ជំពូកទី ៦៣ ពួកអ្នកត្រួសត្រាយទៅជ្រលងភ្នំ សលត៍ លេក ខែ មេសា–ខែ កក្កដា ឆ្នាំ ១៨៤៧ ក្រុមទីមួយនៃអ្នកត្រួសត្រាយបានចាកចេញពី វិនធើរ ខ្វរធើរ នៅខែ មេសា ឆ្នាំ ១៨៤៧ ដើម្បីចាប់ផ្តើមធ្វើដំណើរទៅភាគខាងលិច ។ ព្រិកហាំ យ៉ង់ ដឹកនាំក្រុមមួយដែលមានពួកបុរស ១៤៣ នាក់ ស្ត្រី ៣ នាក់ និងកូនក្មេង ២ នាក់ ។ អំឡុងពេលធ្វើដំណើរដំបូង ដីដែលពួកអ្នកត្រួសត្រាយដើរកាត់ភាគច្រើនមានភាពរាបស្មើ និងមានដុះស្មៅវែងៗ ។ ដីប្រភេទនេះគេហៅថា វាលទំនាប ។ ពួកអាមេរិកកាំងដើមបានរស់នៅលើវាលទំនាប ។ គ្មានទីក្រុង ឬចម្ការឡើយ ។ មនុស្សគ្រប់រូបមានការងារត្រូវធ្វើនៅតាមផ្លូវ ។ ពួកស្ត្រីបានមើលថែកុមារ និងបានចម្អិនអាហារ ។ ពួកបុរសធ្វើផ្លូវ សាងសង់ស្ពាន ជួសជុលរទេះ និងបរបាញ់សត្វធ្វើជាអាហារ ។ ពួកអ្នកត្រួសត្រាយបានធ្វើដំណើរពេញមួយថ្ងៃ ។ នៅពេលយប់ពួកគេដាក់រទេះរបស់ពួកគេជារង្វង់ ហើយបោះជំរំ ។ ទាំងមនុស្ស និងសត្វនៅខាងក្នុងរង្វង់នោះ ។ ពួកគេបានបង្កាត់ភ្លើង ហើយចម្អិនអាហាររបស់ពួកគេ ។ ជារឿយៗពួកបរិសុទ្ធរាំ និងច្រៀង ។ ចម្រៀងមួយដែលពួកគេចូលចិត្តនោះគឺបទ « មកមក ពួកបរិសុទ្ធ » ។ ការច្រៀងបទនេះបានជួយពួកគេឲ្យចិត្តក្លាហានក្នុងការប្រឈមមុខនឹងឧបសគ្គរបស់ពួកគេ ។ ព្រិកហាំ យ៉ង់ បានប្រាប់ពួកបរិសុទ្ធឲ្យសម្រាក ហើយថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ ។ ពួកបរិសុទ្ធបានអធិស្ឋាន សិក្សាព្រះគម្ពីរ និងប្រជុំសាក្រាម៉ង់ ។ រៀងរាល់ព្រឹកនៅវេលាម៉ោងប្រាំ បុរសម្នាក់នឹងផ្លុំត្រែដើម្បីប្រាប់ពួកអ្នកត្រួសត្រាយថា ដល់ម៉ោងត្រូវក្រោកហើយ ។ ពួកគេបានអធិស្ឋាន បរិភោគអាហារពេលព្រឹក ឲ្យចំណីសត្វ ហើយត្រៀមខ្លួនចេញដំណើរនៅម៉ោងប្រាំពីរគត់ ។ ពួកអ្នកត្រួសត្រាយបានធ្វើដំណើរអស់រយៈពេលបួនខែឆ្លងកាត់វាលទំនាប ។ ពួកគេបានជួបមនុស្សមួយចំនួនផ្សេងទៀតនៅនៅតាមផ្លូវ ។ ពួកគេមួយចំនួនគឺជាព្រានទាក់សត្វដែលបានប្រាប់ ព្រិកហាំ យ៉ង់ កុំឲ្យទៅភ្នំរ៉កគី ដោយសារវានឹងមានការលំបាកក្នុងការដាំដំណាំនៅទីនោះ ។ មនុស្សផ្សេងទៀតបានប្រាប់ ព្រិកហាំ យ៉ង់ ឲ្យនាំពួកបរិសុទ្ធទៅរដ្ឋកាលីហ្វូញ៉ា ដោយសារដីនៅទីនោះមានជីជាតិ ហើយនៅទីនោះមានអកាសធាតុល្អល្មម ។ ប៉ុន្តែ ព្រិកហាំ យ៉ង់ បាននិយាយថា ព្រះអម្ចាស់បានបង្ហាញលោកអំពីទីកន្លែងដែលពួកបរិសុទ្ធគួរទៅ ។ នៅទីបំផុត ពួកអ្នកត្រួសត្រាយបានទៅដល់ភ្នំរ៉កគី ជាកន្លែងដែលលំបាកក្នុងការធ្វើដំណើរ ។ ព្រិកហាំ យ៉ង់ បានធ្លាក់ខ្លួនឈឺ ហើយពុំអាចធ្វើដំណើរលឿនបានឡើយ ។ លោកបានជ្រើសរើសបុរសមួយចំនួនទៅកាន់ជ្រលងភ្នំ ហ្គ្រេត សលត៍ លេក ជាមុន ហើយបានចាប់ផ្តើមដាំដំណាំ ។ ពួកបុរសបានយករទេះរបស់ពួកគេឡើងទៅលើភ្នំ ។ ពួកគេបានចុះទៅក្នុងជ្រលងភ្នំនោះ ហើយបោះជំរំនៅជិតព្រែកមួយ ។ ពួកគេបានឧទ្ទិសឆ្លងដីនោះ ហើយទូលសូមព្រះអម្ចាស់ឲ្យប្រទានពរដល់គ្រាប់ពូជដែលពួកគេនឹងដាំដុះ ។ បន្ទាប់មក ពួកគេបានដាំគ្រាប់ពូជទាំងនោះ ។ បីថ្ងៃក្រោយមក ព្រិកហាំ យ៉ង់ និងសមាជិកក្រុមដែលនៅសល់ទាំងប៉ុន្មានរបស់លោកបានចេញមកពីភ្នំ ហើយមើលចុះទៅក្នុងជ្រលងភ្នំ ។ នៅពេលព្រិកហាំ យ៉ង់ បានឃើញវា លោកបានដឹងថា វាគឺជាកន្លែងដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកបរិសុទ្ធរស់នៅ ។ លោកបានមានប្រសាសន៍ថា « នេះគឺជាកន្លែងត្រឹមត្រូវហើយ ។ ចូរបន្ដទៅមុខទៀត » ។ ពួកបរិសុទ្ធបានបររទេះរបស់ពួកគេចុះទៅក្នុងជ្រលងភ្នំនោះ ។ វាគឺជាថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ ។ បន្ទាប់ពីការធ្វើដំណើរអស់ចម្ងាយ ១៦០៩ គីឡូម៉ែត្រឆ្លងកាត់វាលទំនាប និងភ្នំមក នៅទីបំផុតពួកបរិសុទ្ធបានរកឃើញកន្លែងមួយដែលពួកគេអាចរស់នៅបាន ។ ពួកគេមានអំណរគុណដែលព្រះបានដឹកនាំពួកគេមកកាន់កន្លែងសុខសាន្ត និងមានសុវត្ថិភាព ទោះបីពួកគេបានដឹងថា ទីនោះនឹងមានឧបសគ្គជាច្រើនទៀតដែលត្រូវយកឈ្នះក្តី ។