ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៩ ៖ ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០


ជំពូក​ទី ៩

ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ

ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០

យ៉ូសែប​ទទួល​វិវរណៈ

យ៉ូសែប ស៊្មីធ​បាន​រស់នៅ​ក្នុង​ទីក្រុង ហ្វាយ៉ែត ក្នុង​រដ្ឋ នូវ យ៉ោក ។ ព្រះយេស៊ូវ​បាន​ប្រាប់​យ៉ូសែប​ថា វា​ដល់​ពេល​ដែល​សាសនាចក្រ​ដ៏​ពិត​របស់​ទ្រង់​ត្រូវ​មាន​នៅ​លើ​ផែនដី​ម្តង​ទៀត​ហើយ ។ ទ្រង់​បាន​ប្រាប់​យ៉ូសែប​ឲ្យ​រៀបចំ​សាសនាចក្រ ។

យ៉ូសែប​បាន​បង្គាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ យ៉ូសែប​បាន​ធ្វើ​ការប្រជុំ​មួយ​ឲ្យ​រៀបចំ​សាសនាចក្រ ។ អូលីវើរ ខៅឌើរី, ហៃរុម ស៊្មីធ, សាំយូអែល ស៊្មីធ, ដាវិឌ វិតមើរ និង ពេត្រុស វិតមើរ បាន​មក​ជួយ​លោក ។ ពួកលោក​ទាំងអស់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ ។ មនុស្ស​ដទៃ​ទៀត​ក៏​បាន​មក​ការប្រជុំ​នោះ​ផងដែរ ។

យ៉ូសែប​កំពុង​តែង​តាំង​អែលឌើរ

ពួកបុរស​ទាំងនោះ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ យ៉ូសែប​បាន​តែងតាំង​អូលីវើរ​ជា​អែលឌើរ​នៅ​ក្នុង​សាសនាចក្រ ។ បន្ទាប់​មក អូលីវើរ​បាន​តែងតាំង​យ៉ូសែប ។

យ៉ូសែប​ប្រសិទ្ធពរ​សាក្រាម៉ង់

យ៉ូសែប និង អូលីវើរ​បាន​ប្រសិទ្ធពរ​សាក្រាម៉ង់ ។ ពួកលោក​បាន​ឲ្យ​សាក្រាម៉ង់​នោះ​ទៅ​កាន់​បុរស​ទាំង​នោះ ។

យ៉ូសែប​ធ្វើពិធីបញ្ជាក់​ដល់​សមាជិក

យ៉ូសែប និង អូលីវើរ ដាក់​ដៃ​របស់​ពួកលោក​លើ​ក្បាល​របស់​បុរស​ម្នាក់ៗ​ដើម្បី​បញ្ចាក់​ពួកគេ​ថា ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ផ្តល់​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ ។

បុរស​ថ្លែង​ទីបន្ទាល់

យ៉ូសែប និង អូលីវើរ​បាន​តែងតាំង​បព្វជិតភាព​ដល់​បុរស​មួយ​ចំនួន​ផ្សេង​ទៀត ។ ពួកបុរស​ទាំង​នេះ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​ស្រឡាញ់​ព្រះ ហើយ​បាន​ប្រាប់​អំពី​របៀប​ដែល​ទ្រង់​បាន​ប្រទានពរ​ដល់​ពួកគេ។

យ៉ូសែប​ទទួល​វិវរណៈ

ព្រះយេស៊ូវ​បាន​ប្រទាន​វិវរណៈ​ដល់​យ៉ូសែប ស្ម៊ីធ នៅ​ឯ​ការប្រជុំ​នោះ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា យ៉ូសែប​គឺ​ជា​ព្យាការី ។ ព្យាការី​ពិត​មួយ​រូប​ថ្លែង​ជំនួស​ព្រះយេស៊ូវ ។ នៅពេល​ព្យាការី​ថ្លែង​ជំនួស​ព្រះយេស៊ូវ នោះ​សមាជិក​សាសនាចក្រ​គួរតែ​ស្តាប់​លោក ហើយ​ធ្វើតាម​លោក ។

យ៉ូសែប​ជ្រមុជទឹក​ម្តាយ​របស់​លោក

បន្ទាប់ពី​ការប្រជុំ​នោះ មនុស្ស​ជាច្រើន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក រួមទាំង​ម្តាយ និង​ឪពុក​របស់​យ៉ូសែប ស្ម៊ីធ ផងដែរ ។ ឱ វា​ជាថ្ងៃ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្តារ​ឡើង​វិញ​នៅលើ​ផែនដី​ម្តង​ទៀត ។