ជំពូកទី ៥១ អំណោយទានពិសិដ្ឋដំបូងគេ ខែ ឧសភា ឆ្នាំ ១៨៤២ ព្រះយេស៊ូវបានសន្យានឹងយ៉ូសែប ស្ម៊ីធ ថា ទ្រង់នឹងប្រទានពរជ័យពិសេសមួយដល់ពួកបរិសុទ្ធ ។ ពរជ័យនេះត្រូវបានហៅថាអំណោយទានពិសិដ្ឋ ។ អំណោយទានពិសិដ្ឋត្រូវធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ មានតែពួកបុរស និងស្ត្រីដែលគោរពតាមបទបញ្ញត្តិរបស់ព្រះតែប៉ុណ្ណោះ ទើបអាចទទួលអំណោយទានពិសិដ្ឋបាន ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១២, ១៨, ៣៣; ១១០:៩; ១២៤:៤០–៤១ ក្រោយមក យ៉ូសែប ស៊្មីធបានមានការប្រជុំមួយជាមួយពួកបុរសមួយចំនួន និងភរិយារបស់ពួកគេ ។ លោកបានបង្រៀនពួកគេអំពីកិច្ចការដែលពួកគេនឹងត្រូវធ្វើក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក អំណោយទានពិសិដ្ឋត្រូវបានប្រទានឲ្យដល់ពួកគេទាំងអស់គ្នា ។ សមាជិកសាសនាចក្រដែលគោរពតាមបទបញ្ញត្តិរបស់ព្រះអាចទៅព្រះវិហារបរិសុទ្ធ ហើយទទួលបានពរជ័យពិសេសនៃអំណោយទានពិសិដ្ឋ ។ ក្នុងផ្នែកមួយនៃអំណោយទានពិសិដ្ឋ ពួកគេចុះសេចក្តីសញ្ញាជាមួយព្រះ ហើយទ្រង់ចុះសេចក្តីសញ្ញាជាមួយពួកគេ ។