្រមូលផ្តុំ​គ្នា​នៅ​ជុំវិ​ញផ្នូរ

ប៉ុន្មាន​ខែ​ដែល​ពួកអ្នកត្រួសត្រាយ​បាន​រស់នៅ​ វិនធើរ ខ្វរធើរ គឺ​មាន​ការលំបាក​ខ្លាំង​ណាស់ ។ ពួកគេ​បាន​រងទុក្ខ​ជា​ខ្លាំង​ដោយសារ​ជំងឺ ការស្រេកឃ្លាន និង​អាកាសធាតុ​ត្រជាក់ ហើយ​ពួកគេ​ជាង ៧០០ នាក់​បាន​ស្លាប់ ។ ទោះបីជា​មានការសាកល្បង​ក្តី ក៏​ពួកគេបាន​បន្ត​នៅ​រឹងមាំ​នៅក្នុង​សេចក្តីជំនឿ ហើយ​ខិតខំ​ធ្វើ​ការ​ដើម្បី​ត្រៀម​ខ្លួន​ក្នុងការធ្វើដំណើរ​របស់​ពួកគេ​ដែរ ។