ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ២៧ ៖ ព្យាការី​បន្ត​កិច្ចការ​របស់​ទ្រង់ ទោះបីជា​មាន​ការបៀតបៀន​ក្ដី ៖ ខែ មីនា ឆ្នាំ ១៨៣២


ជំពូកទី ២៧

ព្យាការី​បន្ត​កិច្ចការ​របស់​ទ្រង់ ទោះបីជា​មាន​ការបៀតបៀន​ក្ដី

ខែ មីនា ឆ្នាំ ១៨៣២

យ៉ូសែប​អាន​ព្រះគម្ពីរ​ប៊ីប

យ៉ូសែប ស៊្មីធ និង ​ស៊ីឌនី រិកដុន បាន​បន្ត​ធ្វើ​កិច្ចការ​ស្តីពី​ការធ្វើកំណែ​ដ៏​បំផុស​គំនិត​ទៅលើ​ព្រះគម្ពីរ​ប៊ីប ។ ព្រះយេស៊ូវ​បាន​បើក​សម្តែង​ដល់​យ៉ូសែប ស៊្មីធ នូវ​កំណែ​នានា​ដែល​គួរតែ​ធ្វើ​ ហើយ ស៊ីឌនី រិកដុន បាន​កត់ត្រា​វា​ទុក ( សូមមើល ជំពូក​ទី ១៦) ។

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប

យ៉ូសែប ស៊្មីធ​ ពុំ​យល់​ផ្នែក​មួយ​ចំនួននៃ​ព្រះគម្ពីរ​ប៊ីប ។​ លោក​បាន​អធិស្ឋាន​ទូល​សូម​ការយល់​ដឹង ហើយ​ព្រះអម្ចាស់​បាន​ឆ្លើយ​តប ។ វិវរណៈ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា បាន​ទទួល​មក​ជា​ចម្លើយ​ចំពោះ​សំណួរ​នានា​ដែល​ព្យាការី​បាន​សួរ​ព្រះអម្ចាស់ អំឡុងពេល​បកប្រែ​ព្រះគម្ពីរ​ប៊ីប ( ឧទាហរណ៍​សូមមើល គ. និង ស. ៧៦, គ. និង ស. ៧៧, និង គ. និង ស. ១១៣) ។

យ៉ូសែបសរសេរ​នៅ​លើតុ

ព្រះយេស៊ូវ​សព្វព្រះទ័យ​នឹង​កិច្ចការ​របស់​យ៉ូសែប​ណាស់ ។ យ៉ូសែប​គឺ​ជា​ព្យាការី​ដ៏​អស្ចារ្យ​ម្នាក់ ។

យ៉ូសែប និង អិមម៉ា ជាមួយ​កូន​ភ្លោះ

អំឡុង​គ្រា​នេះ យ៉ូសែប និង អិមម៉ា ស្ម៊ីធ មាន​កូន​ភ្លោះ ដែល​បាន​រស់​តែ​ក្នុង​រយៈពេល​ពីរបី​ម៉ោង​ប៉ុណ្ណោះ ។ មិត្តភក្ដិ​របស់​យ៉ូសែប និង​អិមម៉ា​ ក៏​មាន​កូន​ភ្លោះ​ផងដែរ ។ ម្តាយ​របស់​កូន​ភ្លោះ​ទាំង​នោះ​បាន​ស្លាប់ ហើយ​ឪពុក​របស់​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​យ៉ូសែប និង អិមម៉ា យក​ពួកគេ​ទៅ​ចិញ្ចឹម ។

ពួកមនុស្ស​កំណាច​ចាប់​យ៉ូសែប

នា​យប់​មួយ ​ពួក​មនុស្ស​កំណាច​ដែល​មាន​កំហឹង​បាន​ទៅ​ផ្ទះ​របស់​យ៉ូសែប ។ ពួកគេ​បាន​ទម្លាយ​ទ្វារ ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ។ យ៉ូសែប​កំពុង​បី​កូន​តូច​ម្នាក់​ដែល​ឈឺ​ជា​ខ្លាំង ។

យ៉ូសែប​ត្រូវបាន​គេ​ចាប់ទាញ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ

បុរសទាំង​នោះ​បាន​ចាប់​យ៉ូសែប ហើយ​ទាញ​គាត់​ចេញ​មកក្រៅ​ផ្ទះ​ទាំង​យប់​ត្រជាក់ ។ កូន​នោះ​ត្រូវ​បាន​ទុក​ឲ្យ​នៅ​តែ​ឯង ហើយ​ប្រាំ​ថ្ងៃ​ក្រោយ​មក​កូន​នោះ​បាន​ស្លាប់ ។

ពួកបុរស​ព្យាយាម​សម្លាប់​យ៉ូសែប

ពួក​បុរស​ទាំង​នោះ​បាន​ច្របាច់​ក​យ៉ូសែប ហើយ​ព្យាយាម​ច្រក​ថ្នាំ​ពុល​ចូល​ទៅក្នុង​មាត់​របស់​លោក ។ ដប​នោះ​បាន​ធ្វើឲ្យ​ធ្មេញ​មួយ​របស់​លោក​បាក់ ហើយ​ថ្នាំ​ពុល​នោះ​បាន​ធ្វើ​ឲ្យ​លោក​រលាក ។

ពួកបុរស​លាប​ជ័រ​កៅស៊ូ និង​ប៉ាត​រោមសត្វ​លើ​យ៉ូសែប

ពួក​បុរសទាំងនោះ​បាន​ហែក​សម្លៀក​បំពាក់​របស់​យ៉ូសែប ហើយ​ប៉ាត​ជ័រ​កៅស៊ូ​លើ​ខ្លួន​របស់​លោក ។ ពួកគេ​បាន​យក​រោម​សត្វ​មកប៉ាត​ពី​លើ​ជ័រកៅស៊ូ​នោះ ហើយ​វាយ​លោក ។

យ៉ូសែប​មាន​ជ័រកៅស៊ូ និង​រោម​នៅលើ​ខ្លួន

ពួក​មនុស្ស​កំណាច​បាន​ចេញ​ទៅ​បាត់ ដោយ​គិត​ថា យ៉ូសែប​នឹង​ស្លាប់ ។ យ៉ូសែប​បាន​ព្យាយាម​ក្រោក​ឈរ​ ប៉ុន្តែ​ពុំ​អាច​ក្រោក​ឈរ​បាន​ឡើយ ។ លោក​បាន​សម្រាក​មួយ​រយៈ ហើយ​បន្ទាប់​ពី​មាន​កម្លាំង​ឡើង​វិញ​ល្មម​ដើម្បី​លូន​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ ។

អិមម៉ា​កំពុង​យំ

មិត្តភក្ដិ​របស់​យ៉ូសែប​បាន​សម្អាត​ជ័រកៅស៊ូ​នោះ​ពី​ខ្លួន​របស់​លោក ។ វា​លំបាក​ដើម្បី​យក​ជ័រ​កៅស៊ូ​នោះ​ចេញ​ ។ ស្បែក​របស់​លោក​បាន​រលាក និង​ឈឺ​ចាប់​ជា​ខ្លាំង ។

យ៉ូសែប​កំពុង​បង្រៀន

ថ្ងៃបន្ទាប់គឺជាថ្ងៃអាទិត្យ ។ យ៉ូសែប​បាន​ទៅ​ព្រះវិហារ ហើយ​ឡើ​ង​និយាយ​ទាំង​ឈឺ​ផ្សារ​យ៉ាង​ខ្លាំង ។ ពួក​បុរស​មួយ​ចំនួន​នៅក្នុង​ក្រុម​មនុស្ស​កំណាច​បាន​មក​ការប្រជុំ​នោះ ហើយ​បាន​មាន​ការភ្ញាក់ផ្អើល​ដែល​ឃើញ​យ៉ូសែប ។ ព្យាការី​ពុំ​អនុញ្ញាត​ឲ្យ​ពួកគេ​បញ្ឈប់​លោក​ពី​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ឡើយ ។