ជំពូកទី ៤៦ យ៉ូសែប ស៊្មីធនៅក្នុងគុកលីប៊ើធី ខែ កុម្ភៈ ឆ្នាំ ១៨៣៨–ខែ មេសា ឆ្នាំ ១៨៣៩ យ៉ូសែប ស៊្មីធ និងមិត្តភក្តិរបស់លោកបានជាប់ក្នុងគុកអស់ជាច្រើនថ្ងៃនៅទីក្រុងរិចម៉ន្តរដ្ឋមិសសួរី ។ ក្រោយមក ពួកលោកត្រូវបាននាំយកទៅគុកមួយនៅទីក្រុងលើប៊ើធីរដ្ឋមិសសួរី ។ យ៉ូសែប និងមិត្តភក្តិរបស់លោកត្រូវបានឃុំនៅក្នុងគុកលីប៊ើធីអស់រយៈពេលជាងបួនខែ ។ ពួកលោកបានរងទុក្ខជាខ្លាំង ។ គុកនោះត្រជាក់ ហើយកខ្វក់ ហើយជួនកាលពួកលោកត្រូវបានគេដាក់ច្រវ៉ាក់ ។ ពួកលោកត្រូវដេកនៅលើកម្រាលឥដ្ឋ ។ អាហារនៅទីនោះក៏មិនល្អ ។ ជួនកាលអាហារមានថ្នាំពុល ហើយធ្វើឲ្យពួកលោកឈឺ ។ យ៉ូសែបបានកើតទុក្ខ ។ លោកពុំដឹងថា តើលោក និងមិត្តភក្តិរបស់លោកនឹងត្រូវចេញពីគុកឬយ៉ាងណានោះទេ ។ លោកមានក្តីបារម្ភអំពីគ្រួសាររបស់លោក និងសមាជិកសាសនាចក្រ ។ យ៉ូសែបបានអធិស្ឋានទូលសួរទៅព្រះវរបិតាសួគ៌ថា តើលោកនិងពួកបរិសុទ្ធត្រូវរងទុក្ខយូរប៉ុណ្ណាទៀត ។ លោកក៏បានទូលសូមដល់ព្រះវរបិតាសួគ៌ឲ្យជួយពួកគេ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១–៦ ជាការឆ្លើយតបចំពោះការអធិស្ឋាននេះ នោះព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបឲ្យមានភាពសុខសាន្ត ។ ទ្រង់បានមានបន្ទូលថា សេចក្តីអំពល់របស់យ៉ូសែបនោះនឹងមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ។ ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា ប្រសិនបើយ៉ូសែបនឹងស្មោះត្រង់ នោះព្រះនឹងប្រទានពរដល់លោក ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបថា មិត្តភក្ដិរបស់លោកនៅតែស្រឡាញ់លោក ហើយលោកនឹងបានទៅជួបពួកគេឆាប់ៗ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–៩ ព្រះយេស៊ូវបានមានបន្ទូលថា មនុស្សអាក្រក់ដែលបានធ្វើបាបពួកបរិសុទ្ធនឹងត្រូវដាក់ទោស ។ ពួកគេ និងកូនចៅរបស់ពួកគេនឹងរងទុក្ខ ។ ពួកគេនឹងគ្មានបព្វជិតភាពឡើយ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១១–២៣ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបថា រឿងល្អៗជាច្រើននឹងកើតឡើងដល់ពួកបរិសុទ្ធ ។ គ្មានអ្វីមួយដែលអាចបញ្ឈប់ព្រះពីការប្រទានពរដល់ពួកគេឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនពួកគេនូវរឿងអស្ចារ្យនានាអំពីផ្ទៃមេឃ និងផែនដីផង ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:២៦–៣៣ ព្រះយេស៊ូវបានមានបន្ទូលថា យ៉ូសែបពុំគួរខ្លាចនូវអ្វីដែលមនុស្សនឹងធ្វើចំពោះលោកឡើយ ។ ព្រះយេស៊ូវបានមានបន្ទូលថា បញ្ហា និងការងទុក្ខនានាអាចក្លាយជាការណ៍ល្អសម្រាប់យើង ដោយសារវាជួយយើងឲ្យរៀន ។ ព្រះយេស៊ូវបានរំឭកយ៉ូសែបថា ទ្រង់បានរងទុក្ខច្រើនជាងមនុស្សណាទាំងអស់ ។ ព្រះយេស៊ូវបានលើកទឹកចិត្តយ៉ូសែបឲ្យស្មោះត្រង់ និងបានសន្យាថា ព្រះនឹងគង់នៅជាមួយលោក ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៧–៩