ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៥២ ៖ សមាគម​សង្គ្រោះ ៖ ខែ មីនា ឆ្នាំ ១៨៤២


ជំពូក​ទី ៥២

សមាគម​សង្រ្គោះ

ខែ មីនា ឆ្នាំ ១៨៤២

ពួកបរិសុទ្ធ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ទីក្រុង​ណៅវូ

ពួកបរិសុទ្ធ​បាន​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ទីក្រុង​ណៅវូ ។ សម្លៀក​បំពាក់​របស់​ពួកបុរស​បាន​សឹក ហើយ​ពួកស្ត្រី​ចង់​ជួយ​ពួកគេ ។ ស្ត្រី​ម្នាក់​បាន​និយាយ​ថា យើង​នឹង​ដេរ​សម្លៀកបំពាក់​សម្រាប់​ពួកបុរស ប៉ុន្តែ​គាត់​គ្មាន​ប្រាក់​ទិញ​ក្រណាត់​ឡើយ ។

ពួក​ស្ត្រី​ប្រមូល​ផ្តុំ​គ្នា

សារ៉ា ឃឹមបឹល បាន​និយាយ​ថា គាត់​នឹង​ផ្តល់​ក្រណាត់​ដល់​ស្ត្រី ។ ស៊ិស្ទើរ ឃឹមបឹល ក៏​បាន​សូម​ឲ្យ​ស្ត្រី​ផ្សេង​ទៀត​ជួយ​ផងដែរ ។ ពួកស្ត្រី​បាន​ជួប​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​ស៊ិស្ទើរ ឃឹមបឹល ហើយ​បានសម្រេច​ចិត្ត​ចាប់ផ្តើម​សមាគម​មួយ​សម្រាប់​ស្ត្រី​នៅក្នុង​ព្រះវិហារ ។

អេលីស្សា អ័រ ស្នូ ស្វាគមន៍​យ៉ូសែប

ពួកស្ត្រី​បាន​ស្នើសុំ​ឲ្យ​ អេលីស្សា អ័រ ស្នូ សរសេរ​ច្បាប់​មួយ​ចំនួន​សម្រាប់​សមាគម​នោះ ។ គាត់​បាន​យក​ច្បាប់​ទាំងនោះទៅ​ជួប យ៉ូសែប ស៊្មីធ ។ យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ថា ច្បាប់​ទាំងនោះ​ល្អ ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​ថា ព្រះអម្ចាស់​មាន​ផែនការ​ល្អ​ប្រសើរ​មួយ​សម្រាប់​ពួក​ស្ត្រី ។

សមាគម​សង្គ្រោះ​ត្រូវបាន​រៀបចំ​ឡើង

យ៉ូសែប ស៊្មីធ ​បាន​សូម​ឲ្យ​ពួក​ស្ត្រី​មក​ការប្រជុំ​មួយ ។ លោក​បាន​និយាយ​ថា អ្នកដឹកនាំបព្វជិតភាព​នឹង​ជួយ​ស្ត្រី​ជាមួយ​សមាគម​របស់​ពួកគេ ។ អិមម៉ា ស៊្មីធ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​នៃ​ពួកស្ត្រី ។ ក្រុម​នោះ​ត្រូវបាន​ហៅ​ថា សមាគម​សង្គ្រោះ ។

យ៉ូសែប​និយាយ​ទៅ​កាន់​សមាគម​សង្គ្រោះ

យ៉ូសែប ស៊្មីធ ​បាន​ប្រាប់​ពួក​ស្ត្រី​ឲ្យ​ជួយ​មនុស្ស​ដែល​ឈឺ ឬ​ក្រីក្រ ។ ពួកគេ​គួរតែ​ផ្តល់​ជំនួយ​ណា​មួយ​តាម​ការចាំបាច់ ។ ប៊ីស្សព​នឹង​ជួយ​ឲ្យ​ពួកស្ត្រី​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ ។

ពួកស្ត្រី​ជួប​ជុំ​គ្នា

ពួកស្ត្រី​មាន​ការប្រជុំ​ដើម្បី​រៀន​អំពី​កិច្ចការ​នានា​ដែល​ពួកគេ​ត្រូវដឹង ។ ពួកគេ​មាន​ចិត្ត​រីករាយយ៉ាងខ្លាំង ដែល​ពួកគេ​អាច​ជួយ​សមាជិក​សាសនាចក្រ ។

ពួកស្ត្រី​ដេរ​សម្លៀកបំពាក់

ពួក​ស្ត្រី​ដេរ​សម្លៀក​បំពាក់​សម្រាប់​ពួកបុរស​ដែល​សាងសង់​ព្រះវិហារបរិសុទ្ធ ។ ពួកគេ​ក៏​បាន​ធ្វើ​របស់របរ​នានា​ដើម្បី​ប្រើប្រាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ពួកស្ត្រី​យក​អាហារ​ឲ្យ​ដល់​អស់​អ្នកដែល​ត្រូវការ

ពួកស្ត្រី​បាន​យក​អាហារ​ឲ្យ​​​មនុស្ស​ដែល​ត្រូវការ​វា ។ ពួកគេ​មើល​ថែទាំ​មនុស្ស​ដែល​ឈឺ និង​ធ្វើ​កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ជួយពួកបរិសុទ្ធ ។

ស្ត្រី​បម្រើ​នៅក្នុង​សមាគម​សង្គ្រោះ

ស្ត្រី​ទាំងអស់​នៅក្នុង​សាសនាចក្រ​គឺ​ជា​សមាជិកនៃ​សមាគម​សង្គ្រោះ ។ ពួកគេជួយ​មនុស្ស ។ ពួកគេរៀន​ដំណឹងល្អ ។ ពួកគេ​រៀន​អំពី​សៀវភៅ​ល្អៗ​ តន្ត្រី និង​សិល្បៈ​ល្អៗ ។ ពួកគេ​រៀន​អំពី​របៀប​ពង្រឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។ ( ប្រភព​សម្រាប់​ជំពូក​នេះ ៖ ប្រវត្តិ​សមាគម​សង្គ្រោះ ឆ្នាំ ១៨៤២–១៩៦៦ [ ឆ្នាំ ១៩៦៧ ] ) ។